មូលនិធិរូបិយប័ណ្ណអន្តរជាតិ IMF នាសប្ដាហ៍នេះ បានសម្ដែងក្ដីបារម្ភរបស់ខ្លួន ជុំវិញការរីកធំឡើងនៃកម្ចីឥណទាន ទៅលើវិស័យអចលនទ្រព្យ និងសំណង់នៅប្រទេសកម្ពុជា ខណៈដែលស្ថាប័នអន្តរជាតិនេះនៅតែបានដាក់ព្យាករណ៍កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ ក្នុងអត្រា ៧.២៥% សម្រាប់ឆ្នាំនេះ។
ក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃអង្គារនៅរាជធានីភ្នំពេញ លោក Jarkko Turunen មន្ត្រីជំនាញការរបស់IMF ដែលដឹកនាំការពិគ្រោះយោបល់ប្រចាំឆ្នាំ (Article IV Consultation) ជាមួយនឹងអ្នកតាក់តែងគោលនយោបាយ និងអ្នកពាក់ព័ន្ធផ្នែកសេដ្ឋកិច្ចនៅកម្ពុជា បានប្រាប់ក្រុមអ្នកកាសែតយ៉ាងដូច្នេះថា៖
«ឥណទាននៅតាមធនាគារពាណិជ្ជ ដែលប្រមូលផ្ដុំកាន់តែច្រើនឡើងលើវិស័យអចលនទ្រព្យ និងសំណង់ ត្រូវបានគេរំពឹងថានឹងកើនក្នុងរង្វង់២០%នៅឆ្នាំ២០១៨នេះ»។
IMF មិនបានផ្ដល់ទិន្នន័យលម្អិតទាក់ទិននឹងទំហំចំណែកនៃកម្ចីទិញផ្ទះ និងសំណង់ ទៅក្នុងចំណែកឥណទានសរុបរបស់កម្ពុជានោះទេ តែលោក Jarkko Turunen បានថ្លែងបន្តយ៉ាងដូច្នេះទៀតថា៖
«ក្ដីបារម្ភ ដែលបង្កឡើងដោយគុណភាពនៃកម្ចីឥណទាន ការផ្គត់ផ្គង់ទុនពីខាងក្រៅ ការប្រមូលផ្ដុំកាន់តែកើនច្រើនឡើងទៅលើវិស័យអចលនទ្រព្យ ការផ្ដល់កម្ចីដែលស្ថិតនៅក្រៅការធ្វើនិយតកម្ម (ឬការគ្រប់គ្រងដោយរដ្ឋទៅលើវិស័យអ្វីមួយ) ដោយអ្នកអភិវឌ្ឍសំណង់នានា កំណើនឥណទានក្នុងអត្រាដ៏ខ្ពស់ និងភាពសំខាន់ជាប្រព័ន្ធចាក់ឫសដែលកាន់តែធំឡើងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បន្តបង្កជាហានិភ័យដល់ស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេស»។
អ្នកជំនាញការ IMF រូបនេះ បានបន្តថា ទោះបីជាធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្ដាល បានបោះជំហានមួយចំនួន បូករួមទាំងការចាប់ផ្ដើមអនុវត្ត ការកំណត់មូលធនទុកតម្កល់ ការធ្វើគម្រោងគ្រប់គ្រងលំហូរសន្ទនីយភាព (ឬភាពងាយទិញលក់នៃអចលនទ្រព្យ)និងការផ្លាស់ប្ដូរដោយអន្លើទៅលើដំណើរការផ្ដល់ប្រាក់កម្ចីយ៉ាងណាក្ដី មានការងារជាច្រើនផ្សេងទៀតដែលត្រូវសម្រេចឱ្យបាន ដើម្បីធានាបន្តស្ថិរភាពវិស័យហិរញ្ញវត្ថុ។
«ដែលនេះរាប់បញ្ចូលទាំងការអនុវត្តឱ្យមានប្រសិទ្ធភាពនៃវិធានការដែលដាក់ចេញពីមុនមក ដោយបន្តនូវវិធានការដ៏ផ្ចិតផ្ចង់ដែលមានដៅសញ្ញាច្បាស់លាស់ ដូចយ៉ាងការថ្លឹងថ្លែងហានិភ័យនៃការផ្ដល់កម្ចីទិញដូរអចលនទ្រព្យ ការណែនាំឱ្យប្រើនូវក្របខណ្ឌគ្រប់គ្រងវិបត្តិមួយ ដែលមានគម្រោងធានារ៉ាប់រងប្រាក់បញ្ញើ និងការធ្វើវិសិដ្ឋកម្ម (ឬការបង្កើនចំណាត់ថ្នាក់) ជាបន្តលើនិយតកម្ម និងការណែនាំគ្រប់គ្រង ដែលរាប់បញ្ចូលទាំងគ្រឹះស្ថានហិរញ្ញវត្ថុមិនមែនធនាគារផងដែរ»។
លោក ង៉ែត ជូ អ្នកផ្ដល់ប្រឹក្សាផ្នែកហិរញ្ញវត្ថុ និងជាអ្នកវិភាគសេដ្ឋកិច្ចឯករាជ្យ បានយល់ស្របនឹងក្ដីបារម្ភរបស់IMF ដោយលោកថាការផ្គត់ផ្គង់ហូរហៀរក្នុងវិស័យអចលនទ្រព្យ អាចនឹងទៅដល់ចំណុចមួយដែលបើកឱ្យមានលទ្ធភាពនៃការកើតមានវិបត្តិទៅថ្ងៃអនាគត។
អ្នកជំនាញរូបនេះ បានប្រាប់VOAតាមទូរស័ព្ទយ៉ាងដូច្នេះថា៖
«ទាក់ទងនឹងបញ្ហានេះវាមានពីរជាទូទៅ ច្រើនតែទាក់ទងទៅនឹងបញ្ហានិយតកម្ម ហើយមានន័យថាការគ្រប់គ្រងខាងផ្នែកការផ្ដល់កម្ចី ហើយនិងទាក់ទងនឹងចំណេះដឹងហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋទូទៅ នៅក្នុងការចាត់ចែងធនធានរបស់ខ្លួន ហើយជាពិសេស ការប្រើប្រាស់ប្រាក់កម្ចីហ្នឹង ដើម្បីបង្កើតចំណូលបន្តទៀត បាទ!»។
លោក អ៊ិន ចាន់នី ប្រធានធនាគារអេស៊ីលីដា ដែលស្ថិតក្នុងលំដាប់ធនាគារពាណិជ្ជធំៗបង្អស់នៅកម្ពុជា បាននិយាយប្រាប់VOAថា លោកជឿជាក់ថាការព្យាករណ៍អំពីកំណើនឥណទាន ២០% នៅកម្ពុជាសម្រាប់ឆ្នាំនេះ ជាកំណើនធម្មតាដែលទាបជាងកំណើននៅឆ្នាំមុនៗមួយចំនួន ដែលធ្លាប់ហក់ឡើងទៅជិតដល់៣០%។ លោកសុំមិនផ្ដល់អត្ថាធិប្បាយលើការលើកឡើងរបស់IMFទាក់ទិននឹងកម្ចីអចលនទ្រព្យ ដ្បិតថាមានកង្វះតួលេខលម្អិត។
យ៉ាងណាក្ដី ធនាគារិកជើងចាស់រូបនេះ បាននិយាយថាលោកអាចនៅចងចាំវិធានការបន្ទាន់មួយរបស់ធនាគារកណ្ដាលរបស់កម្ពុជា ឆ្លើយតបនឹងវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៨ ដែលបានដាក់កំហិតរយៈពេលប្រមាណមួយឆ្នាំ នៅតាមបណ្ដាធនាគារពាណិជ្ជ មិនឱ្យមានកម្ចីអចលនទ្រព្យកើនលើសចំណែក១៥%នៃកម្ចីឥណទានសរុបរបស់ខ្លួន។
«ខាងធនាគារអេស៊ីលីដា គឺមិនច្រើនទេ ក្នុងវិស័យអចលនទ្រព្យ យើងមានតែប្រមាណ៨%នៃឥណទានសរុបរបស់យើង ៣២៧៨ លានដុល្លារអាមេរិក មានតែ៨% ដែល៨%ហ្នឹងគឺឥណទានសម្រាប់លំនៅឋានធម្មតា មិនមែនជាការអភិវឌ្ឍអចលនទ្រព្យនោះទេ បាទ»!
