ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ ​ហ៊ុន សែន​ ​ព្រមាន​ដាក់​សម្ពាធ​បន្ថែម​ទៀត​លើ​មន្ត្រី​បក្ស​ជំទាស់​ ​បើ​អឺរ៉ុប​ដក​កម្ពុជា​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA


រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)
រូបឯកសារ៖ លោក​ ហ៊ុន សែន​​ មេ​បក្ស​កាន់​អំណាច​ថ្លែង​ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ ​ដែល​ប្រមូលផ្តុំ​នៅ​ឯ​ផ្លូវ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ​មុន​ពេល​ហែក្បួន​ឃោសនា​បោះឆ្នោត​ឃុំ-សង្កាត់​ថ្ងៃ​ចុង​ក្រោយ​ ​នា​ថ្ងៃទី​០២​មិថុនាឆ្នាំ២០១៧។​ ​(នៅ វណ្ណារិន/VOA)

នៅ​ថ្ងៃចន្ទ​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​បាន​ថ្លែង​ថា​លោក​នឹង​ចាប់​មន្រ្តី​គណបក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ​បន្ថែម​ ​ប្រសិន​បើ​សហគមន៍​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ ​ដោយ​លោក​ថា​ដោយ​សារ​មន្រ្តី​បក្ស​ប្រឆាំង​គឺជា​អ្នក​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា។

នៅ​ថ្ងៃ​ចន្ទ​នេះ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ព្រមាន​ដាក់​ដាក់​សម្ពាធ​ថ្មីៗ​បន្ថែម​ទៀត​ទៅ​លើ​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​ ប្រសិន​បើ​សហភាព​អឺរ៉ុបដក​កម្ពុជា​ចេញ​ពី​កិច្ចអនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចេញ​ ​«គ្រប់​មុខ​ទំនិញ​លើក​លែង​តែ​សព្វាវុធ»​ ​ដែល​ហៅ​កាត់​ថា​ ​EBA​ ​មែន​នោះ។

ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវ៉ាត់​ក្រុង​ទី៣​ ​កាត់​រាជធានី​ភ្នំពេញ​ ​និង​ខេត្ត​កណ្តាល​ ​នៅ​ព្រឹក​ថ្ងៃ​ទី១៤​ ​ខែ​មករា​ ​ឆ្នាំ​២០១៩​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​ថ្លែង​ដោយ​សំដៅ​លើ​សហភាព​អឺរ៉ុប​ដែល​ព្រមាន​ដក​ពន្ធអនុគ្រោះ​នៃការ​នាំ​ចេញ​ពី​កម្ពុជា​ថា​ ​ការ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ស្មើ​នឹង​ការ​សម្លាប់​គណបក្ស​ប្រឆាំង។​ ​លោក​បន្ថែម​ថា ​ក្រុម​មន្រ្តី​បក្ស​ប្រឆាំង​ជា​អ្នក​អំពាវនាវ​ឲ្យ​អន្តរជាតិ​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​ ​ដូច្នេះ​លោក​ថា​ ប្រសិនបើ​អន្តរជាតិ​ពិត​ជា​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​មែន​ ​នោះ​លោក​នឹង​បន្ថែម​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​លើ​ក្រុម​ប្រឆាំង​ដែល​កំពុង​ស្ថិត​នៅ​កម្ពុជា។

​ថ្លែង​ដោយ​លើក​ឡើង​ពី​ខួប​នៃ​ការ​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋ​មន្រ្តី​បានចំនួន​៣៤​ឆ្នាំ​គត់​ផង​នោះ​ ​លោក​ ​ហ៊ុន សែន​ ​បញ្ជាក់​ថា៖​

«ពួក​អ្នក​ឯង​រងចាំ​មើល​ទៅ​អ្នក​ឯង​សប្បាយ​ទៅ​ ​សួរ​ថា​រដ្ឋបាល​ ​ហ៊ុន សែន​ ​នឹង​ចាត់​វិធានការ​ចំពោះពួក​អាក្រក់​របៀប​ណា?​ ​ឲ្យ​ច្បាស់​លាស់​ជាមួយ​គ្នា។​ ​អ្នក​ឯង​គ្មាន​សិទ្ធិ​មក​និយាយ​ជាមួយ​ខ្ញុំ​តទៅ​ទៀត​ទេ។​ ​អញ្ចឹង​ពួក​អ្នក​មាន​ទោស​ទាំង​ប៉ុន្មាន​គឺ​ត្រូវ​បន្តទោស។​ ​អា​គួរ​តែ​រួច​ ​មិន​ឲ្យ​ហ្អែង​រួច​ខ្លួន ប្រមូល​យក​កាត់​ទោស​ហើយ។​ ​ព្រោះ​បាន​ជា​ជ្រុល​អញ្ចឹង​ទៅ​ហើយ​ ​ពួកហ្អែង​អ្នក​ធ្វើ​អាក្រក់​ ​អញ​អនុវត្ត​ច្បាប់​ ​ហ្អែង​ទៅ​ប្តឹង​ចៅហ្វាយ​ហ្អែង​ឲ្យ​ធ្វើ​បាប​អញ​ ​អញ្ចឹង​អញ​ដាក់​ជាន់​ក ​ហ្អែង​ថែម»។

កន្លង​មកលោកនាយក​រដ្ឋមន្រ្តី​ដែល​ក្តាប់​អំណាច​ពេញ​ដៃ​រូបនេះ​ ​តែង​ប្រកាស​ថា​ ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​គឺ​ស្មើ​ទៅ​នឹង​សាក​សព​ដែល​ស្លាប់​ហើយ​មិន​អាច​រស់​ឡើង​វិញ​យ៉ាង​ដូច្នោះ។​ ​យ៉ាង​ណា​ក្តី​នៅ​ព្រឹក​នេះ​លោក​ ​ហ៊ុន សែន​ ​បាន​ប្រកាស​បើក​ឲ្យ​សហគមន៍​អឺរ៉ុប​ជជែក​ពិភាក្សា​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ ​ជា​ជាង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា។​

លោក​ថ្លែង​ថា៖

«បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​ងាប់​អាហ្នឹង​កាត់​ទៅ​បើ​ចង់​ឲ្យ​ពួក​ប្រឆាំង​រស់​អាហ្នឹង​កុំ​ធ្វើ​ទៅ​ ​មក​ជជែក​គ្នា​ពិភាក្សា​គ្នា​ ​កែ​លំអរ​សភាព​ការណ៍​ជាមួយ​គ្នា​ ​បន្ត​ទៅ​មុខ​ជាមួយ​គ្នា​ ​ក្នុង​ភាព​ជា​ដៃ​គូ​ស្មើ​ភាព​ ​លើ​ការ​គោរព​ឯករាជ្យ​ ​និង​អធិប​តេយ្យ។​ ​អញ្ចឹង​គេ​រង់ចាំ​ជំហាន​របស់​យើង​ ​យើង​ក៏​រង់ចាំ​ជំហាន​របស់​គេ​ដើរ​ដែរ»។

គណបក្ស​សង្គ្រោះជាតិ​ដែល​ជា​គណបក្ស​ដ៏​ធំ និង​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំង​ប្រទេស​កាល​ពី​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាលពី​ខែ​វិច្ឆិកា​ ​ឆ្នាំ២០១៧​ ​តាម​បណ្តឹង​របស់​ក្រសួង​មហាផ្ទៃ​ដោយ​ចោទថា​គណបក្ស​នេះ​បាន​ឃុបឃិត​ជាមួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋា​ភិបាល​របស់​លោក​ ​ហ៊ុន សែន។​ ​នៅ​មុន​ការរំលាយបន្តិច​លោក​ ​កឹម សុខា​ ​ប្រធាន​គណបក្ស​នេះ​ក៏​ត្រូវ​បាន​ចាប់​ខ្លួន​ ​ដោយ​ចោទ​ពីបទ​ក្បត់ជាតិ​ ​ចំណែក​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​នេះ​មួយ​ចំនួន​ធំ​បាន​ភៀស​ខ្លួន​ទៅ​បរទេស​ជា​បន្ត​បន្ទាប់​ ​និង​ខ្លះ​ស្វែង​រក​អន្តរាគមន៍​ពី​អន្តរជាតិ តាម​រយៈ​ការអំពាវ​នាវ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋបាល​របស់​លោក ហ៊ុន សែន ជា​ថ្នូរ​ឲ្យ​គណបក្ស​សង្គ្រោះជាតិ​រស់​ឡើង​វិញ។

​អ្នកស្រី​ ​មូរ សុខហួរ​ ​អនុ​ប្រធាន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​បរទេស​ ​ប្រាប់​ ​VOA​ ​ថា​ ​ ការ​សម្រេច​ចង់​ចរចារ​ជាមួយ​សហគមន៍​អឺរ៉ុប​គឺ​ជា​ដំណោះ​ស្រាយ​ល្អ​ដែល​រដ្ឋាភិបាល​កម្ពុជាគួរធ្វើ​ ដើម្បី​ការពារ​ការបាត់​បង់​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ដោយសារ​ការ​ដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ។

