ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​ត្រៀម​ខ្លួន​សម្រាប់​គោល​នយោបាយ​ការពារ​និយម​របស់​លោក​ ត្រាំ


លោក​ប្រធានាធិបតី​ Donald Trump ធ្វើ​សញ្ញា​ឲ្យមេដៃ​ពីលើជណ្តើរ​នៃយន្តហោះ​ទ័ពអាកាស​នៅ​មូលដ្ឋាន​កងទ័ព​អាកាស​ Andrews នៅ​រដ្ឋ​ Maryland (រូបថត​ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០១៧​)។
លោក​ប្រធានាធិបតី​ Donald Trump ធ្វើ​សញ្ញា​ឲ្យមេដៃ​ពីលើជណ្តើរ​នៃយន្តហោះ​ទ័ពអាកាស​នៅ​មូលដ្ឋាន​កងទ័ព​អាកាស​ Andrews នៅ​រដ្ឋ​ Maryland (រូបថត​ថ្ងៃទី១៧​ ខែកុម្ភៈ​ ឆ្នាំ២០១៧​)។

ដោយ​សារ​តែ​ប្រធានាធិបតីសហរដ្ឋ​អាមេរិក​ ដូណាល់​ ត្រាំ​ បាន​សង្កត់​​លើ​គោល​នយោបាយ​សេដ្ឋកិច្ច​«អាមេរិក​ជាអាទិភាព​» ប្រទេស​ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង​កំពុង​ត្រៀម​ខ្លួន​​ដើម្បី​ចរចា​ដ៏​ចម្រូង​ចម្រាស​លើ​វិស័យ​ពាណិជ្ជកម្ម​ និង​ការ​ចំណាយ​ប្រាក់​លើ​ថ្លៃការពារ​​​​រួម​គ្នា។

ក្នុង​សុន្ទរកថាស្បថ​ចូល​កាន់​តំណែង​របស់​លោកកាលពីថ្ងៃទី​២០ ខែ​មករា លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ ត្រាំ​ បាន​និយាយ​ថា​ លោក​នឹង​អនុម័ត​គោល​នយោបាយ​ការពារ​និយម​ដើម្បី​បញ្ចប់​ការ​ធ្វើ​ពាណិជ្ជកម្មសេរី​នានា​ដែល​លោក​បាន​និយាយ​ថា​ ពាណិជ្ជ​កម្ម​នោះ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ ស.រ.អា.​ ធ្លាក់​ចុះ​ និង​ធ្វើឲ្យ​ចម្រើន​ដល់​ឧស្សាហកម្ម​បរទេស។

លោក​ ត្រាំ​ បាន​និយាយ​ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​ថា៖ «យើង​ត្រូវ​តែ​ការពារ​ព្រំដែន​របស់​យើង​ពី​ការ​បំផ្លិច​បំផ្លាញ​ដោយ​ប្រទេស​ដទៃ​ដែល​កំពុង​តែ​បង្កើត​ផលិតផល​របស់​យើង​ កំពុង​លួច​ក្រុមហ៊ុន​របស់​យើង​ និង​កំពុង​បំផ្លាញ​ការងារ​របស់​យើង។ ការ​ការពារ​នឹង​នាំ​ឲ្យ​មាន​វិបុលភាព​ និង​ភាព​ខ្លាំង​ក្លាដ៏​អស្ចារ្យ»។

សេតវិមាន​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បញ្ជាក់​ថា​ សហរដ្ឋ​អាមេរិក ​នឹង​ធ្វើ​ការ​ចរចា​ឡើងវិញ​នូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរីតំបន់​អាមេរិក​ខាង​ជើង​ (NAFTA) ដែល​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​១៩៩៤​ ដោយ​សហរដ្ឋ​អាមេរិក​ ប្រទេស​កាណាដា​ និង​ម៉ិកស៊ិក។