បន្ថែមពីលើកម្ចីឥណទានក្នុងវិស័យអចលនទ្រព្យ និងសំណង់ IMF ដ៏បានបញ្ចូលក្ដីបារម្ភរបស់ខ្លួនទៅលើការរីកទំហំខ្លួនកាន់តែធំឡើងនៃបណ្ដាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផងដែរ។
លោក យន់ សុវណ្ណា នាយកប្រតិបត្តិសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា វាសមហេតុផលដែលថា ភាពសំខាន់ជាប្រព័ន្ធរបស់វិស័យមីក្រូហិរញ្ញវត្ថុ គួរតែត្រូវបានទទួលការយកចិត្តទុកដាក់ពិនិត្យឱ្យបានដិតដល់។
លោកបានប្រាប់VOAតាមសារអេឡិចត្រូនិកក្នុងន័យដើមយ៉ាងដូច្នេះថា៖
«តែយើងទទួលស្គាល់ថា ជាមួយនឹងទ្រព្យសរុបរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំណែកទៅដល់២០%នៃGDPទាំងមូល ពួកយើងបានរីកលូតលាស់ទៅដល់តួនាទីសំខាន់ជាងមុន និងតម្រូវចាំបាច់ឱ្យមានការពិនិត្យយកចិត្តទុកដាក់ជាក់លាក់ ទាំងពីសំណាក់ទស្សនវិស័យអ្នកធ្វើនិយតកម្ម និងទាំងពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លួនឯងផ្ទាល់តែម្ដង»។
លោក យន់ សុវណ្ណា បានបន្តថា សមាគមមីក្រូហិរញ្ញវត្ថុរបស់លោក បានដាក់ចេញនូវវិធានការនានាមួយចំនួនក្នុងចំណោមគ្រឹះស្ថានជាសមាជិករបស់ខ្លួន រួមមានការលើកកម្ពស់គុណភាពឥណទាន ការបង្កើនគុណភាពនៃការវាយតម្លៃលទ្ធភាពសងត្រឡប់របស់អតិថិជន លើកកម្ពស់បរិយាកាសប្រកួតប្រជែង និងដាក់ចេញវិធានការការពារអតិថិជន។
បណ្ដាក្រុមគ្រួសារជាច្រើន ជាពិសេសនៅទីជនបទនៃប្រទេសកម្ពុជា បានទទួលកម្ចីឥណទានជាបន្តបន្ទាប់ពីសំណាក់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា។
អ្នកស្រី ជា សិរី អគ្គនាយិកាធនាគារជាតិនៃកម្ពុជា មិនបានឆ្លើយតបនឹងសំណើសុំការអធិប្បាយជុំវិញបញ្ហាខាងលើបានឡើយ។
IMF ក៏បានធ្វើការព្យាករណ៍ដែរថា តួលេខអតិផរណាប្រចាំឆ្នាំ២០១៨របស់កម្ពុជា នឹងស្ថិតក្នុងអត្រា២.៥% ដែលប្រហាក់ប្រហែលនៃការព្យាករណ៍កាលពីពេលថ្មីៗនេះ ដោយធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែលថាអត្រាអតិផរណាកម្ពុជា អាចនឹងស្ថិតក្នុងកម្រិត២.៦%នៅឆ្នាំនេះ។
ទីផ្សារអចលនទ្រព្យកម្ពុជា បានទទួលលំហូរនៃការវិនិយោគជាបន្តបន្ទាប់ពីសំណាក់ចិនដីគោក ក្នុងអ្វីដែលអ្នកតាមដានបានមើលឃើញថា បានផ្លាស់ប្ដូរទិដ្ឋភាពទីក្រុងភ្នំពេញ និងក្រុងព្រះសីហនុ ក្នុងរយៈពេលមួយរំពេចភ្នែក ក្នុងបរិការណ៍មួយដែលទីក្រុងប៉េកាំងកំពុងរន្ថើនអនុវត្ត គំនិតផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់ នៅក្នុងតំបន់។
លោក Jarkko Turunen អ្នកជំនាញការរបស់ IMF បានស្នើប្រទេសកម្ពុជាឱ្យពិចារណា ធ្វើកំណែទម្រង់លើយុទ្ធសាស្ត្រប្រមូលចំណូលពន្ធ ដូចយ៉ាងការយកពន្ធចំពោះកាន់តែច្រើនជាងមុនលើអចលនទ្រព្យ និងពិចារណាធ្វើពិពិធកម្ម (ឬបង្កើនប្រភពនៃការវិនិយោគឱ្យបានច្រើនច្រក) ខណៈដែលប្រទេសមួយនេះពឹងផ្អែកកាន់តែខ្លាំងឡើងលើចិនដីគោក ជាប្រភពនៃការវិនិយោគរបស់ខ្លួនទាំងលើផ្នែកសាធារណៈ និងឯកជន។
យ៉ាងណាក្ដី IMF បានលើកឡើងថា រដ្ឋាភិបាលកម្ពុជាបានបោះជំហានគោលនយោបាយយ៉ាងប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងបំណុលរដ្ឋ ដោយកម្រិតឱ្យស្ថិតនៅក្នុងរង្វង់៣០% នៃផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ (GDP) តាមរយៈការពិនិត្យពិច័យលទ្ធភាពសងត្រឡប់ តែថាក៏គួរធ្វើយ៉ាងណាកុំឱ្យបំណុលរដ្ឋឡើងដល់៤០%នៃGDP ដែលជាកម្រិតប្រកាសអាសន្ន៕