​អ្នកស្រី​បញ្ជាក់​ថា៖​

​«សហ​គមន៍​អឺរ៉ុប​បាន​ជម្រាប​លោក​ ​ហ៊ុន សែន​ ​ពេល​ដែល​បាន​ជួប​គ្នា​នៅ​ប្រ៊ុចស៊ែល​ច្បាស់​ណាស់ នូវ​អ្វី​ដែល​ជា​លក្ខខណ្ឌ​ ​គឺ​ឲ្យ​ប្រជាធិបតេយ្យ​រស់​ឡើង​វិញ​ ​ដោះលែង​លោក​ប្រធាន​ ​កឹម សុខា​ ​ដោះ​ស្រាយ​បញ្ហា​ការ​សម្លាប់​ប្រជាធិប​តេយ្យ​ទាំង​មូល​ ​និង​ជាពិសេស​ការ​បោះឆ្នោត​កែ្លងក្លាយ​ដែល​សហគមន៍​អឺរ៉ុប​មិន​ទទួល​យក​បាន»។

​ប្រព័ន្ធ​អនុគ្រោះ​ពន្ធក្រោម​កម្មវិធី​ «គ្រប់មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ»​ ​(EBA)​ ​ត្រូវ​បាន​សហភាព​អឺរ៉ុបបង្កើត​ឡើង​កាលពី​ឆ្នាំ២០០១​ ​ដោយ​មាន​ការ​ព្រមព្រៀង​ថា​ ប្រទេស​ដែល​ទទួល​បាន EBA ​ត្រូវ​គោរព​សិទ្ធិ​មនុស្ស​និង​សេរីភាព​ជា​មូលដ្ឋាន។​ ​តាម​រយៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​កម្ពុជា​បានផល​ចំណេញ​ពី​ការ​រួច​ពន្ធ​ទំនិញ​ ​នាំចេញ​ទៅ​ទីផ្សារ​អឺរ៉ុប​ ​ជិត​៧០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

កម្មករ​ជិត​ ​១លាន​នាក់​នៅ​កម្ពុជា​ ​ពឹងផ្អែក​លើ​វិស័យ​វាយនភណ្ឌ​ ​និង​ផលិតផល​ផ្សេងទៀត​ ​ដែល​រក​ចំណូល​ជាង​៥ពាន់​លាន​ដុល្លារ​ ​ក្នុង​មួយឆ្នាំ​ ​ដោយសារ​តែ​ការ​នាំ​ចេញ​ផលិតផល​ទៅ​ទីផ្សារ​អឺរ៉ុប។​ ​វិស័យ​ឧស្សាហកម្ម​នេះ​ ​គឺ​ជា​វិស័យ​សំខាន់​មួយ​ក្នុង​ចំណោម​វិស័យ​ចំនួន៤​ ​ដែល​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ ​បន្ទាប់​ពី​វិស័យ​កសិកម្ម​ ​សំណង់​ ​និង​ទេសចរណ៍។

សហភាព​អឺរ៉ុប​នៅដើម​ខែ​តុលា​ ឆ្នាំ២០១៨ ​បាន​ជូន​ដំណឹង​ទៅ​រដ្ឋាភិបាល​កម្ពុជា​ដែល​កំពុង​ដឹកនាំ​ប្រទេស​ដោយ​ឯក​បក្ស​ថា​ ​ប្រទេស​កម្ពុជា​នឹង​បាត់បង់​ឋានៈ​អនុគ្រោះ​ពន្ធ​សម្រាប់​នាំ​ទំនិញ​ចូល​ទីផ្សារ​របស់​សហ​ភាព​អឺរ៉ុប​ ​ដោយ​សារ​តែ​ការរំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិប​តេយ្យ។​ ​សហ​ភាព​អឺរ៉ុប​ក៏បាន​ទុក​ពេល​ឲ្យ​កម្ពុជា​រយៈពេល​១២ខែ​ ​ដើម្បី​ស្តារ​ស្ថានភាព​ប្រជាធិប​តេយ្យ​ឡើង​វិញ​ ​មុន​នឹង​សម្រេច​ដក​ពន្ធ​អនុគ្រោះ​ដែល​ផ្ដល់​ផល​ចំណេញ​ដល់​កម្ពុជា​ប្រមាណ​ ​៧០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

លោក​ ​George Edgar​ ​ឯក​អគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​ប្រាប់​ ​VOA​ ​តាម​រយៈ​សារ​អេឡិច​ត្រូនិច​ ​ឬ​អ៊ីមែល​ ​នា​រសៀល​ថ្ងៃ​ចន្ទ​នេះ​ថា​ ​ការ​ចាប់​ផ្តើម​នីតិវិធី​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​ធ្វើ​ឡើង​ដោយ​សារ​ការព្រួយ​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។​ ​លោក​បន្ថែម​ថា ​រហូត​មក​ដល់​ពេល​នេះ​ នីតិវិធី​នៃ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ​មិន​ទាន់​ត្រូវ​បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​នៅ​ឡើយ​ដោយ​ត្រូវ​រង់​ចាំ​រហូត​ដល់​រយៈពេល​១២​ខែ​ដូច​បាន​កំណត់។​

