មនុស្សជាង៧០.០០០នាក់បានរត់គេចខ្លួនទៅកាន់ជំរំភៀសខ្លួន Al Hol បន្ទាប់ពីទាហានរដ្ឋាភិបាលស៊ីរីវាយដណ្តើមកាន់កាប់ក្រុង Deirel-Zour ដែលជាទីតាំងឈរជើងចុងក្រោយរបស់ក្រុមរដ្ឋឥស្លាម។ ក្នុងចំណោមអ្នកទាំងអស់នោះរួមមានសមាជិកគ្រួសារចំនួន១១.០០០នាក់របស់ក្រុមយុទ្ធជនមកពីប្រទេសមួយចំនួន ដែលពួកគេត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងយុទ្ធជនរដ្ឋឥស្លាម។
ប្រធានកាកបាទក្រហមអន្តរជាតិសម្រាប់តំបន់មជ្ឈិមបូព៌ា និងក្បែរអាស៊ី លោក Fabrizio Carboni និយាយថា មនុស្សរាប់ពាន់នាក់នៅក្នុងជំរំ Al Hol និងតំបន់ក្បែរនោះ កំពុងតែស្ថិតក្នុងស្ថានភាពផ្លូវច្បាប់មិនប្រាកដប្រជា នៅក្នុងកន្លែងមានជម្លោះ និងមានស្ថានភាពអស្ថិរភាព។
លោកបាននិយាយថា៖
«សូម្បីតែសម្រាប់ប្រទេសជាតិមួយ វាក៏មានការពិបាកក្នុងការគ្រប់គ្រងចំនួនប្រជាជននេះដែរ។ មនុស្សរាប់ពាន់នាក់បានចំណាយពេលនៅទីនោះរាប់ខែ ឬអាចរាប់ឆ្នាំ ដោយត្រូវរស់នៅជាមួយសំឡេងគ្រាប់បែក ភាពអត់ឃ្លាន រងរបួស មានជំងឺ និងការរន្ធត់បាក់ស្មារតី។ ខ្ញុំគិតថា វាជាមហាវិនាសកម្មមួយ»។
លោក Carboni និយាយថា អ្នកដែលត្រូវបានគេសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងក្រុមរដ្ឋឥស្លាមត្រូវបានប្រទេសលោកខាងលិច និងប្រទេសមានឥទ្ធិពល ចាត់ទុកជាជនរងគ្រោះ ឬជាឧក្រិដ្ឋជន។ លោកនិយាយថា សូម្បីតែកូនក្មេងដែលភាគច្រើនមានអាយុក្រោម១២ឆ្នាំ ដែលមានចំនួន២ភាគ៣ នៃចំនួនមនុស្សនៅជំរំ Al Hol ក៏ត្រូវបានគេសង្ស័យផងដែរ។ លោកហៅការចាត់ទុកមនុស្សជាក្រុមថាជាឧក្រិដ្ឋជននេះ ជាទម្រង់មួយនៃការដាក់ទោសទណ្ឌជារួម។
លោកយល់ស្របថា ការមិនព្រមធ្វើមាតុភូមិនិវត្តន៍យុទ្ធជនរដ្ឋឥស្លាមគឺជានយោបាយដ៏អាក្រក់។ លោកបានកត់សម្គាល់ថា ប្រទេសជាច្រើនរុញរាមិនហ៊ានទទួលយកពលរដ្ឋខ្លួនវិញទេ សូម្បីតែកូនក្មេងក៏ដោយ ដោយសារតែគេយល់ថា ជនទាំងនេះអាចបង្កហានិភ័យសន្តិសុខ។ ប៉ុន្តែ លោកបាននិយាយថា វាជារឿងដ៏អសលីធម៌ណាស់ដែលគិតថា ក្មេងៗនៅកន្លែងមានជម្លោះ ជាឧក្រិដ្ឋជន ហើយបែរមិនចាត់ទុកពួកគេជា ជនរងគ្រោះ។
លោកបាននិយាយថា៖ «ប្រទេសមួយចំនួនបានការពារខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍នៅក្នុងវេទិកាអន្តជាតិថា ក្មេងៗទាំងនោះជាជនរងគ្រោះ និងមិនត្រូវចាត់ទុកថា ជាឧក្រិដ្ឋជននោះទេ។ ប៉ុន្តែ សព្វថ្ងៃនេះ ប្រទេសទាំងនោះនៅតែរុញរាក្នុងការទទួលយកក្មេងៗទាំងនោះទៅវិញ។ វាអាក្រក់មើលណាស់»។
លោក Carboni បានព្រមានថា ប្រទេសទាំងនោះ នៅថ្ងៃណាមួយ នឹងត្រូវខាតបង់ច្រើន ដោយសារបរាជ័យក្នុងការដោះស្រាយបញ្ហានេះ។ លោកនិយាយថា ការអនុញ្ញាតឲ្យមនុស្សម្នាជាប់ក្នុងស្ថានភាពអាក្រក់ ដោយគ្មានដំណោះស្រាយនោះ ទំនងនឹងធ្វើឲ្យបញ្ហានេះ កាន់តែយ៉ាប់ទៅៗ។ លោកនិយាយថា ការចាត់ទុកក្រុមមនុស្សដ៏ច្រើនបែបនេះថា ជាមនុស្សមិនល្អ មិនមែនជាវិធីល្អបំផុតក្នុងការផ្សះផ្សា និងធ្វើឲ្យសហគមន៍មានស្ថិរភាពនោះទេ៕
ប្រែសម្រួលដោយ ប៊ុន ប៉េងហ៊ុយ