ប្រធានាធិបតីស.រ.អា. លោក Donald Trump បាននិយាយថាគាត់នឹងប្រថុយប្រថាននឹងការមានវិបត្តិថវិកាដើម្បីធ្វើតាមការសន្យារបស់គាត់នៅពេលធ្វើការឃោសនាបោះឆ្នោតដែលថាគាត់នឹងកសាងអ្វីដែលគាត់ហៅថាជាកំផែង «ជាការចាំបាច់ដាច់ខាត» នៅតាមបណ្តោយព្រំដែនរវាងស.រ.អា. និងប្រទេសម៉ិកស៊ិក។
លោក Trump បាននិយាយកាលពីយប់ថ្ងៃអង្គារនៅក្នុងការប្រមូលផ្តុំបែបធ្វើការឃោសនាបោះឆ្នោតមួយនៅឯមជ្ឈមណ្ឌលមហាសន្និបាតក្នុងក្រុង Phoenix រដ្ឋ Arizona ថា «ប្រសិនបើយើងត្រូវបិទរដ្ឋាភិបាល យើងនឹងកសាងកំផែងនេះ»។ គាត់បាននិយាយបន្ថែមថាដោយបោះឆ្នោតឱ្យគាត់កាលពីខែវិច្ឆិកាមុន ប្រជារាស្ត្រអាមេរិកាំង «បានបោះឆ្នោតឱ្យមានការត្រួតត្រាអន្តោប្រវេសន៍»។
ការផ្តល់ប្រាក់សម្រាប់ការស្ថាបនាកំផែងនេះនឹងត្រូវការមានការយល់ព្រមពីសភាស.រ.អា.ដែលមិនទាន់បានបញ្ចប់ការងារអំពីថវិកាមួយសម្រាប់រដ្ឋាភិបាលស.រ.អា.ក្នុងឆ្នាំសារពើពន្ធ២០១៨ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែតុលាខាងមុខនេះ។ ពួកសមាជិកខាងគណបក្សប្រជាធិបតេយ្យនៅក្នុងសភាស.រ.អា.បានប្រឆាំងនឹងគំនិតកសាងកំផែងនេះដែលនាំឱ្យ Trump ហៅពួកគេថាជា «ពួកអ្នករារាំង» កាលពីយប់ថ្ងៃអង្គារ។
ប្រធានាធិបតីអាមេរិកាំងរូបនេះក៏បានប្រើសុន្ទរកថារបស់គាត់ក្នុងការប្រមូលផ្តុំនេះដើម្បីវាយប្រហារដោយពាក្យសម្តីប្រឆាំងនឹងបណ្តាញផ្សាយព័ត៌មានដោយគាត់បានប្រៀបធៀបពួកអ្នកកាសែតទៅនឹងពួកជនក្បត់ជាតិដោយគាត់បានហៅពួកគេថាជា «ពួកមនុស្សអាក្រក់ដែលមិនស្រឡាញ់ប្រទេសយើង»៕