ជំនួញខាងលក់ភេសជ្ជៈមានសារធាតុសុរាកំពុងលក់ដាច់នៅក្នុងសហរដ្ឋអាមេរិកនៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ នៅពេលដែលពលរដ្ឋអាមេរិកាំងកំពុងទប់ទល់នឹងការធុញទ្រាន់និងការព្រួយបារម្ភនៅឯផ្ទះដោយសារមានការបិទប្រទេស។
លោក Davis Wills ជាអ្នកចាត់ចែងកិច្ចការនៅហាងលក់ស្រានិងស្រាបៀរឈ្មោះ unwind ក្នុងក្រុង Alexandria រដ្ឋ Virginia ដែលជាតំបន់ជាយក្រុងមួយនៃរដ្ឋធានីវ៉ាស៊ីនតោន។ លោកWills បាននិយាយថា៖ «ជាធម្មតាមនុស្សមកទីនេះទិញស្រាទំពាំងបាយជូរតែមួយដប។ តែនៅពេលនេះ ពួកគេទិញស្រាបីបួនដបឬមួយកេសតែម្តង»។
បើតាមលោក Wills ការលក់ភេសជ្ជៈនៅហាង unwind ដែលនៅពេលនេះមានសេវាប្រគល់ស្រានៅចំហៀងអាគារនិងការប្រគល់ស្រានិងស្រាបៀរដល់ផ្ទះបានកើនឡើងយ៉ាងតិច៣០ភាគរយកាលពីប៉ុន្មានខែថ្មីៗនេះ ពីព្រោះពួកអតិថិជនឋិតនៅក្នុងផ្ទះ។
លោក Wills បាននិយាយថា៖ «មនុស្សខ្លាចឆ្លងមេរោគកូរ៉ូណាហើយជាច្រើននាក់ធ្វើការពីផ្ទះនៅក្នុងតំបន់នេះ។ ដូច្នេះពួកគេមានទំនោរផឹកស្រាទំពាំងបាយជូរច្រើនជាងពេលមានសភាពធម្មតា»។
នៅពេលអ្នកស្រីទៅទិញស្រាទំពាំងបាយជូរ អ្នកស្រី Sarah Robinett ដែលជាអតិថិជនបាននិយាយថា៖« ការណ៍នេះផ្តល់ឱ្យយើងនូវសេរីភាពច្រើនជាងមុនដោយយើងអាចផឹកស្រានៅពេលណាយើងចង់ ហើយយើងគ្មានអារម្មណ៍ថាមានកំហុសទេ»។
នៅពេលត្រូវសួរថា តើអ្នកស្រីផឹកស្រាច្រើនជាងមុនឬទេ? អតិថិជនម្នាក់ទៀតគឺអ្នកស្រី Andrea Anderson បាននិយាយថា៖ «ប្រហែលច្រើនជាងមុនបន្តិច»។
លោក George Koob ជានាយកវិទ្យាស្ថានជាតិគ្រប់គ្រងការផឹកស្រានិងការញៀនស្រានៅឯវិទ្យាស្ថានជាតិសុខភាពនៅក្នុងក្រុងBethesda រដ្ឋ Maryland។ លោកបាននិយាយថា ការណ៍នេះជាបញ្ហាមួយ។លោកបានថ្លែងទៀតថា៖ «ទោះណាជាប្រមាណ៧០ភាគរយនៃប្រជារាស្ត្រអាមេរិកាំងផឹកស្រាក៏ដោយក៏ការផឹកសុរាបានកើនច្រើនគួរសមនៅទូទាំងប្រទេស»។
លោក Koob បានមានប្រសាសន៍ថាដោយសារការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ «ពួកគេបានបង្កើនការផឹកស្រាដើម្បីកម្ចាត់អារម្មណ៍អវិជ្ជមានដោយប្រើការផឹកសុរាជាយន្តការសម្របសម្រួលតាមស្ថានភាព»។ លោកខ្វល់ខ្វាយថា «រឿងអវិជ្ជមាន» នៃការផឹកស្រាគឺការផឹកសុរាកើនឡើងខ្លាំងក្នុងចំណោមពលរដ្ឋអាមេរិកាំងផឹកស្រា ១៤លាន៥សែននាក់ ដោយសារការផឹកស្រាគ្មានរបៀបរបប។
អ្នកស្រី Julia Chester ដែលជាសាស្ត្រាចារ្យជំនួយនៅឯសាកលវិទ្យាល័យ Purdue បានធ្វើការសិក្សាស្រាវជ្រាវអំពីការផឹកស្រាដោយគ្មានរបៀបរៀបរយ។អ្នកស្រីនិយាយថា អ្នកស្រីយល់ថា៖«នៅក្រោយការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩បានចុះថមថយនោះ មនុស្សខ្លះ មានការពិបាកក្នុងការបញ្ឈប់និន្នាការនៃការផឹកស្រាដែលនាំឱ្យមានបញ្ហា»។
