បញ្ហាកោះតៃវ៉ាន់ ដែលកំពុងប្រឈមដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិន នឹងត្រូវបានលើកឡើងឡើងក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការលើកឡើងរបស់អ្នកវិភាគ និងអ្នកតាមដាននយោបាយក្នុងប្រទេសកម្ពុជា។
ក្រោយការប្រកាសពីបំណងរបស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ដែលជាទីកន្លែងដែលចិនតែងតែអះអាងថាជាផ្នែកនៃទឹកដីរបស់ខ្លួននោះ ភាពតានតឹងកំពុងតែផុសឡើងរវាងប្រទេសមហាអំណាចទាំងពីរ គឺសហរដ្ឋអាមេរិក និងចិន។ អ្នកវិភាគជំរុញឱ្យសមាគមអាស៊ានជារួម និងកម្ពុជាដោយឡែក ប្រកាន់នូវជំហរ«កណ្តាល»ដើម្បីធានាបាននូវផលប្រយោជន៍ ក៏ដូចជាសន្តិសុខតំបន់ និងប្រទេស។
អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា បញ្ហាកោះតៃវ៉ាន់នឹងត្រូវបានលើកយកមកពិភាក្សាគ្នាយ៉ាងផុសផុលនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លុះត្រាណាតែអ្នកស្រី Nancy Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកពិតជាធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ហើយចិនប្រើប្រាស់កងកម្លាំងជាការឆ្លើយតបនឹងដំណើរទស្សនកិច្ចនេះ។
អ្នកស្រាវជ្រាវរូបនេះបន្តថា បើមានការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក នោះវានឹងក្លាយជារបៀបវារៈចម្បងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយវានឹងបង្កការពិបាកនៅក្នុងការសម្របសម្រួល ដែលឈានដល់មិនអាចចេញសេចក្តីថ្លែងការណ៍រួមគ្នាបាន ខណៈប្រទេសមហាអំណាចទាំងពីរមិនមានការចុះសម្រុងគ្នា។
បើតាមលោក វណ្ណ ប៊ុនណា ដើម្បីចៀសការធ្លាក់ទៅក្នុងភាពចម្រូងចម្រាសនេះ អាស៊ានក៏ដូចជាកម្ពុជា មិនត្រូវយកបញ្ហានេះជាការពិភាក្សាគោលនៅក្នុងកិច្ចប្រជុំទេ ហើយជំរុញឱ្យភាគីទាំងពីរដោះស្រាយគ្នាតាមរយៈការចរចាជាលក្ខណៈទ្វេភាគី។ លោកបន្តថា អាស៊ាននិងកម្ពុជាត្រូវប្រកាន់ខ្ជាប់នូវមាគ៌ា«មជ្ឈភាព»របស់ខ្លួន មានន័យថា មិនគាំទ្រការព្រមានប្រើប្រាស់កងកម្លាំងរបស់ចិន និងដំណើរទស្សនកិច្ចរបស់អ្នកស្រី Pelosi ប្រធានរដ្ឋសភារបស់អាមេរិកឡើយ។
លោកថ្លែងថា៖ «កម្ពុជាក្នុងនាមជាប្រធានអាស៊ានគួរតែបង្ហាញពីជំហររបស់ខ្លួនដែលជាជំហរកណ្តាល បើទោះជាកម្ពុជាមានជំហរទៅរកចិនពិតមែន ក៏ប៉ុន្តែកម្ពុជានៅក្នុងវិបត្តិមួយនេះ កម្ពុជាមិនគួរបង្ហាញពីភាពគាំទ្រទៅលើចិន ឬក៏សហរដ្ឋអាមេរិកទេ»។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិក អ្នកស្រី Nancy Pelosi បានចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ី កាលពីថ្ងៃចន្ទ នៅក្នុងប្រទេសសិង្ហបុរី ស្របពេលដែលប្រទេសចិនព្រមានថា យោធារបស់ខ្លួននឹងមិន«អង្គុយនៅស្ងៀម»នោះទេ ប្រសិនបើអ្នកស្រីធ្វើទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួន។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ទោះជាយ៉ាងណា បើតាម Reuters ដោយយោងតាមប្រភពដែលជិតស្និទ្ធនឹងអ្នកស្រី Pelosi ប្រធានរដ្ឋសភាសហរដ្ឋអាមេរិករូបនេះរំពឹងថា នឹងទៅដល់ទីក្រុងតៃប៉ិ កោះតៃវ៉ាន់ វេលាម៉ោង១០និង២០នាទីយប់នៅថ្ងៃអង្គារនេះ ហើយនឹងមានជំនួបជាមួយប្រធានាធិបតីតៃវ៉ាន់ អ្នកស្រី សៃ អ៊ីងវេន (Tsai Ing-wen) នៅថ្ងៃពុធ ខណៈថា «អ្វីៗគ្រប់យ៉ាងគឺអាចនឹងមានភាពប្រែប្រួលជានិច្ច»។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយក្នុងប្រទេសកម្ពុជា លើកឡើងថា បញ្ហាកោះតៃវ៉ាន់នឹងមិនត្រូវបានលើកយកមកជជែកគ្នាច្រើន ដែលអាចជាបន្ទុកនៅក្នុងកិច្ចប្រជុំរបស់អាស៊ានទេ ប៉ុន្តែនឹងមានការលើកឡើងជារួមដោយឱ្យភាគីនីមួយៗគោរពតាមស្មារតីនៃច្បាប់អន្តរជាតិ។
សាស្ត្រាចារ្យរូបនេះអះអាងថា កម្ពុជាជាប្រទេសតូច ដូច្នេះមិនអាចធ្វើអ្វីបានឡើយ ក្រៅពីអំពាវនាវឱ្យប្រទេសមហាអំណាចទាំងពីរអនុវត្តតាមគោលការណ៍អត់ធ្មត់ ក៏ដូចជាច្បាប់អន្តរជាតិ ហើយថាចិន និងសហរដ្ឋអាមេរិកអាចមានការនិយាយគ្នាជាទ្វេភាគី ដែលមិនមែនស្ថិតនៅក្នុងក្របខណ្ឌកិច្ចប្រជុំអាស៊ានឡើយ។
បើតាមលោក ឯម សុវណ្ណារ៉ា ការគោរពទៅតាមច្បាប់អន្តរជាតិជាជំហររបស់កម្ពុជា និងអាស៊ានទៅលើការប្រទាញប្រទង់គ្នារវាងចិន និងអាមេរិកទៅលើកោះតៃវ៉ាន់។
លោកថ្លែងថា៖ «ឈរលើគោលការណ៍ច្បាប់អន្តរជាតិ ជជែកគ្នាផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ បានន័យថា រក្សាអ្វីៗ ឬក៏បញ្ហាដោះស្រាយបញ្ហាសន្តិសុខតំបន់ហ្នឹង គឺផ្អែកទៅលើគោលការណ៍ច្បាប់ជារួម»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា ប្រាប់វីអូអេថា មហាអំណាចទាំងពីរនឹងលើកយកបញ្ហាកោះតៃវ៉ាន់មកជជែកនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសរបស់អាស៊ាន ដែលនឹងនាំឱ្យកិច្ចប្រជុំនោះមានភាពតានតឹង។ លោកបន្ថែមថា ផលវិបាករបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានគឺមិនអាចចេញសេចក្តីថ្លែងការណ៍រួមបាន ប្រសិនបើនៅក្នុងសេចក្តីថ្លែងការណ៍នោះមានឃ្លា ឬក៏ពាក្យពេចន៍គាំទ្រភាគីណាមួយ។
លោកថ្លែងថា៖ «ដោយគ្មានសេចក្តីថ្លែងការណ៍រួម ដោយសារអី ដោយសារបើមានការលើកឡើងនូវពាក្យពេចន៍មួយចំនួនដែលមានលក្ខណៈជាការវាយប្រហារ ឬក៏ការគាំទ្រ ឬក៏ជាការការពារនូវរបៀបវារៈមហាអំណាចណាមួយនៅក្នុងសេចក្តីថ្លែងការណ៍រួមនោះគឺប្រាកដហើយវានឹងមិនចេញរួចទេ។ អ៊ីចឹងទេអានោះគឺជាបញ្ហាប្រឈមសម្រាប់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន»។
លោកបណ្ឌិត គិន ភា បន្តថា ការប្រកាន់នូវគោលការណ៍«មជ្ឈភាព»របស់កម្ពុជា និងអាស៊ាន ហើយការអនុវត្តនូវយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិកយ៉ាងប្រុងប្រយ័ត្ន និងជាក់ស្តែងនិយមទៅលើបញ្ហានេះជាត្រីវិស័យសំខាន់សម្រាប់ការធ្វើទំនាក់ទំនងជាមួយប្រទេសមហាអំណាចដើម្បីចៀសផុតពីហានិភ័យដែលកើតចេញពីការប្រកួតប្រជែងរបស់ពួកគេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល ប្រាប់វីអូអេថា សមាគមអាស៊ានបានយល់ស្របគ្នាថា មហាអំណាចមិនអាចលូកដៃ ឬក៏មានឥទ្ធិពលនៅក្នុងកិច្ចប្រជុំរបស់អាស៊ានឡើយ។
លោកថ្លែងថា៖ «អាស៊ានបានឯកច្ឆន្ទ(កុងសង់ស៊ីស)មិនឱ្យមហាអំណាចណាមានឥទ្ធិពលជះមកលើក្នុងការប្រជុំរបស់អាស៊ាន ឬតំបន់អាស៊ានទេ»។
គួរបញ្ជាក់ថា ប្រទេសកម្ពុជាបានគាំទ្រចិនតាមរយៈការអនុវត្តនូវគោលនយោបាយ«ចិនតែមួយ»ទៅលើបញ្ហាកោះតៃវ៉ាន់ ខណៈផ្តាច់ទំនាក់ទំនង ឬក៏មិនអនុញ្ញាតឱ្យទីក្រុងតៃប៉ិមានអគ្គកុងស៊ុល ឬក៏ទូតនៅកម្ពុជាឡើយ៕