លោក​ប្រធានាធិបតី​ ត្រាំ ​ក៏​នឹង​រំពឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀងពាណិជ្ជ​កម្ម​សេរី​នៃភាព​ជា​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​(TPP) ​ដែល​សហ​រដ្ឋ​អាមេរិក​មិន​ទាន់​បាន​ផ្តល់​សច្ចាប័ន​នៅ​ឡើយ។ ​កិច្ច​ព្រម​ព្រៀង​ TPP​ នេះ​រួម​មាន​ សហរដ្ឋ​អាមេរិក​ ជប៉ុន​ និង​ប្រទេស១០ទៀត​ក្នុង​តំបន់​មហាសមុទ្រប៉ាស៊ីហ្វិក​ ដែល​ទំហំ​សេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​នេះ​សរុប​ស្មើ​នឹង​ ៤០​ ភាគរយ​នៃ​សេដ្ឋកិច្ច​ពិភព​លោក។

ក្រុម​មេ​ដឹក​នាំ​ប្រទេស​នៅ​ទ្វីប​អាស៊ី​ កាល​ពី​ថ្ងៃ​ទី ២៣​ ខែ​មករា​នេះ បានប្រតិកម្ម​ដោយ​ប្រុង​ប្រយ័ត្ន​ទៅ​លើ​ការថ្លែងដ៏​តឹងរ៉ឹង​របស់លោក​ ត្រាំ​ អំពី​ពាណិជ្ជកម្ម។

ប្រទេស​ជប៉ុន

នាយ​ខុទ្ទកាល័យ​គណៈ​រដ្ឋ​មន្រ្តី​ជប៉ុន​ Yoshihide Suga បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា​ រដ្ឋាភិបាល​ទីក្រុង​តូក្យូ​ចង់​ពង្រឹង​ចំណង​សេដ្ឋកិច្ច​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅខ្លាំង​ជាង​មុន។

រដ្ឋ​សភា​របស់​ប្រទេស​ជប៉ុន​ បាន​ផ្តល់​សច្ចាប័ន​លើកិច្ច​ព្រមព្រៀង​ TPP កាល​ពីថ្ងៃ​ទី២០​ ខែមករា​ គឺ​នៅ​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី​ ត្រាំ ចូល​កាន់​តំណែង។ លោក​នាយក​រដ្ឋមន្រ្តី​ Shinzo Abe បាន​និយាយ​ថា​ បើ​គ្មាន​ការ​ចូលរួម​របស់​ ស.រ.អា.​ទេ កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ «គ្មាន​ន័យ​» អ្វី​ឡើយ។

លោក​ Abe ​បាន​ផ្ញើសារ​អបអរសាទរ​ជូន​លោក​ប្រធានាធិបតី​ ត្រាំ​ បន្ទាប់​ពី​លោក​បាន​ស្បថ​ចូល​កាន់​តំណែង​ដែល​មាន​ខ្លឹម​សារ​ថា ​លោក​ទន្ទឹង​រង់​ចាំ​សហការ​ជាមួយ​លោក​ប្រធានាធិបតី​ថ្មី​ក្នុង​ការ​ធានា​បាន​នូវ​សន្តិភាព​ វិបុលភាព​នៃ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក។

រដ្ឋ​មន្រ្តី​ការបរទេស​ជប៉ុន លោក​ Fumio Kishida​ បាន​និយាយ​ថា ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​កំពុង​តែ​ធ្វើ​ឡើង​ដើម្បី​រៀប​ចំ​ការ​ប្រជុំ​មួយ​ក្នុង​ពេល​ឆាប់ៗ​នេះ​រវាង​លោក ​Abe​ និង​លោក ត្រាំ ដើម្បីផ្តល់​ឱកាស​ឲ្យ​ថ្នាក់​ដឹកនាំ​ជប៉ុន​បង្ហាញ​ពី​សារៈ​សំខាន់​នៃ​កិច្ចព្រម​ព្រៀង TPP។ ក៏ប៉ុន្តែ​ លុះ​មក​ដល់​ថ្ងៃ​ទី២៣​ ខែ​មករា​នេះ​ លោក​ ត្រាំ​ បាន​ប្រកាស​ថា​ ស.រ.អា.​ នឹង​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រម​ព្រៀង​ TPP។

មាន​ក្រុម​ហ៊ុន​ជប៉ុន​ជាង​ ១.០០០​ក្រុមហ៊ុន​ដែលកំពុង​តែ​មាន​ប្រតិបត្តិការ​ក្នុង​ប្រទេស​ម៉ិកស៊ិក​ ដែល​ផលិត​ទំនិញ​នាំ​ចេញ​ទៅ​ស.រ.អា.។ ក្រុមហ៊ុន​ទាំង​នោះ​អាច​នឹង​ទទួល​រង​ផល​ប៉ះ​ពាល់ ​នៅ​ពេល​មាន​ការ​ប្រែ​ប្រួល​អ្វី​មួយ​ចំពោះ​កិច្ចព្រម​ព្រៀង​ NAFTA ​នេះ។

ក្រុម​អ្នក​ដឹកនាំ​ក្រុមហ៊ុន​ជំនួញ​ប្រទេស​ជប៉ុន បាន​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ដែល​ថា​ ការការពារ​និយម​របស់​ស.រ.អា. នឹង​នាំ​ឲ្យ​មាន​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច​ជា​សាកល។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មករា​ នេះ​ លោក​ Akio Mimura ​ប្រធាន​សភា​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ជប៉ុន ​បាន​ថ្លែង​ថា៖ «វិធីសាស្ត្រ​បែប​ការពារ​និយម​ ដូចជា​ការ​បោះបង់​ចោល​កិច្ច​ព្រម​ព្រៀង​ TPP និង​ធ្វើ​ការ​ចរចា​ឡើង​វិញ​លើ​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វីប​អាមេរិក​ខាង​ជើង​ ឬ​ NAFTA ​នឹង​ជះ​ផល​អវិជ្ជមាន​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក»។

ប្រទេស​កូរ៉េ​ខាង​ត្បូង

ប្រទេស​កូរ៉េ​ខាង​ត្បូង​មិន​មែន​ជា​សមាជិក​នៃ​កិច្ច​ព្រមព្រៀង​ TPP ​ទេ​ ប៉ុន្តែ​ប្រទេស​នេះ​មាន​កិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA)​ ជាមួយ​ ស.រ.អា. ​ដែល​លោក​ ត្រាំ​ ក៏​បាន​រិះគន់​ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ដែរ។ ក្រុមហ៊ុន​អាមេរិក​មួយ​ចំនួន​បាន​ត្អូត្អែរថា​ ប្រទេសកូរ៉េ​ខាងត្បូង​កំពុង​ព្យាយាម​យក​ជ័យ​ជម្នះ​ក្នុង​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ FTA​ នេះ​តាម​រយៈ​ការ​ដាក់​ចេញ​នូវ​បទ​បញ្ញត្តិ​មិន​បង់​ពន្ធ​គយ​នានា​ច្រើន​លើស​លប់ ​ដែល​មិន​ច្បាស់​លាស់​ ទៅ​លើ​ការ​នាំ​ចូល​របស់​ស.រ.អា.។

នៅ​ថ្ងៃ​ទី២៣​ ខែមករា​ លោក​ Hwang Kyo-ahn ប្រធានាធិបតី​ស្តីទី​ និង​ជា​នាយក​រដ្ឋ​មន្រ្តី​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​ទំនាក់​ទំនង​ជាមួយរដ្ឋបាល​របស់​លោក ត្រាំ ដើម្បី​ធានា​ថា​ ប្រទេស​ទាំង​ពីរ​អាច​បន្ត​ភាព​រីក​ចម្រើន​រហូត​ដល់​ទីបញ្ចប់​នៃ​កិច្ច​ព្រម​ព្រៀង។

លោក​ប្រធានាធិបតី​ស្តីទី ​Hwang បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា៖ «យើង​កំពុង​តែ​ពន្យល់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​អំពី​ផល​ប្រយោជន៍​ និង​ការ​សម្បទាន​ទៅ​វិញ​ទៅ​មក​ដែល​យើង​កំពុង​ធ្វើ​សម្រាប់​ទំនាក់​ទំនង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ និង​ស.រ.អា. ​និង​ធ្វើ​ការ​បញ្ចុះបញ្ចូល​ប្រទេស​ទាំង​ពីរ។ ដូច្នេះ​ហើយ​ យើង​នឹង​បន្ត​ការ​ប្រឹង​ប្រែង​របស់​យើង​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​តាមរយៈ​កិច្ច​សហប្រតិបត្តិការ​នេះ»។

ការ​ចំណាយ​លើ​ការ​ការពារ

ក្នុង​សុន្ទរកថា​ស្បថ​ចូល​កាន់​តំណែង​របស់​លោក​ លោក ត្រាំ​ បាន​សន្យា​ធ្វើ​ការ​ផ្លាស់​ប្តូរគោល​នយោបាយ​ស.រ.អា. ​គឺថា​ «ការ​ឧបត្ថម្ភ​ធន​ដល់​កង​កម្លាំង​យោធា​នៃ​ប្រទេស​ដទៃ​ទៀត​ ស្រប​ពេលការ​ឧបត្ថម្ភ​ដល់​ទាហាន​របស់​យើងត្រូវ​បាន​កាត់​បន្ថយ​គួរ​ឲ្យ​សង្វែក»។

ក្នុង​អំឡុង​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ លោក​ ត្រាំ បាន​រាប់​ប្រទេស​ជប៉ុន ​និង​កូរ៉េ​ខាង​ត្បូង​ ចូល​ក្នុង​បណ្តា​ប្រទេស​ដែល​លោក​ហៅ​ថា​ «ជិះ​សេះ​លែង​ដៃ» ដែល​មិន​បាន​បង្វិល​ថវិកា​ក្នុង​ចំនួន​សម​រម្យមួយ​ទៅ ស.រ.អា.​ វិញ​ លើ​ការ​ចំណាយ​រួម​សម្រាប់​ការ​ការពារ។ មាន​ទាហាន​អាមេរិក​ជាង​៥០.០០០​នាក់​បោះ​ទី​តាំង​នៅ​ប្រទេស​ជប៉ុន​ និងមាន​ជាង​២៨.៥០០​នាក់​ នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ ដើម្បី​រក្សា​សន្តិសុខ​ក្នុង​តំបន់​ និង​ដើម្បី​ការពារ​ប្រទេស​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុង​ករណី​មាន​ការ​វាយ​ប្រហារ​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​ និង​ចិន។

ក្នុង​បទវិចារណកថារបស់​សារព័ត៌មានKorea Times ដែល​បាន​ចេញ​ផ្សាយ​ថ្ងៃទី​២៣​ ខែមករា​ ប្រាប់ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​គួរ​សហប្រតិបត្តិការ​ និង​ត្រៀម​យុទ្ធសាស្រ្ត​ «ឈ្នះ ឈ្នះ» ដើម្បី​ដោះ​ស្រាយ​ជាមួយ​នឹង​ ស.រ.អា.​ លើ​ករណី​ «បញ្ហា​ដ៏​ស្មុគ​ស្មាញ»​មួយ​ចំនួន​ តួយ៉ាង​ការ​ទាមទារ​របស់​ស.រ.អា.​ឲ្យ​ប្រទេស​កូរ៉េ​ខាងត្បូង​ចូល​រួម​ចេញ​ថ្លៃ​លើ​ការ​ចំណាយ​សម្រាប់​ការ​ការពារ។

ទោះជា​យ៉ាង​ ប្រទេស​ទាំង​ពីរ​បាន​អះ​អាង​ថា​ ពួកគេ​បាន​និង​កំពុង​គោរព​តាម​កិច្ច​ព្រមព្រៀង​បច្ចុប្បន្ន​នានា​លើការ​ចេញ​ថ្លៃ​ការ​ចំណាយសម្រាប់​ការ​ការពារ។ ​រដ្ឋាភិបាល​ក្រុង​តូក្យូ​ ត្រូវ​បាន​គេ​រាយការណ៍​ថា​ បាន​ចំណាយ​ប្រាក់​ប្រហែល​ ១,៦​ពាន់​លាន​ដុល្លារ​ក្នុង​ការ​ចំណាយ​លើ​ការការពារ​ ហើយ​រដ្ឋាភិបាល​ក្រុង​សេអ៊ូល​ បាន​ចូល​រួម​ចំណាយ​ជាង​ ៨៦៦​ លាន​ដុល្លារ​ជា​រៀង​រាល់​ឆ្នាំ​ ជូន​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ សម្រាប់​មូលដ្ឋាន​កងទ័ព​នៅ​ប្រទេស​ពួកគេ​រៀងៗ​ខ្លួន៕

ប្រែ​សម្រួល​ដោយ​ កោះ​ សុគន្ធី​


XS
SM
MD
LG