ដោយសារមានការរាតត្បាតជំងឺកូវីដ១៩ សុន្ទរកថារបស់លោកប្រធានាធិបតី Joe Bidenទៅកាន់សភាទាំងពីរអង្គ មានការចូលរួមរបស់មនុស្សតែ២០០នាក់ប៉ុណ្ណោះ។ តាមធម្មតាអ្នកចូលរួមមានចំនួន១.៦០០នាក់។
សារសំខាន់របស់លោកទៅកាន់ពលរដ្ឋអាមេរិកាំងគឺលទ្ធិប្រជាធិបតេយ្យនិងរដ្ឋាភិបាលនៅតែអាចបំពេញតួនាទីរបស់ខ្លួន។
លោក Biden បានថ្លែងថា៖ «យើងកំពុងចាក់វ៉ាក់សាំងជូនប្រទេសជាតិ។ យើងកំពុងបង្កើតការងាររាប់សែន។ យើងកំពុងធ្វើឲ្យមានលទ្ធផលពិតប្រាកដដែលមនុស្សទាំងឡាយអាចមើលឃើញនិងអាចជួយជីវិតរបស់ពួកគេ។ យើងបើកឱកាសជាច្រើន។ យើងធានានូវភាពស្មើគ្នានិងយុត្តិធម៌»។
លោក Biden បង្ហាញនូវផែនការជួយគ្រួសារអាមេរិកាំងដែលមានទឹកប្រាក់ចំនួន ១,៨លានលានដុល្លារ ដើម្បីពង្រីកសេវាអប់រំនិងថែទាំកូនក្មេង ដែលមួយផ្នែកនឹងយកពីថវិកានៃការយកពន្ធពីពលរដ្ឋអាមេរិកាំងដែលមានទ្រព្យសម្បត្តិច្រើន។ នេះជាផែនការបន្ថែមពីលើផែនការជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលមានទឹកប្រាក់ ២,៣ លានលានដុល្លារ ដែលលោកបានប្រកាសកាលពីខែមីនា។
លោក Biden ថ្លែងថា៖ «ផែនការបង្កើតការងារជូនពលរដ្ឋអាមេរិកាំងជាផែនការសាងសង់ប្រទេសអាមេរិកសម្រាប់ពលរដ្ឋដែលមិនចាំបាច់មានសញ្ញាបត្រខ្ពស់»។
លោក Biden បានថ្លែងសុន្ទរកថារបស់លោកទៅកាន់សភាទាំងពីរអង្គ យឺតជាងប្រធានាធិបតីភាគច្រើនកន្លងមក។ មូលហេតុនៃការយឺតយ៉ាវនេះ មិនមែនដោយសារតែលោកចង់ផ្តោតទៅលើយុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេសតែប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងដោយសារមានការបារម្ភអំពីរឿងសន្តិសុខផងដែរ។ ទើបតែកាលពី៤ខែមុន ក្រុមអ្នកគាំទ្រលោកអតីតប្រធានាធិបតី Donald Trump បានលុកលុយចូលអគារសភា ដើម្បីព្យាយាមបញ្ឈប់ការរាប់សន្លឹកឆ្នោតក្នុងសភាដែលបានបង្ហាញថាលោក Biden ជាអ្នកឈ្នះឆ្នោតប្រធានាធិបតីនោះ។
លោក Biden ថ្លែងថា៖ «នោះជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុតលើលទ្ធិប្រជាធិបតេយ្យរបស់យើង តាំងពីសង្គ្រាមស៊ីវិលមក»។
លោក Biden ឥឡូវនេះកំពុងបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកាំងទាំងអស់ ដែលមានរួមទាំងអ្នកគាំទ្រលោក Trump ផងនោះ ឲ្យគាំទ្រផែនការទាំងឡាយរបស់លោក។
លោក Todd Belt ជានាយកនៃកម្មវិធីសិក្សាផ្នែកគ្រប់គ្រងនយោបាយ នៃសាកលវិទ្យាល័យ George Washington។ លោកថ្លែងថា៖ «លោក Biden បានរៀបចំគោលនយោបាយរបស់លោក ជាគោលនយោបាយប្រកួតប្រជែងដោយសេចក្តីស្នេហាជាតិ។ មានអ្នកណាចង់ប្រឆាំង? លោករៀបចំសេចក្តីព្រាងច្បាប់របស់លោកស្តីពីការជួសជុលហេដ្ឋារចនាសម្ព័ន្ធ ជាផែនការបង្កើតការងារជូនពលរដ្ឋអាមេរិកាំង ហើយនិយាយម្តងហើយម្តងទៀតអំពីការបង្កើតការងារ។ ដូច្នេះតើមានអ្នកណាប្រឆាំងនឹងរឿងបែបនេះ?»