អ្នកស្រី Julia Chester បានមានប្រសាសន៍ថា៖« ដោយសារសុរាបានចាក់ឫសនៅក្នុងវប្បធ៌មយើងនោះ ការបិទសេវាពួកអ្នកលក់ភេសជ្ជៈស្រវឹងនិងហាងព្រមទាំងភោជនីយដ្ឋានដែលមានលក់សុរាគឺជាការពិបាក»។
ដោយបានត្រូវចាត់ទុកថាជាមុខជំនួញចាំបាច់ ហាងលក់ភេសជ្ជៈស្រវឹងបានបង់ពន្ធដារច្រើនលើប្រាក់ចំណូលដែលជាផ្នែកធំមួយរបស់ថវិការបស់រដ្ឋាភិបាលរដ្ឋជាច្រើន។ ហាងលក់ស្រានៅក្នុងរដ្ឋចំនួន៤៩ក្នុងបណ្តារដ្ឋទាំង៥០ ព្រមទាំងនៅក្នុងរដ្ឋធានីនៃប្រទេសជាតិផងនោះ បានបើកទ្វារលក់ដូរនៅពេលមានការរាតត្បាតជាសាកលនៃជំងឺនេះ។ រដ្ឋ Pennsylvania បានបិទហាងលក់ភេសជ្ជៈស្រវឹងនៅពេលមានការរាតត្បាតនៃជំងឺកូវីដ១៩។ក៏ប៉ុន្តែនៅពេលដែលអ្នកស្រុករដ្ឋនេះបានចាប់ផ្តើមធ្វើដំណើរទៅកាន់រដ្ឋជិតខាងដើម្បីទិញស្រានិងស្រាបៀរ អាជ្ញាធរបានអនុញ្ញាតឱ្យមានការលក់តាមបណ្តាញ អ៊ីនធឺណិតនិងការលក់ដោយឱ្យអ្នកទិញទៅយកស្រានិងស្រាបៀរនៅក្រៅហាង។កាលពីថ្ងៃសុក្រទី៣ខែមេសា រដ្ឋ Pennsylvania បានចាប់ផ្តើមឱ្យពួកអតិថិជនទៅទិញភេសជ្ជៈស្រវឹងនៅក្នុងហាងខ្លះហើយ។
រដ្ឋខ្លះដូចជារដ្ឋ Maryland ជាដើមបានលើកហេតុផលហិរញ្ញវត្ថុក្នុងការអនុញ្ញាតឱ្យហាងលក់រាយភេសជ្ជៈស្រវឹងបន្តបើកលក់។មន្ត្រីម្នាក់នៃរដ្ឋនេះបាននិយាយថាសេចក្តីសម្រេចនេះបណ្តាលមកពីហេតុផលសេដ្ឋកិច្ចហើយនឹងអនុញ្ញាតឱ្យភោជនីយដ្ឋានលក់ភេសជ្ជៈស្រវឹងជាបណ្តើរៗ ដោយមកទិញយកទៅ និងហាងយកអោយដល់ផ្ទះ។
រដ្ឋឯទៀតៗដូចជារដ្ឋ Delaware ជាដើមនិយាយថាការបើកឱ្យមានលក់ស្រាជាផ្នែកសំខាន់មួយនៃការថែទាំសុខភាពពីព្រោះការបិទហាងលក់ស្រានិងស្រាបៀរអាចនាំឱ្យមានការប៉ះពាល់មិនល្អទៅលើពួកមនុស្សដែលមានបញ្ហាជាមួយគ្រឿងញៀនស្រវឹង។
លោក Koob ដែលជានាយកវិទ្យាស្ថានជាតិគ្រប់គ្រងការផឹកស្រានិងការញៀនស្រានៃវិទ្យាស្ថានជាតិសុខភាពនៅក្នុងក្រុង Bethesda រដ្ឋ Maryland យល់ស្របនឹងមតិនេះ។ លោកបាននិយាយបន្ថែមថា ការកើនឡើងភ្លាមៗនៃពួកមនុស្សមានរោគសញ្ញាទាក់ទិននឹងការផឹកស្រានឹងនាំឱ្យមាន «បន្ទុកច្រើនក្រាស់ក្រែលលើប្រព័ន្ធវេជ្ជសាស្ត្ររបស់យើងនៅពេលនេះ»។
នៅពេលជាមួយគ្នានេះ លោកបានព្រមានប្រឆាំងនឹងទម្លាប់ផឹកស្រាច្រើនពេក ដោយលោកកត់សម្គាល់ថា ពីព្រោះ« ភេសជ្ជៈស្រវឹងធ្វើឲ្យខ្សោយប្រព័ន្ធការពាររាងកាយហើយ ការផឹកស្រាច្រើនពេកអាចធ្វើឱ្យអ្នកផឹកងាយរងគ្រោះដោយសារវីរុសកូរ៉ូណា»។
អង្គការសុខភាពពិភពលោកបានស្នើឱ្យចៀសវាងភេសជ្ជៈស្រវឹងពីព្រោះ «ការផឹកភេសជ្ជៈស្រវឹងអាចបង្កើនភាពរងគ្រោះដល់សុខភាព»។
សម្រាប់ពួកមនុស្សដែលយល់ថា ការបញ្ចូលភេសជ្ជៈស្រវឹងទៅក្នុងសរសៃឈាមពួកគេអាចការពារពួកគេពីវីរុសកូរ៉ូណានោះ បអង្គការសុខភាពពិភពលោកមានសារងាយយល់មួយថា «មិនមែនដូច្នេះទេ»៕
ប្រែសម្រួលដោយលោកឈឹម សុមេធ