លោក​ ​George Edgar​ ​បញ្ជាក់​ពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​លើកឡើង​របស់​លោក​ ​ហ៊ុន សែន​ ​ឲ្យ​មាន​ការ​ចរចារ​ ក្នុង​ន័យ​ដើម​ថា៖​

«សហភាព​អឺរ៉ុប​បាន​សង្កត់​ធ្ងន់​ថា​ នៅតែ​បើក​ចំហរ​ឲ្យ​មាន​ការចរចារ​ជាមួយ​នឹង​កម្ពុជា​ ​ហើយប្រសិន​បើ​កម្ពុជា​ចាត់​វិធាន​ការ​ណាមួយភ្លាមៗ​ ដើម្បី​កែប្រែ​ស្ថានការណ៍​ដែល​បាន​ផ្តើម​ឲ្យ​មាន​នីតិវិធី​ដក​ពន្ធ​អនុគ្រោះ​ នោះ​សហភាព​អឺរ៉ុប​នឹង​ពិចារណា​ឡើង​វិញ​នូវ​ស្ថានការណ៍​នេះ»។

ការ​ព្រមាន​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ការ​ធ្លាក់​ចុះ។​ ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ឈ្នះ​យក​អាសនៈ​ទាំង​អស់​ចំនួន​១២៥​ ​កាលពី​ការ​បោះឆ្នោត​ជាតិ​ខែកក្កដា ឆ្នាំ​២០១៨ ក្រោយ​ពី​តុលាការ​បាន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិនិង​ហាមឃាត់​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​នេះចំនួន​១១៨​រូប​ ​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល​៥ឆ្នាំ។​ ​ចំណែក​ការ​បង្ក្រាប​លើ​សង្គម​ស៊ីវិល​ ​ការ​រឹតត្បិត​លើ​សារ​ព័ត៌មាន​ឯករាជ្យ​ ​ព្រមទាំង​ការ​រឹតត្បិត​ក្រុម​សំឡេង​ប្រឆាំង​ ​ក៏​ជាផ្នែក​មួយ​ដែល​ធ្វើឲ្យ​មាន​ការ​ព្រ​មាន​ដាក់​ទណ្ឌកម្ម​ ​និង​រិះគន់​ផង​ដែរ។

ក្រុម​សហជីព​ ​អ្នក​ឃ្លាំមើល​សង្គម​ ​និង​អ្នកធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​កម្មករ​ជាច្រើន​បាន​លើកឡើង​ជា​បន្ត​បន្ទាប់​ពី​ការ​ព្រួយបារម្ភ​និង​ផល​ប៉ះពាល់​ថា​ ​កម្ពុជា​អាច​ប្រឈម​នឹង​វិបត្តិ​យ៉ាង​ធ្ងន់ធ្ងរ​ ​ប្រសិនបើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវ​បាន​ដកចេញ​ពី​កម្ពុជា។​ ​ពួកគេ​ក៏​បាន​ស្នើ​ឲ្យ​មានការ​ចរចា​រវាង​ភាគី​រដ្ឋា​ភិបាល​និង​គណៈកម្មការ​សហភាព​អឺរ៉ុប​ ​នៅ​មុន​ពេល​មានការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​«គ្រប់​មុខ​ទំនិញ​លើកលែង​សព្វា​អាវុធ»​ ​ជា​ផ្លូវការ។

យ៉ាង​ណា​ក្តី​ទាំង​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​ ​និង​មន្រ្តី​ជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ប្រកាស​ជា​រឿយៗ​ថា​ ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ឬការ​ដាក់​ទណ្ឌកម្ម​ណាមួយ​ពី​អន្តរជាតិ​នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​នោះទេ។​ ​ពួកគេ​ក៏​បាន​បញ្ជាក់​ថា​ ​ការ​រំលាយ​គណបក្ស​ប្រឆាំង​និង​ការ​បង្ក្រាប​នានា​ដែល​អន្តរ​ជាតិ​ហៅ​ថា​ជា​ការបង្ក្រាប​ដែលធ្វើ​ឲ្យ​ខូចខាត​ប្រជាធិបតេយ្យ​នោះ​ ​គឺ​ជាការ​អនុវត្តច្បាប់​ស្រប​តាម​ប្រទេស​នីតិរដ្ឋ​ប៉ុណ្ណោះ៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG