ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយករដ្ឋមន្ត្រី​ឥណ្ឌា​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ុយក្រែន​ដោយ​ជំរុញ​លោក Zelenskyy ឱ្យ​ចរចា​ជាមួយ​រុស្ស៊ី


​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ស្វាគមន៍ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ក្នុង​ទីក្រុងកៀវ។
​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ស្វាគមន៍ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ក្នុង​ទីក្រុងកៀវ។

នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi បាន​ជំរុញ​កាលពី​ថ្ងៃ​សុក្រ​ឱ្យ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ចរចា​ជាមួយ​រុស្ស៊ី​ដើម្បី​បញ្ចប់​សង្គ្រាម និង​បាន​ស្នើ​ដើរ​តួ​ជា «មិត្ត» ដើម្បី​ជួយ​នាំ​មក​នូវ​សន្តិភាព ខណៈ​ដែល​មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​ពិភាក្សា​គ្នា​ក្នុង​ទី​ក្រុង​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​នាយករដ្ឋមន្ត្រី​ឥណ្ឌា​ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​របស់​អ៊ុយក្រែន​នេះ​បាន​ធ្វើឡើង​ចំពេល​មាន​ការ​ប្រែប្រួល​ខ្លាំងក្លា​ក្នុង​សង្គ្រាម​ដែល​រុស្ស៊ី​បាន​ចាប់ផ្តើម​កាលពី​ខែ​កុម្ភៈ ឆ្នាំ ២០២២ ដោយ​នៅ​ពេល​នេះ​កងកម្លាំង​រុស្ស៊ី​បាន​រុល​ចូល​យឺតៗ​នៅ​ភាគ​ខាង​កើត​អ៊ុយក្រែន ខណៈ​ដែល​កងកម្លាំង​អ៊ុយក្រែន​រុល​ឆ្លង​ព្រំដែន។

ពេល​ធ្វើ​សេចក្តី​ថ្លែងការណ៍​រួមគ្នា​ទៅ​កាន់​ក្រុម​អ្នក​យក​ព័ត៌មាន លោក Modi បាន​និយាយ​ថា លោក​បាន​មក​ទីក្រុង​កៀវ​ដោយ​នាំ​មក​ជាមួយ​នូវ​សារ​សន្តិភាព និង​បាន​អំពាវនាវ​ឱ្យ​មាន​ការ​សន្ទនា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន​ឱ្យ​បាន​លឿន​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

លោក Modi បាន​និយាយ​ថា៖ «ផ្លូវ​ឆ្ពោះ​ទៅរក​ដំណោះស្រាយ​អាច​រក​ឃើញ​បាន​តាមរយៈ​ការ​សន្ទនា​និង​ការទូត​តែ​ប៉ុណ្ណោះ។ យើង​គួរតែ​បោះ​ជំហាន​ឆ្ពោះ​ទៅ​រក​ទិសដៅ​នោះ​ដោយ​មិន​គួរខ្ជះខ្ជាយ​ពេល​វេលា​ទៀត​ទេ។ ភាគី​ទាំងពីរ​គួរតែ​អង្គុយ​ជាមួយ​គ្នា​ដើម្បី​ស្វែងរក​ផ្លូវ​ចេញ​ពី​វិបត្តិ​នេះ» ។

លោក​បាន​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​ចង់​ធានា​ចំពោះ​មុខ​អ្នក​ថា​ឥណ្ឌា​បាន​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ដើរ​តួ​យ៉ាង​សកម្ម​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅរក​សន្តិភាព។ ប្រសិន​បើ​ខ្ញុំ​អាច​ដើរ​តួ​ក្នុង​រឿង​នេះ​ដោយ​ផ្ទាល់ ខ្ញុំ​នឹង​ធ្វើ​ដូច្នេះ។ ខ្ញុំ​ចង់​ធានា​ជាមួយ​អ្នក​ក្នុង​នាម​ជា​មិត្ត» ។

លោក Zelenskyy បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា៖ «ដំណើរ​ទស្សនកិច្ច​នេះ​មាន​លក្ខណៈ​មិត្តភាព​និង​មាន​សារៈសំខាន់​សម្រាប់​ប្រជាជន​អ៊ុយក្រែន​ទាំងអស់»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG