«ឯកជនភាពកំពូល» «តុលាការកំពូលផ្តល់ឲ្យពលរដ្ឋឥណ្ឌានូវជីវិតឯកជន» គឺជាពាក្យពេចន៍នៅលើចំណងជើងនៃបដាមួយដែលគេសរសេរឡើងក្រោយពេលតុលាការជាន់ខ្ពស់បំផុតរបស់ប្រទេសឥណ្ឌាបានចេញសេចក្តីសម្រេចថា ឯកជនភាពគឺជាសិទ្ធិមូលដ្ឋានសំខាន់ ដែលការសម្រេចនេះផ្ទុយទៅនឹងសាលក្រមមួយមានអាយុកាល៦៣ឆ្នាំមកហើយ។
ក្រុមមេធាវីដែលប្រកបដោយក្តីរីករាយ និងអ្នកអត្ថាធិប្បាយមួយចំនួននិយាយថា ការសម្រេចជាឯកឆន្ទដោយក្រុមប្រឹក្សាចំនួន៩រូបនេះ នឹងមានឥទ្ធិពលដ៏ធំធេងទៅលើសិទ្ធិរបស់ពលរដ្ឋ ដែលរាប់ចាប់ពីការរក្សាទុកទិន្នន័យឯកជន រហូតដល់សិទ្ធិរបស់មនុស្សដែលស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យដែលមានប្រជាជនច្រើនជាងគេមួយនេះ។
សេចក្តីសម្រេចនេះត្រូវបានគេមើលឃើញថា ជាការរារាំងមួយដល់អ្វីដែលអ្នកខ្លះបារម្ភថា ជាដំណើរឆ្ពោះទៅរកការកើតឡើងនៃរដ្ឋដែលឈ្លបតាមដានលើពលរដ្ឋខ្លួន ក្រោយពេលដែលរដ្ឋាភិបាលបានពង្រីកការប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យអត្តសញ្ញាណពលរដ្ឋធំជាងគេបង្អស់របស់ពិភពលោក។ ប្រព័ន្ធផ្ទុកទិន្នន័យនេះបានធ្វើឲ្យឯកជនភាពលែងជាសិទ្ធិមូលដ្ឋានសំខាន់ដាច់ខាត។
ក្នុងគម្រោងដ៏មានហមិច្ឆតាឈ្មោះថា Aadhar របស់ឥណ្ឌា ពលរដ្ឋប្រមាណ១,១៣ពាន់លាននាក់ត្រូវបានគេផ្តល់លេខអត្តសញ្ញាណដែលមាន១២ខ្ទង់ បន្ទាប់ពីស្នាមម្រាមដៃនិងក្រសែភ្នែករបស់ពួកគេត្រូវបានគេស្គែនរួច។ ឥណ្ឌាមិនមែនជាប្រទេសតែមួយគត់ដែលប្រមូលទិន្នន័យបែបនេះទេ មានប្រទេសប្រហែល៦០ផ្សេងទៀតក៏ធ្វើដូច្នេះដែរ។
គម្រោងនេះ ពីដំបូងឡើយធ្វើឡើងដោយការស្ម័គ្រចិត្តដើម្បីបញ្ឈប់កុំឲ្យមានពួកឈ្មួញកណ្ដាល និងដើម្បីលុបបំបាត់អំពើឆបោកនៅក្នុងគម្រោងសុខុមាលភាពសម្រាប់ពលរដ្ឋក្រីក្រ។ ប៉ុន្តែគម្រោងនេះបានជាប់ក្នុងភាពចម្រូងចម្រាសបន្ទាប់ពីច្បាប់ថ្មីមួយដែលអនុម័តកាលពីឆ្នាំមុន បានតម្រូវឲ្យពលរដ្ឋមានប័ណ្ណឌីជីថល សម្រាប់ប្រើប្រាស់ដើម្បីទទួលបានសេវាផ្សេងរាប់ចាប់តាំងពីការបើកគណនីធនាគារ ដាក់លិខិតប្រកាសពន្ធ ធានាសុវត្ថិភាពប្រាក់កម្ចី និងដើម្បីមានសិទ្ធិទទួលបានអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋ។
ក្រុមអ្នកដាក់បណ្តឹងមានក្តីសង្ឃឹមថា សាលក្រមនេះនឹងកម្រិតលើអំណាចរបស់រដ្ឋាភិបាលក្នុងការប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យដែលកាន់តែរីកធំនេះ។ ពួកគេបានផ្តល់អំណះអំណាងថា ការប្រើប្រាស់ដ៏ទូលំទូលាយនៃប័ណ្ណ Aadhar អាចក្លាយជាឧបករណ៍ដ៏មានអំណាចស្ថិតក្នុងដៃរបស់រដ្ឋ ដែលជាលទ្ធផលធ្វើឲ្យមានការកំណត់អត្តសញ្ញាណលើបុគ្គលណាម្នាក់ ជាឧទាហរណ៍ដូចជាបង្ហាញពីទម្លាប់នៃការចាយវាយរបស់បុគ្គលម្នាក់ ដែលនេះអាចបើកទ្វារឲ្យរដ្ឋអាចបំពានលើឯកជនភាពកាន់តែខ្លាំង។
បើទោះបីជាតុលាការកំពូលកំពុងតែបើកសវនាការលើសំណុំរឿងផ្សេងមួយទៀតស្តីអំពីការរឹតត្បិតការប្រើប្រាស់ប័ណ្ណ Aadhar នេះក្តី សេចក្តីសម្រេចលើឯកជនភាពនិងមានអត្ថន័យសំខាន់នៅលើសាលក្រមនេះ។
ក្រោយពេលសាលក្រមត្រូវបានគេអានចប់ រដ្ឋាភិបាលបានបញ្ជាក់សារជាថ្មីថា គម្រោងនេះគឺជាប្រយោជន៍សម្រាប់មនុស្សក្រីក្ររាប់លាននាក់ ហើយថែមទាំងបាននិយាយថា ក្តីបារម្ភអំពីការរំលោភលើឯកជនភាពគឺជាការបារម្ភជ្រុល។
លោក Ravi Shankar Prasad រដ្ឋមន្ត្រីផ្នែកច្បាប់បានថ្លែងថា៖ «គម្រោងនេះដំណើរការក្នុងគោលការណ៍ព័ត៌មានកម្រិតអប្បបរមា ប៉ុន្តែមានប្រយោជន៍ជាអតិបរិមា។ ពលរដ្ឋក្រីក្រមានការសប្បាយចិត្ត ពួកគេមានអារម្មណ៍ថា ពួកគេត្រូវបានផ្តល់អំណាច»។
លោកបាននិយាយថា ប្រទេសឥណ្ឌាបានប្រើប្រាស់បច្ចេកវិទ្យាយ៉ាងមានប្រសិទ្ធភាពដើម្បីធានាបានថា ការបង់បដិភាគ(របស់រដ្ឋ)បានទៅដល់ដៃពលរដ្ឋដែលមិនមានលទ្ធភាពទទួលបានអត្ថប្រយោជន៍ដោយសារតែពួកគេមិនមានក្រដាសស្នាមអត្តសញ្ញាណ ដូចជាគណនីធនាគារ និងប័ណ្ណបើកបរជាដើម។
លោកបានថ្លែងដោយបានចង្អុលបង្ហាញថា គម្រោងនេះបានទប់ស្កាត់អំពើពុករលួយ។ លោកថ្លែងថា៖ «នៅក្នុងរយៈពេលប្រហែលបីឆ្នាំនេះ យើងបានសន្សំសំចៃប្រាក់ជិត៩ពាន់លានដុល្លារ ដែលប្រាក់ទាំងនេះធ្លាប់ត្រូវបានឈ្មួញកណ្ដាលឬ បុគ្គលិកខ្មោចយកដាក់ហោប៉ៅរបស់ពួកគេ»។
ទន្ទឹមនឹងនេះដែរ សម្រាប់សហគមន៍មនុស្សស្រឡាញ់ភេទដូចគ្នារបស់ប្រទេសនេះ ភាពចម្រូងចម្រាសមិនស្ថិតនៅលើប័ណ្ណអត្តសញ្ញាណទេ ប៉ុន្តែស្ថិតនៅលើការការឃ្លាំមើលដែលពួកគេបានទាមទារថា ឯកជនភាពនេះ ត្រូវតែការពារក្រុមគ្រួសារ អាពាហ៍ពិពាហ៍ ទំនោរនៃការបន្តពូជឬរឿងផ្លូវភេទ។ ឯកជនភាពនេះជំរុញឲ្យមានក្តីសង្ឃឹមជាថ្មីមួយថា ច្បាប់ដែលអនុម័តឡើងតាំងពីសម័យអាណានិគមអង់គ្លេសដែលបានចាត់ទុកអាពាហ៍ពិពាហ៍ភេទទី៣ជាបទឧក្រិដ្ឋនោះ នឹងអាចត្រូវបានកែប្រែ។
សកម្មជនម្នាក់គឺអ្នកស្រី Anjali Gopalan ដែលបានដឹកនាំការប្រយុទ្ធទាមទារឲ្យលុបបំបាត់ច្បាប់ដ៏ចាស់គំរឹលនេះនិយាយថា៖ «ពិតណាស់ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់។
អ្នកស្រីបានបង្ហាញសុទិដ្ឋិនិយមថា ការសម្រេចរបស់តុលាការនេះបានបង្កើតជាឆាកមួយសម្រាប់ឲ្យតុលាការកំពូលកែប្រែច្បាប់ចាស់នោះ។ អ្នកស្រីថ្លែងថា៖ «ច្បាប់នេះនឹងមានឥទ្ធិពលវិជ្ជមាន»។
អ្វីដែលសំខាន់មួយទៀតនោះគឺថា ការរក្សាទុកឯកជនភាពថាជាសិទ្ធិជាមូលដ្ឋាននេះ នឹងមានឥទ្ធិពលដល់បញ្ហាក្តីបារម្ភដែលកំពុងកើតមាន ដែលបានលេចឡើងនៅក្នុងអាណត្តិរដ្ឋាភិបាលជាតិនិយមនៃអ្នកកាន់សាសនាហិណ្ឌូ របស់លោកនាយករដ្ឋមន្ត្រី Narendra Modi។ ជាឧទាហរណ៍ រដ្ឋអំណាចក្នុងរដ្ឋមួយចំនួនបានដាក់បំរាមមិនឲ្យបរិភោគនិងលក់សាច់គោ ពីព្រោះសាសនាហិណ្ឌូចាត់ទុកសត្វគោថាជាសត្វពិសិដ្ឋ។ ការណ៍នេះបានធ្វើឲ្យពលរដ្ឋក្នុងសង្គមដែលស្រឡាញ់សេរីភាពមានការខឹងសម្បា ដោយពួកគេនិយាយថា រដ្ឋមិនត្រូវកំណត់លើជម្រើសផ្ទាល់ខ្លួនរបស់ពលរដ្ឋឡើយ។
ក្រុមអ្នកជំទាស់នឹងការកំណត់របស់រដ្ឋដូច្នេះ មានចិត្តរីករាយនឹងសាលក្រមនេះដែលបានចែងថា គ្មាននរណាម្នាក់ត្រូវគេប្រាប់ថា ត្រូវបរិភោគអ្វី ឬត្រូវស្លៀកពាក់យ៉ាងម៉េចនោះទេ។ ក្រុមមេធាវីនិយាយថា ការសង្កេតឃើញនេះ អាចក្លាយជាការប្រឆាំងការហាមឃាត់ការបរិភោគសាច់គោ។
ក្នុងរយៈពេលប៉ុន្មានខែឬឆ្នាំខាងមុខ សេចក្តីសម្រេចរបស់តុលាការនឹងកំណត់របៀបដែលក្រុមហ៊ុននានានៅឥណ្ឌា ត្រូវរៀបចំនិងដោះស្រាយបញ្ហាគ្រប់គ្រងទិន្នន័យបុគ្គល បន្ទាប់ពីក្រុមចៅក្រមបានដាក់សញ្ញាថា ត្រូវតែមានកន្លែងមួយសម្រាប់ឯកជនភាព នៅក្នុងយុគសម័យមួយដែលក្រុមហ៊ុនជាច្រើនដូចជា Google ចង់ប្រមូលទិន្នន័យបុគ្គលពីអ៊ីនធឺណិត ដើម្បីលក់ទៅឲ្យក្រុមហ៊ុនសេវាកម្មផ្សាយពាណិជ្ជកម្មតាមអនឡាញ និងសម្ភារៈលក់តាមអនឡាញជាច្រើនដែលស្របទៅនឹងការចង់បានផ្សេងៗគ្នាអ្នកប្រើប្រាស់នីមួយៗ។
ឥទ្ធិពលដ៏ធំនៃសាលក្រមនេះ បានធ្វើឲ្យមនុស្សជាច្រើននិយាយដដែលៗដូចកាសែត Times of India ដែលបានសេរសេរថា សេចក្តីសម្រេចរបស់តុលាការនេះរុញច្រានប្រទេសឥណ្ឌាឲ្យចូលទៅក្នុងលំដាប់នៃសង្គមជឿនលឿន៕
ប្រែសម្រួលដោយ នៀម ឆេង