លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រឡប់មកពីចូលរួមវេទិកា«ក្រវាត់ផ្លូវពាណិជ្ជកម្ម»ជាលើកទី២នៅប្រទេសចិន ដោយប្រកាសអរគុណរដ្ឋាភិបាលចិនដែលជួយកម្ពុជាពីការប្រឈមជាមួយនឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប បន្ទាប់ពីរដ្ឋាភិបាលចិនបានសន្យាផ្តល់ជំនួយផ្នែកយោធាជិត៩០លានដុល្លារដល់កម្ពុជា។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមវេទិកា«ក្រវាត់ផ្លូវពាណិជ្ជកម្ម» នៅទីក្រុងប៉េកាំង ដែលរៀបចំដោយរដ្ឋាភិបាលចិន ចាប់ពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
នៅថ្ងៃចន្ទនេះ ក្រោយពីការចាកចេញពីប្រទេសចិន លោកនាយករដ្ឋមន្ត្រីបានបង្ហោះសារបង្ហាញអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងចំណងមិត្តភាពនិងសហប្រតិបត្តិការរបស់ប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ។ លោកសរសេរនៅលើបណ្តាញសង្គមថា កម្ពុជាកំពុងទទួលបានភាពជោគជ័យជាបណ្តើរៗពីគោលនយោបាយ «ក្រវាត់ផ្លូវពាណិជ្ជកម្ម» តាមរយៈការតភ្ជាប់លើគ្រប់វិស័យ។ លោកបន្តថា យុទ្ធសាស្រ្តក្រវាត់ផ្លូវពាណិជ្ជកម្ម ស្របគ្នានឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាគោលនយោបាយអំពីការលើកស្ទួយវិស័យកសិកម្ម ការស្តារនិងកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍផ្នែកឯកជន និងការងារ ការកសាងសមត្ថភាពនិងអភិវឌ្ឍន៍ធនធានមនុស្ស។
ក្នុងសារដដែលនោះ លោកនាយករដ្ឋមន្រ្តីក៏បានអរគុណភាគីចិនដែលបានជួយពាក់ព័ន្ធនឹងគម្រោងដកប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើប្រទេសចិនបានជួយកម្ពុជាបែបណានោះទេ។
លោកសរសេរតាមន័យដើមថា៖«អរគុណដល់ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ដែលបានចូលរួមជួយដល់កម្ពុជាដែលនឹងត្រូវប្រឈមជាមួយនឹងការ EBA របស់សហភាពអឺរ៉ុប ដែលចំណុចនេះ ឯកឧត្ដមនាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានបញ្ជាក់ពីការខិតខំរបស់ឯកឧត្តមក្នុងការជួយដល់ប្រទេសកម្ពុជាផងដែរ»។
ប្រព័ន្ធអនុគ្រោះពន្ធក្រោមកម្មវិធី«គ្រប់មុខទំនិញលើកលែងតែសព្វាវុធ» (EBA) ត្រូវបានសហភាពអឺរ៉ុបបង្កើតឡើងកាលពីឆ្នាំ២០០១ ដោយបានផ្តល់ចំណេញពីការរួចពន្ធទំនិញនាំចេញទៅទីផ្សារអឺរ៉ុបជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។
កម្មករជិតមួយលាននាក់នៅកម្ពុជាពឹងផ្អែកលើវិស័យវាយនភ័ណ្ឌនិងផលិតផលផ្សេងទៀត ដែលរកចំណូលជាង៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារតែការនាំចេញផលិតផលទាំងនេះទៅទីផ្សារអឺរ៉ុប។ វិស័យឧស្សាហកម្មនេះគឺជាវិស័យសំខាន់មួយក្នុងចំណោមវិស័យចំនួន៤ដែលទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីវិស័យកសិកម្ម សំណង់និងទេសចរណ៍។
សហភាពអឺរ៉ុបនៅដើមខែតុលា ឆ្នាំ២០១៨ បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាដែលកំពុងដឹកនាំប្រទេសដោយឯកបក្សថា ប្រទេសកម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហភាពអឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្ស និងការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ។
ទោះជាយ៉ាងណាក្តីទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលបានប្រកាសជារឿយៗថា ការដកប្រព័ន្ធអនុគ្រោះពន្ធឬការដាក់ទណ្ឌកម្មណាមួយពីអន្តរជាតិនឹងមិនធ្វើឲ្យប៉ះពាល់ដល់កម្ពុជានោះទេ។
សារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តីដដែលនោះបានឲ្យដឹងថា លោក ហ៊ុន សែន ក៏បានជម្រាបប្រធានាធិបតីចិនថា កម្ពុជាកំពុងធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឲ្យកម្ពុជាមានលក្ខណៈប្រកួតប្រជែង ក្នុងគោលបំណងសម្រួលដល់ការធ្វើពាណិជ្ជកម្មរបស់អ្នកវិនិយោគិនបរទេសនៅកម្ពុជា។ លោកក៏បានស្នើដល់ក្រុមហ៊ុនចិនមកធ្វើពាណិជ្ជកម្មនៅកម្ពុជាជាបន្តទៀត ជាពិសេសធ្វើយ៉ាងណាឲ្យទីផ្សារចិនមានការបើកចំហជាងមុន លើការនាំចូលផលិតផលកសិកម្មពីកម្ពុជាផង ដើម្បីរក្សាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្រ្តីសរសេរលើទំព័រហ្វេសប៊ុករបស់លោកតាមន័យដើមថា៖ «ពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវនេះ គឺចិននឹងជំរុញការកសាងក្នុងតំបន់សេដ្ឋកិច្ចដូចជាការកសាងព្រលានយន្តហោះ ផ្លូវល្បឿនលឿន ជាពិសេសក្នុងការនាំចូលអង្ករពីប្រទេសកម្ពុជាតាមគោលការណ៍ដែលផ្ដល់ជូន។ ចិននឹងបន្តគាំទ្រជួយដល់វិស័យការពារជាតិដល់ប្រទេសកម្ពុជាផងដែរ ហើយក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតីចិនបានប្រកាសថា ចិននឹងជួយ៦០០លានយ័នដល់វិស័យការពារជាតិកម្ពុជា»។
កម្ពុជាមានទំនាក់ទំនងជិតស្និទ្ធជាមួយចិនកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ស្របពេលដែលទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកមានភាពរកាំរកូស។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គមនិងជាអ្នកវិភាគនយោបាយឯករាជ្យលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលនេះ ជាការបង្ហាញអំពីការផ្តេកផ្តួលកាន់តែខ្លាំងទៅលើប្រទេសចិនទាំងផ្នែកសេដ្ឋកិច្ចនិងផ្នែកយោធា។ លោកបន្តថា កម្ពុជាកំពុងតែដើរផ្ទុយពីរដ្ឋធម្មនុញ្ញនិងការប្រកាសជារឿយៗរបស់ខ្លួនដែលថា កម្ពុជាជាប្រទេសអព្យាក្រឹត្យ មិនពឹងផ្អែកលើប្រទេសណាមួយនោះ។
លោកមានប្រសាសន៍ថា៖
«ជាការប្រមើរមើលរបស់ខ្ញុំ មកដល់ពេលនេះសម្រាប់រដ្ឋាភិបាលកម្ពុជាគាត់មានការពិបាកក្នុងការដកខ្លួនបន្តិច ព្រោះនៅក្នុងស្ថានភាពនយោបាយក្នុងស្រុក ដរាបណាសំឡេងគណបក្សប្រឆាំងនៅតែមានភាពប្រណាំងប្រជែងខ្ពស់ ខ្ញុំគិតថាការដកខ្លួនពីចិនគឺនឹងអាចធ្វើឲ្យគណបក្សកាន់អំណាចហ្នឹងត្រូវមានការលំបាកក្នុងការរក្សាស្ថិរភាពនយោបាយរបស់ខ្លួន ដោយសារយើងមិនសូវត្រូវរ៉ូវគ្នាជាមួយបស្ចិមប្រទេស»។
ក្នុងដំណើរទស្សនកិច្ចនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានចូលរួមធ្វើជាសាក្សី នៃពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសំខាន់ៗចំនួន៦ រួមមានអនុស្សារណៈនៃការយោគយល់គ្នាស្តីពីបញ្ជីគម្រោងគន្លឹះវង់ទី២ សម្រាប់កិច្ចសហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគ។ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ នៃការជួយគ្នាទៅវិញទៅមកក្នុងកិច្ចការគយ។ អនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ ស្តីពីការនាំអង្ករកម្ពុជាចំនួន៤០ម៉ឺនតោនចូលទីផ្សារចិន។ អនុស្សារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្រោមយុទ្ធសាស្រ្តចតុកោណនិងគំនិតផ្តួចផ្តើម «ក្រវាត់ផ្លូវពាណិជ្ជកម្ម»។ផែនការសកម្មភាពស្តីពីការបង្កើតសហគមន៍វាសនារួម កម្ពុជា-ចិន និងកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេស ជាហិរញ្ញប្បទានឥតសំណងផងដែរ៕