លោក Biden បានធ្វើការអំពាវនាវរបស់លោកជាថ្មីឡើងវិញ នូវសេចក្តីព្រាងច្បាប់ស្តីពីកាំភ្លើង ហើយខណៈដែលមានការកើនឡើងនូវចំនួនជនអន្តោប្រវេសន៍ នៅតាមបណ្តោយព្រំដែនអាមេរិក លោកបានតឿនឲ្យសភាអនុម័តសេចក្តីព្រាងច្បាប់អន្តោប្រវេសន៍របស់លោកឲ្យបានឆាប់ៗ។
ក្នុងវិស័យនយោបាយការបរទេស លោក Biden បានផ្តោតទៅលើការដកទ័ពពីប្រទេសអាហ្វហ្កានីស្ថាន ការគំរាមកំហែងអាវុធនុយក្លេអ៊ែរពីប្រទេសកូរ៉េខាងជើងនិងអ៊ីរ៉ង់ និងការទប់ទល់ប្រទេសរុស្ស៊ី។
លោក Biden បានព្រមានថាលោកប្រធានាធិបតីចិន Xi Jinping មិនមែននិយាយលេងសើចទេ អំពីការចង់ធ្វើឲ្យប្រទេសចិន ក្លាយទៅជាប្រទេសសំខាន់ជាទីបំផុតមួយក្នុងពិភពលោក ហើយថាសត្រូវរបស់អាមេរិកកំពុងតែចង់ឃើញការបែកបាក់គ្នាក្នុងសង្គមអាមេរិក។
លោក Biden ថ្លែងថា៖ «ពួកគេសម្លឹងមើលរូបហ្វូងមនុស្សដែលវាយប្រហារលើវិមានកាពីតូល ហើយចាត់ទុកថាជាភស្តុតាងដែលបង្ហាញថាព្រះអាទិត្យកំពុងតែអស្តង្គតលើលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក។ ប៉ុន្តែពួកគេគិតខុសហើយ»។
អ្នកស្រី Jill Biden ដែលត្រូវជាភរិយាលោកប្រធានាធិបតី Joe Biden មិនបាននាំភ្ញៀវមកចូលរួមដើម្បីជួយបង្ហាញនូវសារៈសំខាន់នៃរបៀបវារៈរបស់លោកប្រធានាធិបតីទេ។ ប៉ុន្តែអ្នកស្រីបានអញ្ជើញពួកគេឲ្យចូលរួមតាមអនឡាញ។ ភ្ញៀវទាំងនោះមានរួមគិលានុបដ្ឋាយិកាម្នាក់ដែលជាជនអន្តោប្រវេសន៍ អ្នកគាំទ្រការរឹតបន្តឹងច្បាប់ទិញកាំភ្លើងម្នាក់ ហើយនឹងក្មេងជំទង់ភេទទី៣ម្នាក់។
លោក Tim Scott ដែលជាសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋតែម្នាក់គត់ដែលជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកនោះ បានថ្លែងសុន្ទរកថារបស់គណបក្សលោក ឆ្លើយតបវិញនោះ បានបន្ថយនូវសារៈសំខាន់នៃកិច្ចប្រឹងប្រែងរបស់លោក Biden ក្នុងការគ្រប់គ្រងការឆ្លងជំងឺកូវីដ១៩។
លោក Tim Scott ថ្លែងថា៖ «ដោយសារតែគុណបំណាច់នៃកម្មវិធីផលិតវ៉ាក់សាំងយ៉ាងឆាប់រហ័ស និងរដ្ឋបាលរបស់លោក Trump ទើបប្រទេសយើងមានវ៉ាក់សាំងដែលមានសុវត្ថិភាព និងប្រសិទ្ធភាពយ៉ាងច្រើនហូរហៀរបែបនេះ»។
ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រ ស្ត្រី២នាក់ស្ថិតនៅពីក្រោយប្រធានាធិបតីអាមេរិក ក្នុងអំឡុងនៃការថ្លែងសុន្ទរកថាទៅកាន់សភា។ អ្នកទាំងពីរគឺអ្នកស្រីអនុប្រធានាធិបតី Kamala Harris និងអ្នកស្រីប្រធានរដ្ឋសភា Nancy Pelosi ដែលមានលំដាប់ទី២ និងទី៣ ក្នុងការឡើងបន្តតំណែងប្រធានាធិបតី។
ប្រែសម្រួលដោយលោក ប៉ូច រាសី