ប្រជាសហគមន៍ជនជាតិពូនងនៅក្នុងខេត្តមណ្ឌលគិរីជំរុញអាជ្ញាធរដោះស្រាយវិវាទដីធ្លីរបស់ពួកគេជាមួយឧកញ៉ាម្នាក់ឈ្មោះ ជឹង ធានសេង ដែលទទួលបានដីអនុបយោគពីរដ្ឋាភិបាលប្រមាណ៣៣០ហិកតា នៅទីតាំងចំនួនពីរផ្សេងគ្នា។
កាលពីខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលបានសម្រេចផ្តល់ដីទៅឱ្យឧកញ៉ា ជឹង ធានសេង តាមសំណើសុំទិញផ្តាច់ដីចំនួន២ទីតាំង ទំហំសរុបចំនួន៣៣៤ហិកតា៥អា។ ទីតាំងទីមួយស្ថិតក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ និងទីតាំងមួយទៀតស្ថិតក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលរដ្ឋាភិបាលបញ្ជាក់ថា សម្រាប់ធ្វើការវិនិយោគអភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិ។ ប៉ុន្តែការផ្តល់ដីនេះប៉ះពាល់ដីរបស់សហគមន៍ជនជាតិដើមភាគតិចដែលរហូតមកដល់ពេលនេះ ពួកគេកំពុងសុំឱ្យអាជ្ញាធរដោះស្រាយជូនពួកគេ។
អ្នកស្រី សេង លេង ប្រជាសហគមន៍ដែលដីរបស់គាត់រងផលប៉ះពាល់ ប្រាប់វីអូអេថា ក្រុមហ៊ុនបានចុះទៅដកបង្គោលរបស់ប្រជាពលរដ្ឋ ចាប់តាំងពីដើមឆ្នាំ២០២២។ អ្នកស្រីថា សកម្មភាពរបស់ក្រុមហ៊ុនហួសព្រំដែន ដោយមានការបំផ្លាញស្វាយចន្ទីនៅក្នុងចម្ការរបស់អ្នកស្រី។ ការណ៍នេះប៉ះពាល់ក្តីសង្ឃឹមរបស់ស្រីក្នុងការទទួលផលពីស្វាយចន្ទីដើម្បីបានប្រាក់ចំណូលយកទៅបង់សងបំណុលដែលអ្នកស្រីជំពាក់គេ។
ស្ត្រីវ័យ៣២ឆ្នាំរូបនេះថ្លែងថា៖ «ស្វាយប្រហែលជា២០០ដើម ហើយដាំដុះប្រហែលរយៈពេល៦ឆ្នាំហើយ។ ស្វាយឡើងចេញផ្កា ចេញផ្លែហ្នឹងណា៎ ហើយខ្ញុំសង្ឃឹមថា ឆ្នាំនេះបានប្រមូលផលស្វាយចន្ទីហ្នឹង អាចមានជីវភាពល្អប្រសើរហើយ មានលុយសងធនាគារហើយ។ ដល់ពេលអ៊ីចឹង មានឯណា ជីវភាពកាន់តែយ៉ាប់លើសដើម បើគេបំផ្លាញអស់ហើយ»។
អ្នកស្រីបង្ហាញក្តីសោកស្តាយ និងបាក់ទឹកចិត្តយ៉ាងខ្លាំង ខណៈអ្នកស្រីក៏ដូចជាអ្នកផ្សេងទៀតរស់នៅពឹងផ្អែកលើការធ្វើចម្ការ ដោយការដាំដំណាំផ្សេងៗ។
អ្នកស្រីបន្ថែមថា៖ «ហើយខ្ញុំតាំងពីគេកាប់បំផ្លាញដំណាំហ្នឹងមក គឺថា អស់ទឹកចិត្តធ្វើស្រែចម្ការហ្មង។ ខ្លាចតែពេលថ្ងៃក្រោយ ប្រជាពលរដ្ឋធ្វើដំណាំដាំដុះមក គេមកបំផ្លាញទៀត ដល់ពេលអ៊ីចឹង ប្រជាពលរដ្ឋអស់ទឹកចិត្តនឹងធ្វើស្រែចម្ការ។ ហើយបើមិនធ្វើស្រែចម្ការ ឱ្យប្រជាពលរដ្ឋសង្ឃឹមអី?»
អ្នកស្រីទទូចឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ជួយធ្វើអន្តរាគមន៍លើករណីនេះ ជាពិសេសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ពលរដ្ឋម្នាក់ទៀត លោក ជើស ម្លើង អាយុ៦០ឆ្នាំ ប្រាប់វីអូអេថា លោកបានរស់នៅទីនោះតាំងពីឆ្នាំទសវត្សរ៍១៩៨០មក។ បុរសវ័យ៦០ឆ្នាំរូបនេះអះអាងថា លោកមិនចង់ឱ្យមានការរំលោភបំពានណាមួយឡើយ និងថា ចង់ឱ្យរក្សាដីនៅស្ថានភាពដើម ដោយហេតុថា ដីនោះជាកន្លែងវប្បធម៌របស់ប្រជាសហគមន៍ជនជាតិដើមភាគតិច។
លោកថ្លែងថា៖ «អាហ្នឹងវាប៉ះពាល់ដូចថា ដីអារក្ស អ្នកតា ដីចម្ការវិលជុំ ដីឃ្វាលគោក្របី អ៊ីចឹងណា៎។ ហើយយើងធ្វើចម្ការធ្វើអីទៅវាអត់មានផ្លូវ ជាន់កន្លែងណាក៏ដីគេៗ។ យូរៗទៅ គេដាក់របងទៅ យើងមិនប៉ះពាល់?»
លោកបន្តថា ដីទាំងនេះត្រូវបានក្រុមហ៊ុនដែលគ្រប់គ្រងដោយឧកញ៉ា ជឹង ធានសេង ដាក់របងព័ទ្ធ ចាប់ពីថ្ងៃទី១៧ ខែសីហា ដល់ទី២៥ ខែសីហា ឆ្នាំ២០២២។ ទោះជាយ៉ាងណា លោកថា មកទល់ពេលនេះ ប្រជាពលរដ្ឋបានដកចេញវិញអស់ហើយ ប៉ុន្តែទំនាស់នេះមិនទាន់ត្រូវបានដោះស្រាយនៅឡើយ។
វីអូអេបានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីក្រុមហ៊ុនរបស់ឧកញ៉ា ជឹង ធានសេង ចាប់តាំងពីថ្ងៃទី៦ ខែកញ្ញា ប៉ុន្តែមិនទាន់បានការឆ្លើយតបនៅឡើយទេ រហូតមកដល់ថ្ងៃព្រហស្បតិ៍នេះ។
លោក ជាក់ ម៉េងហ៊ាង អភិបាលរងខេត្តមណ្ឌលគិរី និងជាអ្នកនាំពាក្យ ប្រាប់វីអូអេថា រដ្ឋាភិបាលបានសិក្សា និងពិនិត្យពីផលប៉ះពាល់រួចរាល់ហើយមុនធ្វើអនុបយោគទៅឱ្យឯកជន។
លោកថ្លែងថា៖ «ករណីនេះយើងមានអនុបយោគ មានន័យថា គេសិក្សាគ្រប់គ្រាន់ថា មិនមានអីនៅក្នុងហ្នឹងទេ បានរាជរដ្ឋាភិបាលសម្រេចផ្ទេរដីហ្នឹងទៅឱ្យឯកជន»។
ឧកញ៉ា ជឹង ធានសេង ត្រូវបានគេស្គាល់ថា ជាប្អូនប្រុសរបស់អ្នកស្រី ជឹង សុភាព ហៅយាយភូ ដែលជាអ្នកជំនួញល្បីឈ្មោះ និងត្រូវជាភរិយារបស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភាម្នាក់មកពីគណបក្សប្រជាជនកម្ពុជា។
បើតាមសេចក្តីជូនដំណឹងមួយ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ រដ្ឋាភិបាលបានធ្វើអនុបយោគសម្បត្តិឯកជនរបស់រដ្ឋនូវផ្ទៃដីចម្ការស្រល់រដ្ឋទំហំ៧៩ហិកតា ៥អា ស្ថិតនៅក្នុងភូមិពូតាំង សង្កាត់រមនា ក្រុងសែនមនោរម្យ និងផ្ទៃដីទំហំ២៥៥ហិកតា នៅក្នុងភូមិពូរ៉ាង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ សេចក្តីជូនដំណឹងនោះបញ្ជាក់ថា រដ្ឋាភិបាលលក់ផ្តាច់ទីតាំងនេះជូនឧកញ៉ាជឹង ធានសេង ក្នុងតម្លៃ២០០០ដុល្លារក្នុងមួយហិកតា សរុបចំនួន១៥៨១០០ដុល្លារអាមេរិក។
ចំណែកដីក្នុងភូមិពូរ៉ាងវិញ រដ្ឋាភិបាលលក់ក្នុងតម្លៃ១៥០០ដុល្លារក្នុងមួយហិកតាស្មើនឹងតម្លៃសរុប៣៨២៥០០ដុល្លារអាមេរិក។
អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តមណ្ឌលគិរី លោក ប៉ូរ៉េ កាំពី ប្រាប់វីអូអេ នៅថ្ងៃព្រហស្បតិ៍នេះថា លោកបានចុះទៅកាន់ទីតាំងដីនោះ ដោយផ្ទាល់ ហើយឃើញថា វាជាកន្លែងដែលប្រជាពលរដ្ឋប្រកបរបរធ្វើកសិកម្ម។ លោកបន្តថា វាមានផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ នៅពេលដែលរដ្ឋាភិបាលលក់ដីតំបន់នោះទៅឱ្យក្រុមហ៊ុនឯកជន។
លោកថ្លែងថា៖ «អ៊ីចឹងខ្ញុំឃើញថា តំបន់ហ្នឹងប៉ះពាល់ច្រើនមែនទែន ដោយសារតែពួកគាត់ពឹងផ្អែកទៅលើចម្ការហ្នឹង»។
លោកជំរុញឱ្យរដ្ឋាភិបាលឆ្វៀលដីទៅឱ្យប្រជាពលរដ្ឋហើយដាក់បញ្ចូលដីតំបន់នោះជាសម្បត្តិសមូហភាព។
បន្ថែមពីនេះ មន្ត្រីសិទ្ធិមនុស្សរូបនេះអះអាងថា តម្លៃដីដែលរដ្ឋាភិបាលលក់គឺមិនសមស្របទៅនឹងតម្លៃទីផ្សារឡើយ ខណៈតម្លៃទីផ្សារបច្ចុប្បន្នអាចនៅចន្លោះពី៥០០០ ទៅ៦០០០ដុល្លារ ក្នុងមួយហិកតា៕