នាង Mohana Singh នាង Bhawana Kanth និងនាង Avani Chaturvedi ត្រូវបានចាត់តាំងឲ្យចូលក្នុងក្រុមអ្នកចម្បាំងនៃកងទ័ពអាកាស កាលពីថ្ងៃសៅរ៍ក្នុងពិធីព្យុហយាត្រាមួយក្នុងទីក្រុង Hyderabad។
នេះជាការបោះជំហានឆ្ពោះទៅមុខដ៏ធំមួយសម្រាប់កងកម្លាំងប្រដាប់អាវុធឥណ្ឌាមានចំនួន ១.២ លាននាក់ ដែលតាមពីក្រោយប្រទេសនានា ដូចជាសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស អ៊ីស្រាអែល និងប្រទេសជិតខាងខ្លួន គឺប៉ាគីស្ថាន ក្នុងការអនុញ្ញាតឲ្យស្រ្តី ចូលទៅក្នុងបន្ទប់អាកាសយានិកនៃយន្តហោះចម្បាំងនោះ។
កងទ័ពអាកាសឥណ្ឌា អាចផ្តល់គំរូថ្មីមួយសម្រាប់កងទ័ពជើងគោកនិងកងទ័ពជើងទឹកឲ្យអនុវត្តតាម។ ក្នុងខែកុម្ភៈ លោក Pranab Mukherjee ប្រធានាធិបតីឥណ្ឌា បានប្រកាសនៅក្នុងរដ្ឋសភាថាស្ត្រីនឹងត្រូវបានអនុញ្ញាតឲ្យចូលក្នុងក្រុមចម្បាំងទាំងអស់នៃកងកម្លាំងប្រដាប់អាវុធ។
នៅពេលសួរអំពីបញ្ហាប្រឈម ដែលនាងអាចនឹងជួបប្រទះក្នុងនាមជាអ្នកបើកយន្តហោះចម្បាំង នាង Mohana Singh បាននិយាយថា៖ «វាគ្មានអ្វីខុសគ្នាពី មិត្តរួមការងារជាបុរសនោះទេបញ្ហាដែលខ្ញុំជួបប្រទះ ក៏ដូចគ្នានឹងពួកគាត់ជួបប្រទះដែរ»។
ស្ត្រីបើកយន្តហោះមានប្រហែល ១០០នាក់នៃអាកាសយានិកកងទ័ពអាកាស ១.៥០០នាក់ ប៉ុន្តែមកទល់ពេលនេះ ស្រី្តបើកយន្តហោះទាំងនោះមានតួនាទីជាអ្នកបើកបរឧទ្ធម្ភាចក្រ និងយន្តហោះដឹកជញ្ជូនតែប៉ុណ្ណោះ។
ស្រ្តីបើកយន្តហោះចម្បាំងបីរូបនេះ នឹងត្រូវបានបណ្តុះបណ្តាលរយៈពេលមួយឆ្នាំលើការបញ្ជាយន្តហោះចម្បាំង (Hawk) ដោយគ្រូបង្វឹកជំនាញមុនពេលដែលពួកគេត្រូវបើកយន្តហោះចម្បាំងដែលមានល្បឿនលឿនជាងសំឡេងនៅឆ្នាំក្រោយ។
កងទ័ពអាកាសឥណ្ឌា បានហៅការតែងតាំងនេះជា «ជំហានរីកចម្រើនស្របតាមឧត្តមគតិរបស់ស្រ្តីជនជាតិឥណ្ឌានិងស្របជាមួយនិន្នាការសហសម័យក្នុងកងកម្លាំងប្រដាប់អាវុធនៃប្រទេសអភិវឌ្ឍន៍»។
ប៉ុន្តែ ក៏មានគេនិយាយថាការតែងតាំងនេះត្រូវបានធ្វើឡើងក្នុងលក្ខណៈជា «មូលដ្ឋានគ្រឹះពិសោធសាកល្បង» ដែលនឹងសិក្សាស្រាវជ្រាវរយៈពេលប្រាំឆ្នាំ។ ក្រុមអ្នកសង្កេតការណ៍ ចាត់ទុកការណ៍នេះជាសញ្ញាបង្ហាញយ៉ាងច្បាស់ថាបើទោះបីជាមានការបោះមួយជំហានទៅមុខក៏ដោយ សមភាពនៃយេនឌ័រនឹងនៅតែមានដំណើរយឺតនៅក្នុងកងកម្លាំងប្រដាប់អាវុធនៅឡើយ។
សម្រាប់កងកម្លាំងឥណ្ឌា ភាពងាយរងគ្រោះរបស់ស្ត្រីបើសិនជាត្រូវបានគេចាប់ជាចំណាប់ខ្មាំង និងការប្រឈមនៃការពង្រាយទ័ពនារីជាកងទ័ពជួរមុខ ជាបញ្ហាជាប់គាំងដ៏ធំ។
