ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅប៉ៃលិន ខណៈចំនួនមីនថយចុះ ត្បូងក៏ថយចុះដែរ


គ្រាប់ត្បូងទទឹមធំៗនៅហាងលក់ត្បូងរបស់លោក ឈុន ការីម ក្នុងទីក្រុងប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
គ្រាប់ត្បូងទទឹមធំៗនៅហាងលក់ត្បូងរបស់លោក ឈុន ការីម ក្នុងទីក្រុងប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

កុងសែ​ទិញ​ត្បូង​នៅ​ប៉ៃលិន​ជាប់​ជើង​ភ្នំយ៉ាត​ឲ្យ​ដឹងថា ​ចំនួន​ត្បូង​ដែល​ពួក​គេទិញ​បាន​បាន​ចុះ​ថយ​ពី​ពេញ​មួយ​ថាស​ក្នុង​មួយ​ថ្ងៃ​ មក​ត្រឹម​មិន​ដល់​ ៥%​ នៃ​បាតថាស​ផង។​ ពួកគេ​អះអាង​ថា ​ក្រោយ​ពី​មីន​ត្រូវ​បាន​បោស​សម្អាត​ ​ក្រុមហ៊ុន​ថៃ​បាន​មក​ជីក​យក​រ៉ែ​ត្បូង​ដោយ​ប្រើ​គ្រឿង​ចក្រ។ ​ជាលទ្ធផល ​ពេល​មីន​ត្រូវ​បាន​ដោះ​ជា​បណ្តើរៗ ​ត្បូង​ក៏​អស់​ជា​បណ្តើរៗ​ដែរ។​

លោក ឈុន ការីម​ ជា​កុងសែ​ត្បូង​នៅ​ផ្សារ​ភ្នំយ៉ាត​ ដែល​ប្រកប​មុខ​របរ​នេះ​ជាង ​៣០​ ឆ្នាំ​មក​ហើយ។​ លោកក៏​ឲ្យ​ដឹង​ដែរ​ថា​ ត្បូង​នៅ​បរប៉ៃលិន​ខ្សត់​ជាង​កាលពី​សម័យ​សង្គ្រាម។​
លោកប្រាប់​វីអូអេ​ថា៖​ «នេះ​ប៉ៃលិន​យើង​មើល​នេះ! ខ្ញុំទិញ​មិន​តិចខែ​ទេ​នេះ។ មើល​!​ បាទ​ប៉ុណ្ណឹងនេះ​ អានេះ​ប៉ុណ្ណេះខ្ញុំទិញ​កាលពី​មុន ខ្ញុំ​ទិញ​តែមួយ​ថ្ងៃ មួយ​ថាស​នេះ។ ​ឥឡូវ​នេះ​ទិញ​មួយ​ខែ​ហើយ បាន​តែប៉ុណ្ណឹង​ទេ បាន​បន្តិចមួយហ្នឹង»។​

ពេល​កំពុង​ដើរ​ឆ្លុះ​ត្បូង​ក្នុង​ពេល​យប់​នៅ​ដី​ចម្ការ​តំបន់​ ដែល​ហៅថា​បរហែង​ ​ លោក​ ឃុត ណូក​ អាយុ​ ៥៨ ​ឆ្នាំ ​ឲ្យ​ដឹង​ថា រ៉ែ​ត្បូង​នៅ​បរ​ប៉ៃលិន​ចាប់​ផ្តើម​ខ្សត់​ ជា​ពិសេស​ក្រោយ​ពី​មីន​ត្រូវ​បាន​បោសសម្អាត។​

លោក​ថ្លែង​ថា៖ «ថយ​ដែរ​ហ្នឹង​ឯង​ បើ​ថៃ​កាយ​អា​កន្លែង​អត់​មាន​មីន​ កាយ​អស់​ហើយ​ នៅ​សល់​តែ​ កន្លែង​ណា​មានមីនទៅ​ ដោយសារ​មាន​ព្រៃ​ឫស្សី​ ព្រៃមីន​អី​ទៅ​ នឹង​នៅសល់​។​ វា​នៅ​សល់​ដីដុប​ៗ​ដែរ​វា​ ឧបមា​ថា​ ដីនៅ​តាម​ក្រុង​តាម​អីតាម​អូរ​ គេ​កាយ​អស់​ហើយ ថៃ​រក​អស់​ហើយ វានៅ​សល់​មួយកន្លែង​ មួយ​កន្លែង​ដោយ​កន្លែង​ ថៃ​កាយ​អេស្កា[ត្រាក់ទ័រ​ចូក ឬ កាយ​ដី]។​ អេស្កា​ច្រើន​ មួយ yard [មួយ​ទីធ្លា] បួន​ដប់​អេស្កាកាយ។ ពេល​អ៊ីចឹង​ទៅ​ នៅ​សល់​កន្លែង​ណា​ព្រៃ​អ៊ីចឹង​វារក​អត់​ឃើញ​ បាន​នៅ​សល់​ត្បូង។ ម្តុំនេះ ព្រៃឫស្សី​ពីមុន​»។ ​

លោក ឈុន ការីម កុងសែត្បូងនៅជិតភ្នំយ៉ាតទីដែលមានការលក់ត្បូងច្រើនក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
លោក ឈុន ការីម កុងសែត្បូងនៅជិតភ្នំយ៉ាតទីដែលមានការលក់ត្បូងច្រើនក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
គ្រាប់ត្បូងទទឹមតូចៗដាក់បង្ហាញនៅហាងលក់ត្បូងរបស់លោកឈុន ការីម ក្នុងទីក្រុងប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)
គ្រាប់ត្បូងទទឹមតូចៗដាក់បង្ហាញនៅហាងលក់ត្បូងរបស់លោកឈុន ការីម ក្នុងទីក្រុងប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/វីអូអេ)

លោក​បាន​យក​ត្បូង​ទទឹម​ មក​ឆ្លុះ​បង្ហាញ​ពីការ​បញ្ចេញ​ពន្លឺ​របស់​ត្បូង​ទទឹម​ពេល​ត្រូវ​ពន្លឺ​ភ្លើង​ពិល ឆ្លុះ​ត្បូង​នេះ។ ​ត្បូង​នេះ​មាន​តម្លៃ​ទាប ​ព្រោះ​មាន​វា​មាន​រាង​សំប៉ែត​ស្តើង។​
កុងសែ​ការីម ​ឲ្យ​ដឹង​ថា​ មុខរបរ​ជីក​រ៉ែ​តាម​វិធីបុរាណ​ដោយ​ការ​ជីក​លុង​ទៅ​តាម​ស្រទាប់​រ៉ែ​នោះ​ នៅ​មាន​តិចតូច​បំផុត ដែល​ធ្វើ​ឲ្យ​លោក​មិន​អាច​ទិញ​ត្បូង​បាន​ច្រើន​។​

ទាំងកុង​តែ​និង​អ្នក​រក​ត្បូង​ឲ្យដឹងថា​ មាន​ហេតុ​ផល​ច្រើន​ទៀត​ដែល​ទីផ្សារ​ត្បូង​នៅ​ប៉ៃលិន​មាន​ត្បូង​តិច ដូច​ជា​កម្ម​សិទ្ធិ​ដីធ្លី​ដែល​ម្ចាស់​ដី​យក​ដី​ធ្វើ​ចម្ការ​ជាជាង​ជីក​រ​កត្បូង​ដែល​មាន​តិចតួច និង​ធ្វើ​ឲ្យ​ខូច​ដី​មិនអាច​ដាំ​ដំណាំ​បាន​ល្អ។​

លោក ​ការីម​ ឲ្យ​ដឹងថា ​មុខ​របរ​ជា​កុងសែ​របស់​លោក​ត្រូវកសាង​កេរ្តិ៍ឈ្មោះ​ដោយ​ភាព​ស្មោះត្រង់​និង​ចិត្ត​ទូលាយ​ បន្ថែម​លើ​ជំនាញ​ក្នុង​ការ​វាយតម្លៃ​ត្បូង។​

លោក​ថ្លែងថា៖ «ធ្វើ​ជា​គ្រឿង​ ធ្វើ​ជាអីៗ​ លក់​ឥឡូវ​ លក់​ឥឡូវ​ លក់​មិន​សូវ​ដាច់​ដែរ​ទេ​ វាដូច​ជា​ដឹង​ វាច្រើន​តែ​ប៉ះ អាខ្លះ​វាធ្វើ​ទៅ​ មិន​គ្រប់​ទឹក​ឲ្យ​គេ​ ជួន​កាល​អី​ទៅ​ គេ​អត់​សូវ​ទុក​ចិត្ត​ ទុក​អី​ណ៎ា! ដល់​អ៊ីចឹង​ អាអ្នកទិញ​ គ្នា​មិន​សូវ​ហ៊ាន​ទិញ​ទេ​ រេរាដែលរ​ហ្នឹង​។ ដល់​យើង​ស្មោះ​ត្រង់​ប៉ុណ្ណា​ ក៏នៅ​តែ​គេ​មិន​ទុក​ចិត្ត។ ដូចខ្ញុំអី​ ខ្ញុំ​មិន​ដែល​ទៅ​ធ្វើ​អី​ ខ្ញុំលក់​ដូរ​តែ​ត្បូង​ហ្នឹង​ តាំងពី​ណាពីណី​មក​ ហើយ​មិន​ដែល​ទៅ​អី​ផង​ ក៏ខ្លះ​គេក៏​មក​សួរ​នាំ​ដែរ​ណ៎ា!​ មុននឹង​ទិញណ៎ា!​ ហ្នឹង​ហើយ​គេ​អត់​ទុក​ចិត្ត​ទេ។ អ៊ីចឹង​បាន​ថា​ ហើយ​អ្នក​បង្ហោះ​អ្នកបង្ហើរ​ច្រើនផង​ឥឡូវ​ បង្ហោះលិច​បង្ហោះកើត​ អាខ្លះ​លក់​ត្បូង​ បារាំងទៅ ត្បូង​ស្ល​ ថា​ត្បូង​សុទ្ធ​អ៊ីចឹង​ទៅ​ណ៎ា!​ ដល់​អ៊ីចឹង​ទៅ​វារាដល​ ខូច​ទាំងអាអ្នក​ត្រឹម​ត្រូវ​ទៀត»។

អ្នកស្រី ​រស់ សុខរីម ​មកពី​ខេត្ត​បាត់ដំបង​ទិញ​ត្បូង​ធ្វើ​ជា​គ្រឿង​សម្រាប់​ពាក់ ​និង​លក់​បន្ត​ ក៏​សង្កេត​ឃើញ​ដែរ​ថា ​បរិមាណ​ត្បូង​ក្នុង​ទីផ្សារ​នៅ​ប៉ៃលិន​ថយចុះ។​

អ្នកស្រី​ថ្លែង​ថា៖ «បើតាម​ខ្ញុំយល់​ ប្រហែល​ជា​ក្រហើយ​ គ្រាន់តែ​ថា នៅ​មាន​តែ​មាន​មិន​ច្រើន​ដូច​មុន​ វាកាន់​តែ​ក្រទៅ​ៗ​»។​

ថ្លែង​អំពី​គុណភាព​ត្បូង​ប៉ៃលិន ​អ្នកស្រី​ថ្លែង​ថា៖ «ខ្ញុំស្រលាញ់​ត្បូង​ធម្មជាតិ​ ត្បូង​ទឹក​ដី​ខ្មែរយើង​ ពាក់​ទៅ​ស្អាត​ហើយ​ពណ៌វា​អី​ មើល​ទៅ​ចង់​ថា​ លេច​ធ្លោ​ហ្មង​។ វាប្រែ​ពណ៌​ ប្រែអី​តាម​អាកាស​ធាតុ​ ថ្ងៃផ្សេង​ព្រឹក​ផ្សេង​ ពេល​ខ្លះ​»​។

