ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បព្វជិត​សាសនា​នៅ​អាមេរិក​រាប់​រយ​នាក់​អំពាវនាវ​ចង់​បាន​យុត្តិធម៌​សម្រាប់​គ្រប់​គ្នា


លោក Reverend Al Sharpton (រូប​ទី៣​ពី​ស្តាំ) ដឹកនាំ​ការ​ដង្ហែ​ក្បួន​មួយ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ ក្នុង​ការ​ដើរ​ក្បួន 1,000 Ministers March for Justice ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។
លោក Reverend Al Sharpton (រូប​ទី៣​ពី​ស្តាំ) ដឹកនាំ​ការ​ដង្ហែ​ក្បួន​មួយ​ទៅ​កាន់​ក្រសួង​យុត្តិធម៌ ក្នុង​ការ​ដើរ​ក្បួន 1,000 Ministers March for Justice ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧។

៥៤ឆ្នាំ​មុន​ មេដឹកនាំ​សិទ្ធិ​ពលរដ្ឋ​ស្បែក​ខ្មៅ​លោក Martin Luther King Jr. បាន​ថ្លែង​សុន្ទរកថា​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ ដែល​ហៅ​ថា «I Have a Dream» ឬ​ដែល​មាន​ន័យ​ថា «ខ្ញុំ​មាន​ក្តី​សុបិន្ត​មួយ»។ ក្រុម​ប្រវត្តិវិទូ​បាន​ថ្លែង​ថា សុន្ទរកថា​នោះ​បាន​កែប្រែ​អនាគត​របស់​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាហ្វ្រិក។ កាលពី​ថ្ងៃ​ចន្ទ ក្រុម​បព្វជិត​រាប់​រយ​នាក់​និង​ក្រុម​អ្នក​ប្រណិប័តន៍​សាសនា​ជា​ច្រើន​បាន​រំឭក​ពី​សុន្ទរកថា​ដោយ​ការ​ធ្វើ​ក្បួន​ដង្ហែ​ដើម្បី​ទាមទារ​យុត្តិធម៌​នៅ​ក្នុង​រដ្ឋធានី​របស់​សហរដ្ឋ​អាមេរិក។ ក្បួន​ដង្ហែ​ឆ្នាំ​នេះ​បាន​ពាំនាំ​នូវ​សារ​ដ៏​សំខាន់​មួយ ស្រប​ពេល​ដែល​មាន​អំពើ​ហិង្សា​កើត​មាន​ឡើង​នាពេល​ថ្មីៗ​នេះ។

ពួក​គេ​ថ្លែង​ថា ព្រះ​ជា​ម្ចាស់​បាន​ឮ​អ្វី​ដែល​ពួក​គេ​បន់​ស្រន់ ហើយ​ក្បួន​ដង្ហែ​នេះ​គឺ​ជា​ការ​បន់​ស្រន់​ដើម្បី​ស្វែង​រក​យុត្តិធម៌។ ពួក​គេ​មិន​បាន​លុត​ជង្គង់​បន់​ស្រន់​នោះ​ទេ ប៉ុន្តែ​ដោយ​ប្រើប្រាស់​ជើង​របស់​ពួក​គេ​ដើរ​ដង្ហែ ដើម្បី​សុំ​ឲ្យ​បញ្ចប់​ការ​រើសអើស​ពណ៌​សម្បុរ និង​ការ​ប្រកាន់​ពូជ​សាសន៍​និង​ការ​រើស​អើង​នានា។

អ្នកស្រី Catherine Lynch ដែល​ជា​ស្ត្រី​ជន​ជាតិ​ជ្វីព​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​ថ្លែង​ថា៖

«វា​មិន​មែន​ជា​បញ្ហា​របស់​អ្នក​ដែល​មាន​ស្បែក​ខ្មៅ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​សម្រាប់​ពួក​ជ្វីព​ផង​ដែរ។ វា​គឺ​ជា​បញ្ហា​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​សារ​តែ​ពួក​យើង​ទាំង​អស់​គ្នា​មាន​ផ្នែក​ខ្លះ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា​គោល​ដៅ​របស់​ក្រុម​ទាំង​នោះ»។

ដោយ​ប្រើប្រាស់​ពាក្យ​ថា «ក្រុម​ទាំង​នោះ» អ្នកស្រី Lynch សំដៅ​ទៅ​លើ​ឧប្បទ្ទវហេតុ​ស្លាប់​រស់​មួយ​ដែល​បាន​កើត​ឡើង​កាលពី​២សប្តាហ៍​មុន​នៅ​ក្នុង​ទីក្រុង Charlottesville រដ្ឋ Virginia។ ក្រុម​ស្បែក​ស ដែល​គិត​ថា​ ខ្លួន​អស្ចារ្យ​ជាង​គេ​ឬ «white supremacist» និង​ក្រុម​ជ្រុល​និយម​ផ្សេង​ទៀត​បាន​ធ្វើ​ប្រមូល​ផ្តុំ​គ្នា​រយៈពេល​២ថ្ងៃ ហើយ​បាន​ថ្លែង​សុន្ទរកថា​ដែល​ប្រកប​ដោយ​ភាព​ស្អប់​ខ្ពើម។ សមាជិក​នៃ​ក្រុម​ស្បែក​ស ដែល​គិត​ថា​ខ្លួន​ល្អ​អស្ចារ្យ​ជាង​គេ​មួយ​រូប បាន​បើក​រថយន្ត​មួយ​បុក​ហ្វូង​បាតុករ​ដែល​ប្រឆាំង​នឹង​ខ្លួន ដោយ​បាន​សម្លាប់​ស្ត្រី​ម្នាក់​និង​ធ្វើ​ឲ្យ​មនុស្ស​១៩នាក់​ទៀត​រង​របួស។

