ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អតីត​កម្មាភិបាល​ខ្មែរក្រហម អោ អាន ​​ទាមទារ​ជា​ផ្លូវការ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ


រូបឯកសារ៖ ជន​សង្ស័យ ​អោ អាន​​ ហៅ​តាអាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ក្នុង​រូបថត​ដោយ ​វ៉ាន់ថាន់ ​ពៅតារា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០១១។ (​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)
រូបឯកសារ៖ ជន​សង្ស័យ ​អោ អាន​​ ហៅ​តាអាន ជា​ជន​សង្ស័យ​ក្នុង​សំណុំ​រឿង​០០៤ ក្នុង​រូបថត​ដោយ ​វ៉ាន់ថាន់ ​ពៅតារា នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​នៅ​ឆ្នាំ​២០១១។ (​ផ្តល់​ឲ្យ​ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា)

សហ​មេធាវី​របស់​​លោក​ អោ អាន ​បាន​អះអាង​ថា​សាលាក្ដី​ខ្មែរក្រហម​ «មិន​មាន​យុត្តាធិការ​បុគ្គល»​ ដើម្បី​ចោទប្រកាន់​ និង​បញ្ជូន​លោក​អោ អាន​ ទៅ​ជំនុំជម្រះ​ទេ​ បើ​ទោះ​ជា​អំណះអំណាង​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​មានកម្រិត​ខ្ពស់​ក៏​ដោយ។

ជនសង្ស័យ​ម្នាក់​ក្នុង​សំណុំរឿង​០០៤គឺ ​លោក​ អោ អាន​ ទាមទារ​ជា​ចុង​ក្រោយ​ឲ្យ សហ​ចៅក្រម​ស៊ើបអង្កេត​ទម្លាក់​បទ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រូប​លោក ​ដោយ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​ និង​ដីកា​សន្និដ្ឋាន​ស្ថាពរ​ ដោយ​អះអាង​ក្នុង​សេចក្ដី​ថ្លែងការណ៍​របស់​សហ​មេធាវី​ថា​ លោក​មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​ស្ថិត​ក្នុង​យុត្តាធិការ​របស់​តុលាការ​កាត់ទោស​ខ្មែរ​ក្រហម ​ដែល​ត្រូវ​នាំ​ខ្លួន​ទៅ​ជម្រះ​ទោស​ទេ។​ នេះ​បើ​តាម​សេចក្ដី​ថ្លែងការណ៍​របស់​សហ​មេធាវី​ជាតិ ​និង​អន្តរជាតិ​ គឺ លោក ​មុំ លុជ្ស លោក ​យ៉ូរ៉ាន់ ស្លាវធើ ​និង​លោក​ រីឆាដ រ៉ូជើ​ ដែល​ចេញ​ផ្សាយ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ ទី២៥ ខែ​តុលា​នេះ។

សេចក្ដី​ថ្លែងការណ៍​ដូច្នេះ ​ដោយ​យោង​ថា ​សហ​ព្រះរាជ​អាជ្ញា​ជាតិ ​និង​ចៅក្រម​ក្រម​ភាគ​ច្រើន​ដែល​មាន​តួនាទី​ក្នុង​សំណុំ​រឿង០០៤​ វគ្គ ២​នេះ​ បាន​បញ្ជាក់​តាំង​ពី​ដើម​ថា​សំណុំ​រឿង​លោក​ អោ អាន ​គួរ​ត្រូវ​ទម្លាក់​ចោល ​ដោយសារ​គាត់​មិន​មែន​ជា​មេដឹកនាំ​ជាន់ខ្ពស់ ​និង​ជា​អ្នក​ទទួលខុស​ត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្ម​ ឬ​ការ​កាប់សម្លាប់​រង្គាល​ដ៏​ឃោរឃៅ​ក្នុង​ចន្លោះ​ឆ្នាំ១៩៧៥ ​ដល់​១៩៧៩​នោះ​ទេ។

ដោយ​យោង​លើ​ហេតុផល​ជាច្រើន​ សហ​មេធាវី​របស់លោក​ អោ អាន ​បាន​អះអាង​ថា​សាលាក្ដី​ខ្មែរក្រហម​ «មិន​មាន​យុត្តាធិការ​បុគ្គល»​ ដើម្បី​ចោទប្រកាន់​ និង​បញ្ជូន​លោក​អោ អាន​ ទៅ​ជំនុំជម្រះ​ទេ​ បើ​ទោះ​ជា​អំណះអំណាង​របស់​សហ​ព្រះរាជ​អាជ្ញា​អន្តរជាតិ​មានកម្រិត​ខ្ពស់​ក៏​ដោយ។

សហ​ព្រះរាជអាជ្ញា​អន្តរជាតិ​ បាន​ចោទ​ប្រកាន់ ​លោក ​អោ​ អាន​ កម្មាភិបាល​ខ្មែរក្រហម​ជាន់ខ្ពស់​ដូច​ជន​ជាប់ចោទ​ដ៏​ទៃ​ទៀត​ដែរ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ជាដើម​ក្នុង​ពេល​លោក​គ្រប់គ្រង​តំបន់​មជ្ឈិម​ដោយ​មាន​តួនាទី​ជា​អនុប្រធាន​ ដែល​ត្រូវ​បាន​រក​ឃើញ​ថា​ ពាក់ព័ន្ធ​នឹង​ការសម្លាប់​រង្គាល​មនុស្ស​រាប់​ម៉ឺន​នាក់ ។​

ក្រុម​អ្នក​ឃ្លាំមើល​ បាន​អះអាង​ថា ​សហ​ព្រះរាជ​អាជ្ញា​ជាតិ​ និង​ចៅក្រម​ជាតិ ​មាន​ជំហរ​ដូច​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​ធ្លាប់​ប្រកាស​ជា​សាធារណៈ ដែល​ត្រូវ​បាន​អ្នក​វិភាគ​ចាត់​ទុក​ថា ​ជា​ការ​ជ្រៀតជ្រែក​ផ្នែក​នយោបាយ​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​តុលាការ​គឺ​ រារាំង​មិន​ឲ្យ​មាន​ការ​កាត់ទោស​សំណុំរឿង​បន្ថែម​ណា​ ក្រៅ​ពី​សំណុំ​រឿង​ ០០១ និង ​០០២​ ឬ កម្មាភិបាល​ខ្មែរក្រហម​៣​នាក់​ គឺ ​កាំង ហ្កេច អ៊ាវ ហៅ​ឌុច​ និង​ ខៀវ សំផន ​ប្រមុខរដ្ឋ ​និង​នួន ជា ​បងធំទី២។​

ជនសង្ស័យ​ក្នុង​សំណុំ​រឿង០០៣ និង​០០៤ ​ដែល​មាន​តួនាទី​ចៅហ្វាយ​ស្រុក​ ប្រធាន​តំបន់​ដូច​លោក​អោ អាន​ចំនួន​ ៤នាក់​ទៀត​ ទំនង​ជា​នឹង​ត្រូវ​តុលាការ​ទម្លាក់​បទ​ចោទ​ទាំងអស់​ ដូចជា​បាន​ធ្វើ​រួច​ចំពោះ​អ្នកស្រី ​អ៊ឹម ចែម​ ជា​អតីត​អភិបាល​ស្រុក​ព្រះ​នេត្រ ព្រះ​ សម័យ​ខ្មែរក្រហម​ ដែល​ជា​ជនសង្ស័យ​នៃ​សំណុំ​រឿង​០០៤។

សំណុំរឿង​បន្ថែម ​០០៣ ​និង​០០៤​ ដែល​មាន​ជនសង្ស័យ​បួន​នាក់​ មានការ​ខ្វែង​គំនិត​គ្នា​រវាង​ព្រះរាជអាជ្ញា ​ចៅ​ក្រម​ភាគី​កម្ពុជា និង ព្រះរាជអាជ្ញា ចៅក្រម​អន្តរជាតិ​របស់​សាលាក្ដី​ដោយសារ​ក្រុម​អ្នក​ឃ្លាំមើល​ចាត់ទុកថា​ គ្មាន​កិច្ច​សហការ​ និង​គ្មាន​ឆន្ទៈ​របស់​ភាគី​កម្ពុជា​លើ​សំណុំ​រឿង​បន្ថែម​នេះ​ជា​ពិសេស​គឺ ការ​ជ្រៀត​ជ្រែក​ផ្នែក​នយោបាយ៕

XS
SM
MD
LG