អតីតឧត្តមសេនីយ៍ត្រីទ័ពអាកាស លោក Manmohan Bahadur នៃមជ្ឈមណ្ឌលសម្រាប់ការសិក្សាថាមពលខ្យល់ ក្នុងរដ្ឋធានីញូវដែលី បានប្រាប់ VOA ថាកងកម្លាំងប្រដាប់អាវុធ កំពុងអនុវត្តយ៉ាងប្រុងប្រយ័ត្ន។ លោកបាននិយាយថា៖ «ចំណុចសំខាន់គឺ តើការបញ្ជូនស្រ្តីទៅសមរភូមិប្រយុទ្ធប្រកបដោយគ្រោះថា្នក់ ត្រូវបានទទួលស្គាល់ដោយសង្គមដែរឬទេ។ សម្រាប់ប្រទេសឥណ្ឌា វាទើបតែកើតឡើងនៅពេលនេះ ចំណែកប្រទេសដទៃទៀតបានកើតឡើងយូរហើយ»។
ផ្នែកមួយនៃការជំរុញឲ្យមានការផ្លាស់ប្តូរឥរិយាបថចំពោះស្ត្រី គឺកើតចេញពីសេចក្តីសម្រេចរបស់តុលាការដែលសម្រេចបញ្ជាឲ្យមានលក្ខខណ្ឌការងារល្អប្រសើរសម្រាប់មន្ត្រីភេទស្រី និងបានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធកុំរារាំងការរីកចម្រើនរបស់ពួកគេ។ រហូតដល់ឆ្នាំ ២០១០ ពួកគេទទួលបានត្រឹមតែជាតំណែងមន្រ្តីយោធាបណ្តោះអាសន្នសម្រាប់រយៈពេល ៥ទៅ១០ឆ្នាំប៉ុណ្ណោះ។ ចំនួនស្ត្រីមានត្រឹមតែ ២.៥ ភាគរយ នៃមន្រ្តីកងកម្លាំងប្រដាប់អាវុធ ភាគច្រើនពួកគេជាមន្រ្តីរដ្ឋបាល មន្រ្តីស៊ើបការណ៍សម្ងាត់ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា។
លោក Bahadur ក៏បាននិយាយថា ការផ្លាស់ប្តូរអាកប្បកិរិយាចំពោះស្ត្រីនៅក្នុងសមរភូមិប្រយុទ្ធនឹងកើតឡើងបន្តិចម្តងៗ។ «វាគឺជានិន្នាការទូទៅដែលយើងត្រូវការពារស្ត្រី។ ការងារនេះអាចមានការលំបាកក្នុងដំណាក់កាលដំបូង ប៉ុន្តែមួយរយៈក្រោយមកវានឹងក្លាយទៅជាការងារប្រចាំថ្ងៃ ហើយបន្ទាប់មកវានឹងលែងជាបញ្ហាទៀតហើយ។ ដូច្នេះវាគឺជាដំណើរការបន្តិចម្តងៗដែលយើងគួរតែធ្វើ»។
ការតែងតាំងស្ត្រីបីរូប ត្រូវបានគេយកទៅចុះផ្សាយក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ឥណ្ឌា ជាមួយនឹងចំណងជើងដូចជា «ស្រ្តីបើកយន្តហោះចម្បាំងបានបំបែករនាំងពិដាន» និង «គ្មានមេឃដែលខ្ពស់ពេកទេ» តាមទំព័រសារព័ត៌មាននានា។
ទន្ទឹមនឹងនេះដែរ ស្រ្តីបើកយន្តហោះចម្បាំងថ្មីមានក្តីរំភើបចំពោះតួនាទីរបស់ខ្លួនដែលលេចធ្លោមុនគេនេះ។ នាង Avani Chaturvedi ដែលអ្នកបើកយន្តហោះចម្បាំងទើបនឹងតែងតាំងថ្មីបាននិយាយថា៖ «រឿងតែមួយគត់ដែលខ្ញុំចង់និយាយគឺ ត្រូវមានក្តីសុបិន្តធំនិងប្រឹងប្រែងសម្រេចវាឲ្យបាន។ ប្រសិនបើអ្នកពិតជាចង់ធ្វើអ្វីមួយ នោះនឹងមានវិធីសាស្រ្តជាច្រើនបើកផ្លូវសម្រាប់អ្នកដោយស្វ័យប្រវត្តិ»៕
ប្រែសម្រួលដោយ៖ ឆាយ គីមហ៊ង