ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុង​ Orlando ប្រារព្ធ​ខួប​​មួយ​ឆ្នាំ​នៃ​ការ​បាញ់​ប្រហារ​នៅ​ក្លឹបរាត្រី Pulse


រូបឯកសារ៖ ពលរដ្ឋ​កាន់​​ទៀន​ដុត​រំឮក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​នៅ​ក្លឹប​រាត្រី Pulse ក្នុង​ក្រុង Orlando រដ្ឋហ្លូរីដា កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៦។
រូបឯកសារ៖ ពលរដ្ឋ​កាន់​​ទៀន​ដុត​រំឮក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​ការ​បាញ់​ប្រហារ​នៅ​ក្លឹប​រាត្រី Pulse ក្នុង​ក្រុង Orlando រដ្ឋហ្លូរីដា កាល​ពី​ថ្ងៃ​ទី១៣ ខែ​មិថុនា ឆ្នាំ​២០១៦។

នៅ​ម៉ោង​ពីរ​ទៀប​ភ្លឺ បុរស​ឈ្មោះ Omar Mateen អាយុ ២៩​ឆ្នាំ បាន​ចូលក្នុង​ក្លឹប​រាត្រី Pulse Nightclub ជាមួយ​នឹង​កាំភ្លើង​ដង​វែង ហើយ​បាន​បាញ់​ប្រហារ ដោយ​បាន​សម្លាប់​មនុស្ស ៤៩នាក់ និង​ធ្វើ​ឲ្យ ៥៣​នាក់​ទៀតរងរបួស។

ក្រុម​មន្រ្តី​ក្រុង​ Orlando ចង់​ឲ្យ​មាន​ការ​ប្រារព្ធ​ពិធី​បុណ្យ​ខួប​នៃ​ការ​បាញ់​ប្រហារ​នៅ​ក្លឹប​រាត្រី​ Pulse Nightclub ប្រកប​ដោយ​ក្តី​ស្រឡាញ់ និង​សណ្តោសប្រណី។ ថ្ងៃ​ទី១២ ខែ​មិថុនា ត្រូវ​បាន​កំណត់​ជា​ផ្លូវ​ការ​ជា​ថ្ងៃ​បុណ្យ​នៃ​ការ​រួបរួម​ក្នុង​ក្រុង Orlando ដើម្បី​រំឭក​ការ​វាយប្រហារ​ដ៏​ព្រៃផ្សៃ​ទៅ​លើ​សហគមន៍អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ក្នុង​ក្រុង​នេះ ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស ៤៩នាក់​បាត់បង់​ជីវិត។

មួយ​ឆ្នាំ​ បន្ទាប់​ពី​ការ​វាយប្រហារនៅ​មួយ​កន្លែង ដ៏​ធំ​បំផុត​មួយ​ទៅ​លើ​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​អាមេរិក​ ដែល​បាន​សម្លាប់​មនុស្ស ៤៩​នាក់​ មនុស្ស​រាប់រយ​នាក់​បាន​ប្រមូលផ្តុំ​នៅ​សួន​ក្រុង Orlando ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​រត់​ប្រណាំង និង​រំឭក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ។

អ្នកស្រី Barbara Poma ធ្លាប់​ជា​ម្ចាស់​ក្លឹប​រាត្រី Pulse Nightclub។

«អ្វី​ៗ​ទាំងអស់​គឺ ខុស​ប្លែក​ពី​ឆ្នាំ​មុន។ អ្វីៗ​ទាំងអស់​ដែល​អ្នក​ធ្វើ​រាល់ថ្ងៃ​គឺ ខុសប្លែក។ អារម្មណ៍​របស់​អ្នក​គឺ​បាន​ផ្លាស់ប្តូរ​ជា​រៀង​រហូត។ ជីវិត​របស់​អ្នក​គឺ​បាន​ផ្លាស់ប្តូរ​ជា​រៀងរហូត។ ទិសដៅ​នៃ​ជីវិត​របស់​អ្នក​ទាំងស្រុង​បាន​ផ្លាស់ប្តូរ»។

