ប្រទេសចិន និងឥណ្ឌាបានឯកភាពគ្នាកាត់បន្ថយភាពតានតឹង ក្នុងពេលមួយសប្ដាហ៍ក្រោយមក បន្ទាប់ពីបានប្រយុទ្ធគ្នានៅព្រំដែនក្នុងតំបន់ជួរភ្នំហិមាល័យ ដែលធ្វើឲ្យទាហានឥណ្ឌា ២០ នាក់បានស្លាប់។
ការវាយប្រយុទ្ធគ្នាកាលពីថ្ងៃទី ១៥ ខែមិថុនា ដែលត្រូវបានគេរាយការណ៍ថាប្រយុទ្ធដោយដៃ ដំបង និងដុំថ្ម គឺជាលើកដំបូងហើយដែលទាហានត្រូវបានសម្លាប់នៅព្រំដែនរវាងប្រទេសទាំងពីរតាំងពីឆ្នាំ ១៩៧៥ មក និងបានបង្ហាញពីការធ្លាក់ចុះធ្ងន់ធ្ងរនៃទំនាក់ទំនងរវាងមហាយក្សអាស៊ីទាំងពីរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បាននិយាយថា បន្ទាប់ពីមានការពិភាក្សារវាងមេបញ្ជាការយោធាកំពូលថ្នាក់តំបន់នៃប្រទេសទាំងពីរកាលពីថ្ងៃច័ន្ទម្សិលមិញមក ភាគីទាំងពីរ «បានឯកភាពគ្នាចាត់វិធានការចាំបាច់ដើម្បីបន្ថយភាពតានតឹងនៃស្ថានការណ៍»។
គេមិនទាន់ឃើញរដ្ឋាភិបាលឥណ្ឌាបញ្ចេញមតិផ្លូវការណាមួយនៅឡើយទេ ប៉ុន្តែមន្ត្រីយោធាឥណ្ឌាមួយរូបបានបញ្ជាក់ថា បន្ទាប់ពីការប្រជុំនោះមក គឺមានការ «ឯកភាពគ្នាជារួមនៅក្នុងការដកថយ»។
ជម្លោះកាលពីថ្ងៃទី ១៥ ខែមិថុនា បានកើតឡើងនៅជុំវិញតំបន់ជ្រលងភ្នំ Galwan ដែលមានកម្ពស់ប្រហែល ៤ ពាន់ ៥ រយម៉ែត្រពីនីវ៉ូទឹកសមុទ្រ ដែលនៅក្នុងតំបន់នោះ ភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានឈ្លានពានចូលដែនដីរៀងៗខ្លួន៕