លោកស្រី Hillary Clinton និងលោក Donald Trump នឹងផ្អាកការរៀបចំត្រៀមខ្លួនចុងសប្តាហ៏នេះសម្រាប់ការជជែកដេញដោលគ្នារវាងបេក្ខជនប្រធានាធិបតីនៃគណបក្សធំៗទាំងពីរនៅថ្ងៃចន្ទនៅពេលពួកគេទាំងពី នឹងជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដាច់ដោយឡែកពីគ្នានៅថ្ងៃអាទិត្យនេះដែលជាសម្ព័ន្ធមិត្តសំខាន់មួយរបស់ស.រ.អា.ក្នុងភូមិភាគមជ្ឈឹមបូព៌ា។
ការិយាល័យរបស់លោក Netanyahu បានប្រកែកមិនព្រមនិយាយថាតើជំនួបជាមួយបេក្ខជនប្រធានាធិបតីអាមេរិកាំងទាំងពីរនាក់នេះនឹងធ្វើនៅទីណាទេ។ ជំនួបជាមួយលោក Trump ដែលជាបេក្ខជនប្រធានាធិបតីអាមេរិកាំងខាងគណបក្សសាធារណរដ្ឋ បានត្រូវរៀបចំក្រោយពួកបុគ្គលិកឃោសនាបោះឆ្នោតរបស់លោកបានទូរសព្ទទៅកាន់ការិយាល័យលោក Netanyahu បន្ទាប់ពីដឹងថាមេដឹកនាំអ៊ីស្រាអែល រូបនេះបានរៀបចំជួបជាមួយលោកស្រីClinton ដែលជាគូប្រជែងរបស់លោកខាងគណបក្សប្រជាធិបតេយ្យ។
លោក Netanyahu បានមកទីក្រុង ញូវយ៉ក កាលពីសប្តាហ៍មុនដើម្បីចូលរួមក្នុងមហាសន្និបាតអ.ស.ប.ប្រចាំឆ្នាំ។
លោក Netanyahu បានជួបជាមួយលោកប្រធានាធិបតីស.រ.អា .បារ៉ាក់អូបាម៉ានៅឯអ.ស.ប.កាលពីថ្ងៃពុធដែលទំនងជាពេលចុងក្រោយបង្អស់របស់អស់លោកក្នុងឋានៈជាមេដឹកនាំនៃប្រទេសរបស់ខ្លួន។ លោក Netanyahu និងលោកអូបាម៉ាបានបញ្ចប់ជំនួបរបស់ពួកគេជាមួយកំណត់សម្គាល់មួយប្រកបដោយមិត្តភាពនៅក្រោយទំនាក់ទំនងរវាងអស់លោកមានភាពតានតឹង៧ឆ្នាំបណ្តាលមកពីការខ្វែងគំនិតគ្នាអំពីបញ្ហានានាដូចជាបញ្ហាកិច្ចព្រមព្រៀងបរមាណូអ៊ីរ៉ង់និងដំណើរការនៃកិច្ចព្រមព្រៀងសន្តិភាពក្នុងភូមិភាគមជ្ឈឹមបូព៌ាជាដើមដែលជាបញ្ហាដែលអ្នកឈ្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកាំងនៅឆ្នាំនេះនឹងរកមធ្យោបាយដោះស្រាយ។
នៅមុនមានការកំណត់ជំនួបនៅថ្ងៃអាទិត្យនេះរបស់លោកស្រី Clinton ជាមួយលោក Netanyahu លោកស្រីមានបំណងទៅទស្សនាក្រុង Charlotte ក្នុងរដ្ឋ North Carolina ប៉ែកអាគ្នេយ៍ប្រទេស ដែលមានបាតុកម្មច្រើនយប់បន្តបន្ទាប់គ្នានៅក្រោយមានការបាញ់សម្លាប់បុរសអាមេរិកាំងដើមកំណើតអាហ្រ្វិកដោយប៉ូលិសប្រកបដោយការចម្រូងចម្រាស់កាលពីថ្ងៃអង្គារ។ ក៏ប៉ុន្តែទោះ ជាយ៉ាងណាក៏ដោយក៏លោកស្រីបានពន្យាពេលលើកទស្សនកិច្ចទៅថ្ងៃក្រោយតាមសំណើសុំរបស់លោកស្រី Jennifer Roberts អភិបាលក្រុង Charlotte ដែលបានសម្តែងបំណងប្រើប្រាស់ប្រភពធនធានទាំងអស់របស់ក្រុងនេះដើម្បីធ្វើឲ្យមានភាពធម្មតាប្រក្រតីវិញ។
គេរាយការណ៍ថាលោក Trump ក៏បានពិចារណាទៅមើលក្រុងនេះនៅថ្ងៃអង្គារដែរតែលោកបានសម្រេចពន្យាពេលទស្សនកិច្ចនេះដែរ៕