សវនាការរបស់អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហមលើសំណុំរឿងក្តី០០៤/០១ ពាក់ព័ន្ធនឹងលោកស្រី អ៊ឹម ចែម បានបញ្ចប់ហើយនៅថ្ងៃអង្គារទី១២ ខែធ្នូនេះ ដោយមិនទាន់មានការសម្រេចថា តើជនត្រូវចោទរូបនេះ នឹងត្រូវនាំខ្លួនយកទៅជំនុំជម្រះ ឬអត់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដែលបានចេញផ្សាយនៅថ្ងៃអង្គារនេះ។
សេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា ជនត្រូវចោទ អ៊ឹម ចែម មិនបានចូលរួមក្នុងសវនាការរយៈពេល២ថ្ងៃនេះទេ ប៉ុន្តែ លោកស្រី មានសហមេធាវីរបស់ខ្លួន ជាអ្នកតំណាង។
អ្នកស្រី អ៊ឹម ចែម គឺជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ដែលរងការចោទប្រកាន់ពីសហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហម ថាស្ថិតក្នុងចំណោមបុគ្គល «ដែលទទួលខុសត្រូវខ្ពស់បំផុត» ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហម ដោយសារលោកស្រី មានតួនាទីដឹកនាំនៅថ្នាក់ស្រុកនិងតំបន់ ទាំងនៅភូមិភាគនិរតីនិងភូមិភាគពាយ័ព្យ។
ប៉ុន្តែ សហព្រះរាជអាជ្ញាជាតិ បានលើកឡើងថា ជនត្រូវចោទរូបនេះ មិនស្ថិតក្នុងដែនយុត្តាធិការរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាឬហៅកាត់ថា សាលាក្តីខ្មែរក្រហមនេះទេ ដូច្នេះ លោកស្រី មិនត្រូវប្រឈមនឹងការជំនុំជម្រះទោសនោះឡើយ។
តែទោះជាយ៉ាងណាក៏ដោយ អង្គបុរេជំនុំជម្រះនៃសាលាក្តីនេះ គ្រោងនឹងចេញសេចក្តីសម្រេចនៅអំឡុងត្រីមាសទីពីរឆ្នាំ២០១៨ ថាតើសំណុំរឿងក្តីរបស់ជនត្រូវចោទ អ៊ឹម ចែមនេះ នឹងត្រូវច្រានចោល ឬបញ្ជូនទៅជំនុំជម្រះ។
សេចក្តីសម្រេចនោះ គឺជាសេចក្ដីសម្រេចបិទផ្លូវតវ៉ា ហើយតម្រូវឲ្យមានសំឡេងគាំទ្រយ៉ាងតិច៤ក្នុងចំណោមចៅក្រមទាំង៥រូបនៃអង្គបុរេជំនុំជម្រះនេះ។ នេះបើផ្អែកតាមសេចក្តីប្រកាសព័ត៌មានរបស់សាលាក្តីខ្មែរក្រហមដដែល៕