នៅ​ម៉ោង​ពីរ​ទៀប​ភ្លឺ បុរស​ឈ្មោះ Omar Mateen អាយុ ២៩​ឆ្នាំ បាន​ចូលក្នុង​ក្លឹប​រាត្រី Pulse Nightclub ជាមួយ​នឹង​កាំភ្លើង​ដង​វែង ហើយ​បាន​បាញ់​ប្រហារ ដោយ​បាន​សម្លាប់​មនុស្ស ៤៩នាក់ និង​ធ្វើ​ឲ្យ ៥៣​នាក់​ទៀតរងរបួស។ ជនដៃដល់ Mateen ដែល​ធ្លាប់​មាន​ប្រវត្តិ​បញ្ហា​ផ្លូវ​ចិត្ត បាន​ធ្វើការ​ប្តេជ្ញា​ស្មោះស័្មគ្រ​នឹង​ក្រុម​រដ្ឋឥស្លាម​នៅ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។

អំពើហិង្សា​ដ៏​ព្រៃផ្សៃ​នៅ​យប់​នោះ​បាន​បង្ក​ឲ្យ​មាន​ភាព​ភ័យខ្លាច​យ៉ាង​ខ្លាំង​នៅ​ក្នុង​សង្គម​ក្រុង Orlando។

យុវត្តី​ Madeline Ward អាយុ​ ១៥ឆ្នាំ​ ធ្លាប់​រស់នៅ​លើ​ផ្លូវ​តែ​មួយ​ ដែល​មាន​ក្លឹបរាត្រី Pulse និង​ធ្លាប់​មាន​សុបិន្ត​អាក្រក់​អំពី​អ្វី​ដែល​នាង​បាន​ឃើញ និង​ឮ​នៅ​យប់​នោះ។

«វា​ពិត​ជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្លឺ​ភ្នែក ដោយ​បាន​បង្ហាញ​ខ្ញុំ​ថា យើង​ត្រូវ​ស្រឡាញ់​គ្នា​ ពីព្រោះ​យើង​យើង​ជា​ក្រុម​មនុស្ស​ខុសៗគ្នា​ ហើយ​យើង​ទាំងអស់​គ្នា​ប្រហែល​ជា​ខុសគ្នា​ពិត​មែន ប៉ុន្តែ​យើង​ទាំងអស់​គ្នា​គឺ​ដូចគ្នា ត្រង់​ថា យើង​ជា​មនុស្សលោក ហើយ​យើង​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក មិន​ថា យើង​ស្រឡាញ់​នរណា​នោះ​ទេ»។

មួយឆ្នាំ​បន្ទាប់​មក ក្រុង Orlando គឺ​ជា​សហគមន៍​មួយ ដែល​បាន​រួមសាមគ្គីគ្នា។ នៅ​ក្នុង​កម្មវិធី​រំឭក​វិញ្ញាណក្ខន្ធ​ មាន​ការ​សម្តែង​ពី​សំណាក់​ក្រុម​អ្នក​ចម្រៀង Orlando Gay Chorus ដែល​ជា​ក្រុម​មនុស្ស​ចម្រុះ​គ្នា​មួយ​ ដែល​ផ្តល់​ការ​គោរព​ដល់​អ្នក​ដែល​បាន​ស្លាប់។

លោក Dan Jones និយាយ​ថា ក្រុម​អ្នក​ចម្រៀង​មក​ទី​នេះ ដើម្បី​ចែករំលែក​សារ​នៃ​ក្តី​ស្រឡាញ់ និង​សាមគ្គីភាព​រវាង​មនុស្ស​គ្រប់គ្នា។

«អ្វី​ដែល​ជន​បាញ់​ប្រហារ​ព្យាយាម​ធ្វើ​នោះ​គឺ​ បំផ្លាញ​សហគមន៍​អ្នកស្រឡាញ់​ភេទ​ដូចគ្នា។ ហើយ​អ្វី​ដែល​គាត់​ធ្វើ​នោះ​គឺ តាម​ពិត​ទៅ​ ធ្វើ​ឲ្យ​មាន​ការ​រួបរួម​គ្នា​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សហគមន៍​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ទៅ​វិញ​ទេ ហើយ​ថែម​ទាំង​ផ្សារភ្ជាប់​សហគមន៍​ដទៃ​ទៀត ដែល​យើង​មិន​មាន​ការ​ទាក់ទង​ជាមួយ​ពី​មុន​មក​ផង​ដែរ»។

ចំណង​ស្ពានមេត្រី​នេះ​ត្រូវ​បាន​បង្ហាញ​ឡើង​នៅ​កម្មវិធី​រំឭក​វិញ្ញាណក្ខន្ធ​កាល​ពីសប្តាហ៍​មុន​នេះ។

កាល​ពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្រុមហ៊ុន​បោះពុម្ព​អាវ​យឺត Go Big Tees បាន​ផ្តល់​អាវ​យឺត​ ដោយ​ឥត​គិត​ថ្លៃ អាហារ និង​ការ​ឱប​ ក្នុង​ការ​គាំទ្រ​ដល់​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។ មនុស្ស​រាប់រយ​នាក់ បាន​មក​ដើម្បី​ស្រស់ស្រូប​អាហារ និងលាប​លក្ខណ៍​លើ​អាវយឺត​របស់​ពួកគេ។

ម្ចាស់​ក្រុមហ៊ុន​នេះ អ្នកស្រី Hannah Zuk និយាយ​ថា គំនិត​នៅ​ពី​ក្រោយ​ការ​ធ្វើ​ដូចនេះ​គឺ ប្រមូល​ផ្តុំ​ដើម្បី​ក្តី​ស្រឡាញ់ និង​ការគាំទ្រ​ ដល់​គ្រប់​អ្នក​ដែល​រងគ្រោះ​ដោយសារ​សោកនាដកម្ម​នោះ។

«ខ្ញុំ​គិត​ថា សហគមន៍​យើង​បានរួបរួម​គ្នា​កាន់​តែ​ខ្លាំង ហើយ​វា​ជា​រឿង​ដ៍​ប្រសើរ​មួយ ដែល​ឃើញ​មនុស្ស​រាល់​គ្នា​រួបរួម​គ្នា និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ ក្នុង​ដំណាក់កាល​ងើបរើ​ឡើង​វិញ​ពី​សោកនាដកម្ម»។

ក្លឹបរាត្រី Pulse Nightclub មិន​បាន​បើកទ្វារ​ធ្វើ​អាជីវកម្ម​ឡើង​វិញ​ទេ បន្ទាប់​ពី​សោកនាដកម្ម​បាញ់​ប្រហារ​នោះ។ ថ្ងៃ​នេះគឺ​ជា ថ្ងៃ​រំឭក​វិញ្ញាណក្ខន្ធ​ អ្នក​ដែល​បាន​បាត់បង់​ជីវិត​។ ហើយ​ក្លឹបរាត្រី​នេះ ក៏​ជា​កន្លែង​ មនុស្ស​ទូទៅ​មក​សរសេរ​សារ​រំលែក​ទុក្ខ និង​នឹក​គិត​ពី​រឿងរ៉ាវ​ ដែល​បាន​កើត​ឡើង។

«នេះ​ជាចិញ្ចៀន​មួយ ដែល​នៅ​ក្នុង​កាបូប​មួយ ដែល​បងស្រី​ខ្ញុំ​ទិញ​ឲ្យ​ជា​កាដូ​សម្រាប់​ថ្ងៃ​ខួប​កំណើត​ខ្ញុំ»។

មនុស្ស​ដូចជា នាង​ Mary Kelly និង​នាង Taylor Caldwell។

«យើង​បាន​មក​ទី​នេះ​នៅ​ថ្ងៃ​នេះ ពីព្រោះ​យ៉ាងហោចណាស់​ តាម​គំនិត​ខ្ញុំ​ ខ្ញុំ​ពិត​ជា អ្នក​គាំទ្រ​ខ្លាំងក្លា​មួយរូប​ក្នុង​សហគមន៍​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា។ ហើយ​ទោះ​បី​ជា ប្រសិន​បើ​ខ្ញុំ​មិនមែន​ជា​អ្នក​គាំទ្រ​ខ្លាំង​ម្នាក់ ក៏​ខ្ញុំ​នៅ​តែ​មក​ដែរ ដោយសារ​តែ​រឿងហេតុ​ដូចនេះ​មិន​គួរ​កើត​ឡើង​នោះ​ទេ»។

«ចាស! ក្តីស្រឡាញ់​ជម្នះ​អ្វី​ទាំងអស់»

«ពិតណាស់ ហើយ​ខ្ញុំ​គិត​ថា មនុស្ស​ជា​ច្រើន​ ដែល​យើង​ឃើញ​នៅ​ទី​នេះ បាន​បង្ហាញ​ក្តីស្រឡាញ់​នេះ»៕

ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG