ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នៅ​ក្នុង​សន្និសីទ​អាកាសធាតុ​ទីក្រុង Madrid យុវជន​អាហ្វ្រិក​កាន់​តែ​ស្ម័គ្រចិត្ត​ប្រយុទ្ធប្រឆាំង​នឹង​បម្រែបម្រួល​អាកាសធាតុ


នាង Greta Thunberg សកម្មជន​បរិស្ថាន​ជនជាតិ​ស៊ុយអែត​កាន់​ស្លាកសញ្ញា​ដែល​សរសេរ​ជា​ភាសា​ស៊ុយអែត​ថា «សាលារៀន​ធ្វើ​កូដកម្ម​សម្រាប់​អាកាសធាតុ» នៅ​ពេល​នាង​ចូលរួម​ក្នុង​ការ​ដើរក្បួន​អាកាសធាតុ​មួយ​នៅ​ក្នុង​ក្រុង Turin ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។
នាង Greta Thunberg សកម្មជន​បរិស្ថាន​ជនជាតិ​ស៊ុយអែត​កាន់​ស្លាកសញ្ញា​ដែល​សរសេរ​ជា​ភាសា​ស៊ុយអែត​ថា «សាលារៀន​ធ្វើ​កូដកម្ម​សម្រាប់​អាកាសធាតុ» នៅ​ពេល​នាង​ចូលរួម​ក្នុង​ការ​ដើរក្បួន​អាកាសធាតុ​មួយ​នៅ​ក្នុង​ក្រុង Turin ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩។

ការណ៍​ដែល​ទស្សនាវដ្តី Time ​ជ្រើសរើស​សកម្មជន​បរិស្ថាន​នាង Greta Thunberg ជនជាតិ​ស៊ុយអែត ជា​បុគ្គល​ឆ្នើម​ប្រចាំ​ឆ្នាំ បង្ហាញ​ពី​ឥទ្ធិពល​របស់​យុវជន​ដែល​កាន់​តែ​កើនឡើង និង​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្រឹងប្រែង​ប្រយុទ្ធប្រឆាំង​នឹង​អ្វី​ដែល​មនុស្ស​ជាច្រើន​ចាត់​ទុក​ថា​ជា​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ។

នេះ​ជា​អ្វី​ដែល​កំពុង​តែ​កើត​ឡើង​នៅ​ទ្វីប​អាហ្វ្រិក ដែល​ជា​ទ្វីប​មួយ​ងាយរងគ្រោះ​ពី​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ។ នៅ​សន្និសីទ​អាកាសធាតុ​ទីក្រុង Madrid យុវជន​អាហ្វ្រិក​៣នាក់​កំពុង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ។

នាង Lara Muaves ធ្វើ​ការ​ជាមួយ​នឹង​សហគមន៍​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ម៊ូសំប៊ិក​ ដើម្បី​ធានា​ឱ្យ​មាន​ការ​នេសាទ​ប្រកប​ដោយ​ចិរភាព និង​ជួយ​ពួកគេ​សម្រប​ខ្លួន​ទៅ​នឹង​បម្រែបម្រួល​អាកាសធាតុ។

នាង Muaves ជីវវិទូ​សិក្សា​ពី​មច្ឆា​នៃ​អង្គការ WWF និយាយ​ថា៖

«ខ្ញុំ​ចូលចិត្ត​សិក្សា​អំពី​បរិស្ថាន​ណាស់ ជាពិសេស​អំពីជីវិត​សត្វ​ក្នុង​ទឹក»។

ប្រទេស​ម៊ូសំប៊ិក​ប្រឈម​មុខ​នឹង​បម្រែបម្រួល​អាកាសធាតុ​យ៉ាង​ខ្លាំង ដោយ​ជួបប្រទះ​នឹង​គ្រោះ​ធម្មជាតិ​កាន់​តែ​ច្រើន​ឡើងៗ។ ព្យុះ​ស៊ីក្លូន​កាលពី​ខែ​មីនា​និង​ខែ​មេសា​បាន​បំផ្លិចបំផ្លាញ​ប្រទេស​នេះ​យ៉ាង​ខ្លាំង។

មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់ ដែល​ភាគច្រើន​ស្លាប់​ដោយ​សារ​ជំងឺ​ឆ្លង ​បន្ទាប់​ពី​ព្យុះ​ស៊ីក្លូន​កើតឡើង។ ក្នុង​ចំណោម​ជន​រងគ្រោះ​ទាំង​នោះ ក៏​មាន​មិត្ត​ជិតស្និទ្ធ​និង​សហការី​របស់​នាង​Muaves ក្នុង​គម្រោងជលផល​របស់​នាង​ផង​ដែរ។

នាង Muaves និយាយ​ថា៖ «មិត្ត​ខ្ញុំ​ឈ្មោះ Chris បាន​ស្លាប់​ដោយសារ​ជំងឺ​គ្រុនចាញ់។ នៅ​ពេល​គាត់​ស្លាប់ មនុស្ស​ពី៤​ទៅ​៨នាក់​បាន​ស្លាប់​ដូច​សត្វ​ធាតុ ក្នុង​មួយ​សប្តាហ៍ៗ។ Chris ក៏​មិន​អាច​គេ​ផុត​ពី​ការ​ស្លាប់​បាន​ដែរ»។

ស្ថិត​នៅ​ចម្ងាយ​រាប់ពាន់​គីឡូម៉ែត្រ​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​នីហ្សេរីយ៉ា លោក Mahmood Maishanu កំពុង​ស្វែងរក​អ្វី​ដែល​លោក​ហៅ​ថា​ជា​ដំណោះស្រាយ​អាកាសធាតុ​ឆ្លាតវៃ សម្រាប់​វិស័យ​នានា​ ​ដូចជា​វិស័យ​កសិកម្ម ដែល​ជា​វិស័យ​ឆ្អឹង​ខ្នង​សម្រាប់សេដ្ឋកិច្ច​អាហ្រ្វិក។

លោក Mahmood Maishanu ដែល​ជា​អ្នក​សិក្សា​ពី​អេកូឡូស៊ី​ បាន​និយាយ​ថា៖ «នៅ​ក្នុង​ស្រុក​កំណើត​របស់​ខ្ញុំ ដែល​នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​របស់​ជីដូនជីតា​របស់​ខ្ញុំ​ មាន​គ្រោះ​រាំងស្ងួត និង​ស្ថានភាព​ដែលប្រែក្លាយ​ទៅ​ជា​វាល​រហោឋាន​កាន់​តែ​ច្រើន»។​

លោក​និយាយ​ថា ពលរដ្ឋ​នីហ្សេរីយ៉ា​ជាច្រើន​មិន​បាន​ដឹង​ឲ្យ​គ្រប់គ្រង​ជ្រោយ​ពី​ផលប៉ះពាល់​នៃ​បម្រែបម្រួល​អាកាសធាតុ​ទេ។

យុវជន​កំពុង​តែ​ធ្វើ​ការ​ផ្លាស់ប្តូរ។

លោក Mahmood Maishanu​ បាន​និយាយ​ថា៖ «ខ្ញុំ​ឃើញ​យុវជន​មាន​ការ​តាំង​ចិត្ត​កាន់​តែ​ខ្លាំងឡើងៗ​ក្នុង​ការ​ធ្វើ​សកម្មភាព​នានា​។ ពួកគេ​ធ្វើ​សកម្មភាព​ដែល​មនុស្ស​ជំនាន់​មុន​មិន​បាន​ធ្វើ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ»។

យុវជន​ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​លោក Ayoub Makhloufi ដែល​ជា​សកម្មជន​បរិស្ថាន ពលរដ្ឋ​ម៉ារ៉ុក​ដើមកំណើត​បារាំង។ លោក​បាន​បង្កើត​ពិលមួយ​ប្រភេទ​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន។ លោក​តែង​តែ​យក​ពិល​នេះ​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​ស្ដី​ពី​បរិស្ថាន​និង​កិច្ចប្រជុំ​ផ្សេងៗ។

លោក Ayoub Makhloufi ដែល​ជា​ប្រធាន​វិទ្យាស្ថាន MIPAI និយាយ​ថា៖ «នៅ​ឆ្នាំ​នេះ យើង​បាន​ធ្វើ​ដំណើរ​ពី​ក្រុង Katowice នៃ​ប្រទេស​ប៉ូឡូញ ទៅ​ក្រុង Belem នៃ​ប្រទេស​ប្រេស៊ីល​ដោយ​ជិះ​រថយន្ត​អគ្គិសនី រថភ្លើង និង​ទូកក្តោង»។

លោក Makhloufi ចង់​ជួយ​ស្វែងរក​ហិរញ្ញប្បទាន​សម្រាប់​គម្រោង​បរិស្ថាន​នៅ​អាហ្រ្វិក និង​លើក​កម្ពស់​ការ​យល់ដឹង​អំពី​អាកាសធាតុ​នៅ​តាម​សាលារៀន។

លោក​មើល​ឃើញ​បញ្ហា​ប្រឈម​នៅ​ក្នុង​ប្រទេស​ម៉ារ៉ុក ដែល​ជា​ស្រុក​កំណើត​របស់​ឪពុកម្តាយ​លោក។

លោក Makhloufi និយាយ​ថា៖ «យើង​ខ្វះ​ទឹក ខ្វះ​ការ​អប់រំ ជាពិសេស​ក្នុង​បរិបទ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព»។

ប៉ុន្តែ​លោក​នៅ​តែ​មាន​សុទិដ្ឋិនិយម​ថា ពិភពលោក​នឹង​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​បម្រែបម្រួល​អាកាសធាតុ។ បញ្ហា​ប្រឈម​មួយ​គឺ​ការ​ស្វែងរក​ដំណោះស្រាយ​ដែល​ត្រឹមត្រូវ ដូច្នេះ​គ្រប់​គ្នា​អាច​ទទួល​បាន​ផលប្រយោជន៍៕

XS
SM
MD
LG