អយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃសៅរ៍នេះ បានសម្រេចចោទប្រកាន់ជាផ្លូវការលើអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ»។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យតុលាការរាជធានីភ្នំពេញ។
លោក លី សុផាណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ប្រាប់អ្នកសារព័ត៌មានតាមរយៈសារអេឡិចត្រូនិកតេឡេក្រាម នារសៀលថ្ងៃសៅរ៍នេះថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប គឺលោក អ៊ួន ឈិន អតីតអ្នកថតរូប និងវីដេអូ និងលោក យាង សុធារិន ហៅ យាង សុជាមេត្តា ជាអតីតអ្នកគ្រប់គ្រងការិយាល័យវិទ្យុអាស៊ីសេរីប្រចាំកម្ពុជា ពីបទ «ប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ»។
លោក លី សុផាណា បញ្ជាក់ក្នុងសម្រង់ន័យដើមថា៖
«បន្ទាប់ពីបានពិនិត្យសំណុំរឿង រួមទាំងឆ្លងកាត់ការស្រាវជ្រាវស៊ើបអង្កេត ដោយបានពិនិត្យភស្តុតាង និងផ្ទៀងផ្ទាត់ចម្លើយជនសង្ស័យរួចមក ព្រមទាំងយល់ឃើញថាមានមូលដ្ឋានគ្រប់គ្រាន់ឲ្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់ដោយបើកការស៊ើបសួរ ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលបង្កឲ្យមានការអន្តរាយដល់ការការពារជាតិ តាមបញ្ញត្តិមាត្រា៤៤៥ នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជា ហើយបញ្ជូនទៅចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី»។
អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប គឺលោក អ៊ួន ឈិន និងលោក យាង សុធារិន ហៅយាងសុជាមេត្តា ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីយប់ថ្ងៃអង្គារ ក្នុងសណ្ឋាគារមួយកន្លែងនៅរាជធានីភ្នំពេញ ដោយរងការសង្ស័យថា បានរាយការណ៍ព័ត៌មានបញ្ជូនទៅស្នាក់ការកណ្តាលវិទ្យុអាស៊ីសេរី នៅសហរដ្ឋអាមេរិក។ អ្នកទាំងពីរធ្លាប់បានធ្វើការឲ្យវិទ្យុអាស៊ីសេរីដែលមានការិយាល័យនៅភ្នំពេញ មុនពេលវិទ្យុនេះប្រកាសផ្អាកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជាទាំងបង្ខំ កាលពីដើមខែកញ្ញា។ ក្នុងពេលកំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួន អ្នកទាំងពីរសុទ្ធតែបានបដិសេធថា ពួកគេមិនបានរាយការណ៍ព័ត៌មានបញ្ជូនទៅឲ្យវិទ្យុអាស៊ីសេរីនៅរដ្ឋធានីវ៉ាស៊ីនតោននោះទេ។
លោក កែវ វ៉ាន្នី មេធាវីការពារក្តីឲ្យអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប ប្រាប់ VOA នារសៀលថ្ងៃសៅរ៍នេះថា ការឃាត់ខ្លួនកូនក្តីរបស់លោករយៈពេលយូរ និងសម្រេចចោទប្រកាន់ទាំងថ្ងៃសៅរ៍បែបនេះ គឺជាការចោទប្រកាន់ខុសនឹងនិតិវិធីច្បាប់។ លោកបន្ថែមថា កូនក្តីរបស់លោកមិនបានប្រព្រឹត្តខុសច្បាប់ដូចការចោទប្រកាន់របស់តុលាការនោះទេ។
លោកកែវ វ៉ាន្នី មានប្រសាសន៍ថា៖
«វាមិនយុត្តិធម៌សម្រាប់កូនក្តីខ្ញុំបាទ ដោយសារតែកូនក្តីខ្ញុំពុំបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់។ តាមច្បាប់បានចែងហើយកំណត់ពីអំពើណាជាបទល្មើស ហើយអំពើណាប្រព្រឹត្តបទល្មើស និងទោសយ៉ាងណានោះ។ ប៉ុន្តែសំខាន់គឺទំហំនៃការទទួលខុសត្រូវ ទង្វើរសកម្មភាពរបស់កូនក្តីខ្ញុំហ្នឹង វាចូលក្នុងមាត្រាប៉ុន្មាន? វាចូលក្នុងអត្ថន័យនៃបទល្មើសហ្នឹងអត់?»។
លោក លី សុផាណា បដិសេធមិនធ្វើអត្ថាធិប្បាយលម្អិតពាក់ព័ន្ធនឹងការសម្រេចចោទប្រកាន់អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីរនោះទ។
មាត្រា៤៤៥នៃក្រមព្រហ្មទណ្ឌព្រះរាជាណាចក្រកម្ពុជាចែងថា បទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលធ្វើឲ្យអន្តរាយការការពារជាតិ គឺជាអំពើប្រគល់ ឬធ្វើឲ្យងាយស្រួលធ្លាក់ដល់ដៃរដ្ឋបរទេស ឬភ្នាក់ងារបរទេសនូវព័ត៌មាន វិធី វត្ថុ ឯកសារ ទិន្នន័យព័ត៌មានវិទ្យា ឬសាលាកបត្រដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ។ អំពើនេះត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៧ (ប្រាំពីរ) ឆ្នាំ ទៅ១៥ (ដប់ប្រាំ) ឆ្នាំ។
អ្នកជំនាញផ្នែកច្បាប់លើកឡើងថា ការដាក់ការសង្ស័យពីបទ «ផ្តល់ព័ត៌មានសម្ងាត់ទៅបរទេស» ក្នុងមាត្រា៤៤៥ លុះត្រាតែព័ត៌មាននោះជាព័ត៌មានសម្ងាត់ ហើយត្រូវបញ្ជូនទៅឲ្យប្រទេសបច្ចាមិត្ត។
ក្រោយការឃាត់ខ្លួនអ្នកទាំងពីរភ្លាមៗ អ្នកនាំពាក្យវិទ្យុអាស៊ីសេរីប្រចាំរដ្ឋធានីវ៉ាស៊ីនតោន ប្រកាសថា វិទ្យុអាស៊ីសេរីមិនបានបន្តកិច្ចសន្យា ឬទទួលព័ត៌មានអ្វីពីអតីតបុគ្គលិកទាំងពីររូបនេះទេ និងថា អតីតអ្នកសារព័ត៌មានដែលត្រូវបានឃាត់ខ្លួនទាំងពីរនាក់នោះ លែងមានទំនាក់ទំនងណាមួយជាមួយវិទ្យុអាស៊ីសេរីតទៅទៀតហើយ។
នាយកប្រតិបត្តិក្រុមអភិបាលការផ្សាយរបស់សហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយនិយាយថា ការចាប់ខ្លួនអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទាំងពីររូប គឺជាសកម្មភាពបំភិតបំភ័យ និងបង្កឲ្យមានការភ័យខ្លាចដល់ក្រុមអ្នកសារព័ត៌មានដែលផ្តល់ព័ត៌មានពិត មិនលំអៀង។ នាយកប្រតិបត្តិក្រុមអភិបាលការផ្សាយរបស់សហរដ្ឋអាមេរិក បានបន្ថែមដោយសង្ឃឹមថា អ្នកទាំងពីរនឹងត្រូវបានដោះលែងដោយគ្មានគ្រោះថ្នាក់ និងជាបន្ទាន់ដើម្បីឲ្យពួកគេបានជួបជុំគ្រួសារវិញ។
សេចក្តីថ្លែងការណ៍នោះត្រូវបានសរសេរដោយសម្រង់ន័យដើមថា៖
«សេរីភាពព័ត៌មានគឺជាមូលដ្ឋាននៃសិទ្ធិមនុស្ស ហើយវាគួរជាអាទិភាពជាសកល។ នៅពេលមិនមានសំឡេងឯករាជ្យ មានន័យថា យើងសុខចិត្តប្រគល់ព័ត៌មានឲ្យរបបអមិត្ត អ្នកជ្រុលនិយម មនុស្សទុច្ចរិតក្តោបក្តាប់ព័ត៌មាន»។
វិទ្យុអាស៊ីសេរីជាសារព័ត៌មានទទួលការឧបត្ថម្ភពីសហរដ្ឋអាមេរិក និងផ្សាយចេញពីសហរដ្ឋអាមេរិក ក្នុងគោលការណ៍លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងសិទ្ធិទទួលបានព័ត៌មានរបស់ពលរដ្ឋខ្មែរ។ វិទ្យុនេះភាគច្រើនរាយការណ៍ព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងសិទ្ធិមនុស្ស នយោបាយ សេដ្ឋកិច្ច បញ្ហាសង្គម បញ្ហាដីធ្លីជាដើម។
នៅដើមខែកញ្ញា ឆ្នាំ២០១៧ នេះ វិទ្យុអាស៊ីសេរីបានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា ខ្លួនផ្អាកដំណើរការការិយាល័យព័ត៌មាននៅរាជធានីភ្នំពេញមួយរយៈទាំងបង្ខំ។ ក្នុងសេចក្តីថ្លែងការណ៍នោះ វិទ្យុអាស៊ីសេរីចោទថា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើទុក្ខបុកម្នេញបណ្ដាញសារព័ត៌មានឯករាជ្យ និងគូបដិបក្ខ នៅមុនការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។
ក្រោយការប្រកាសផ្អាកដំណើរការការិយាល័យនៅភ្នំពេញ ក្រសួងព័ត៌មានក៏បានប្រកាសថា អ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីទាំងអស់នឹងត្រូវចាប់ខ្លួន ប្រសិនបើពួកគេនៅបន្តចុះយកព័ត៌មាន និងរាយការណ៍ពីប្រទេសកម្ពុជា។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រសួងព័ត៌មានបញ្ជាឲ្យបិទស្ថានីយវិទ្យុជាង ៣០ជាបន្តបន្ទាប់ ដែលបានជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និងវិទ្យុ VOA នៅទូទាំងប្រទេស។ រដ្ឋាភិបាលក៏បានបិទអង្គការ NDI ជាអង្គការមួយរបស់អាមេរិកដែលធ្វើការជំរុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដោយចោទថា អង្គការនេះនៅពីក្រោយបក្សប្រឆាំងដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ស្ថាប័ន និងអង្គការជាតិ អន្តរជាតិមួយចំនួន ដែលការពារសេរីភាពព័ត៌មាន និងសិទ្ធិមនុស្សនៅជុំវិញពិភពលោក បានទទូចឲ្យរដ្ឋាភិបាលកម្ពុជាធ្វើឲ្យស្ថានភាពសេរីភាពព័ត៌មាន និងដំណើរការលទ្ធិប្រជាធិបតេយ្យត្រឡប់ទៅរកស្ថានភាពដូចដើមវិញ។
យ៉ាងណាក៏ដោយ បន្ទាប់ពីតុលាការបានបញ្ចប់ការសាកសួររបស់ខ្លួន អតីតអ្នកសារព័ត៌មានអាស៊ីសេរីទាំងពីររូប ត្រូវបានបញ្ជូនទៅពន្ធនាគារដើម្បីឃុំខ្លួនបណ្តោះអាសន្ន៕