ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ហ៊ុន សែន ​រិះ​គន់​កម្មវិធី​នយោបាយ​ឃុំ​សង្កាត់​​របស់​បក្ស​ប្រឆាំង


រូបឯកសារ៖​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅទីក្រុង Ulaanbaasta ប្រទេស​ម៉ុងហ្គូលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។
រូបឯកសារ៖​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន នៅទីក្រុង Ulaanbaasta ប្រទេស​ម៉ុងហ្គូលី កាលពីថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ២០១៦។

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ បាន​ថ្លែង​សារ​នយោបាយ​ដ៏​កម្រ​មួយ​​នៅ​ក្នុង​អំឡុង​ពេល​មាន​​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត។

នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូប​នេះ​ បាន​ថ្លែង​រិះគន់​ខ្លាំងៗ ចំពោះ​សកម្មភាព​ឃោសនា​របស់​ក្រុម​អ្នក​នយោបាយ​ជំទាស់​ ដែល​បាន​សន្យា​អំពី​ការ​បង្កើន​កញ្ចប់​ថវិកា​ឲ្យ​ដល់​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​ឃុំ-សង្កាត់​ និង​លុបចោល​ក្រសួង​អភិវឌ្ឍន៍​ជនបទ។​ លោក​នាយក​រដ្ឋមន្ត្រី​ បាន​បញ្ជាក់​ជា​ថ្មី​ថា​ ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​មួយ​តែ​ប៉ុណ្ណោះ​ ដែល​អាច​ធានា​បាន​សន្តិភាព ​និង​ការ​អភិវឌ្ឍ។

ថ្លែង​ទៅ​កាន់​អ្នក​គោរព​ប្រតិបត្តិ​សាសនា​គ្រិស្ត​រាប់​ពាន់​នាក់​នៅ​ក្នុង​ពិធី​ជួបជុំ​មួយ​ ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​កោះពេជ្រ​ នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ហ៊ុន សែន បាន​ថ្លែង​ថា៖

​«ខ្លះ​គេ​លើក​ថា​ ៥០​ដុល្លារ​ ៥០​ម៉ឺន​ដុល្លារ​ អភិវឌ្ឍ​ឃុំ​ តើ​ឃុំ​ជា​រដ្ឋ​មួយ​ឬ​អី? តើ​ឃុំ​ជា​រដ្ឋ​មួយ​ឬ​អី?​ ហេដ្ឋា​រចនាសម្ព័ន្ធ​ដែល​រដ្ឋ​បាន​វិនិយោគ​ក្នុង​មួយ​ឆ្នាំ​ ក្នុង​រង្វង់​ ៧០០​ ដល់​ ១.០០០​លាន​ដុល្លារ​ នោះ​ហើយ​វា​ជា​សមិទ្ធិផល​លើស​លប់។ ខ្ញុំ​លើក​ឧទាហរណ៍​ ស្ពាន​ឆ្លង​ទន្លេ​ មិន​មែន​ឃុំ​មួយ​ យក​មក​ធ្វើ​បាន​ទេ​ អ្នក​ដែល​ឈ្នះ​ជាប់​ឃុំ​នៅ​ហ្នឹង​ យក​៥០ម៉ឺន​ យក​ទៅ​ធ្វើ​បាន​ទេ​ នេះ​ឃោសនា​ឲ្យ​តែ​ពី​រួច»។

​ក្នុង​ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹម សុខា​ ប្រាប់​ក្រុម​អ្នកគាំទ្រ​គណបក្ស​ថា​ គណបក្ស​ប្រឆាំង​មាន​គោល​នយោបាយ​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​ ៥០​ម៉ឺន​ដុល្លារ​ទៅ​តាម​ឃុំ​នីមួយៗ​ក្នុង​មួយ​ឆ្នាំ ​ហើយ​ថវិកា​នេះ​នឹង​ត្រូវ​ដំឡើង​ឲ្យ​ដល់​១លាន​ដុល្លារ​ ប្រសិន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បានជ្រើស​តាំង​ឱ្យ​កាន់​អំណាច។​

មេ​បក្ស​ប្រឆាំង​រូប​នេះ​ថ្លែង​ថា​ ការ​ផ្តល់​កញ្ចប់​ថវិកា​ចំនួន​៥០​ម៉ឺន​ដុល្លារ ​ទៅ​តាម​ឃុំ​នីមួយៗ​ក្នុង​មួយ​ឆ្នាំ​នេះ​ នឹង​ធ្វើ​ឲ្យ​ឃុំ-សង្កាត់​នីមួយៗ​មាន​លទ្ធភាព​អភិវឌ្ឍ​ភូមិ​ឃុំ​ដោយ​ខ្លួន​ឯង​ ដោយ​មិន​ចាំបាច់​មាន​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នោះ​ទេ។

​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ លោក​ ហ៊ុន​ សែន ​ដែល​កាន់​អំណាច​ជាង​៣០​ឆ្នាំ​ បាន​ឆ្លើយ​តប​នឹង​គម្រោង​របស់​មេ​បក្ស​ជំទាស់​នេះ​ថា ​ការ​ប្រកាស​លុបចោល​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ជា​តម្រុយ​នៃ​ការ​ឈាន​ទៅ​ដល់​ការ​ផ្ទុះ​សង្គ្រាម។ លោក​អះអាង​ថា​ ដើម្បី​ការពារ​សន្តិភាព​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​បោះឆ្នោត​ឲ្យ​គណបក្ស​លោក​ឈ្នះ​ឆ្នោត​គ្រប់​ដំណាក់កាល។

លោក ហ៊ុន សែន​ បាន​ព្រមាន​ថា៖​

«ដើម្បី​ធានា​សន្តិសុខ​បន្ត​សម្រាប់​ការ​អភិវឌ្ឍ​ វិធី​តែមួយ​គត់ គឺ​គណបក្ស​ប្រជាជន​ត្រូវ​ឈ្នះ​ឆ្នោត​គ្រប់​ដំណាក់កាល​ទាំង​អស់។ ពាក្យ​គេ​ថា​ ចាប​មួយ​ក្នុង​ដៃ​ប្រសើរ​ជាង​ចាប​មួយ​រយ​ ឬ​ចាប​ ១០​នៅ​លើ​មេឃ​ នេះ​មិន​មែន​ជា​ទ្រឹស្ដី​របស់​ខ្ញុំ​ទេ​ ប៉ុន្តែ​ខ្ញុំ​ចាត់​ទុក​ថា​ វា​ជា​ទ្រឹស្ដី​ពិត​ប្រាកដ​ហើយ»។

គណបក្ស​នយោបាយ​ចំនួន​១២​ ដែល​បាន​ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​នៅ​តាម​ឃុំ-សង្កាត់​ ​បាន​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍។ គណបក្ស​នយោបាយ​នីមួយៗ ​មាន​ពេល​១៤​ថ្ងៃសម្រាប់​ការ​ធ្វើ​យុទ្ធនាការ​បោះឆ្នោត​ មុន​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​ ​ដែល​នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី៤​ ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

លោក​ អេង ឆៃអ៊ាង​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់ ​VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​ឆ្នោត​នឹង​ពិចារណា​លើ​សារ​នយោបាយ​របស់​លោក​ ​ហ៊ុន សែន។ ​លោក​ថា​ គណបក្ស​ប្រឆាំង​មិន​ត្រូវ​ការ​ឆ្លើយឆ្លង​ចំពោះ​សារ​នយោបាយ​នានា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ខណៈ​ដែល​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កំពុង​តែ​ដំណើរការ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង​រូប​នេះ​បញ្ជាក់​ថា៖

«អ្វី​ដែល​សំខាន់​គឺ​ប្រជាពលរដ្ឋ។ សំខាន់​សារ​នយោបាយ គោលនយោបាយ​របស់​យើង​ គឺ​យើង​ផ្តល់​ជូន​ទៅ​កាន់​ប្រជាពលរដ្ឋ​ ប្រជាពលរដ្ឋ​ជា​ម្ចាស់​ឆ្នោត​ ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ហ្នឹង។​ វា​អត់​មាន​រឿង​អ្នក​នយោបាយ​ទេ​ ប្រជាជន​ម្នាក់​ ប្រជាពលរដ្ឋ​ម្នាក់​ គឺ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ នាយករដ្ឋមន្ត្រីទោះ​បុណ្យ​សក្ដិ​ប៉ុណ្ណា​ក៏​ដោយ គឺ​សន្លឹក​ឆ្នោត​មួយ​សន្លឹក​ អញ្ចឹង​សារ​នយោបាយ​របស់​យើង​ គឺ​យើង​មិន​សំដៅ​ទៅ​លើ​គណបក្ស​កាន់​អំណាច​ទេ​ យើង​សំដៅ​ទៅលើ​ប្រជាពលរដ្ឋ​ បើ​ប្រជាពលរដ្ឋ​លោក​មាន​ជំនឿ​ លោក​ទុកចិត្ត​ លោក​បោះឆ្នោត​ឲ្យ​ហើយ»។

ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)
ទិដ្ឋភាព​ទូទៅ​ថ្ងៃ​ដំបូងនៃយុទ្ធនាការ​ឃោសនា​រក​សំលេងឆ្នោត​របស់​គណបក្សសង្គ្រោះ​ជាតិ​ ​ដែលមាន​សកម្មជន​ និង​អ្នកគាំទ្រជា​ច្រើន​ពាន់នាក់​ចូលរួម នៅរាជ​ធានីភ្នំពេញ​ ថ្ងៃទី​ ២០​ ខែ​ឧសភា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំ​មនោ​/ VOA)

លោក​ មាស នី ​អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​ ថ្លែង​ប្រាប់​ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ សារ​គំរាម​កំហែង​ខាង​នយោបាយ​របស់​មេដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ មិន​ផ្តល់​ផល​ចំណេញ​ដល់​គណបក្ស​កាន់​អំណាច​ទេ​ ហើយ​អ្នក​បោះឆ្នោត​ក៏​មិន​បារម្ភ​ចំពោះ​ការ​ព្រមាន​ច្រំ​ដែល​អំពី​ការ​ផ្ទុះ​សង្គ្រាម​ផង​ដែរ។​ លោក​ថា​ ក្នុង​សង្គម​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ មិន​អាច​មាន​តែ​គណបក្ស​មួយ​ដឹកនាំ​ប្រទេស​រហូត​នោះ​ទេ​ ដូច្នេះ​ការ​ផ្លាស់​ប្តូរ​គឺ​ជៀស​មិន​រួច​នោះ​ឡើយ។​

លោក​ មាស នី​ អ្នក​សិក្សា​ស្រាវជ្រាវ​កិច្ច​អភិវឌ្ឍន៍​សង្គម​ថ្លែង​ប្រាប់​ VOA យ៉ាង​ដូច្នេះ​ថា៖

«នៅ​ក្នុង​លទ្ធិប្រជាធិបតេយ្យ​ តែ​កាល​ណា​ពលរដ្ឋ​ឈប់​គាំទ្រ​ហើយ​ អាហ្នឹង​វា​ត្រូវ​តែ​មាន​ដំណោះស្រាយ​ផ្សេង​ហើយ​ ហើយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​លទ្ធិប្រជាធិបតេយ្យ​មិន​អាច​មាន​គណបក្ស​ណា​មួយ​ហ្នឹង​នៅ​កាន់​ក្នុង​តំណែង​មួយ​ជីវិត​រហូត​ទេ​ វា​តែងតែ​មាន​ដូរ​ចេញ​ដូរ​ចូល​ ទោះបី​គណបក្ស​នៅ​ប្រទេស​ដទៃ​ខ្លះ​ ជាប់​ក្នុង​តំណែង​២០​ឆ្នាំ​ តែ​ដល់​ពេល​មួយ​នោះ​ធ្លោយ​ ក៏​ត្រូវ​ធ្លាក់​ទៅ​ដោយ​សារ​គោល​នយោបាយ​របស់​ខ្លួន​ហ្នឹង​លែង​សម​ស្រប​ជាមួយ​នឹង​សង្គម​រស់​នៅ​របស់​មនុស្ស»។

យ៉ាង​ណា​ក៏​ដោយ​ ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដ៏​មាន​អំណាច​នៅ​បន្ត​ផ្ញើ​សារ​គំរាម​បន្ថែម​ថា មាន​តែ​អ្នក​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ ដែល​នឹង​អាច​ឡើង​កាន់​អំណាច​ជំនួស​លោក​បាន​ ហើយ​គ្មាន​គណបក្ស​នយោបាយ​ណា​មួយ​មក​ជំនួស​បាន​ទេ។ ​លោក​ថា​ គណបក្ស​នយោបាយ​ផ្សេង​មិន​មាន​ធនធាន​មនុស្ស​គ្រប់គ្រាន់ ​ដើម្បី​កាន់​ការងារ​រដ្ឋ​ និង​គ្រប់​គ្រង​កងទ័ព​នោះ​ទេ។​

លោក​ ហ៊ុន សែន​ ក៏​ព្រមាន​មិន​ឲ្យ​មាន​ចលនា​បដិវត្តន៍​ ឬ​យោធា​ណា​មួយ​ងើប​មក​ប្រឆាំង​លោកដែរ។​ លោក​ថា​ ពួកគេ​នឹង​មាន​ជោគ​វាសនា​ដូច​កងទ័ព​របស់​គណបក្ស​រាជានិយម​ហ៊្វុនស៊ីនប៉ិច​ដឹកនាំ​ដោយ​ព្រះអង្គ​ម្ចាស់​ នរោត្តម រណឬទ្ធិ ដែល​ត្រូវ​បាន​កម្លាំង​ទ័ព​លោក​វាយ​ឲ្យ​ខ្ចាត់ខ្ចាយ​កាល​ពី​ឆ្នាំ​១៩៩៧។

«សុំ​កុំ​ជ្រួល​ជ្រើម​នឹង​សង្គ្រាម​ កំដរ​បាន​ សម្តេច​ក្រុម​ព្រះ​លោក​រាងចាល​ហើយ»។

​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់​អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​នេះ​ មានតែ​គណបក្ស​ធំៗ​ពីរ​ប៉ុណ្ណោះ​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ដាក់​បេក្ខជន​ឲ្យ​ឈរ​ឈ្មោះ​នៅ​ឃុំ-សង្កាត់​ចំនួន​ ១.៦៤៦​ ក្នុង​ទូទាំង​ប្រទេស។ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​ ២០១៧ ​នេះ​ ត្រូវ​មើល​ឃើញ​ថា​ មាន​ការ​ប្រកួតប្រជែង​ខ្លាំង​រវាង​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​ ដោយសារ​តែ​បក្ស​ទាំង​ពីរ​នេះ​មាន​កម្លាំង​គាំទ្រ​ប្រហាក់​ប្រហែលគ្នា។

នៅ​មុន​ការ​ឃោសនា​ចាប់​ផ្តើម​ ក្រសួង​ការបរទេស​របស់​សហរដ្ឋ​អាមេរិក​ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធានា​ឲ្យ​បាន​បរិយាកាស​សេរី​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ​ និង​ការ​បញ្ចេញ​មតិ​ ដោយ​មិន​មាន​ការ​គំរាមកំហែង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG