ការសូត្រធម៌នេះជាកាយវិការនៃនិមិត្តរូបសម្រាប់ប្រធានាធិបតីត្រាំដែលបានអញ្ជើញទៅដល់ដោយមានការស្វាគមន៍ដោយកម្រាលព្រំពណ៌ក្រហមនៅក្នុងទីក្រុង Tel Aviv កាលពីថ្ងៃច័ន្ទដែលជាការឈប់សំចតទី២នៃដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់បរទេស។ លោកប្រធានាធិបតីត្រាំបានមានប្រសាសន៍ថា៖ «ខ្ញុំមកកាន់ទឹកដីពិសិដ្ ឋនិងបុរាណនេះដើម្បីបញ្ជាក់ឡើងវិញនូវចំណងទាក់ទងដែលមិនអាចកាច់បំបាក់បានរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល»។
ប្រធានាធិបតីត្រាំមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែល ហើយសង្ឃឹមថា នឹងប្រើប្រាស់ទំនាក់ទំនងនេះធ្វើឲ្យមានភាពជឿនលឿនដល់ការចរចាសន្តិភាពតំបន់មជ្ឈឹមបូព៌ាដែលជាប់គាំង។
ពេលវេលាដ៏លំបាកមួយបានកើតមានឡើងនៅពេលដែលប្រធានាធិបតីត្រាំ បានត្រូវគេសួរអំពីជំនួបនៅសេតវិមានកាលពីពេលថ្មីៗនេះ ដែលនៅទីនោះមានការចោទប្រកាន់ថា លោកប្រធានាធិបតីបានប្រាប់ព័ត៌មានសម្ងាត់ដល់ពួកមន្ត្រីរុស្ស៊ីដែលធ្វើឲ្យគ្រោះថ្នាក់ដល់ប្រភពស៊ើបការណ៍សម្ងាត់អ៊ីស្រាអែលដែលកំពុងធ្វើការជាមួយក្រុមរដ្ឋឥស្លាម។ លោកប្រធានាធិបតីត្រាំ បានថ្លែងថា៖ «ដូចអស់លោក អ្នក បានយល់ហើយថា ខ្ញុំមិនដែលមិនបាននិយាយពាក្យ ឬឈ្មោះអ៊ីស្រាអែលទេ។ ខ្ញុំមិនដែលរំឮកឈ្មោះនោះនៅក្នុងការសន្ទនានោះទេ។ ពួកគេកំពុងនិយាយថា ខ្ញុំបាននិយាយឈ្មោះអ៊ីស្រាអែល ដូច្នេះ អស់លោក អ្នក ទទួលបានព័ត៌មានខុស។ ខ្ញុំមិនដែលនិយាយឈ្មោះអ៊ីស្រាអែលទេ»។
ជំនួបផ្សេងទៀតបានធ្វើស្របទៅកាន់ការគ្រោងទុក ដោយលោកប្រធានាធិបតីត្រាំនិងក្រុមគ្រួសាររបស់លោកបានដើរកម្សាន្តគេហដ្ឋានរបស់នាយកមន្ត្រី Netanyahu។ក្រោយមក លោកប្រធានាធិបតីត្រាំបានទទួលការសរសើរពីមេដឹកនាំអ៊ីស្រាអែល។លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ខ្ញុំចង់ឲ្យអស់លោក អ្នកដឹងថាតើយើងអរគុណប៉ុន្មានចំពោះការផ្លាស់ប្តូរគោលនយោបាយរបស់អាមេរិកចំពោះប្រទេសអ៊ីរ៉ង់នោះ។ ខ្ញុំចង់ឲ្យអស់លោកអ្នកដឹងថា តើយើងអរគុណប៉ុន្មានចំពោះការសម្រេចចិត្តដ៏ហ្មត់ចត់របស់លោកដើម្បីចាត់វិធានការប្រឆាំងនឹងការប្រើប្រាស់អាវុធគីមីនៅក្នុងប្រទេសស៊ីរីនោះ ហើយខ្ញុំចង់ប្រាប់អស់លោក អ្នកដែរថា តើខ្ញុំអរគុណប៉ុន្មានចំពោះការបញ្ជាក់អះអាងឡើងវិញរបស់មេដឹកនាំអាមេរិកនៅក្នុងតំបន់មជ្ឈឹមបូព៌ានោះ»។
នៅពេលជាបេក្ខជនប្រធានាធិបតី លោកត្រាំបានសន្យាថា រដ្ឋបាលរបស់លោក និងអ៊ីស្រាអែលស្ថិតនៅក្នុងស្ថានភាពតែមួយ។
ក៏ប៉ុន្តែ កាលពីពេលថ្មីៗនេះ ការខ្វែងគំនិតគ្នាបានផុសចេញឡើងលើការតាំងទីលំនៅរបស់អ៊ីស្រាអែលនៅក្នុងតំបន់នានាដែលជនជាតិប៉ាឡេស្ទីនបានទាមទារសម្រាប់បង្កើតរដ្ឋរបស់ខ្លួន។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ក៏មិនបានធ្វើទៅតាមការសន្យាក្នុងពេលយុទ្ធនាការបោះឆ្នោតរបស់លោកដើម្បីរើស្ថានទូតសហរដ្ឋអាមេរិកពីទីក្រុង Tel Aviv ទៅកាន់ទីក្រុង Jerusalem។
បញ្ហាទាំងនោះទំនងនឹងត្រូវពិភាក្សានៅថ្ងៃអង្គារ នៅពេលដែលលោកប្រធានាធិបតីត្រាំជួបជាមួយលោក Mahmoud Abbas មេដឹកនាំអាជ្ញាធរប៉ាឡេស្ទីន។
លោកប្រធានាធិបតីត្រាំដែលចាត់ទុកខ្លួនលោកថាជាអ្នកជំនាញខាងការចរចានោះបាននិយាយថា លោកសង្ឃឹមថានឹងធ្វើការជាមួយពួកមេដឹកនាំអារ៉ាប់ដើម្បីធ្វើឲ្យបានសម្រេចនូវសន្តិភាពជាមួយអ៊ីស្រាអែលដោយបានហៅថា វាជាកិច្ចព្រមព្រៀងផ្តាច់ព្រ័ត្រ៕
ប្រែសម្រួលដោយ ជឹង ប៉ូជីន