ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន សែន ចំណាយ​ថវិកា​ជាតិ​ជាង​៣លាន​ដុល្លារ​ក្នុង​ការ​ឃោសនា​នយោបាយ​ជា​មួយ​កម្មករ​រោងចក្រ


រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)
រូបឯកសារ៖ លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ចុះ​ជួប​កម្មកររោងចក្រ កាល​ពី​ថ្ងៃ​ពុធ ទី៣០ ខែ​កក្កដា ឆ្នាំ​២០១៧។ (រូបថត​ពី​ហ្វេសប៊ុក Samdech Hun Sen, Cambodian Prime Minister)

ក្រោយ​ពេល​​គណ​បក្ស​សង្គ្រោះ​ជាតិ​ដណ្តើម​បាន​ការ​គាំទ្រ​កើន​ឡើង​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​ ​នៅ​ពី​ឆ្នាំ​២០១៧​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​​ ​បាន​ចាប់​ផ្តើម​យុទ្ធនាការ​ចុះ​ជួប​កម្មករ-កម្មការិនី​នៅ​តាម​រោង​ចក្រ​ ​ដោយ​មាន​ភ្ជាប់​នឹង​ការ​ផ្តល់​លុយ​ ​ព្រម​ទាំង​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឲ្យ​លោក​ផង។​ ​ការ​ចុះ​ជួប​​រយៈ​ពេល​​ជាង​១០​ខែ​មក​នេះ​ ​លោក​ ​ហ៊ុន សែន​ ​បាន​ចំណាយ​ថវិកា​ជាតិ​អស់​ជាង​៣លាន​៤​សែន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

ជំនួប​ជាមួយកម្មករ-កម្មការិនីនៅ​ថ្ងៃ​ព្រហស្បតិ៍នេះ​គឹ​ជាការ​សំណេះ​សំណាលលើក​ទី៤៩ ​និង​ជា​លើក​ចុង​ក្រោយ​របស់​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ជាមួយ​កម្មករ-កម្មការិនីក្នុង​វិស័យ​កាត់​ដេរ​ ​មុន​នឹង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​អាណត្តិ​ទី៦​ ត្រូវ​ធ្វើ​ឡើង​នា​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ។​

រយៈ​ពេលជាង​១០​ខែ​នៃ​ការ​ជួប​សំណេះ​សំណាល​នេះ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ចំណាយ​ថវិកា​រដ្ឋ​អស់​យ៉ាង​ហោច​ណាស់​ជាង​៣​លាន​ដុល្លារ​សហ​រដ្ឋអាមេរិក​ ​ដើម្បី​ចែក​ឲ្យ​កម្មករ-កម្មការិនី​រោង​ចក្រ​ជិត​៧​សែន​នាក់​ ​នៅ​ទូ​ទាំងប្រទេស។​

គេហ​ទំព័រ​របស់​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​ ​ដែល​តែង​ផ្សព្វ​ផ្សាយ​ស្ទើរ​រាល់​គ្រប់​សកម្មភាព​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​បញ្ជា​ក់​ថា​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ចាប់​ផ្តើម​ចេញ​ជួប​កម្មករ​លើក​ដំបូង​នៅ​ថ្ងៃ​ទី២០ ​ខែ​សីហា​ ឆ្នាំ​២០១៧ ​ដែល​រហូត​មក​ដល់​ថ្ងៃ​ទី​៥ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​នេះ ​មាន​ចំនួន​៤៩​លើក។​ ​ក្នុង​នោះ​លោក​នាយក​រដ្ឋ​មន្រ្តីបាន​ជួប​ជា​មួយ​កម្មករ-កម្មការិនី​ចំនួន​ជិត​៧​សែន​នាក់​ ​ក្នុង​ចំណោម​ ​កម្មករ-កម្មការិនី​សរុប​ប្រមាណ​ជា​ជាង​៨​សែន​នាក់​នៅ​ទូទាំងប្រទេស។​ ​ក្នុង​ជំនួប​ម្តងៗ​ លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​តែង​ផ្តល់អំណោយ​ជា​ថវិកា​ចំនួន​២​ម៉ឺន​រៀល​ ឬ​ ​ស្មើ​នឹង​៥​ដុល្លារ​អាមេរិក​ ដល់​កម្មករ-កម្មការិនី​ម្នាក់ៗ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ​ បាន​អះអាង​ថា​ ​លោក​នឹង​បន្ត​ជួប​កម្មករ-កម្មការិនីឡើង​វិញ ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៩ ​ខែ​កក្កដា។​ ​អំឡុង​ការ​ជួប​សំណេះ​សំណាល​ជា​មួយ​កម្មករ-កម្មការិនី​រាប់​សិប​ដង​នោះ​ ​លោក​មិន​ដែល​ភ្លេច​អំពាវនាវ​ឲ្យ​កម្មករ-កម្មការិនី​ទាំង​អស់​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នោះ​ទេ។

ថ្លែង​ទៅ​កាន់​កម្មករ-កម្មការិនី​ជាង​២​ម៉ឺន​នាក់​ ​ក្នុង​ស្រុក​អង្គស្នួល​ ​ខេត្ត​កណ្តាល​ ​នា​ថ្ងៃ​ទី៤​ ​ខែ​កក្កដា ​លោក​នាយក​រដ្ឋ​មន្រ្តីបញ្ជា​ក់ថា៖​

«ការ​បន្ត​ដំណើរ​ជួប​ជា​មួយ​កម្មករ​នឹង​បន្ត​ធ្វើ​ ​ដែល​ពូ​បាន​និយាយ​ថា​ នឹង​ធ្វើ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ទៀត ​ក៏​ប៉ុន្តែ​បើសិនជា​ថ្ងៃ​ទី​២៩​ ​ខែ​កក្កដា​ខាង​មុខ​នេះ​ ​បែរ​ជា​គណ​បក្ស​ប្រជាជន​ចាញ់​ឆ្នោត​ ​ពូពុំ​មាន​ឱកាស​ធ្វើ​នាយក​រដ្ឋ​មន្រ្តី​ត​ទៅ​ទៀត​ទេ​ ​ដូច្នេះដំណើរ​ការ​ជួប​គ្នា​គឺ​មិន​អាច​ជួប​បាន​ត​ទៅ​ទៀត​ទេ។​ អាហ្នឹង​គ្រាន់​តែ​បញ្ជាក់​ទុក​ជា​មុន។​ ​ប៉ុន្តែ​សង្ឃឹម​ថា​ ក្មួយៗ​នឹង​បោះ​ឆ្នោត​ឲ្យ​ពូ​ ​ឲ្យ​គណ​បក្ស​ប្រជាជន ​ដើម្បីពូ​មាន​លទ្ធភាព​ដឹក​នាំ​ប្រទេស​បន្ត​ទៅ​ទៀត»។​

រាល់​ពេល​ដែល​លោក ​ហ៊ុន សែន ​ចុះ​ជួប​កម្មករ-កម្មការិនី​តាម​រោងចក្រ​ម្តងៗ​ លោក​តែង​បាន​បង្ហាញ​នូវ​ភាព​ស្និទ្ធ​ស្នាល​ជាមួយ​កម្មករ-កម្មការិនី ​តាមរយៈ​ការ​អនុញ្ញាត​ឲ្យ​ពួក​គេ​ឱប ​និង​ថើប ​ព្រម​ទាំង​រូប​ស៊ែលហ្វ៊ី ​ជាដើម។​

​ក្រៅ​ពី​ការ​ចុះ​ជួបកម្មករ-កម្មការិនី​ស្ទើរ​តែ​រៀងរាល់​សប្តាហ៍​ លោក​នាយក​រដ្ឋ​មន្រ្តី​ក៏​តែងចុះ​ចែក​សញ្ញា​បត្រ​ដល់​និស្សិត​ ​កាត់​ឫស​សីមា​វត្ត​អារាម ​សម្ពោធ​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ស្ពាន​ថ្នល់​ជា​ដើម​ ដែល​រាល់​ដំណើរ​របស់​លោក​ទាំង​នោះ​ ​តែង​មាន​ការ​ចំណាយ​ថវិកាគ្រប់​ពេល។​

ការ​ចំណាយ​សម្រាប់​ចុះ​ជួប​កម្មករ-កម្មការិនី​ និង​ចែក​លុយ​រហូត​ដល់​ជាង​៣​លាន​៤​សែន​ដុល្លារ​ក្នុង​រយៈ​ពេលជាង​១០​ខែ​នេះ ​ត្រូវ​បាន​លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​ លើក​ឡើង​ថា​ ​ជាការ​ចំណាយ​ដោយ​ប្រើ​ប្រាស់​ថវិកា​ជាតិ​ ​ប៉ុន្តែ​លោក​ថា​ ​លោក​មិន​បាន​ដឹង​អំពី​ចំនួន​លម្អិត​នៃ​ការ​ចំណាយ​នោះ​ទេ។​

យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​សុខ ឥសាន​ ​បាន​រុញ​ឲ្យ​សួរ​ទៅ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញ​វត្ថុ​កម្ពុជា​ ​ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​នេះគឺ​លោក​ ​គឹម សុភៈ​ ​និង​លោក​ ​មាស សុខដេរសាន​ ​មិន​ទទួល​ទូរស័ព្ទ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

លោក​ ​ង៉ែត ជូ​ ​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​ ​ប្រាប់​ ​VOA​ ​ថា​ ការ​ចុះ​ចែក​លុយ​ចំនួន​២​ម៉ឺន​រៀល​ទៅ​ដល់​កម្មករ​គឺ​ជាការ​បង្ហាញ​ពី​ទឹក​ចិត្ត​របស់​ថ្នាក់ដឹក​នាំ​ ​ហើយ​មិន​មាន​ផ្តល់​ផល​ចំណេញ​ណា​មួយដល់​កម្មករ​នោះ​ទេ។​ ​លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បង្កើន​ការ​ពង្រឹង​ចំណេះ ​និង​ជំនាញ​ដល់​កម្មករ-និយោជិតដើម្បីឲ្យ​ពួក​គេអាច​បំពេញ​ការ​ងារ​កាន់​តែ​ប្រសើរ​ជាង​មុន។​

លោក​មាន​ប្រសាសន៍​ថា៖​

«យើង​គួរ​តែ​ងាក​មក​ប្រើ​ប្រព័ន្ធ​ដែល​មាន​ជា​លក្ខណៈ​ស្ថាប័ន​ក្នុង​ការ​ជួយ​ពង្រឹង​សមត្ថ​ភាព​ ​ជួយ​ពង្រឹង​ចំណេះ​ដឹង​ជំនាញ​របស់​កម្មករ​ ​ដើម្បីឲ្យ​គាត់​អាច​បំពេញ​ការ​ងារ​បាន​ប្រសើរ​ជាង​មុន​ ​យ៉ាង​ហោច​ណាស់​ ​ឬ​ក៏​ផ្តល់​នូវ​ការ​អប់រំ​ផ្នែក​ខាង​បំណិន​ជីវិត​អី ​ទាក់​ទងជា​មួយ​ការ​រស់​នៅ​ក្នុង​ទី​ក្រុង។​ គាត់​គួរ​រៀបចំ​អនាម័យ​យ៉ាង​ម៉េច?​ ​ការ​ហូបចុក​យ៉ាង​ម៉េច? វា​សុវត្ថិភាព​អី​អីចឹង។​ ​ខ្ញុំ​គិត​ថា ​ជួយ​គាត់​បាន​ច្រើន​ជាង ​ជា​ជាង​យើង​ជួបពួក​គាត់​ ​ហើយ​ជូន​ប្រាក់​គាត់​ហ្នឹង»។​

កាលពី​ដើម​ខែ​មករា ​ឆ្នាំ​២០១៤ ​កម្មករ​រាប់​ម៉ឺន​នាក់​បាន​ធ្វើ​បាតុកម្ម​ទាំង​ក្នុង​រោង​ចក្រ និង​តាម​ដង​ផ្លូវ ​ដើម្បីទាមទារ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល។​ ​បាតុកម្ម​ដែល​ធ្វើ​ឡើង​លើ​កំណាត់​ផ្លូវ​វេងស្រេង​នា​ពេល​នោះ​ ​ត្រូវ​រងការ​បង្ក្រាប​យ៉ាង​ហិង្សា​ពី​សំណាក់​កង​ទ័ព​ពិសេស​នៃ​កងពល​៩១១​ ​ដែល​គេ​ស្គាល់​ថា ​ជា​ទ័ព​ជំនិត​នឹងលោក​ ​ហ៊ុន សែន។​ ​ការ​បង្ក្រាប​ហ្វូង​បាតុករ​ដោយ​ការ​បាញ់​ប្រហារ​នោះ​បាន​បណ្តាល​ឲ្យ​បាតុករ​បួន​នាក់​ស្លាប់ ​ម្នាក់បាត់​ខ្លួន ​និង​២៣​នាក់​ផ្សេង​ទៀត​រង​របួស។​

លោក​ ​មាស នី​ ​អ្នក​សិក្សា​ពី​ការ​អភិវឌ្ឍ​សង្គម ​និង​ជា​អ្នក​វិភាគ​នយោបាយ​ឯករាជ្យ លើក​ឡើង​ថា ​ការ​ចុះ​ជួប​កម្មករ​ស្ទើរ​តែ​រៀង​រាល់​សប្តាហ៍​នេះ ​ជា​ការ​បង្ហាញ​ថា ​គណ​បក្ស​កាន់​អំណាច​កំពុង​ព្យាយាមទាក់​ទាញ​ការ​គាំទ្រ​ពី​ប្រជា​ពលរដ្ឋ​ ខណៈ​ការ​បោះ​ឆ្នោត​កាន់​តែ​ខិត​ជិត​មក​ដល់។​

លោក​បញ្ជាក់​ថា៖​

«គណ​បក្ស​ប្រជាជន​ពិត​ជា​បាន​ដឹង​អំពី​អារម្មណ៍​របស់​កម្មករ​ពី​មុន​ ​អីចឹងនៅ​ពេល​នេះ​គឺ​សំខាន់ ​គឺ​ការ​ជួបដើម្បីទិញ​ទឹក​ចិត្ត​កម្មករ​ ​ឬ​ក៏​ការ​បញ្ចុះបញ្ចូលកម្មករ​ទាំង​អស់​ហ្នឹង​ឲ្យ​អាច​បំភ្លេច​រឿង​ចាស់ ​និង​ងាក​មក​គាំទ្រ​គណ​បក្ស​ប្រជាជន​វិញ។ ​អា​នេះ​រឿង​មាន​តែ​ប៉ុណ្ណឹង»។​

លោក​ ​មាស នី​ ​បន្ថែម​ថា ​ការ​ចុះ​ជួប​ដោយ​មាន​ផ្តល់​លុយ ​និង​អំពាវនាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​របស់​លោកបែប​នេះ​ក៏​បានបង្ហាញ​ពីការ​ប្រកួត​ប្រជែង​មិន​ស្មើ​ភាព​រវាង​គណ​បក្ស​កាន់​អំណាច ​និង​គណ​បក្ស​នយោបាយ​ចំនួន​១៩​ផ្សេង​ទៀត ​ដែល​កំពុង​ត្រៀម​ខ្លួន​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នេះ​ផង​ដែរ។​

លោក​ ​សុខ ឥសាន​ ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច​ បាន​ប្រាប់​ ​VOA​ ​នៅ​សប្តាហ៍​នេះ​ថា​ ​ការ​ចែក​លុយ​ទៅ​ឲ្យ​កម្មករ-កម្មការិនី​ម្នាក់​២​ម៉ឺន​រៀល​នោះជា​មនោ​សញ្ចេតនា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​និង​ថា​ ជា​វត្ថុ​អនុស្សាវរីយ៍​សម្រាប់​ប្រជា​ពល​រដ្ឋ។​ ​លោក​បន្ថែមថា​ ​អ្នក​រិះគន់​សកម្មភាព​របស់​លោក​នាយក​រដ្ឋ​មន្រ្តីក្នុង​ការ​ចុះ​ចែក​អំណោយ​ផ្សេងៗ​ដល់​ប្រជា​ពលរដ្ឋ​ ​គឺ​ជា​អ្នក​ដែល​មាន​គំនិត​បែប​ប្រឆាំង។

លោក​បញ្ជាក់​ថា៖​

«សូម​ជម្រាប​អស់​លោក​អ្នក​វិភាគ​ ​ឬ​មួយ​ក៏​អ្នក​ដែល​និយាយ​ គេ​ហៅ​ថា​ មិន​ប្រកប​ទៅ​ដោយ​សតិ​អារម្មណ៍​ឯករាជ្យ​ ​ឬ​មួយ​ក៏​សតិ​អារម្មណ៍​សត្យានុម័ត​នោះ ​គាត់​ចាំតែ​ធ្វើ​អី​ក៏​គាត់​ថា​ខុស​ដែរ។ បើ​មិន​ជឿ​ ​សម្តេច​អត់​មាន​ចែក​អី​ គេ​ថា ​ដល់​ទៅ​ប្រមុខ​រាជ​រដ្ឋាភិបាល​ហើយ ​ទៅ​ដៃ​ទទេរ! អត់​ដឹង​សុខ​ទុក្ខ​ប្រជា​ពលរដ្ឋ!​ អត់ដឹង​សុខ​ទុក្ខ​កម្មករ​និយោជិត! អាហ្នឹង​គាត់​ថា អីចឹង​ទៀត​ហើយ! ​ដល់​ទៅ​មាន​ទៅ​ គាត់​មិន​សរសើរ ​មិន​លើក​ទឹក​ចិត្ត ​គាត់​មិន​អបអរសាទរ​ វា​ទៅ​ជា​រឿង​ជំទាស់។​ អាហ្នឹង​ហើយ​វា​ជា​សតិ​អារម្មណ៍​ គេ​ហៅ​ថា ​ប្រឆាំង​ហ្នឹង​ណា៎»។​

ការ​ចុះ​ជួប​កម្មករ-កម្មការិនី​រោង​ចក្រ​ជា​បន្ត​បន្ទាប់​នេះ​ ​ធ្វើ​ឡើង​បន្ទាប់​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ ​ដែល​ជា​គណ​បក្ស​ប្រឆាំង​ដឹក​នាំ​ដោយ​លោក​ ​កឹម សុខា ​និង​លោក​ ​សម រង្ស៊ី​ ទទួល​បាន​សំឡេង​គាំទ្រ​ជាង​៤០​ភាគរយ​ ​នៅ​ទូ​ទាំងប្រទេស។​ ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រឆ្នាំ​២០១៣និងការ​បោះឆ្នោតក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ គណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​កៅអី​តំណាង​រាស្រ្ត​រដ្ឋសភា​ចំនួន​៥៥​ ​និង​គ្រប់​គ្រងក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​ចំនួន​ជាង​៥​ពាន់។​

ការណ៍​នេះ​ធ្វើ​ឲ្យ​គណ​បក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ដែល​ដឹក​នាំ​ប្រទេស​ជាង​៤០ឆ្នាំ​មក​ហើយ​នោះ ​មាន​ការ​បារម្ភ​យ៉ាង​ខ្លាំង ​ក្រោយ​ពេល​ខ្លួន​បាន​បាត់​បង់​ប្រជាប្រិយ​ភាព​ទៅ​គណ​បក្ស​សង្គ្រោះ​ជាតិ។​

យ៉ាង​ណា​ក៏​ដោយ ​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៧ ​គណ​បក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ដោយ​ចោទ​ថា​ ​គណ​បក្ស​នេះ​បាន​ឃុបឃិត​ជា​មួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួល​រំលំ​រដ្ឋាភិបាលដឹក​នាំ​ដោយ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ជា​គណបក្សកាន់អំណាច​អស់​រយៈ​ពេលជាង​៤០​ឆ្នាំ​មក​ហើយ​នោះ។ ​ចំណែក​មន្រ្តី​ជាន់​ខ្ពស់ ​និង​តំណាង​រាស្រ្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​ចំនួន​១១៨នាក់​ត្រូវ​បាន​ព្យួរ​សិទ្ធិ​មិន​ឲ្យ​ធ្វើ​នយោបាយ​ ម្នាក់ៗចំនួន​៥​ឆ្នាំ ​ស្រប​ពេល​ដែល​លោក​ ​កឹម សុខា​ ​ដែល​ជាប្រធានគណ​បក្ស​នេះ ​ត្រូវ​បាន​ចាប់​ខ្លួន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ​ចំណែក​លោក​ ​សម រង្ស៊ី​ ​ដែល​ជាមេ​ដឹក​នាំ​មួយ​រូប​ទៀត ​បាន​និរទេស​ខ្លួន​ទៅ​រស់​នៅ​ឯ​បរទេស។​

បើ​ទោះ​បីជាគណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ក្តី​ ​ក៏​គេ​នៅ​តែ​ឃើញ​គណ​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​ ​ហ៊ុន សែន​ ​បន្ត​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ដឹក​នាំ ​និង​បង្កើន​ការ​យក​ចិត្ត​ប្រជា​ពលរដ្ឋ​ជា​បន្ត​បន្ទាប់។​

ក្នុង​ខ្សែ​អាត់​សំឡេង​បែក​ធ្លាយ​មួយ​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​ ​ជា​សំឡេង​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ​ហ៊ុន សែន ​ក្រោយ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ ​លោក ហ៊ុន សែន​ បានណែ​នាំ​ទៅ​កាន់​មន្រ្តី​របស់​លោកឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ការ​ងើប​ប្រឆាំង​ណា​មួយ​ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​គណ​បក្ស​របស់​លោក។ ​ក្នុង​នោះ ​លោក​ ​ហ៊ុន សែន ​ក៏​បាន​ណែ​នាំ​ឲ្យ​មន្រ្តី​ក្រោម​ឱវាទ​ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយរាល់​បញ្ហា​របស់​ប្រជា​ពលរដ្ឋ ​កុំ​ឲ្យ​មាន​ការ​ថ្នាំង​ថ្នាក់​ បើ​ទោះ​បីជា​គណ​បក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​រំលាយ​ហើយ​ក្តី។​

លោក​ ​ហ៊ុន សែន​ ​ក៏​បានប្រាប់​ឲ្យ​មន្រ្តី​របស់​លោក​ទាក់​ទាញកម្មករ-កម្មការិនី​ឲ្យគាំទ្រ​គណ​បក្ស​របស់​លោក។​ លោក​និយាយយ៉ាង​ដូច្នេះ៖​

«ខ្ញុំ​កំពុង​ច្បាម​នូវ​មុខ​សញ្ញា​កម្មករ​ ដែល​ខ្ញុំ​គិត​ថា​ ​វា​នឹង​អាច​ធ្វើ​ឲ្យ​ក្នុង​ជួរ​កម្មករ​ប្រែ​ពណ៌​ ​ដែល​មុន​នេះ​គឺបងប្អូន​យើង​តែង​តែ​គិត​ថា ​កម្មករ​ជា​កម្លាំង​គាំទ្រ​គណបក្ស​ប្រឆាំង ​ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ទេ ​ឥឡូវ​នេះ​គឺ​ស្ថានភាព​ក្នុង​ជួរ​កម្មករ​មាន​ការ​ប្រែ​ពណ៌​ហើយ»។​

ការ​បោះ​ឆ្នោត​អាណត្តិ​នេះ​កំពុង​ត្រូវ​បាន​ស្ថាប័ន​ជាតិ​ ​និង​អន្តរជាតិ​ធំៗ​មួយ​ចំនួន​យល់​ឃើញ​ថា​ ជាការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​សេរី​ ​និង​យុត្តិធម៌​ ​បន្ទាប់ពី​គណ​បក្ស​ប្រឆាំង​ដែល​មាន​អ្នក​គាំទ្រ​ជាង​៤០​ភាគរយ​នៅ​ទូទាំងប្រទេស​ ត្រូវ​បានតុលា​ការ​កំពូល​រំលាយ​កាលពី​ឆ្នាំ​២០១៧។​

សហ​រដ្ឋ​អាមេរិក​ ​និង​សហ​ភាព​អឺរ៉ុប​បាន​ប្រកាស​ដក​ខ្លួន​ ឈប់​គាំទ្រ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ​ដោយ​ថា​ ​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះជាការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​ស្រប​ច្បាប់។​

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន​ សែន ​និង​មន្រ្តី​របស់​លោក​តែង​អះអាង​ថា​ ​ការ​រំលាយ​គណ​បក្ស​សង្គ្រោះ​ជាតិ​គឺ​ធ្វើ​ឡើង​ទៅ​តាម​ច្បាប់​ ​រីឯ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ ​(គ.ជ.ប.)​ ដែល​លែង​មាន​សមាជិក​មកពី​គណ​បក្ស​ប្រឆាំង​ ​បាន​អះអាង​ថា​ ​ខ្លួន​រៀប​ចំការ​បោះ​ឆ្នោត​ទៅ​តាម​ច្បាប់​កម្ពុជា​ ​ដែល​មាន​ចែង​ជា​ធរមាន។​

ទាំង​ ​គ.ជ.ប.​ ​និង​រដ្ឋាភិបាល​របស់​លោក​ ​ហ៊ុន សែន​ ​សុទ្ធ​តែ​បាន​ប្រកាស​ថា ​ការ​បោះ​ឆ្នោត​នឹង​នៅ​តែ​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ ​បើ​ទោះ​ជា​មិន​មាន​វត្ត​មាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​មិន​មាន​ការ​ចូល​រួម​សង្កេត​ការណ៍​របស់​ក្រុម​សង្គម​ស៊ីវិល​ ​និង​មិន​មាន​ការ​ទទួល​ស្គាល់​លទ្ធផល​ការ​បោះ​ឆ្នោត​ដោយ​បណ្តា​ប្រទេស​កាន់​លទ្ធិ​ប្រជា​ធិបតេយ្យ​ធំៗ​មួយ​ចំនួន​ក៏​ដោយ៕​

XS
SM
MD
LG