ការតាមប្រមាញ់រកជនសកម្មប្រយុទ្ធ Islamic States ដែលបានកាត់ក្បាលលោកJames Foley អ្នកកាសែតជនជាតិអាមេរិកកាលពីពេលថ្មីៗនេះ បានកំពុងផ្ដោតខ្លាំងលើការស៊ើបអង្កេតលើក្រុមសកម្មប្រយុទ្ធ jihad និយមអង់គ្លេស ហើយក្នុងនោះក៏មានលោក L Jinny អ្នកចម្រៀង Rap ជនជនអង់គ្លេសផងដែរ។
ក្រុមសកម្មប្រយុទ្ធរដ្ឋ Islamic Statesបានទាក់ទាញអ្នកគាំទ្រជាច្រើនរយនាក់ពីបណ្ដាប្រទេសលោកខាងលិច។ គេជឿជាក់ថាយ៉ាងហោចណាស់មានសមាជិក ៥០០នាក់មកពីប្រទេសអង់គ្លេស និង ១០០នាក់មកពីអាមេរិក ហើយក្នុងនោះលោក L Jinny ដែលមានឈ្មោះពិតហៅថា Abdel-Majed Abdel Bary ទំនងជាបុគ្គលម្នាក់ក្នុងចំណោមអ្នកគាំទ្រទាំងនោះ។
រហូតមកទល់ពេលបច្ចុប្បន្ននេះទីភ្នាក់ងារស៊ើបអង្កេតរបស់ប្រទេសអង់គ្លេសបានកំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្មក្នុងការវិភាគលើការបញ្ចេញសំឡេងរបស់បុរសដែលប្រើកាំបិតកាត់បំពង់ករបស់លោក James Foley នៅក្នុងវីដេអូមួយដែលក្រុមសកម្មប្រយុទ្ធបានចេញផ្សាយកាលពីសប្ដាហ៍មុន។
ទោះបីជាឃាតករដែលសម្លាប់លោក James Foley បានយកក្រណាត់ខ្មៅមកបិទបាំងមុខយ៉ាងណាក្ដី ក្នុងវីដេអូនោះគេអាចឭយ៉ាងច្បាស់ពីការនិយាយដោយបញ្ចេញសំឡេងតាមរបៀបជនជាតិអង់គ្លេសរបស់ឃាតករ។ ហើយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់និយាយថាគេនឹងប្រើប្រាស់បច្ចេកវិទ្យាតាមដានដើម្បីកំណត់អត្តសញ្ញាណឃាតករនោះ៕