សហរដ្ឋអាមេរិកមិនមានគម្រោងជួយដល់កងកម្លាំងអាហ្វហ្គានីស្ថានដោយការវាយប្រហារតាមអាកាសទៀតទេ ក្រោយខ្លួនដកកងទ័ពទាំងស្រុងចេញពីប្រទេសនេះ។
ដោយឡែកការវាយប្រហារប្រឆាំងភេរវកម្មនៅក្នុងប្រទេសអាហ្វហ្គានីស្ថានវិញនឹងកម្រិតទៅតាមស្ថានភាពជាក់ស្តែង នៅពេលគម្រោងភេរវកម្មត្រូវបានគេរកឃើញថា អាចកើតមានឡើងលើទឹកដីអាមេរិក ឬទឹកដីរបស់សម្ព័ន្ធមិត្តនោះ។ នេះបើតាមការថ្លែងបញ្ជាក់របស់លោកឧត្តមសេនីយ៍ Frank McKenzie អគ្គបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិក ដែលបានថ្លែងប្រាប់វីអូអេក្នុងបទសម្ភាសន៍ផ្តាច់មុខមួយ ខណៈលោកកំពុងធ្វើដំណើរតាមយន្តហោះយោធាទៅកាន់តំបន់នោះ។
ការគូសបញ្ជាក់របស់ឧត្តមសេនីយ៍យោធាអាមេរិករូបនេះទំនងជាចង់បដិសេធនូវព័ត៌មានរបស់កាសែត The New York Times ដែលបានផ្សព្វផ្សាយថា មន្ទីរបញ្ចកោណនឹងពិចារណាស្វែងរកការយល់ព្រមឲ្យធ្វើការវាយប្រហារតាមអាកាសជួយកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន បើទីក្រុងកាប៊ុល និងទីក្រុងសំខាន់ផ្សេងៗទៀតរបស់ប្រទេសអាហ្វហ្គានីស្ថានប្រឈមគ្រោះថ្នាក់ និងធ្លាក់ទៅក្នុងដៃរបស់ក្រុមឧទ្ទាមតាលីបង់នោះ។
ចាប់តាំងពីលោក Joe Biden ឡើងកាន់អំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិកមក លោកបានបញ្ជាឲ្យដកកងទ័ពអាមេរិកទាំងអស់ចេញពីអាហ្វហា្គនីស្ថាន និងបញ្ឈប់ការគាំទ្រផ្នែកយោធារបស់អាមេរិកដល់ការវាយប្រហារដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត ប្រឆាំងក្រុមឧទ្ទាមហ៊ូទីក្នុងប្រទេសយេម៉ែន ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នោះ។ ទន្ទឹមនឹងនេះដែរ មន្ទីរបញ្ចកោណក៏បានដកនាវាចម្បាំងអាមេរិក ប្រព័ន្ធអាវុធ និងកងទ័ពចេញពីប្រទេសមួយចំនួនក្នុងតំបន់មជ្ឈិមបូព៌ាផងដែរ៕