ក្រុមប្រឹក្សាជំនឿរបស់សហគមន៍ Yazidi នៅអ៊ីរ៉ាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួននឹងមិនទទួលកូនរបស់ស្ត្រីនិងក្មេងស្រីដែលត្រូវបានរំលោភដោយក្រុមរដ្ឋឥស្លាមទេ។ ការប្រកាសនេះធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សានេះបានចេញសេចក្តីថ្លែងថា ពួកគេនឹងទទួលយកអ្នកនៅមានជីវិតទាំងអស់។
ពួករដ្ឋឥស្លាមបានវាយប្រហារតំបន់ Yazidi នៅអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤ ហើយបានសម្លាប់រង្គាលបុរសៗនិងបង្ខំស្ត្រីនិងកុមារឱ្យក្លាយជាទាសករ។ ក្រុមនេះព្យាយាមប្រល័យពូជសាសន៍ជនជាតិភាគតិចនេះឲ្យសាបសូន្យ ដោយសារពួកគេជាក្រុមកាន់សាសនាខុសគេ។
កិច្ចខិតខំប្រឹងប្រែងកំណត់ទីតាំងជនជាតិ Yazidis ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធ ត្រូវបានរំខានមួយផ្នែកដោយការស្ទាក់ស្ទើររបស់សហគមន៍ក្នុងការទទួលយកកុមារ កើតចេញពីការរំលោភសេពសន្ថវៈរបស់ពួករដ្ឋឥស្លាម។
ជនជាតិ Yazidis ប្រមាណ៣ពាន់នាក់នៅបាត់ខ្លួននៅឡើយ ច្រើនសប្តាហ៍បន្ទាប់ពីកម្លាំង Kurd ដែលគាំទ្រដោយអាមេរិកនៅក្នុងប្រទេសស៊ីរីបានកម្ទេចក្រុមចុងក្រោយរបស់ពួករដ្ឋឥស្លាម ដែលហៅខ្លួនឯងថា Caliphate។
លោក Ali Khedhir Ilyas មន្ត្រីជនជាតិ Yazidi បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមប្រឹក្សាជំនឿនៅអ៊ីរ៉ាក់បានលើកទឹកចិត្តស្ត្រី Yazidi ឱ្យវិលត្រឡប់ជាមួយកូនចៅដោយមិនប្រកាន់ថា ឪពុកម្តាយពួកគេជាអ្នកណាទេ ប៉ុន្តែបានបន្ថែមថា «យើងមិនអាចបង្ខំក្រុមគ្រួសារឱ្យទទួលយកកូនដែលកើតពីការរំលោភទេ»៕