លោក Stephen Mathias ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការច្បាប់ បានផ្តល់ការគាំទ្រដល់សំណើរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានស្នើសុំការឧបត្ថម្ភធនសម្រាប់ប្រតិបត្តិការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ក្នុងឆ្នាំ២០១៦។ នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចេញផ្សាយនៅថ្ងៃពុធនេះ។
យោងទៅតាមសេចក្តីប្រកាសព័ត៌មាននេះ លោក Stephen Mathias បានជួបពិភាក្សាជាមួយលោក សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលទទួលបន្ទុកសាលាក្តីខ្មែរក្រហម កាលពីថ្ងៃអង្គារ ដើម្បីស្វែងយល់ពីការវិវត្តន៍របស់សាលាក្តីខ្មែរក្រហម ខណៈដែលសាលាក្តីដ៏ចម្រូងចម្រាសនេះ ចាប់ផ្តើមសវនាការ លើបណ្តឹងសារទុក្ខក្នុងសំណុំរឿង០០២/០១។
សេចក្តីប្រកាសព័ត៌មាននោះបានបង្ហាញពីសេចក្តីថ្លែងការណ៍រួមរបស់ភាគីទាំងពីដែលបានសរសេរថា៖ «ភាគីទាំងពីរ បានស្វាគមន៍ចំពោះសុឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការគាំទ្រដល់សំណើរបស់អគ្គលេខាធិការ អ.ស.ប. ដាក់ជូនមហាសន្និបាត អ.ស.ប ទាក់ទងនឹងការឧបត្ថម្ភធនសម្រាប់ប្រតិបតិ្តការរបស់អ.វ.ត.ក ក្នុងឆ្នាំ២០១៦ ព្រមទាំងសុឆន្ទៈ របស់ខ្លួនក្នុងការបន្តផ្តល់វិភាគទានគ្រប់គ្រាន់ និងដោយផ្ទាល់ដល់ភាគីជាតិនៃ អ.វ.ត.ក ដើម្បីធានាឲ្យបានថវិកាគ្រប់គ្រាន់ ដោយពិចារណាទៅលើការចូលរួមវិភាគទានពីប្រទេសម្ចាស់ជំនួយអន្តរជាតិនានា។ ហើយសង្ឃឹមថាវិធានការទាំងនេះ នឹងផ្តល់នូវស្ថិរភាពហិរញ្ញវត្ថុសម្រាប់ អ.វ.ត.ក ក្នុងឆ្នាំ២០១៦»។
លោក ឯក ថា អនុប្រធាននាយកដ្ឋានព័ត៌មាននៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពីជំនួបនោះថា រដ្ឋាភិបាលកម្ពុជាបានបន្តយកចិត្តទុកដាក់ក្នុងការប្រព្រឹត្តិទៅ នៃសាលាក្តីខ្មែរក្រហម ហើយថា រដ្ឋាភិបាលកម្ពុជាបានសម្រេចផ្តល់ថវិកាបដិភាគដល់ភាគីជាតិដើម្បីដំណើរការសាលាក្តីក្នុងរយៈពេល៦ខែនៅក្នុងឆ្នាំខាងមុខនេះ។
«សម្រាប់៦ខែ ឆ្នាំ២០១៦ គឺប្រាំមួយខែឆ្នាំក្រោយនេះ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងផ្តល់ថវិកាបដិភាគ ប្រមាណជាជាងបួនលានដុល្លារអាមេរិក សម្រាប់ដល់ភាគីជាតិកម្ពុជា ទាំងផ្នែកប្រតិបត្តិការសម្រាប់ការប្រើប្រាស់នៅអង្គជំនុំជម្រះវិសាមញ្ញនៅតុលាការហ្នឹង ក៏ដូចជាការបូកបញ្ចូលប្រាក់ខែរបស់បុគ្គលិកខាងភាគីជាតិ»។
ប៉ុន្តែពុំមានភាគីណាម្នាក់បញ្ជាក់ថាថវិកាចាំបាច់សម្រាប់ដំណើរការសាលាក្តីទាំងមូលមានចំនួនប៉ុន្មានទេសម្រាប់ឆ្នាំ២០១៦។
សេចក្តីថ្លែងការណ៍រួមដដែលនោះ បានបញ្ជាក់បន្ថែមថា ភាគីទាំងពីរមានការខ្វែងគំនិតគ្នា លើសំណុំរឿងចំនួន២ ដែលបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត។ យ៉ាងណាក៏ដោយ ភាគីទាំងពីរបានឯកភាពគ្នា ថាការសម្រេចបានឆាប់រហ័សនូវដំណោះស្រាយគួរជាទីពេញចិត្ត ដែលអនុលោមតាមលក្ខខណ្ឌដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងបង្កើតអ.វ.ត.ក ពាក់ព័ន្ធសំណុំរឿងចំនួន២នេះ គឺមានសារៈសំខាន់ណាស់ជាមួយនឹងវិធានការពាក់ព័ន្ធដែលនឹងត្រូវដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។
សាលាក្តីខ្មែរក្រហម នៅមានបញ្ហាចម្រូងចម្រាសមិនទាន់សម្រេចដាច់ស្រេចលើសំណុំរឿង០០៣ និង០០៤ ថាតើត្រូវបន្តទៀតឬយ៉ាងណានៅឡើយទេ។
ជារឿយៗសាលាក្តីខ្មែរក្រហមតែងតែជួបប្រទះវិបត្តិថវិកានៅក្នុងដំណើរការកាត់ទោសមេដឹកនាំខ្មែរក្រហមដែលនៅរស់រានមានជីវិតចំនួនពីរនាក់គឺនួន ជា អតីតប្រធានសភា និង ខៀវ សំផន អតីតប្រមុខរដ្ឋដែលមានតែឈ្មោះ។
កាលពីដើមខែតុលាកន្លងទៅនេះ រដ្ឋាភិបាលអូស្ត្រាលីបានសន្យាផ្តល់ថវិកាបន្ថែមចំនួន៣.២៥០.០០០ដុល្លារអូស្ត្រាលី (ប្រហែល២លាន៣សែនដុល្លារសហរដ្ឋអាមេរិក) ដល់សាលាក្តីខ្មែរក្រហមសម្រាប់ដំណើរការនៅផ្នែកភាគីអន្តរជាតិនៃសាលាក្តីនេះ៕