ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ពលរដ្ឋ​ក្រុង​ Charlottesville សញ្ជឹង​គិត​ក្រោយ​ពី​មាន​បាតុកម្ម​ដ៏​ប្រល័យ​មួយ​ដោយ​ក្រុម​ជន​ស្បែក​ស​ដែល​គិត​ថា​ខ្លួន​អស្ចារ្យ​ជាង​គេ


កងកម្លាំង​សន្តិសុខ​របស់​រដ្ឋVirginia ឈរ​នៅ​ពី​ក្រោម​រូប​សំណាក​របស់​លោក Robert E. Lee មុន​ពេល​មាន​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ជាតិ​និយម​ស្បែក​ស​នៅ​ក្នុង​ក្រុង Charlottesville រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។
កងកម្លាំង​សន្តិសុខ​របស់​រដ្ឋVirginia ឈរ​នៅ​ពី​ក្រោម​រូប​សំណាក​របស់​លោក Robert E. Lee មុន​ពេល​មាន​ការ​ប្រមូល​ផ្តុំ​របស់​អ្នក​ជាតិ​និយម​ស្បែក​ស​នៅ​ក្នុង​ក្រុង Charlottesville រដ្ឋ Virginia សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧។

សម្រាប់​ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង Charlottesville (ភាគ​ខាងត្បូង​សហរដ្ឋ​អាមេរិក) រដ្ឋ​ Virginia ថ្ងៃ​អង្គារ​កន្លងទៅ​ គឺ​ជា​ថ្ងៃ​ស្រគត់ស្រគំ​មួយ សម្រាប់​ការ​សញ្ជឹង​គិត និង​ការ​កាន់​ទុក្ខ។

បន្ទាប់​ពី​ការ​កើត​មាន​អំពើហិង្សា​ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​បី​នាក់​ស្លាប់​មក​នោះ ពលរដ្ឋ​មួយ​ចំនួន​កំពុង​សញ្ជឹង​គិត​ពី​បែបផែន​នៃ​ការ​ជជែក​ជា​សាធារណៈ​អំពី​សហរដ្ឋអាមេរិក​នា​ពេល​បច្ចុប្បន្ន​ ហើយ​ប្រហែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​គឺ​ រឿងរ៉ាវ​កាលពី​អតីតកាល។

គ្រឿង​ឧបការៈ​រំឭក​វិញ្ញាណក្ខន្ធ​ ដែល​មាន​ជា​ បាច់ផ្កា និង​បដា​ ត្រូវ​បាន​ដាក់​បន្តបន្ទាប់​ តាម​បណ្តោយ​ដង​ផ្លូវ​មួយ​ក្នុង​ក្រុង Charlottesville ទីដែល​ ស្ត្រី​ម្នាក់​បាន​បាត់បង់​ជីវិត ហើយ​មនុស្ស ១៩​នាក់​ទៀត​បាន​រង​របួស​ ក្នុង​អំឡុង​ពេល​ការ​ដើរ​ហែ​ក្បួន​បាតុកម្ម​មួយ​ដោយ​ក្រុម​ជន​ស្បែកស ដែល​គិត​ថា​ខ្លួន​អស្ចារ្យ​ជាង​គេ។

បាច់​ផ្កា និង​បដា​ទាំងនេះ ត្រូវ​បាន​ដាក់​ឡើង​ ដើម្បី​គោរព​ដល់​វិញ្ញាណក្ខន្ធ​នាង Heather Heyer វ័យ ៣២ឆ្នាំ ដែល​មាន​មុខរបរ​ជា​ជំនួយការ​មេធាវី ដែល​ត្រូវ​បាន​រថយន្ត​បោះ​ពួយ​យ៉ាង​លឿន​មួយ​បុក​ស្លាប់​ អំឡុង​ពេល​បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​នេះ។

បដា​រំឭក​វិញ្ញាណក្ខន្ធ​ដូចនេះ​ ត្រូវ​បាន​គេ​ដាក់​ នៅ​ជិត​រូប​សំណាក​មួយ​ ដែល​បំផុស​ឲ្យ​មាន​ក្បួន​បាតកុម្ម​នោះ ដែល​ជា​រូបសំណាក​ ឧត្ដមសេនីយ៍​ លោក Robert E. Lee។

លោក​ឧត្ដមសេនីយ៍ Lee បាន​ដឹកនាំ​កង​ទាហាន​ Confederate (ដែល​ជា​កង​ទាហាន​នៃ​អតីត​រដ្ឋ​ខាង​ត្បូង ដែល​គាំទ្រ​ការ​ប្រើប្រាស់​ទាសករ) នៅ​ក្នុង​ជម្លោះ​ក្នុង​អំឡុង​ពេល​ពាក់កណ្តាល​សតវត្សរ៍​ឆ្នាំ ១៨០០ ដែល​ជម្លោះ​នេះ​ មួយភាគ​ធំ ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ពលរដ្ឋ​អាមេរិក​នៅ​បណ្តា​រដ្ឋ​ខាង​ត្បូង​ ដែល​ទទូច​រក្សា​សិទ្ធ​កាន់កាប់​ទាសករ។

