ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការ​ងារ​សម្រេច​ឲ្យ​កម្មករ ​និយោ​ជិត​ឈប់​សម្រាក​៣​ថ្ងៃ​​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត


រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហ៊ូរ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។
រូបឯកសារ៖ កម្មករ​រោងចក្រកម្ពុជា​ស្រែកហ៊ូរ និង​ក្រវីទង់ជាតិ​ខ្មែរ នៅ​ពេល​ដែល​ពួក​គេ​ចូលរួម​ក្នុង​បាតុកម្ម​មួយ ដើម្បី​អំពាវនាវឲ្យ​រដ្ឋាភិបាល​តម្លើង​ប្រាក់​បៀរវត្សរ៍​ក្នុង​ក្បួន​ដង្ហែរ​ថ្ងៃទិវាពលកម្ម​អន្តរជាតិ​នៅ​ទីក្រុងភ្នំពេញ ថ្ងៃទី១ ខែ​ឧសភា ឆ្នាំ២០១៥។

បន្ទាប់ពី ​គ.ជ.ប.​ អំពាវនាវ​ឲ្យ​ម្ចាស់​រោងចក្រ​ ​សហគ្រាស​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ទៅ​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ពុធ​នេះ ក្រសួង​ការងារ​ក៏​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​តម្រូវ​ឲ្យ​ម្ចាស់​រោងចក្រ​សហគ្រាស​ទាំង​អស់​​អនុញ្ញាត​ឲ្យ​កម្មករ ​និយោ​ជិត​បាន​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​ ​ដើម្បី​ទៅ​បោះ​ឆ្នោត ដែល​ខុស​ប្លែក​ពី​ការ​បោះ​ឆ្នោត​អាណត្តិ​មុនៗ។

ក្រសួង​ការ​ងារ​ ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ ​ជូន​ដំណឹង​ទៅ​ម្ចាស់​ ​និង​នាយក​រោង​ចក្រ សហគ្រាស​ ​គ្រឹះស្ថាន​ទាំងអស់​ ​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​ និយោជិត​បាន​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត​នា​ចុង​ខែ​កក្កដា​នេះ​ ​ដោយ​រក្សា​ទុក​ប្រាក់​ឈ្នួល​ ​និង​ប្រាក់​រង្វាន់​ធ្វើ​ការ​ទៀង​ទាត់។​

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​ចេញ​នៅ​ថ្ងៃ​ទី​១៣ ​ខែ​មិថុនា​នេះ​បញ្ជា​ក់​ថា ​ក្រសួង​បាន​សម្រេច​តម្រូវ​ឲ្យ​មាន​ការឈប់​សម្រាក​នេះ​ គឺ​ធ្វើ​ឡើង​ទៅ​តាម​លិខិត​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ចេញ​កាលពី​ថ្ងៃ​ទី៨​ ​ខែ​មិថុនា​ ​ឆ្នាំ​២០១៨​ ​ដោយ​អំពាវនាវ​ឲ្យ​ម្ចាស់​រោងចក្រសហ​គ្រាស​អនុញ្ញាត​ឲ្យ​កម្មករ​និយោជិត​បាន​ឈប់​សម្រាក​ដើម្បី​ទៅ​បោះ​ឆ្នោត។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​ងារ​ត្រូវ​បាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កម្មករ​ ​និយោជិត​ ​ក្នុង​ការ​ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នីតិកាល​ទី៦​ ​នៅ​ថ្ងៃ​ទី២៩​ ​ខែ​កក្កដា​ ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ​ ​ម្ចាស់​ និង​នាយក​រោង​ចក្រ ​សហ​គ្រាស​គ្រឹះស្ថាន​ទាំង​អស់​ត្រូវអនុញ្ញាត​ឲ្យ​កម្មករ​ និយោ​ជិត​បាន​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី​២៨​ ​ដល់​ថ្ងៃ​ទី​៣០​ ខែ​កក្កដា ​ឆ្នាំ​២០១៨ ​ដោយ​រក្សា​ទុក​ប្រាក់​ឈ្នួល ​និង​ប្រាក់​រង្វាន់​ធ្វើ​ការ​ទៀងទាត់​ជូន​កម្មករ​និយោ​ជិត​ដដែល»។

សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ​នេះ​ធ្វើ​ឡើង​ ​ខណៈ​លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន​ ដែល​កាន់អំណាច​ជាង​៣​ទសវត្សរ៍​មក​ហើយ​នោះ ​បាន​ចុះ​ជួប​កម្មករ​កម្មការិនី​ដើម្បី​សំណេះ​សំណាល ​និង​ចែកថវិកា​ស្ទើតែ​រៀងរាល់​សប្តាហ៍។​

VOA បាន​ព្យាយាម​ទាក់​ទង​លោក​ ​ហេង សួរ​ ​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ ​ដើម្បី​សុំការ​អត្ថាធិប្បាយ​បន្ថែម​ពាក់​ព័ន្ធនឹង​ការ​សម្រេច​របស់​ក្រសួង​ ដែល​អនុញ្ញាត​ឲ្យ​កម្មករ​ និយោ​ជិត​បាន​ឈប់​សម្រាក​រហូត​ដល់​ទៅ​៣​ថ្ងៃ ​ដើម្បី​ចូល​រួម​បោះ​ឆ្នោត​ ប៉ុន្តែ​មិន​អាច​ទាក់​ទង​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​នេះ។​

កម្ពុជា​នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​នៅ​ថ្ងៃ​ទី២៩ ​ខែ​កក្កដា ​ឆ្នាំ​២០១៨​ ​ដោយ​មិន​មាន​វត្តមាន​របស់​គណបក្ស​សង្គ្រោះជាតិ​ ​ស្រប​ពេល​ដែល​ស្ថាប័ន​អន្តរជាតិ​ធំៗ​មួយ​ចំនួន​បង្ហាញ​ក្តី​បារម្ភ​ថា ​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ការ​ចូល​រួម​ពី​គណបក្សប្រឆាំង​នេះ​នឹង​ក្លាយជា​ការ​បោះ​ឆ្នោត​ដែល​មិន​មាន​ភាព​យុត្តិធម៌ ​និង​មិន​អាច​ទទួល​យក​បាន។​

នេះ​គឺ​ជា​លើក​ទី១​ហើយ​ដែល​ក្រសួង​ការ​ងារ​សម្រេច​ឲ្យ​កម្មករ​ និយោ​ជិត​ទាំងអស់​ឈប់​សម្រាក​រហូត​ដល់​ទៅ​៣​ថ្ងៃ​ស្មើគ្នា ដើម្បី​ចូល​រួម​ការ​បោះ​ឆ្នោត។​

ក្នុង​ពេល​បោះឆ្នោត​ឃុំសង្កាត់​នៅ​ខែ​មិថុនា​ ឆ្នាំ​២០១៧​កន្លង​ទៅ​ ​ក្រុម​អ្នក​ឃ្លាំមើល​ការ​បោះឆ្នោត​ធ្លាប់​លើក​ឡើង​ថា​ កម្មករ​ កម្មការិនី​ជាច្រើន​ក្នុង​ចំណោម​ជាង​៧០​ម៉ឺននាក់​ ​ខកខាន​មិន​បាន​ទៅ​បោះឆ្នោត​នៅ​តាម​ភូមិស្រុក​របស់​ខ្លួន​ ដោយ​សារ​មិនមាន​ការ​សម្រួល​ពី​រដ្ឋាភិបាល​ឲ្យ​មាន​ការ​ឈប់​សម្រាក​ និង​ដោយសារ​ខ្វះ​ខាត​មធ្យោបាយ​ធ្វើ​ដំណើរ។

លោក ​អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​បាន​សារទរចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ដែល​ឲ្យ​កម្មករ​បាន​ឈប់​សម្រាក​ដើម្បី​ទៅ​បោះឆ្នោត​រហូត​ដល់ទៅ​បី​ថ្ងៃ​ស្មើៗ​គ្នា។ ​ទន្ទឹម​នឹង​ការ​សារទរ ​លោក អាត់​ ធន់ ​ក៏​បាន​បង្ហាញ​ពី​ការ​ភ្ញាក់​ផ្អើល​ដោយ​ថា ​អាណត្តិ​មុន​ ការ​ស្នើ​ឲ្យ​មាន​ការ​ឈប់​សម្រាក​សម្រាប់​កម្មករ ​និយោជិតទៅ​បោះឆ្នោត​ត្រូវ​បាន​ក្រសួង​បដិសេធ​ថា ​មិនអាច​ធ្វើ​ទៅ​បាន។​ យ៉ាងណា​ក៏​ដោយ ​លោក​ អាត់ ធន់ ​បាន​ប្រាប់ ​VOA ​បន្ថែម​ថា​ រដ្ឋាភិបាល​ក៏​គួរ​តែជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​សម្រាប់​កម្មករ ​និយោជិត​ដែល​ត្រូវ​ទៅ​បោះឆ្នោត​នៅ​តាម​បណ្តា​ខេត្ត​ដើម្បី​កាត់បន្ថយ​ចំណាយ​របស់​ពួកគេ​ផង​ដែរ។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​គិត​ថា​ នេះ​ប្រហែល​ជា​ខាង​គ.ជ.ប.​ ឬ​ខាង​រដ្ឋាភិបាល​ហ្នឹង​ប្រហែល​ចង់​កៀរគរ​ខាង​កម្មករ ឬ​ក៏​អ្នក​ដែល​ធ្វើការ​ហ្នឹង ​ឲ្យ​ទៅ​បោះឆ្នោត​ឲ្យ​បាន​ច្រើន​ បើ​មិន​ដូច្នេះ​ទេ​ ប្រហែល​មិន​មាន​ការ​ស្នើ​បែប​នេះ​ទេ។​ ម្យ៉ាង​ទៀត​ មិន​ដឹង​ថា​ ក្នុង​អំឡុង​ពេល​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ចុះ​ទៅ​តាម​រោងចក្រ ​អីចឹង​ទៅ ​គាត់​ចង់​ឲ្យ​មាន​ការទៅ​បោះឆ្នោត​បន្ថែម​ទៀត ​ឬ​យ៉ាង​ម៉េច។ ខ្ញុំ​មើល​ឃើញទិដ្ឋភាព​ពីរ ប៉ុន្តែ​ពេល​នោះ​ ខ្ញុំ​ច្បាស់​ណាស់ ​ព្រោះ​ខ្ញុំ​បាន​សួរ​ទៅ​ខាង​គ.ជ.ប.​ និង​ក្រសួង​តែ​គាត់​ថា ​មិន​អាច​ទេ​ តែ​ឥឡូវ​នេះ​វា​បាន ​វាគួរ​ឲ្យ​ភ្ញាក់​ផ្អើល​ដែរ»។​

ការ​សម្រេច​ឲ្យ​កម្មករ​និយោជិត​ឈប់​សម្រាក​ចំនួន​៣​ថ្ងៃ ដើម្បី​ទៅ​បោះ​ឆ្នោត​នេះក៏ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្សសង្គ្រោះ​ជាតិ​ ​ដែល​គេ​ដឹង​ថា​ ​ធ្លាប់​បាន​ទាក់​ទាញ​កម្មករ​ឲ្យ​ចូល​រួម​ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​នា​ពេល​កន្លង​ទៅ​ ​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ ​កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ ​ឆ្នាំ​២០១៧​ ​ទៅ​តាម​បណ្តឹង​របស់​ក្រសួង​មហា​ផ្ទៃ​ ​ដោយ​ចោទ​ថា​ ​គណ​បក្សនេះ​បាន​ ​ឃុប​ឃិតជា​មួយ​បរទេស​ ​រៀបចំ​គម្រោង​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន សែន។

ក្រុម​មន្ត្រី​គណ​បក្សជំទាស់​ដែល​និរទេសខ្លួន​ ឯ​បរទេស​កំពុង​ធ្វើ​យុទ្ធនាការ​កុំឲ្យ​ពលរ​ដ្ឋ​ទៅ​ចូល​រួម​បោះ​ឆ្នោត​ ខណៈ​គណបក្ស​កាន់​អំណាច​របស់​លោក​ ​ហ៊ុន សែន​ ​កំពុង​ព្យាយាម​កៀរគរ​ឲ្យម្ចាស់​ឆ្នោត​ចូល​រួម​បោះ​ឆ្នោត​ឲ្យ​បាន​ច្រើន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG