របបសឹកមីយ៉ាន់ម៉ា បានបាត់ទំនាក់ទំនងជាមួយមន្ត្រីយោធាជាន់ខ្ពស់នៅមូលដ្ឋានយោធាសំខាន់មួយក្បែរព្រំដែនចិន ដែលនេះជាការទទួលស្គាល់ដ៏កម្រនូវបរាជ័យក្នុងសមរភូមិមួយក្រោយពីពួកឧទ្ទាមបានប្រកាសថាពួកគេបានកាន់កាប់ទីបញ្ជាការកងទ័ពតំបន់ដ៏សំខាន់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ។
ក្រុមឧទ្ទាមកងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA -Myanmar National Democratic Alliance Army) ដែលបាននិយាយកាលពីថ្ងៃទី២៥ខែកក្កដាថាខ្លួនបានកាន់កាប់មូលដ្ឋានកងទ័ពនេះតែនៅតែបន្តប្រយុទ្ធដើម្បីក្តោបក្តាប់មូលដ្ឋានទាំងស្រុង បានបង្ហោះរូបថតកងកម្លាំងរបស់ខ្លួននៅមូលដ្ឋានយោធានៅក្រុង Lashio កាលពីថ្ងៃសៅរ៍។
កងទ័ពរបបយោធា មិនអាចទាក់ទងមន្ត្រីមួយចំនួនដែលគេបញ្ជាក់ច្បាស់នៅទីបញ្ជាការតំបន់ប៉ែកឦសានដែលត្រូវឡោមព័ទ្ធ។ នេះបើតាមអ្នកនាំពាក្យរបបយោធាលោក Zaw Min Tun នៅថ្ងៃចន្ទ ក្រោយពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងនិងជុំវិញទីក្រុងនោះអស់រាប់សប្តាហ៍មក។
ក្រុមឧត្តមសេនីយ៍គ្រប់គ្រង់ប្រទេសមីយ៉ាន់ម៉ា កំពុងរងសម្ពាធមិនធ្លាប់មាន ក្នុងរយៈពេល៣ឆ្នាំក្រោយពីការផ្តួលរំលំរដ្ឋាភិបាលស៊ីវិលដោយរដ្ឋប្រហារ ដោយសារការបះបោរប្រដាប់អាវុធប្រឆាំងនឹងការត្រួតត្រារបស់របបយោធា កាន់តែរាលដាលក្នុងពេលសេដ្ឋកិច្ចប្រទេសនៅទ្រឹង។
ចលនាតស៊ូ បានកើតឡើងដោយសារការបង្រ្កាបហិង្សាលើបាតុកម្មក្រោយរដ្ឋប្រហារនៅខែកុម្ភៈឆ្នាំ២០២១ ពេលបាតុករវ័យក្មេងរាប់ពាន់នាក់ បានកាន់អាវុធនិងរួមកម្លាំងគ្នាជាមួយក្រុមឧទ្ទាមជាតិសាសន៍ជាច្រើនដែលមានស្រាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកយោធា។
ការបាត់បង់ទីក្រុង Lashio ដែលជាបញ្ជាការយោធាតំបន់មួយក្នុងចំណោម១៤ដែលបានធ្លាក់ក្នុងកណ្តាប់ដៃពួកឧទ្ទាម កត់សម្គាល់បរាជ័យដ៏ធំសម្រាប់របបសឹក ដែលឆ្នាំមុន បានបាត់បង់ការគ្រប់គ្រងតំបន់ជាច្រើននៅក្នុងរដ្ឋ Shanប៉ែកខាងជើងក្បែរព្រំដែនចិន។