ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន​ ​ត្រឡប់​មក​ប្រទេស​វិញ ក្រោយ​លោក​ឆ្លង​ជំងឺ​កូវីដ​១៩


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ អញ្ជើញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Ngurah Rai ដើម្បី​ចូលរួម​កិច្ចប្រជុំកំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (Ajeng Dinar Ulfiana/Pool Photo via AP)
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ អញ្ជើញ​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ Ngurah Rai ដើម្បី​ចូលរួម​កិច្ចប្រជុំកំពូល G20 នៅ​កោះ​បាលី ប្រទេស​ឥណ្ឌូណេស៊ី ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២។ (Ajeng Dinar Ulfiana/Pool Photo via AP)

លោក​ ហ៊ុន សែន​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ​បាន​បង្ហោះសារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​លោក​ឆ្លង​ជំងឺ​កូវីដ​១៩​ នៅ​ពេល​លោក​បាន​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេ​ដឹកនាំ​នៃ​ក្រុម​ប្រទេស​ដែល​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​ទាំង​២០ ឬ​G20 ​នៅ​កោះ​បាលី​ នៃ​ប្រទេស​ឥណ្ឌូ​ណេស៊ី។ ​លោក​បាន​ទៅ​ដល់​ទីនោះ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ។​

ដោយ​សារ​ឆ្លង​កូវីដ​១៩​ លោក​ ហ៊ុន សែន​បានលុប​ចោល​ការ​ចូលរួម​របស់​លោក​ក្នុង​កិច្ច​ប្រជុំ​G20 ​ និង​កិច្ច​សន្ទនា​ក្រៅផ្លូវ​ការ​របស់​មេដឹក​នាំ ​APEC​ នៅ​ទី​ក្រុង​បាងកក​ប្រទេស​ថៃ​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ។ ​លោក​ ហ៊ុន​ សែន​ ​បាន​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​វិញ ​នៅ​វេលា​ម៉ោង​ជិត​៧​យប់​។

បើ​តាម​លោក ​ហ៊ុន សែន ​មុន​ធ្វើ​ដំណើរ​ចេញ​ពី​កម្ពុជា ​លោក​បាន​ធ្វើ​តេស្ត​រាល់​ថ្ងៃ ​ពិសេស​មុន​ពេល​ចេញ​ដំណើរ​ ប៉ុន្តែ​លទ្ធ​ផល​ឃើញ​ថា​ មិន​មាន​ជំងឺ​កូវីដ​១៩ ​នោះ​ទេ។ ​លោក​បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​ថា៖ ​«ខ្ញុំ​មិន​ច្បាស់​ថា​មេរោគ​នេះ​មក​នៅ​ជាមួយ​ខ្លួន​ខ្ញុំ​ចាប់​ពី​ពេល​ណា​មក​នោះ​ឡើយ​ តែ​អ្វី​ដែល​ច្បាស់​ពេល​មក​ដល់​ ពេទ្យ​ឥណ្ឌូណេស៊ី​យក​សំណាក​ពេល​ល្ងាច ​លុះ​ព្រឹក​ឡើង​បញ្ជាក់​ថា ​វិជ្ជមាន​កូវីដ១៩ ​ដែល​យើង​ត្រូវតែ​ទទួល​ស្គាល់ ​បើ​ទោះ​ជា​ក្នុង​ខ្លួន​យើង​មិន​មាន​អាការៈ​ចម្លែក​ក៏​ដោយ»។​

មុន​ធ្វើ​ដំណើរ​ទៅ​កោះ​បាលី ​លោក​ ហ៊ុន សែន ​បាន​ជួប​ជាមួយ​ព្រះចៅ​ស៊ុលតង់​នៃ​ប្រទេស​ប្រ៊ុយណេ ​ដែល​បាន​មក​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន។​ នៅ​ពេល​ចាប់​ដៃ​គ្នា ​លោក ​ហ៊ុន សែន ​បាន​ពាក់​ម៉ាស​ផង​ដែរ។​

លោក ​ហ៊ុន សែន ​បាន​លើក​ឡើង​បន្ថែម​ក្នុង​សារ​តាម​ហ្វេសប៊ុក​ថា​លោក​មិន​បាន​ទៅ​ចូលរួម​បាយ​ល្ងាច​ជាមួយ​ប្រមុខ​រដ្ឋ ​ប្រមុខ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ត្រូវ​បាន​រៀបចំ​ដោយ​ប្រធានាធិបតី​បារាំង ​នៅ​កោះ​បាលី ​ដោយ​សារ​លោក​បាន​ទៅ​ដល់​យឺត។​

កាលពី​ថ្ងៃ​ទី១៣​ ខែ​វិច្ឆិកា លោក​ ហ៊ុន សែន​ ដែល​មាន​វ័យ​៧០​ឆ្នាំ​ បាន​ប្រាប់​ក្រុម​អ្នក​កាសែត​ដែល​យក​ព័ត៌មាន​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នៅ​វិមាន​សន្តិ​ភាព​ថា​លោក​ធ្វើ​ការ​មួយ​រយៈ​នេះ​ច្រើន​ម៉ោង ​ដែល​មាន​រហូត​ទៅ​ដល់​ជាង​១០​ម៉ោង​ក៏​មាន។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​ប្រាប់​វីអូអេ​នៅ​ព្រឹក​ថ្ងៃអង្គារ​នេះ​ថា ​ប្រហែល​ជា​លោក​នាយក​រដ្ឋ​មន្ត្រី​ផ្តា​សាយ​ធំ​តែ​ប៉ុណ្ណោះ ​ ប៉ុន្តែ​លោក​ត្រូវ​តែ​គោរព​តាម​លទ្ធ​ផល​នៃ​ការ​ធ្វើ​តេស្ត។​

លោក​បញ្ជាក់​ថា៖ ​«ចំពោះ​ខ្ញុំ​វិញ ​ខ្ញុំ​យល់​ឃើញ​ថា​ជា​ជំងឺ​ផ្តាសាយ​ធំ ពីព្រោះ​ជា​បទ​ពិសោធន៍​របស់​យើង​ហ្នឹង​ បន្ទាប់​ពី​ចាក់​ថ្នាំ​ការពារ​ហើយឱ្យ​តែ​ជំងឺ​ផ្តាសាយ​ហ្នឹង​ វា​ឱ្យ​សញ្ញា​ថា​កើត​កូវីដ​ណា៎​ពី​ព្រោះ​លោក​អស់​កម្លាំង​ខ្លាំង។ ​ពេល​ឃើញ​ថ្ងៃ​ចុង​ក្រោយ​របស់​លោក​ហ្នឹង ​លោក​លើក​ជើង​ដើរ​ស្ទើរ​មិន​ចង់​រួច​ហើយ»។​

បើ​តាម​លោក​ ផៃ ស៊ីផាន ​នៅ​ក្នុង​កិច្ច​ប្រជុំ​G20​នោះ ​នឹង​មាន​តំណាង​របស់​កម្ពុជា​ចូល​រួមជា​ធម្មតា​ បើ​ទោះ​បី​ជា​អវត្ត​មាន​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ក៏​ដោយ។​

ប្រធាន​សមាគម​គ្រូពេទ្យ​គុណធម៌​កម្ពុជា​ លោក​ អ៊ូច វុទ្ធី ​យល់​ឃើញ​ថា ​នៅ​កម្ពុជា ​ការ​វាយ​លុក​របស់​ជំងឺ​កូវីដ​១៩ ​ទំនង​មិន​កើត​មាន​ទៀត​នោះ​ទេ។ ​ លោក​បន្ត​ថា​ ដោយ​សារ​ អាកាស​ធាតុ​កម្ពុជា​មាន​ការ​ប្រែប្រួល​មួយ​រយៈ​នេះ ​ ទើប​បណ្តាល​ឱ្យ​មនុស្ស​ងាយ​ឈឺ​ផ្តា​សាយ​ធំ​ ដែល​តែង​តែ​សង្ស័យ​ទៅ​លើ​ជំងឺ​កូវីដ​១៩​នោះ។ ​លោក​បន្ថែម​ថា​មនុស្ស​ចាស់​គឺ​ងាយ​ឆ្លង​ខ្លាំង​ជាង​គេ​បំផុត។​

លោក​ថ្លែង​ថា៖ ​«បើ​សិន​ជា​កូវីដ​វាយ​លុក​មក​ស្រុក​ខ្មែរ​យើង​ដូច​ជា​វា​អស់​ហើយ​ វា​អត់​មាន​ទេ។ ​បើ​និយាយ​វា​ជា​ស្ថាន​ភាព​នៃ​បង​ប្អូន​វា ជា​គ្រួសារ​វា​ ព្រោះ​អាហ្នឹង​វា​ជា​គ្រុន​ផ្តា​សាយ​ធំ ​ដូច​គ្នា​ហើយ​លឿន​ណាស់​គ្រុន​ផ្តា​សាយ​ធំ​ហ្នឹង​ តែ​ប្អូន​ឯង​នៅ​ជិត​អ្នក​ណា​ ដែល​ឆឺត​ឆតៗ​ ប្អូន​ឯង​ឆ្លង​ភ្លាម​ណា៎»។ ​

នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ជួប​មេ​ដឹកនាំ​មួយ​ចំនួន​ក្នុង​ជំនួប​ទ្វេភាគី ​ក្នុង​នោះ​រួម​មាន​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​នាយក​រដ្ឋ​មន្ត្រី​កាណាដា​ ជប៉ុន​ ឥណ្ឌា ​និង​អគ្គ​លេខាធិការ​អាស៊ាន​ជាដើម។​

បើ​តាម​សេតវិមាន ​លោក ​Joe Biden ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក ​បាន​ធ្វើ​តេស្ត​កូវីដ​ ហើយ​លទ្ធ​ផល​បង្ហាញ​ថា​ អវិជ្ជ​មាន​ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ៕

XS
SM
MD
LG