ចាប់​តាំង​ពី​ពេល​នោះ​មក មនុស្ស​ជា​ច្រើន​បាន​ថ្លែង​ថា​ ប្រទេស​នេះ​បាន​ដើរ​ថយ​ក្រោយ​មួយ​ជំហាន ហើយ​ប្រទេស​នេះ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​បែក​បាក់​ដ៏​គ្រោះ​ថ្នាក់​មួយ។

អ្នកស្រី​បព្វជិត Joann Hilton បាន​សរសេរ​និក្ខេបទ​ថ្នាក់​បណ្ឌិត​របស់​អ្នកស្រី​អំពី​សារៈ​សំខាន់​នៃ​យុត្តិធម៌​សង្គម​នៅ​ក្នុង​ពិធី​សក្ការៈ​បូជា។ អ្នកស្រី​បាន​ថ្លែង​ថា វា​អាស្រ័យ​ទៅ​លើ​មេដឹកនាំ​សាសនា ដើម្បី​បង្រៀន​និង​ប្រៀន​ប្រដៅ​ពី​វា។

«មនុស្ស​ម្នា​បាន​នាំ​គ្នា​ភ្លេច​អស់​ហើយ។ ពួកគេ​គិត​ថា ពួក​យើង​ស្ថិត​ក្នុង​សង្គម​មួយ​ក្នុងសម័យ​មួយ​ដែល​លែង​មាន​ការ​រើស​អើង​ទៀត​ ប៉ុន្តែ​វា​មិន​ពិត​នោះ​ទេ។ វា​គ្រាន់​តែ​ត្រូវ​បាន​បិទ​បាំង។ ការ​រើស​អើង​ជាតិសាសន៍​ត្រូវ​បាន​លាក់​ខ្លួន ប៉ុន្តែ​ឥឡូវ​នេះ ជាមួយ​នឹង​ប្រធានាធិបតី​ថ្មី បញ្ហា​រើស​អើង​នេះ​បាន​លេច​ឡើង​វិញ»។

លោក Aaron Shingler គ្រូ​បង្រៀន​សាលា Sunday បាន​ថ្លែង​ថា៖

«ខ្ញុំ​មិន​ដឹង​ថា របៀប​វារៈ​របស់​លោក​ជា​អ្វី​នោះ​ទេ ប៉ុន្តែ​វា​ជា​របៀប​វារៈ​ដែល​មិន​បាន​លើក​តម្កើង​ភាព​យុត្តិធម៌​នោះ​ទេ»។

អ្នក​បន់​ស្រន់​ម្នាក់​បាន​ឈប់​នៅ​ខាង​មុខ​សណ្ឋាគារ​អន្តរជាតិ​របស់​លោក Trump នៅ​តាម​ដង​វិថី Pennsylvania ដោយ​ឥត​គ្រោង​ទុក។

មនុស្ស​ជា​ច្រើន​បាន​ដើរ​តាម​មាគ៌ា​នេះ​ពី​មុន ក្នុង​អំឡុង​ពេល​សម័យ​សិទ្ធិ​ស៊ីវិល​កាលពីទសវត្សរ៍​១៩៦០។ ឥឡូវ​នេះ​ពួកគេ​នៅ​ជាមួយ​នឹង​អ្នក​ជំនាន់​ថ្មី។

អ្នកស្រី Tiffany Rose រស់​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាន​ថ្លែង​ថា៖

«នៅ​ពេល​ដែល​យើង​ឃើញ​មាន​ភាព​អយុត្តិធម៌​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​ជាតិ​យើង យើង​ត្រូវ​តែ​ក្រោក​ឈរ​ឡើង​ហើយ​ត្រូវ​ធ្វើ​ឲ្យ​គេ​បាន​ដឹង​ឮ​ពី​សំឡេង​របស់​យើង»។

ក្បួន​ដង្ហែ​នេះ​បាន​បញ្ចប់​នៅ​ក្រសួង​យត្តិធម៌​របស់​អាមេរិក។ មិន​មាន​អាត្ថា​ធិប្បាយ​ភ្លាមៗ​ពី​រដ្ឋបាល​លោក Trump នោះ​ទេ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​ក្រោយ​ពី​អំពើ​ហិង្សា​នៅ​ក្នុង​ទីក្រុង Charlottesville លោក​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ Jeff Sessions បាន​ថ្លែង​ថា លោកយល់​ស្រប​ជាមួយ​នឹងមតិ​យោបល់​ដល់​លោក​ប្រធានាធិបតី។

«ការ​រើស​អើង​ពូជសាសន៍ ក្រុម​ស្បែក​ស​ ដែល​គិត​ថា​ខ្លួន​អស្ចារ្យ​ជាង​គេ​ទាំងនោះ ពិត​ជា​មិន​អាច​ទទួល​យក​បាន​នោះ​ទេ»។

ការ​លើក​ឡើង​នេះ​ប្រហែល​ជា​មិន​គ្រប់គ្រាន់​សម្រាប់​ក្រុម​ទាំង​នេះ​នោះ​ទេ៕

​ប្រែ​សម្រួល​ដោយ​ ស្រេង លក្ខិណា

XS
SM
MD
LG