តំណាងពាណិជ្ជករនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា បង្ហាញសុទិដ្ឋិនិយមចំពោះការរីកចម្រើន សេដ្ឋកិច្ចនៅកម្ពុជាហើយសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជាកំពុងព្យាយាមកៀរគរអ្នកវិនិយោគពីអឺរ៉ុបមកវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ថ្លែងក្នុងកិច្ចពិភាក្សាជាមួយអ្នកសារព័ត៌មានមួយអំពី«ធុរកិច្ចរបស់សហភាពអឺរ៉ុប និងប្រទេសកម្ពុជា» ដែលត្រូវបានរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជាកាលពីថ្ងៃព្រហស្បតិ៍ លោក Tassilo Brinzer អនុប្រធាននៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham) បាននិយាយតាមរយៈអ្នកបកប្រែថា៖
«ខ្ញុំគិតថាបរិយាកាសធុរកិច្ចជាទូទៅនៅកម្ពុជាប្រៀបធៀបជាមួយប្រទេសផ្សេងទៀតមានភាពល្អប្រសើរ។ ក្រុមហ៊ុនអាចមកវិនិយោគដោយផ្ទាល់ហើយអាចមានកម្មសិទ្ធិលើផ្នែកប្រតិបត្តិការមួយរយភាគរយ»។
លោកបានបន្តថា EuroCham នឹងព្យាយាមជំរុញពិន្ទុក្នុងការវិនិយោគនៅកម្ពុជាឲ្យកាន់តែល្អ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបដែលបានចូលរួមក្នុងកិច្ចពិភាក្សារយៈពេល១ថ្ងៃនោះ ក៏បានថ្លែងឱ្យដឹងផងដែរថាសហភាពអឺរ៉ុបស្ថិតនៅចំណាត់ថ្នាក់ទីបីបន្ទាប់ពីចិននិងកូរ៉េក្នុងការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានោះដែរ អ្នកការទូតរូបនេះក៏បន្ថែមថាកម្ពុជាបានក្លាយជាអ្នកនាំកង់ចូលទៅទីផ្សារអឺរ៉ុបធំជាងគេនៅឆ្នាំ២០១៧ដែលនាំមុខចិនតៃវ៉ាន់ទៀត។
«ខ្ញុំចង់ឲ្យមានការប្រែប្រួល។ ខ្ញុំចង់ឲ្យមានមានការកើនឡើងនូវការវិនិយោគទុនរបស់អឺរ៉ុបនៅក្នុងប្រទេសកម្ពុជា»។
មកដល់ពេលនេះ ក្រុមហ៊ុនអឺរ៉ុបជាង៥០០ក្រុមហ៊ុនកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ដូចជាក្រុមហ៊ុនរថយន្ត Porshe ក្រុមហ៊ុន DHL ក្រុមហ៊ុន BMW ក្រុមហ៊ុន Mercedez និងក្រុមហ៊ុន Adidas ជាដើម ហើយក្រុមហ៊ុនទាំងនេះ បានផ្ដល់ការងារដែលមានលក្ខខ័ណ្ឌល្អប្រសើរឲ្យប្រជាពលរដ្ឋកម្ពុជារាប់សែននាក់។ នេះបើយោងតាមសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា។
លោក ស៊ាង ថៃ អគ្គនាយកនៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានសាទរចំពោះការលើកឡើងរបស់តំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា។ លោកបានបន្តថាកម្ពុជានឹងព្យាយាម សម្របខ្លួនតាមច្បាប់អន្តរជាតិដើម្បីទាក់ទាញអ្នកវិនិយោគទុនអឺរ៉ុបបន្ថែមទៀត។
លោក ស៊ាង ថៃ បានបញ្ជាក់ប្រាប់ VOA យ៉ាងដូច្នេះថា៖
«នៅមានចំណុចខ្លះ អឺច្បាប់ទម្លាប់ ដែលយើងត្រូវតែធ្វើឲ្យវាស្របទៅតាមច្បាប់អន្តរជាតិ។ ជួនកាលយើងទោះបីជាយើងចូលអាស៊ានក៏ដោយ អង្គការពាណិជ្ជកម្មពិភពលោកក៏ដោយ យើងត្រូវតែ Update (ធ្វើបច្ចុប្បន្នភាព) វាអ៊ីចឹងទៅណា»។
សហភាពអឺរ៉ុប បាននាំចូលផលិតផលជាង៤៥ភាគរយ ចេញពីកម្ពុជាដូចជាសំលៀកបំពាក់ ស្បែកជើង អង្ករនិងកង់។ ទឹកប្រាក់សរុបនៃការនាំចេញពីកម្ពុជាទៅកាន់អឺរ៉ុបនៅក្នុងឆ្នាំ២០១៧មានចំនួនប្រហែល៥ពាន់លានអឺរ៉ូ ដែលស្មើនឹងជិត៦ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលការនាំចេញនេះមានការកើនឡើងក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។
កាលពីខែកក្កដាកន្លងទៅ ក្រុមមន្ត្រីពាណិជ្ជកម្មនៃគណៈកម្មការសហភាពអឺរ៉ុប (Department of Trade of European Commission)និងសេវាកិច្ចការបរទេសរបស់អឺរ៉ុប (European External Action Service) បានមកបំពេញបេសកកម្មស្វែងរកការណ៍ពិតនៅប្រទេសកម្ពុជាដើម្បីធ្វើការពិចារណាអំពីឋានៈអនុគ្រោះពន្ធកម្ពុជាលើគម្រោង«គ្រប់មុខទំនិញលើកលែងតែអាវុធ» ឬហៅកាត់ថាEBAដែលជាគម្រោងមួយអនុគ្រោះពន្ធដល់ទំនិញរបស់កម្ពុជាសម្រាប់នាំចូលទីផ្សារសហភាពអឺរ៉ុប ហើយបានជួយកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកម្ពុជា។ បេសកកម្មរបស់ក្រុមមន្ត្រីសហភាពអឺរ៉ុបនោះ ត្រូវគេជឿថាមានគោលដៅប្រមូលព័ត៌មាន មុននឹងសម្រេចថាតើនឹងដកកម្ពុជាចេញពីគម្រោងនេះដែរឬទេ។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិយាយថាកិច្ចពិភាក្សាកំពុងធ្វើឡើងនៅក្នុងទីក្រុងប្រ៊ុចសែលដោយលោកមិនអាចនិយាយបានថាស្ថានភាពនឹងទៅជាយ៉ាងណានោះទេ។ ទោះបីជាយ៉ាងណាក៏ដោយលោកបន្តថា សហភាពអឺរ៉ុបនឹងបន្តសហការជាមួយរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងច្បាប់ពាណិជ្ជកម្មផ្សេងៗដើម្បីសម្រួលនិងទាក់ទាញក្រុមហ៊ុនវិនិយោគបន្ថែមទៀត៕