ក្រុម​ជន​ស្បែក​ស​ ដែល​គិត​ថា​ខ្លួន​អស្ចារ្យ​ជាង​គេ ដែល​បាន​មក​ក្រុង Charlottesville បាន​តវ៉ា​ប្រឆាំង​នឹង​ការ​ដក​ចេញ​រូបសំណាកលោក​ឧត្តមសេនីយ​ Lee។

ស្រប​ពេល​ដែល​ពលរដ្ឋ​ខ្លះ​យល់​ថា ក្រុម​ជនស្បែក​ទាំង​នោះ​មាន​ហេតុផល​របស់​ពួកគេ ពលរដ្ឋ​អាមេរិកាំង​ដទៃ​ទៀត​អះអាង​ថា រូបសំណាក​ដូចនេះ​តំណាង​ឲ្យ​សម័យកាល​ដ៏​អាក្រក់​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក។

បុរស​ម្នាក់ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​និយាយ​ថា៖

«យើង​ត្រូវ​ទម្លាក់​អ្វីៗ​ទាំង​នេះ​ចុះ ទាំង​ទង់ជាតិ និង​រូបសំណាក​ជាដើម។ រាល់​វត្ថុ​តាង​រំឭក​វិញ្ញាណក្ខន្ធ​ណា ដែល​ជំរុញ​ឲ្យ​មាន ការ​បំបែកបំបាក់ ឬ​ការ​ប្រឆាំង​ណា​មួយ យើង​ត្រូវ​តែ​បំបាត់​វា។ យើង​ត្រូវការ​អ្វី​មួយ​ ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​សហការ​គ្នា និង​បង្ហាញ​សាមគ្គីភាព​រវាង​គ្នា»។

បុរស​ទីពីរ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ ក៏​បាន​និយាយ​ថា៖

«នេះ​ជា​រឿង​សោកនាដកម្ម​មួយ។ វា​ជា​រឿង​ ដែល​មិន​គួរ​កើត​ឡើង​នោះ​ទេ។ ហើយ​គ្មាន​នរណា​ម្នាក់​ត្រូវ​បាត់បង់​ជីវិត​ដូចនេះ​ឡើយ។ គេ​មិន​គួរ​បំផ្លាញ​រូបសំណាក​ទាំង​នោះ​ទេ។ រូបសំណាក​ទាំង​នោះ​គួរ​តែ​ជា​ការ​វាស់វែង​មួយ ដើម្បី​បង្ហាញ​ពី​រឿងរ៉ាវ​ ដែល​យើង​ធ្លាប់​បាន​ឆ្លង​កាត់ ហើយ​សម្រាប់​ឲ្យ​ពួក​យើង​ស្វែងរក និង​សញ្ជឹង​គិត​ពី​អតីតកាល​ ដើម្បី​ឲ្យ​យើង​នៅ​តែ​មើលឃើញ​ភាព​ជា​មនុស្សជាតិ​របស់​យើង»។

បុរស​មួយ​រូប​ទៀតបាន​មក​រស់​នៅ​ក្រុង Charlottesville ពី​ប្រទេស​តួកគី កាល​ពី​ ១០​ឆ្នាំ​មុន និង​ជា​ម្ចាស់​ភោជនីយដ្ឋាន​អាហារ​តួកគី​មួយ​នៅ​ក្នុង​ក្រុង​នេះ​នា​ពេល​បច្ចុប្បន្ន។ លោក​និយាយ​ថា លោក​មាន​ជំនឿជាក់​លើ​សេចក្តី​អត់ធ្មត់។

លោក​បាន​និយាយ​ថា៖

«ជា​មនុស្ស​ម្នាក់​មកពី​ប្រទេស​ក្រៅ ខ្ញុំ​ពិត​ជា មាន​អារម្មណ៍​ថា មិន​មាន​សុវត្ថិភាព​សោះឡើយនា​ពេល​ឥឡូវ​នេះ ប៉ុន្តែ​ខ្ញុំ​មិន​ចង់​គិត​ថា ការណ៍​នេះ​ជា​រឿង​ពិត​ទេ។ ខ្ញុំ​ពិត​ជា​ជឿជាក់​ថា ពលរដ្ឋ​រស់​នៅ​ក្រុង​នេះ ជា​មនុស្ស​ល្អ ហើយ​ពួកគេ​មិន​ឲ្យ​ក្រុម​ជន​ស្បែក​ស​ទាំង​នោះ​ទទួល​បាន​ជ័យជម្នះ​ឡើយ»។

ក្រុម​មនុស្ស​មួយចំនួន​បាន​ធ្វើ​ញ្ញតិ​តាម​ប្រព័ន្ធ​អ៊ិនធឺណិត ដើម្បី​ស្នើ​ឲ្យ​សាលា​ក្រុង Charlotteville ដាក់​វត្ថុតាង​រំឭកវិញ្ញាណក្ខន្ធ​ដល់​នាង Heather Heyer ជំនួសឲ្យរូបសំណាក​លោក​ឧត្ដមសេនីយ៍​ Lee៕

​ប្រែសម្រួល​ដោយ ណឹម សុភ័ក្ត្របញ្ញា

XS
SM
MD
LG