ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណើន​ជន​បរទេស​កើត​នៅ​អាមេរិក​បំបែក​កំណត់​ត្រា​ ទោះ​ជា​កំណើន​ពលរដ្ឋ​ថយ​ចុះ​ក៏​ដោយ


ជនជាតិ​អាមេរិក​ទើប​បាន​សញ្ជាតិ​ថ្មីៗ​លើក​ទង់ជាតិ​អាមេរិក​​អំឡុង​ពិធី​ចូល​សញ្ជាតិ​កាលពីថ្ងៃទី​៧​ ឧសភា​ ឆ្នាំ២០២៤​នៅ​ទីក្រុង Miami។
ជនជាតិ​អាមេរិក​ទើប​បាន​សញ្ជាតិ​ថ្មីៗ​លើក​ទង់ជាតិ​អាមេរិក​​អំឡុង​ពិធី​ចូល​សញ្ជាតិ​កាលពីថ្ងៃទី​៧​ ឧសភា​ ឆ្នាំ២០២៤​នៅ​ទីក្រុង Miami។

ជន​បរទេស​គឺ​មនុស្ស​មិនមែន​ជា​ពលរដ្ឋ​អាមេរិកាំង​កើត​នៅ​អាមេរិក​កើន​ឡើង​ច្រើន​ជាង​ពេល​មុនៗ​ ទោះ​ជា​កំណើន​ប្រជាជន​យឺត​ក៏​ដោយ។​

លោក ​William Frey ​ជា​អ្នក​ប្រជា​សាស្ត្រ​និង​ជា​អ្នក​ស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​ស្ថាប័ន​ Brookings។ ​លោក​និយាយ​ថា​«កំណើន​ចំនួន​ប្រជា​រាស្ត្រ​ជាក់​ស្តែង​អាច​មាន​ច្រើន​ជាង​តួលេខ​ កាល​ពី​ទសវត្សរ៍​មុន។ ​កំណើន​នេះ​មិន​ច្រើន​ដូច​កាល​ពី​ទសវត្សរ៍​មុនៗ​ទេ​ ជា​ពិសេស​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៩៩០​និង​ទសវត្សរ៍​២០០០‍»។

ជន​បរទេស​កើត​នៅ​អាមេរិក​បាន​កើន​ពី​១៩​លាន​នាក់​ទៅ​៣១​លាន​នាក់​ គឺ​កើន​ឡើង​១២​លាន​នាក់​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​២០០០។ ​ ចំនួន​ជន​ទាំង​នេះ​បាន​កើន​តែ​៦​លាន​២​សែន​នាក់​គឺ​ពី​៤០​លាន​នាក់​ទៅ​៤៦​លាន​២​សែន​នាក់​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០២២។​

លោក​ Frey ​ថ្លែង​ថា​ ការ​យឺត​យ៉ាវ​នេះ​អាច​បណ្តាល​មក​ពី​កត្តា​ធំៗ​មួយ​ចំនួន។

លោក​ថា​«រដ្ឋបាល​លោក ​Trump ​បាន​កាត់​បន្ថយ​កំណើន​ជន​អន្តោ​ប្រវេសន៍​ខ្លះ​តាម​រយៈ​ទិដ្ឋភាព​នានា​នៃ​គោល​នយោបាយ​របស់​ពួក​គេ ​ហើយ​បន្ទាប់​មក​ក៏​មាន​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។​ តែ​ នៅ​ដំណាច់​រយៈពេល​នោះ ​ចំនួន​នេះ​ក៏​កើន​ឡើង​ទៀត​ តែ​យើង​មិន​ឃើញ​កំណើន​ពិតប្រាកដ​ទេ​រហូត​ដល់​ឆ្នាំ​បន្ទាប់​ឬ​មួយ​ឆ្នាំ​ក្រោយ​មក​ទៀត​ នៅ​ពេល​ចំនួន​នៃ​កំណើន​ជន​បរទេស​ចេញ​ផ្សាយ​នៅ​ក្នុង​សេចក្តី​រាយ​ការណ៍​មួយ​ចំនួន​ នា​ពេល​បន្ទាប់​មក‍»។​

ទោះ​ជា​មាន​ការ​បញ្ជាក់​ពី​ពេល​មុន​ថា​ ​ចំនួន​ជន​អន្តោ​ប្រវេសន៍​បាន​កើន​លឿន​ជាង​មុន​ក្នុង​ឆ្នាំ​២០២៣​ក៏​ដោយ​ ក៏​លោក​ Frey ​រំពឹង​ថា​ ​កំណើន​ប្រជាជន​ទូទៅ​នឹង​យឺត​ជាង​មុន​ នៅ​ពេល​អនាគត។​

លោក​ពោល​ថា​«ជា​ពិសេស​ក្នុង​ចំណោម​ប្រជា​រាស្ត្រ​វ័យ​ក្មេង។​ ​ដើម្បី​កែ​លម្អ​កម្លាំង​ពលកម្ម​ ដើម្បី​ឱ្យ​មាន​មនុស្ស​ច្រើន​ជាង​មុន​ចូល​ក្នុង​កម្លាំង​ពលកម្ម ​ យើង​ត្រូវ​តែ​បង្កើន​អន្តោ​ប្រវេសន៍​របស់​យើង។​ ការណ៍​នេះ​មាន​លក្ខណៈនយោបាយ​ខ្លាំង​ណាស់ ​ តែ​ខ្ញុំ​យល់​ថា​ ​វា​ជា​វិធី​សេដ្ឋកិច្ច​រសើប​មួយ​គឺ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ​យើង​នៅ​តែ​មាន​កម្រិត​អន្តោ​ប្រវេសន៍​សមរម្យ‍​ត​ទៅ​ទៀត»។

តួលេខ​នៃ​ជំរឿន​ប្រជា​រាស្ត្រ​បង្ហាញ​ថា​ ​កម្រិត​សិក្សា​អប់រំ​នៃ​មនុស្ស​កើត​នៅ​ប្រទេស​ក្រៅ​មក​រស់​នៅក្នុង​សហ​រដ្ឋ​អាមេរិក​ កំពុង​កើន​ឡើង។​ ក្នុង​ឆ្នាំ​២០១០​ ចំនួន​៦៨%​នៃ​មនុស្ស​ក្នុង​ក្រុម​នេះ​បាន​រៀន​ចប់​វិទ្យាល័យ​ឬ​ខ្ពស់​ជាង​នេះ ​ចំណែក​ក្នុង​ឆ្នាំ​២០២២​ ​ ចំនួន​នេះ​បាន​កើន​ឡើង​ដល់​៧៥%។​

នៅ​ក្នុង​ រដ្ឋ​ដែល​មាន​ជន​អន្តោ​ប្រវេសន៍​ច្រើន​បំផុត​--ដូចជា​រដ្ឋ ​California ​មាន​២៦,៥% ​រដ្ឋ New Jersey​ មាន​២៣,២% ​រដ្ឋ ​New York ​មាន​២២,៦% ​និង​រដ្ឋ ​Florida ​មាន​២១,១%--​មនុស្ស​កើត​នៅ​ប្រទេស​ក្រៅ​មាន​ជាង​មួយ​ភាគ​ប្រាំ​នៃ​ប្រជា​ពលរដ្ឋ​សរុប៕​
ប្រែសម្រួល​ដោយ​លោក​ ឈឹម សុមេធ​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG