ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​រំលាយ ហៅ​ការ​តែងតាំង​លោក ហ៊ុន សែន ថា«​អធម្មនុញ្ញភាព‍»​


រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។ (ស៊ុន ណារិន/VOA)
រូបឯកសារ៖ ស្លាក​សញ្ញា​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្នុង​ក្រុង​សៀមរាប​ ដែល​មាន​រូប​អតីត​ប្រធាន​គណបក្ស​ លោក សម រង្ស៊ី និង​ប្រធាន​គណបក្ស​បច្ចុប្បន្ន លោក កឹម សុខា។ (ស៊ុន ណារិន/VOA)

គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលាការ​កំពូល​កម្ពុជា​រំលាយ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​មុន​ ហើយ​ដែលត្រូវ​បាន​ហាម​មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កក្កដា​ កន្លង​ទៅ​នេះ បាន​ចាត់​ទុក​ការ​តែង​តាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ ថា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា។ នេះ​បើ​យោង​តាម​សេចក្ដីថ្លែងការណ៍​របស់​គណបក្ស​ប្រឆាំង​នេះ ដែល​ VOA ទទួល​បាន​នៅ​ថ្ងៃ​ទី​២២ ខែ​សីហា​ ឆ្នាំ២០១៨ នេះ។

សេចក្ដីថ្លែងការណ៍​ដែល​សរសេរ​ជា​ភាសា​អង់គ្លេស​នេះ បាន​បញ្ជាក់​ថា «ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨ ​បាន​ចាត់តាំង​លោក​ ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី រួច​ទៅ​ហើយ ទោះបីជា​សមាជិក​និង​ថ្នាក់​ដឹកនាំ​រដ្ឋសភា មិន​ទាន់​បាន​ស្បថ​ចូលកាន់​តំណែង​នៅឡើយ​ក៏​ដោយ»។

សេចក្តីថ្លែងការណ៍​គណបក្ស​សង្គ្រោះជាតិ​ចំពោះ​ការ​ប្រកាស​តែងតាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។
សេចក្តីថ្លែងការណ៍​គណបក្ស​សង្គ្រោះជាតិ​ចំពោះ​ការ​ប្រកាស​តែងតាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី។

សេចក្ដីថ្លែងការណ៍​ដដែល​នេះ​បន្ត​ថា «‍ព្រះរាជក្រឹត្យ​នេះ គួរ​ត្រូវ​បាន​ចាត់​ទុក​ជា​មោឃៈ ដោយសារ​វា​ផ្ទុយ​នឹង​វិសោធនកម្ម​មាត្រា​១១៩ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា»។

មាត្រា១១៩​ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ ចែង​ថា «តាម​សេចក្ដី​ស្នើ​ពី​ប្រធាន​ ដោយ​មាន​មតិ​ឯកភាពពី​អនុប្រធាន​ទាំងពីរ​នៃ​រដ្ឋសភា ព្រះមហាក្សត្រ​ ទ្រង់​ចាត់​តាំង​វរជន​មួយ​រូប​ ក្នុងចំណោម​តំណាងរាស្ត្រ​នៃ​គណបក្ស​ដែល​ឈ្នះ​ឆ្នោត​ ឱ្យ​បង្កើត​រាជរដ្ឋាភិបាល»‍។

ព្រះរាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ តែងតាំងលោក ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី។
ព្រះរាជក្រឹត្យ​របស់​ព្រះ​មហាក្សត្រ តែងតាំងលោក ហ៊ុន សែន​ ជា​នាយករដ្ឋមន្ត្រី។

គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​អះអាង​ដែរ​ថា ព្រះរាជក្រឹត្យ​ដែល​បាន​ចេញ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០១៨​នោះ ត្រូវ​បាន​ធ្វើ​ឡើង​តាម​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ ហ៊ុន សែន ដែល​បាន​ឈ្នះ​អាសនៈ​រដ្ឋសភា​ទាំង​១២៥​នៅ​ក្នុង​ការ​បោះឆ្នោត​ដែល​គណបក្ស​ប្រឆាំង​នេះ ហៅ​ថា​ជា​ការ​បោះឆ្នោត​«ក្លែងក្លាយ»៕

XS
SM
MD
LG