មេបញ្ជាការឥណ្ឌានិងចិនមានភាពជឿនលឿនជាងមុនក្រោយការជួបប្រជុំគ្នាកាលពីថ្ងៃពុធ ដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមព្រំដែនរបស់ប្រទេសទាំងពីរនៅភាគខាងលិចភ្នំហេមពាន្ត ក្រោយពីភាគីទាំងពីរបានឯកភាពគ្នាដកទ័ពខ្លះក្នុងឥរិយាបទបង្កើនការទុកចិត្តគ្នា។ នេះបើតាមការឲ្យដឹងរបស់មន្ត្រីឥណ្ឌា។
ចាប់តាំងពីខែមេសាមក មានទាហានចិននិងឥណ្ឌារាប់រយនាក់បានប្រឈមមុខដាក់គ្នានៅតំបន់វាលរហោស្ថានទឹកកក Ladakh ដាច់ស្រយាលនៃខ្ពង់រាបជួរភ្នំហិមាល័យ នៅក្នុងភាពតានតឹងតាមព្រំដែនខ្លាំងបំផុតរវាងប្រទេសទាំងពីរ ក្រោយពីមន្ត្រីឥណ្ឌាអះអាងថា ទាហានល្បាតរបស់ចិនបានរុលចូលដែនដីដែលឥណ្ឌាថាស្ថិតនៅក្នុងព្រំដែនជាក់ស្តែងរបសខ្លួន។ ប្រទេសចិនបានចាត់ទុកតំបន់នោះថាជាដែនដីរបស់ខ្លួន ហើយបានប្រឆាំងនឹងការស្ថាបនាផ្លូវរបស់ឥណ្ឌានៅក្នុងតំបន់នោះ។
មន្ត្រីឥណ្ឌាដែលថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បញ្ជាក់ថា កិច្ចប្រជុំកាលពីថ្ងៃពុធបានបន្ធូរបន្ថយខ្លាំងនូវភាពតានតឹងអស់មួយសប្តាហ៍មកនេះ។
ប្រទេសឥណ្ឌានិងចិនធ្លាប់មានផ្ទុះសង្គ្រាមរយៈពេលខ្លីរឿងជម្លោះព្រំដែនរបស់ពួកគេកាលពីឆ្នាំ១៩៦២ ហើយមកទល់នឹងពេលនេះនៅមិនទាន់អាចដោះស្រាយបញ្ហាជម្លោះព្រំដែនបានបើទោះបីជាពួកគេបានពិភាក្សាគ្នាអស់២ទសវត្សមកហើយ។ ភាពតានតឹងតែងផ្ទុះឡើងវិញជារឿយៗ៕