បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរងការបង្រ្កាបយ៉ាងដំណំពីរដ្ឋាភិបាលកម្ពុជានៅមុនការបោះឆ្នោតជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសប្តាហ៍នេះ លើកឡើងថា រដ្ឋាភិបាលចង់ឲ្យអ្នកសារព័ត៌មានហ៊ាននិយាយការពិត និងរិះគន់ក្នុងន័យស្ថាបនា ដើម្បីរួមចំណែកលើកស្ទួយលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
លោក ហ៊ុន សែន លើកឡើងបែបនេះក្នុងសារលិខិតមួយ ដែលលោកផ្ញើទៅវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាស្តីពី «ការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ» ដែលរៀបចំធ្វើឡើងនៅថ្ងៃសុក្រ។
សារលិខិតរបស់លោកនាយករដ្ឋមន្រ្តីដែលមានចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ បញ្ជាក់ថា នៅតាមបណ្ដាញទំនាក់ទំនងសង្គមដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប និងកំពុងពេញនិយមនាពេលបច្ចុប្បន្ន បានធ្វើឲ្យពិភពលោកមានភាពចលាចល និងកំពុងជួបប្រទះបញ្ហាអសន្ដិសុខដ៏គួរឲ្យព្រួយបារម្ភ។ លោកបន្ថែមថា កម្ពុជាក៏បាននិងកំពុងប្រឈមយ៉ាងក្ដៅគគុកទៅនឹងព័ត៌មានក្លែងក្លាយ ដែលលោកថា បង្កឡើងដោយក្រុមអ្នកនយោបាយបក្សប្រឆាំង និងជនឱកាសនិយម ក្នុងគោលដៅប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើបដិវត្តន៍ពណ៌។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បន្ថែមក្នុងលិខិតនោះថា រដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការលើកតម្កើងសិទ្ធិសេរីភាពសារព័ត៌មាន សេរីភាពក្នុងការបញ្ចេញមតិស្របតាមរដ្ឋធម្មនញ្ញកម្ពុជា និងច្បាប់ស្ដីពីរបបសារព័ត៌មាន និងបានផ្ដល់អាទិភាពជាចម្បងក្នុងកម្មវិធីនយោបាយយុទ្ធសាស្ដ្រចតុកោណរបស់រាជរដ្ឋាភិបាល។
លោកបញ្ជាក់ក្នុងន័យដើមថា៖
«រាជរដ្ឋាភិបាលកម្ពុជាត្រូវការនូវសារព័ត៌មាន ដែលមានថាមពលប្រកបដោយការទទួលខុសត្រូវ និងមានភាពស្មោះត្រង់ចំពោះវិជ្ជាជីវៈ គឺទាមទារឲ្យអ្នកសារព័ត៌មានរបស់យើងស្តាប់គ្រប់សំឡេង ហ៊ាននិយាយការពិត ហ៊ានរិះគន់ក្នុងន័យស្ថាបនា [...] ជៀសវាងការផ្សព្វផ្សាយព័ត៌មានតែមួយជ្រុង ឬព័ត៌មានក្លែងក្លាយ ដើម្បីរួមចំណែកប្រឆាំងអំពើពុករលួយ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌សង្គម ការកែទម្រង់រដ្ឋបាលសាធារណៈ ការលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស ការកសាងសង្គមមួយប្រកបដោយភាពយុត្តិធម៌ សុខសន្តិភាព និងការអភិវឌ្ឍយូរអង្វែង»។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកាន់អំណាចជាង៣ទសវត្សរ៍មកហើយនោះ បានបន្ថែមដោយអំពាវនាវឲ្យអ្នកសារព័ត៌មានជាតិ-អន្ដរជាតិនៅកម្ពុជាក្នុងន័យដើមថា៖
«ត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់រដ្ឋ និងជៀសវាងនូវការផ្សព្វផ្សាយព័ត៌មានមិនពិត ឬព័ត៌មានតែមួយជ្រុង ឬដោយសារតែគំនុំ ដោយពុំគិតអំពីក្បួនខ្នាតក្រឹត្យក្រមនៃសារព័ត៌មាន ហើយគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន ឬផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបំប៉ោងសភាពការណ៍ ញុះញង់ឲ្យមានជម្លោះផ្ទៃក្នុងរុញច្រានប្រទេសឲ្យធ្លាក់ក្នុងភាពវឹកវរ អសន្ដិសុខ ឬបង្កឲ្យកើតមានជម្លោះប្រដាប់អាវុធជាមួយប្រទេសជិតខាងធ្វើឲ្យអន្តរាយដល់ជាតិ ដែលជាអំពើខុសខុសច្បាប់ មិនអត់អោនឲ្យជាដាច់ខាត»។
នៅថ្ងៃសុក្រ ទី២១ ខែធ្នូនេះ ក្រុមនិពន្ធនាយក និងតំណាងអ្នកដឹកនាំស្ថាប័នសារព័ត៌មានចំនួនជិត៤០ បានរៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៥ លើប្រធានបទ «ពង្រឹងតួនាទីអ្នកសារព័ត៌មានអាជីពដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។
វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៥ បានចេញសេចក្តីថ្លែងការណ៍រួមមួយនៅថ្ងៃសុក្រនេះ ដោយលើកឡើងថា ព័ត៌មានក្លែងក្លាយ ឬ Fake News កំពុងបង្កបរិយាកាសអាប់អួរដល់សង្គម ដែលធ្វើឲ្យប៉ះពាល់ដល់ជំនឿរបស់មហាជនទៅលើសារព័ត៌មានអាជីព។ វេទិកានិពន្ធនាយកនោះក៏បានបន្ថែមថា អ្នកសារព័ត៌មានអាជីពត្រូវពង្រឹងគុណភាពព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីរក្សាជំនឿទុកចិត្តពីមហាជន ធ្វើយ៉ាងណាឲ្យមហាជនយល់ថា ដើម្បីទទួលបានព័ត៌មានពិត គេត្រូវពឹងសារព័ត៌មានអាជីព។ ពួកគេក៏បានអំពាវនាវឲ្យដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការឲ្យបានតឹងរ៉ឹងចំពោះជនណា ដែលមានចេតនាផលិត និងចែកចាយព័ត៌មានផងដែរ។
វេទិកានិពន្ធនាយកសារព័ត៌មានដែលភាគច្រើនមកពីស្ថាប័នព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ជាក់តាមន័យដើមថា៖
«សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាថា ជាវេទិកាមានសារៈសំខាន់ ជាពិសេសសម្តេចបានយកឱកាសនេះដើម្បីថ្លែងសារទៅកាន់អ្នកសារព័ត៌មាន ដោយបានបង្ហាញឆន្ទៈមោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ»។
ការចេញលិខិតរបស់លោក ហ៊ុន សែន បង្ហាញអំពីការលើកស្ទួយវិស័យសារព័ត៌មាន ដោយជំរុញឲ្យមានការរាយការណ៍ព័ត៌មានពិត និងរិះគន់ដើម្បីស្ថាបនានេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន បានបង្ក្រាបលើសារព័ត៌មានឯករាជ្យមួយចំនួន ដែលតែងរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល ព្រមទាំងបានចាត់ទុកសារព័ត៌មានមួយចំនួននោះថា មាននិន្នាការប្រឆាំងជាដើម។
កាលពីឆ្នាំ២០១៧ ខណៈដែលកម្ពុជាមានស្ថានភាពនយោបាយតានតឹង ក្នុងនោះមានការចាប់ខ្លួនមេដឹកនាំគណបក្សសង្រ្គោះជាតិ លោក កឹម សុខា និងការរំលាយគណបក្សប្រឆាំងដ៏ធំ ក៏មានការបិទប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងពេលជាមួយគ្នា ដូចជាកាសែតឌឹខេមបូឌា ដេលី និងវិទ្យុអាស៊ីសេរី ព្រមទាំងការបិទវិទ្យុជាច្រើនដែលជួលម៉ោងផ្សាយឲ្យវិទ្យុអាស៊ីសេរី និង VOA។ ក្រោយមកមានការចាប់ខ្លួនអ្នកយកព័ត៌មានរបស់វិទ្យុអាស៊ីសេរីពីរនាក់ ដែលពួកគេរងការចោទប្រកាន់ពីការផ្តល់ព័ត៌មានឲ្យបរទេស។
កាសែតភ្នំពេញប៉ុស្តិ៍ដែលមានអាយុកាលជិត៣០ឆ្នាំ ក៏ត្រូវបានលក់ឲ្យទៅម្ចាស់ថ្មី ដែលជាជនជាតិម៉ាឡេស៊ី ស្របពេលដែលមានការបារម្ភថា ការលក់នាពេលនោះ គឺជាសញ្ញាបញ្ចប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅមុនការបោះឆ្នោត។
នៅដើមខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋាភិបាលបានចេញសៀវភៅមួយក្បាលឈ្មោះថា សៀវភៅ «ស» ដែលមានកម្រាស់១៣២ទំព័រ ដោយរៀបរាប់ថា ស្ថាប័នផ្សព្វផ្សាយព័ត៌មានជាច្រើន ដូចជាវិទ្យុអាស៊ីសេរី (RFA) វិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) សំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុសំបុកឃ្មុំ វិទ្យុស្រ្តីជាដើម គឺជាប្រព័ន្ធផ្សព្វផ្សាយដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ផ្សាយព័ត៌មានលម្អៀងខុសពីការពិត និងជាឧបករណ៍បម្រើនយោបាយឲ្យគណបក្សប្រឆាំងផ្កាប់មុខ ក្រោមលេសពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
ស្របពេលដែលចំនួនសាព័ត៌មានឯករាជ្យនៅកម្ពុជាមានការថយចុះ គេឃើញថាសារព័ត៌មានដែលស្និទ្ធ និងរណបទៅនឹងរដ្ឋាភិបាលក៏មានការកើនឡើងកាន់តែច្រើន។
សេរីភាពសារព័ត៌មាននៅកម្ពុជា បានធ្លាក់ចុះចាប់តាំងពីពាក់កណ្ដាលឆ្នាំមុន ដោយសារការបង្ក្រាបរបស់រដ្ឋាភិបាល ទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេស នៅមុនការបោះឆ្នោតសកលកាលពីខែកក្កដា ឆ្នាំ២០១៨។ នេះបើយោងតាមអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ដែលបានទម្លាក់ចំណាត់ថ្នាក់នៃសេរីភាពសារព័ត៌មានរបស់កម្ពុជារហូតដល់លំដាប់ទី១៤២ ក្នុងចំណោមប្រទេសចំនួន១៨០ទូទាំងពិភពលោក គឺបានធ្លាក់ចុះ១០កម្រិតថែមទៀត បើធៀបនឹងចំណាត់ថ្នាក់កាលពីឆ្នាំ២០១៧៕