នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi បានប្រកាសពីកញ្ចប់ថវិកាយ៉ាងច្រើនដែលមានតម្លៃជាង២៦៥ពាន់លានដុល្លារដើម្បីស្តារសេដ្ឋកិច្ចប្រទេសឡើងវិញ បន្ទាប់ពីបានផ្អាកសកម្មភាពនៅក្នុងប្រទេសអស់រយៈពេល៧សប្តាហ៍ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ១៩។
កញ្ចប់ថវិកាជំនួយដែលគេទន្ទឹងរង់ចាំជាយូរមកហើយនេះស្មើនឹងប្រមាណ១០ភាគរយនៃផលិតផលក្នុងស្រុករបស់ឥណ្ឌា។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ប្រជាជាតិតាមទូរទស្សន៍ លោកនាយករដ្ឋមន្ត្រីបានថ្លែងថា ឥណ្ឌាត្រូវប្រែក្លាយវិបត្តិឲ្យទៅជាឱកាស ហើយលោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃកញ្ចប់ថវិកានេះគឺដើម្បីធ្វើឲ្យប្រទេសឥណ្ឌាកាន់តែមានភាពម្ចាស់ការឡើង។
លោក Modi ក៏បានបញ្ជាក់បង្ហាញថា ឥណ្ឌានឹងធ្វើកំណែទម្រង់សេដ្ឋកិច្ចដែលក្រុមសេដ្ឋវិទូនិងមេដឹកនាំពាណិជ្ជកម្មចង់ឃើញជាយូរណាស់មកហើយ ដើម្បីទាក់ទាញការវិនិយោគនិងដើម្បីបង្កើនការលូតលាស់ដល់ឧស្សាហកម្ម។
ការប្រកាសនេះធ្វើឡើង ក្នុងខណៈពេលដែលមានកើនឡើងនូវការអំពាវនាវឲ្យមានកញ្ចប់ថវិកាជំនួយដើម្បីជួយដោះស្រាយវិបត្តិដែលបង្កឡើងដោយការបិទសេដ្ឋកិច្ចដែលកំពុងមានបញ្ហាតាំងពីមុនពេលមានជំងឺរាតត្បាតនេះមកម្ល៉េះ។
ក្រុមសេដ្ឋវិទូថ្លែងថា បញ្ហាអត់ការងារធ្វើបានកើនដល់២៤,៧ភាគរយ ខណៈដែលការងាររាប់លានត្រូវបានបាត់បង់នៅក្នុងវិស័យជាច្រើន ចាប់តាំងពីមានការបិទសកម្មភាពក្នុងប្រទេសដែលត្រូវបានអនុវត្តចាប់តាំងពីថ្ងៃទី២៥ ខែមីនា។
ពលករចំណាកស្រុករាប់ម៉ឺននាក់បានភៀសខ្លួនចេញពីទីក្រុងដែលលែងមានសកម្មភាព ពេលពួកគេបាត់បង់ការងារធ្វើដោយសារតែជំងឺរាតត្បាតនេះ។
ទោះបីជាការដាក់កំហិតមួយចំនួនទៅលើការផលិតនានាត្រូវបានដកចេញក៏ដោយ ក៏ឧស្សាហកម្មភាគច្រើនមិនទាន់មានដំណើរការឡើងវិញនៅឡើយទេ ដោយសារតែខ្វះបុគ្គលិកហើយនិងដោយសារតែច្បាប់តឹងរ៉ឹងថ្មីដែលមានគោលបំណងចង់គ្រប់គ្រងស្ថានភាពការរីករាលដាលនៃជំងឺកូវីដ១៩។
លោកនាយករដ្ឋមន្ត្រីថ្លែងថា៖«ពលករចំណាកស្រុកបានរងគ្រោះខ្លាំងនៅក្នុងអំឡុងពេលនេះ។ វាជាកាតព្វកិច្ចរបស់យើងក្នុងពេលឥឡូវនេះក្នុងការធ្វើអ្វីមួយសម្រាប់ពួកគេ»។
លោក Modi ក៏បានឲ្យសញ្ញាថា ប្រទេសឥណ្ឌានឹងចាប់ផ្តើមបន្ធូរបន្ថយ ការដាក់កំហិតសកម្មភាពក្នុងប្រទេស ដែលត្រូវបញ្ចប់នៅថ្ងៃអាទិត្យសប្តាហ៍នេះ ដោយថ្លែងថា គេនៅតែអាចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ ក្នុងពេលបើកសកម្មភាពប្រទេសឡើងវិញ។
លោកបានប្រាប់ប្រជាជាតិថា៖«ខណៈដែលក្រុមអ្នកវិទ្យាសាស្ត្របានថ្លែងថា ជំងឺកូវីដ១៩នឹងនៅជាមួយយើងរយៈពេលយូរ យើងមិនអាចឲ្យជំងឺនេះជាអ្នកកំណត់ជីវីតយើងបានទេ។ យើងត្រូវពាក់ម៉ាស ហើយត្រូវបន្តរក្សាគម្លាតពីគ្នា ហើយត្រូវបន្តគោលដៅរបស់យើងទៅមុខ។ ជំហានបន្ទាប់នឹងមានលក្ខណៈខុសគ្នាតទៅទៀត»។
សញ្ញាមួយដែលថា ឥណ្ឌាមានគោលបំណងចង់ចាប់ផ្តើមសកម្មភាពសេដ្ឋកិច្ចឡើងវិញកើតឡើងកាលពីថ្ងៃអង្គារ នៅពេលដែលប្រទេសនេះបានចាប់ផ្តើមឡើងវិញប្រតិបត្តិការសេវាកម្មរថភ្លើងក្នុងរដ្ឋមួយចំនួន។ វាជាការចាប់ផ្តើមតូចមួយ។ រថភ្លើង៣០ដែលចេញពីទីក្រុងធំៗដូចជា New Delhi និងទីក្រុងMumbai បានដឹកអ្នកដំណើរ៥ម៉ឺននាក់ ដែលនេះជាចំណែកតូចមួយនៃចំនួនអ្នកដំណើរសរុប២៣លាននាក់នៅមុនវិបត្តិកូវីដ១៩។ រថភ្លើងឥណ្ឌាស្ថិតក្នុងចំណោមបណ្តាញរថភ្លើងដឹកអ្នកដំណើរច្រើនជាងគេបំផុតមួយក្នុងពិភពលោក។
ហើយសញ្ញាមួយដែលថា ការធ្វើដំណើរលែងដូចមុនទៀតហើយ ក្រុមអ្នកដំណើរអាចទិញសំបុត្រតែតាមអ៊ីនធឺណិតតែប៉ុណ្ណោះ។ ពួកគេត្រូវពាក់ម៉ាស់ហើយត្រូវទៅមុនម៉ោងចេញដំណើរ១ម៉ោងកន្លះដើម្បីពិនិត្យសុខភាពមុនអនុញ្ញាតឲ្យឡើងជិះរថភ្លើង។ ពួកគេត្រូវបានស្នើឲ្យយកម្ហូបអាហារនិងទឹកខ្លួនឯង ហើយត្រូវរក្សាគម្លាតពីអ្នកដទៃក្នុងសង្គម។
សេវារថភ្លើង រថយន្តក្រុងនិងយន្តហោះទាំងអស់ត្រូវបានផ្អាកដំណើរការ ចាប់តាំងពីការបិទសកម្មភាពក្នុងប្រទេស ប៉ុន្តែរដ្ឋាភិបាលសហព័ន្ធបានបញ្ជាក់ថា មធ្យោបាយធ្វើដំណើរសាធារណៈនឹងបន្តដំណើរនៅក្នុងទីក្រុងនានា។
លោកនាយករដ្ឋមន្ត្រីក៏បង្ហាញដែរថា វាអាស្រ័យទៅលើរដ្ឋនីមួយៗក្នុងការបញ្ជាក់ថាខ្លួនចង់ចាត់វិធានការយ៉ាងដូចម្តេច។ តំបន់ជាច្រើនដែលមានផលប៉ះពាល់តិចតួចនៅក្នុងប្រទេសចង់បន្តសកម្មភាពពាណិជ្ជកម្មឡើងវិញ ខណៈតំបន់ដែលមានអត្រានៃការឆ្លងខ្ពស់ចង់បន្តការដាក់កំហិត។
ការឆ្លងរាតត្បាតនៃជំងឺកូវីដបានកើនឡើងខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលចំនួនអ្នកឆ្លងកើនឡើងដល់ប្រមាណ៨ម៉ឺននាក់ ហើយមនុស្សជាង២.៥០០នាក់បានស្លាប់បាត់បង់ជីវិត គិតត្រឹមថ្ងៃទី១៤ ខែឧសភា។
ការបិទសកម្មភាពប្រទេសបានជួយឲ្យការឆ្លងយឺត នៅក្នុងប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេបំផុតទី២ក្នុងពិភពលោក។ ក្រុមមន្ត្រីថ្លែងថា ទោះបីជាចំនួននៃអ្នកឆ្លងបន្តកើនឡើង ការបិទសកម្មភាពប្រទេសបានរារាំងការផ្ទុះរាតត្បាតយ៉ាងខ្លាំងនៃជំងឺនេះដែលអាចនឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធសុខាភិបាលរបស់ឥណ្ឌាដែលមិនបានត្រៀមលក្ខណៈជាមុន៕
ប្រែសម្រួលដោយ ស្រេង លក្ខិណា