រីឯលោក ​ទុយ ចតុរង្គ​ ហៅ​កុងសែ​ម៉ាឡែន ​ដែល​ប្រកប​របរ​នេះ​ជាង ​២០ ឆ្នាំ​មក ឲ្យ​ដឹង​ថា ​ក្រោយ​ពេល​ធ្លាក់​ភ្លៀង​ មាន​អ្នក​រក​បាន​ត្បូង​មក​លក់​ច្រើន​ជាង​ពេល​គ្មាន​ភ្លៀង ក៏ប៉ុន្តែ​នៅ​តែខ្សត់ជាង​ពី​មុន។

លោកប្រាប់​វីអូអេថា៖ «បាទ​ ត្បូង​គេ​នៅ​តែ​រក​បាន​រាល់​តែ​ខែ​ រាល់​តែ​ឆ្នាំ​ហ្នឹង​ហើយ​ គ្រាន់​តែ​ថា​តិច​ហើយ​និង​ច្រើនបាទ។ ខែណា​ក៏ទិញ​បាន​ច្រើនទៅ​ រឿង​សំខាន់ពេល​មេឃ​ធ្លាក់​ភ្លៀង​មក​ គេដើរ​រើស​និង​គេ​ទៅ​ជីក​ទៅបាន​មក​ត្បូង​យក​មក​លក់​ឲ្យ​ខ្ញុំ​ទៅបាទ​។ ជួនកាល​គេ​ជីក​នៅ​ដីគេ​ទៅ​ គេ​យក​មក​លក់​ដែរ​ទៅ»។

កុងសែ​និង​អ្នក​រក​ត្បូង​នៅប៉ៃលិន​លើក​ឡើង​ថា​ បច្ចេកវិទ្យា​ថ្មី​បាន​ផលិត​ពិល​សម្រាប់​ដើរឆ្លុះ​រក​ត្បូង​ បន្ថែម​ពីលើ​ការ​រែង​ត្បូង​តាម​ស្ទឹង អូរនិង​ការជីក​ដែល​មានការចុះ​ថយ​ ដោយសារ​កម្មសិទ្ធិ​ដីធ្លី​ ហើយ​តំបន់ដែល​មាន​រ៉ែ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ជីក​កកាយ​អស់​ភាគ​ច្រើន។​ ត្បូងដែល​រកបាន​ភាគ​ច្រើន​ពី​ការ​ឆ្លុះ​នៅ​ដី​បរហែង​និងការ​រែង​ច្រើន​ ជា​កម្ទេច​ត្បូង​តូចៗ​។

កម្មករត្បូងម្នាក់កំពុងដុះខាត់ត្បូងដើម្បីដាក់លក់ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/ វីអូអេ)
កម្មករត្បូងម្នាក់កំពុងដុះខាត់ត្បូងដើម្បីដាក់លក់ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/ វីអូអេ)
កម្មករត្បូងកំពុងសម្អាតត្បូងដើម្បីដាក់លក់ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/ វីអូអេ)
កម្មករត្បូងកំពុងសម្អាតត្បូងដើម្បីដាក់លក់ក្នុងក្រុងប៉ៃលិន ខេត្តប៉ៃលិន ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣។ (ហ៊ុល រស្មី/ វីអូអេ)

ពួកគាត់​អះអាងថា ​រ៉ែត្បូង​ដែល​នៅ​សល់​គឺ​នៅ​បាត​ភ្នំយ៉ាត ​និង​នៅ​តាម​ជើង​ភ្នំ​នេះ​នៅ​ស្រទាប់​ទី​ ២ ​គឺ​មាន​ជម្រៅ​ជ្រៅ​ជាង​ស្រទាប់​ទី ១ ​ដែល​រ៉ែ​ភាគ​ច្រើន​ត្រូវ​បាន​ក្រុមហ៊ុន​ថៃ​កាយ​យក ក្រោយ​ពី​តំបន់រ៉ែ​ជាច្រើន​ត្រូវ​បាន​ដោះមីន។ ​ពួក​គេ​លើក​ឡើង​ដូច្នេះ ដោយ​សំអាង​តាម​លទ្ធផល​នៃ​ការ​ជីក​ដី​បុកគ្រឹះ​ធ្វើ​ផ្ទះ។​

