អ្នកស្រី វី ផល្លា មានអារម្មណ៍ដិតជាប់ជ្រាលជ្រៅចំពោះស្រុកកំណើតរបស់អ្នកស្រី នៅឯខេត្តកោះកុងនៃប្រទេសកម្ពុជា ដែលជាដែនដីដែលដើមកោងកាងចាក់ឫសលើឆ្នេរសមុទ្រ និងទឹកដែលមានត្រី និងក្តាម សម្រាប់ទ្រទ្រង់ជីវភាពរបស់អ្នកភូមិរាប់ជំនាន់។
ជម្រកត្រី និងទិដ្ឋភាពបរិស្ថានធម្មជាតិផ្សេងៗទៀតត្រូវបានបំផ្លាញ នៅពេលដែលការបូមខ្សាច់ទ្រង់ទ្រាយធំបានធ្វើឡើងនៅឯឆ្នេរសមុទ្រក្នុងភូមិកោះស្រឡៅ ដែលជាភូមិកំណើតរបស់អ្នកស្រី ផល្លា។ អ្នកស្រី ផល្លា ដែលមានអាយុ៣១ឆ្នាំ និងដែលមានមុខរបរជាអ្នកនេសាទ មានទុក្ខព្រួយជាខ្លាំង ពីព្រោះតែការបូមខ្សាច់ទ្រង់ទ្រាយធំនេះ។
អ្នកស្រីយល់ថា អ្នកស្រីគ្មានអំណាចដើម្បីតតាំងជាមួយក្រុមហ៊ុនអាជីវកម្មធំៗ ដែលបានបូមយកខ្សាច់ពីឆ្នេរសមុទ្រនៃប្រទេសកម្ពុជាជាច្រើននោះទេ។ ភាគច្រើននៃខ្សាច់ដែលបានបូមនោះ បានលក់ឲ្យប្រទេសសិង្ហបុរី ដែលប្រទេសនេះកំពុងពង្រីកដែនដីគោករបស់ខ្លួន។
នេះគឺជាមូលហេតុដែលអ្នកស្រី ផល្លា ទទួលបានឱកាសសហការជាមួយផលិតករសញ្ជាតិខ្មែរអាមេរិកាំង ដែលធ្លាប់ទទួលបានពានរង្វាន់ ដើម្បីផលិតភាពយន្តថ្មីមួយដែលមានឈ្មោះថា «ពិភពដែលបាត់បង់» ដែលភាសាអង់គ្លេសហៅថា «Lost World» ដែលបានផ្តិតយកទិដ្ឋភាពជីវិតប្រចាំថ្ងៃរបស់ប្រជាជននៅឯខេត្តកោះកុង ដើម្បីបង្ហាញពីផលប៉ះពាល់នៃការបូមខ្សាច់ទៅលើសហគមន៍។
អ្នកស្រី ផល្លា បានប្រាប់ VOA តាមទូរស័ព្ទថា ភាពយន្តនេះមិនមានអត្ថបទភាពយន្តទេ។ ផ្ទុយទៅវិញ អ្នកស្រី ផល្លា បាននិយាយពីបទពិសោធន៍ផ្ទាល់របស់ខ្លួន ដោយពិពណ៌នាអំពីរឿងរ៉ាវរបស់សហគមន៍របស់អ្នកស្រី និងជួយផលិតករភាពយន្ត ម៉ម កល្យាណី ក្នុងការផ្តិតយករូបភាពដែលអាចបង្ហាញពីស្ថានភាពដែលត្រូវការអភិរក្សជាបន្ទាន់។
អ្នកស្រី ផល្លា បាននិយាយថា ចាប់តាំងពីការបូមខ្សាច់បានកើតមានឡើង សិស្សជាច្រើនបានឈប់រៀន ដើម្បីជួយគ្រួសាររបស់ពួកគេ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃជីវភាពអ្នកភូមិកាន់តែយ៉ាប់យ៉ឺនឡើងៗ ក្នុងការប្រកបរបរជាអ្នកនេសាទដើម្បីចិញ្ចឹមជីវិត។ អ្នកភូមិកោះស្រឡៅមួយចំនួន បានបង្ខំចិត្តចាកចេញពីភូមិដើម្បីទៅធ្វើការនៅឯប្រទេសថៃ ឬក៏ទីក្រុងភ្នំពេញ។
អ្នកស្រី ផល្លា បាននិយាយថា៖ «បញ្ហាវាកើតឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយពេលហ្នឹង។ អញ្ចឹងវាធ្វើឲ្យចិត្តខ្ញុំ វាចេញមកថា វាចេញមកពីដួងចិត្តយើងគឺថា ភាពខូចចិត្ត ភាពឈឺចាប់ ភាពស្រណោះស្តាយរបស់យើងហ្នឹង»។
អ្នកស្រី ផល្លា បាននិយាយថា អ្នកស្រីបានធ្វើការជាមួយផលិតករភាពយន្ត ម៉ម កល្យាណី អស់រយៈកាលបីទៅបួនខែនៅក្នុងភូមិកោះស្រឡៅ។ ភាពយន្តនេះបានបង្ហាញពីជីវិតប្រចាំថ្ងៃរបស់អ្នកស្រី ការជីកយកគ្រុំ និងច្រៀងចម្រៀងដែលពិពណ៌នាអំពីសម្រស់នៃដើមកោងកាងនាឆ្នេរសមុទ្រ។
អ្នកស្រី ផល្លា បាននិយាយថា៖ «នៅកោះមួយចំនួន ដែលយើងធ្លាប់តែរកបានអញ្ចឹង អញ្ចឹងហើយធ្វើឲ្យខ្ញុំហ្នឹង មានអារម្មណ៍ថា ដូចថាវាខ្លោចចិត្តណាស់ ពេលដែលយើងបាត់បង់មុខរបរយើងទៅ បាត់បង់កន្លែងយើងរកស៊ី»។
(វីដេអូដកស្រង់ពីបណ្តាញ YouTube របស់ Emergence Magazine)
ភាពយន្តនោះ ក៏បានថតពីដំណើរកម្សាន្តរបស់អ្នកស្រី ផល្លា នៅឯប្រទេសសិង្ហបុរីផងដែរ ដែលជាប្រទេសមានបំផុតមួយនៅលើពិភពលោក។ ខណៈដែលអ្នកដំណើរជាច្រើនរីករាយនឹងភាពរស់រវើកនៃទេសភាពទីក្រុងរបស់ប្រទេសសិង្ហបុរី អ្នកស្រី ផល្លា បាននិយាយថា អ្នកស្រីមានអារម្មណ៍តានតឹងជាខ្លាំង។
អ្នកស្រីបាននិយាយថា៖ «ខ្ញុំយំមិនចេញ ពេលដែលខ្ញុំទៅដល់ប្រទេសសិង្ហបុរី»។
អ្នកស្រី ផល្លា សង្ឃឹមថា អ្នកស្រីអាចប្រាប់ប្រជាជនសិង្ហបុរីថា ដីដែលនៅក្រោមជើងរបស់ពួកគេ ត្រូវបានទិញពីកម្ពុជាដោយទិញទាំងធនធាននានាសម្រាប់ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។
អ្នកស្រីបាននិយាយថា៖ «ពេលទៅដល់សិង្ហបុរីហ្នឹង គឺវាខ្លោចចិត្ត។ រឹតតែខ្លោចចិត្តជាងពេលដែលយើងនៅភូមិយើងទៅទៀត។ អញ្ចឹងហើយ មានអារម្មណ៍ថាដូចគេមកកាត់សាច់យើង កាត់ឈាមយើង ជីវិតយើងយកទៅ ដកព្រលឹងយើងយកទៅអញ្ចឹង»។
គ្រួសាររបស់អ្នកស្រី ផល្លា មានក្តីបារម្ភអំពីផលវិបាកដែលអាចកើតមានឡើងដោយសារការដែលហ៊ាននិយាយប្រឆាំងនឹងការបូមខ្សាច់ ពីព្រោះសកម្មជនជាច្រើនរូប ប្រឈមនឹងការគំរាមកំហែង ការធ្វើទុក្ខបុកម្នេញ និងការដាក់ពន្ធនាគារ។
ស្ថាបនិកនៃក្រុមសកម្មជនការពារបរិស្ថាន មាតាធម្មជាតិ លោក Alex Gonzalez-Davidson ត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសកម្ពុជា ខណៈពេលដែលសមាជិកមាតាធម្មជាតិពីររូបទៀតត្រូវបានជាប់ពន្ធនាគារ ដោយសារពួកគេបានថតវីដេអូសកម្មភាពនាវាដឹកខ្សាច់ចេញពីឆ្នេរសមុទ្រនៃខេត្តកោះកុង។
អ្នកស្រីផល្លាបាននិយាយថា៖ «នៅក្នុងក្រុមគ្រួសាររបស់ខ្ញុំ ដោយសារតែភាពភ័យខ្លាចរបស់គាត់អញ្ចឹង ពីព្រោះកាលហ្នឹង អ្នកដែលពាក់ព័ន្ធរឿងខ្សាច់ហ្នឹងអញ្ចឹង គេចាប់ដាក់ពន្ធនាគារ។ អញ្ចឹងហើយ ពេលដែល គាត់ដឹងថាខ្ញុំថតរឿងហ្នឹង គាត់ខ្លាចថាវាមានពាក់ព័ន្ធ ខ្លាចថាគេចាប់គេអី»។
អ្នកជិតខាងរបស់អ្នកស្រី ផល្លា មួយចំនួន ក៏បានព្រមានអ្នកស្រីផងដែរអំពីការងាររបស់អ្នកស្រីជាមួយ «ភាពយន្តពិភពដែលបាត់បង់» ដែលអាចធ្វើឲ្យមានបញ្ហាចំពោះខ្លួនឯង។
អ្នកស្រី ផល្លា បានប្រាប់ VOA ថា៖ «គេថាកុំចេះតែហ៊ាន ប្រយ័ត្នទូកទៅ កំពង់នៅ»។
ប៉ុន្តែអ្នកស្រី ផល្លា បាននិយាយថា អ្នកស្រីមិនមានភាពភិតភ័យឡើយ ក្នុងការនិយាយពីការបូមខ្សាច់នេះ ដោយសារតែអ្វីដែលអ្នកស្រីបានពិពណ៌នាគឺផ្អែកលើការពិត។
អ្នកស្រី ផល្លា បាននិយាយថា៖ «ខ្ញុំអត់មានអារម្មណ៍ថា ខ្លាចអីផង ពីព្រោះពេលដែលដាក់ចិត្តថតរឿងហ្នឹងខ្ញុំបាន ដាក់ទៅអស់រលីងហើយគឺថា មិនថាបញ្ហាអ្វីកើតឡើងមកទេ ខ្ញុំត្រូវតែទទួលចំណុចហ្នឹង ពីព្រោះរឿងដែលខ្ញុំថតហ្នឹងមិនមែនជារឿងកុហក។ វាជារឿងពិត ជីវិតពិត»។
អ្នកស្រី ផល្លា មានក្តីរំពឹងទុកខ្ពស់លើភាពយន្តនេះ។ អ្នកស្រីសង្ឃឹមថា «ពិភពដែលបាត់បង់» នឹងបង្ហាញអ្នកទស្សនា អំពីភាពស្រស់ស្អាតនៃកោះស្រឡៅ និងលើកកម្ពស់ការយល់ដឹងរបស់អ្នកទស្សនាអំពីផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៃការបូមខ្សាច់ក្នុងសហគមន៍ក្នុងប្រទេសកម្ពុជា។
អ្នកស្រី ផល្លា បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា នៅភូមិកោះស្រឡៅ នៅខេត្តកោះកុងទាំងមូលហ្នឹង នឹងលែងមានការបូមខ្សាច់តទៅទៀត ហើយខ្ញុំសង្ឃឹមថាដី coast [ឆ្នេរ] តាមតំបន់នៅកោះហ្នឹង គឺស្ថិតស្ថេរ។ ព្រៃកោងកាងហ្នឹងនៅតែស្រស់ស្អាត គ្មានការខូតខាត បាត់បង់»៕