សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកពីររូប គឺលោក Ted Cruz និងលោក Chris Coons បានដាក់ស្នើសេចក្តីព្រាងច្បាប់ថ្មីមួយនៅថ្ងៃពុធនេះ ដែលមានឈ្មោះថា«ច្បាប់ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩»ដើម្បីតម្រូវឱ្យរដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ ធ្វើការពិនិត្យមើលឡើងវិញឋានៈអនុគ្រោះពន្ធទូទៅ(GSP) ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យកម្ពុជា។
លោកសមាជិកព្រឹទ្ធសភា Ted Cruz នៃរដ្ឋតិចសាស បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា៖
«សហរដ្ឋអាមេរិក បានវិនិយោគលើអនាគតនយោបាយនៃកម្ពុជាដោយបង្កើតពាណិជ្ជកម្មគួរឱ្យទុកចិត្តបាន ដូចដែលបានកំណត់នៅក្នុងប្រព័ន្ធអនុគ្រោះពន្ធទូទៅហៅថា GSP។ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃកម្ពុជាបានកេងប្រវ័ញ្ចពីប្រព័ន្ធអនុគ្រោះពន្ធនេះ ដែលផ្តល់ឱ្យដោយសហរដ្ឋអាមេរិកនិងសហគមន៍អឺរ៉ុប។ គាត់បានបរាជ័យមិនគោរពតាមនិយាមសិទ្ធិការងារ មើលស្រាលដល់សុច្ចរិតភាពនៃការបោះឆ្នោតនៅកម្ពុជា ហើយបានងាកឆ្ពោះទៅប្រទេសចិន»។
លោក Ted Cruz បានបន្ថែមទៀតថា៖
«ច្បាប់ពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩នេះនឹងធ្វើឱ្យលោក (ហ៊ុនសែន) និងរដ្ឋាភិបាលរបស់គាត់ទទួលខុសត្រូវចំពោះឥរិយាបទនេះ និងដើម្បីពង្រឹងជំហរដែលដៃគូអឺរ៉ុបរបស់យើងកំពុងចាត់វិធានការ»។
កម្ពុជាទទួលបានពន្ធអនុគ្រោះ GSP ក្នុងឆ្នាំ ១៩៩៧ ហើយបាននាំទំនិញក្រោមកម្មវិធីចូលសហរដ្ឋអាមេរិកចំនួន១៩៧លានដុល្លារនៅឆ្នាំ២០១៦។ សហរដ្ឋអាមេរិកបានសម្រេចពន្យាពន្ធអនុគ្រោះGSP ដល់កម្ពុជាកាលពីខែមេសាឆ្នាំ២០១៨។
លោកសមាជិកព្រឹទ្ធសភា Chris Coons នៃរដ្ឋឌែលឡាវែ បានចោទសួរថាតើកម្ពុជាគួរតែបន្តទទួលបានឋានៈអនុគ្រោះពន្ធនេះដើម្បីនាំទំនិញចូលទីផ្សារសហរដ្ឋអាមេរិកទៀតដែរ ឬ ទេ។
លោក Chris Coons បានបន្ថែមថា៖
«ប្រទេសដែលមើលស្រាលដល់លទ្ធិប្រជាធិបតេយ្យ មិនយកចិត្តទុកដាក់និយាមពលកម្ម មិនគោរពសិទ្ធិមនុស្ស និងមិនយកចិត្តទុកដាក់ការពារកម្មសិទ្ធិបញ្ញា មិនគួរទទួលបានបុព្វសិទ្ធិពាណិជ្ជកម្មពិសេសទេ។ ក្នុងអំឡុងពេលគ្រប់គ្រងអំណាច៣៤ឆ្នាំនេះ លោក ហ៊ុន សែន បានបង្ហាញការមិនគោរពនីតិរដ្ឋ និងសិទ្ធិមូលដ្ឋាននៅកម្ពុជា»។
សហរដ្ឋអាមេរិកជាទីផ្សារនាំចេញដ៏ធំទីពីររបស់កម្ពុជាបន្ទាប់ពីសហភាពអឺរ៉ុប។ ក្នុងមួយឆ្នាំៗកម្ពុជានាំទំនិញចូលសហរដ្ឋអាមេរិកចំនួន ជាង៣ពាន់លានដុល្លារ។
ប្រទេសកម្ពុជាបានរំលាយគណបក្សសង្គ្រោះជាតិនិងចាប់ប្រធានគណបក្ស គឺលោក កឹម សុខាដាក់ពន្ធនាគារ ហើយរៀបចំការបោះឆ្នោតកាលពីខែកក្កដាឆ្នាំមុនដោយគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនឈ្នះយកអាសនៈសភាទាំង១២៥។ ការបោះឆ្នោតនោះរងការរិះគន់ពីបស្ចិមប្រទេស។
សហគមន៍អឺរ៉ុបក៏កំពុងដំណើរការដកឋានៈអនុគ្រោះពន្ធដែលហៅថា«រាល់មុខទំនិញលើកលែងតែសព្វាវុធ» (EBA) ពីកម្ពុជាផងដែរ។ ឋានៈអនុគ្រោះពន្ធនេះ ធ្វើឱ្យកម្ពុជាចំណេញថវិកាជិត៧០០លានដុល្លារក្នុងមួយឆ្នាំ៕