តាម​បទពិសោធន៍​រកស៊ី​ជាមួយ​បរទេស ​លោក ​ការីម ​អះអាង​ថា​ ជនជាតិ​ខ្មែរ​ស្មោះត្រង់​និង​ទៀងត្រង់​ជាង​ជនជាតិ​ដទៃ ជា​ពិសេស​ក្រោយ​ពី​រួច​ជីវិត​ពី​សង្គ្រាម​និង​របប​ខ្មែរក្រហម​ប្រល័យ​ពូជសាសន៍។​

លោក​ថ្លែង​ថា៖ «អ្ហូ! ខ្មែរយើង​កំពូល​ស្មោះ​ត្រង់​ហើយ​ ខ្ញុំប្រាប់ទៅ​ អ្នកណា​ពិភព​លោក​ អ្នក​ណា​ក៏ថា​ ខ្មែរ​ហ្នឹង​កំពូល​ស្មោះ​ត្រង់​ដែរ​ណ៎ា! ទើប​តែ​ឥឡូវ ឥឡូវ​ទេ​ ដែល​វា​ថា​ចេះ ថាល្បិច​កល​ខ្លះ កាលពី​មុន​ងាប់​ហើយ​ខ្មែរ​ តែ​ទៅ​និយាយម៉េច​ ទៅ​អ៊ីចុង​ហើយ​។ កុំនិយាយ​នោះ យើង​ចាស់​ពីដើម​នោះ​។ ឥឡូវហ្នឹង​ចាស់​ពីដើម​ចាប់​ពីអាយុ​យើង​ប្រៀប​ធៀប​ទៅ ៧០ ជាង​អ៊ីចឹង​ និយាយ​ទៅ អី អី​ទៅ គេ​ជឿ​ណាស់​។ បើ​ក្មេង​ៗនិយាយ​មក​គេ​មិន​សូវ​ជឿទេ ទៅ​ជំពាក់​លុយអី​ គេ​មិនសូវ​»។

ត្រង់​ចំណុច​នេះ ​លោក​លើក​ឧទាហរណ៍​អំពី​ការ​រកស៊ី​ជួញដូរ​នៅ​តាម​ព្រំដែន​សម័យ ​សង្គ្រាម​ពេល​លោក​និង​អ្នក​ផ្សេងទៀត​ធ្លាប់​ជួប​ប្រទះ។​

លោក​បន្ថែមថា៖ «គេមក​ទិញ​ហ្នឹង ព្រំដែន​ណាត់​គ្នា​ចូល​ទៅ​លក់ ទៅទិញ​ហ្នឹង​ហើយ។ ខ្ញុំទិញ​ម្តងៗ​ បាន​អ្ហូ៎!​ ត្បូង ទាំង​ថាស​ៗ យក​ទៅ​ឲ្យ​លក់​ឲ្យ​វាជួនកាល​វា​ជំពាក់​ផង​ ជួនកាល​អីផង​។ កាលហ្នុង​រក​ស៊ី​ទីណាត់​ទីណែង​ មាន​នរណា​រៀប​ចំ​ទីផ្សារ​ឲ្យយើង​គ្មាន​ទេ។ អាយើង​លួច​លក់​ផង​ លួច​អី​ផង​។​ អាយកទៅ​នោះ​ អាខ្លះ​ ខ្ញុំ​អស់​មួយលាន​ជាង​ដែរ​ហ្នឹង​ អស់​ឡើង​អត់​លុយ​អស់​កាក់​អាលិញដើរ​ទាត់​ខ្យល់​មួយ​សារ​ៗ​ដែរ​ ពួកវា​បោក​យើង»៕

XS
SM
MD
LG