ក្រោយពីមានការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការគាំទ្រឲ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីនៅពេលអនាគត ស្ថាប័ន និងក្រសួងមួយចំនួនបានចេញញត្តិគាំទ្រការលើកឡើងនេះ។
ក្នុងចំណោមស្ថាប័នទាំងនោះ ក៏មានក្រសួងមួយចំនួនផងដែរ រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងបរិស្ថាន ក្រសួងប្រៃសណីយ៍ជាដើម ដែលបានចេញសេចក្តីប្រកាសគាំទ្រពេញទំហឹងចំពោះជម្រើសបេក្ខភាពនាយករដ្ឋមន្រ្តី គឺលោក ហ៊ុន ម៉ាណែត។
លោក មាស នី អ្នកវិភាគសង្គមនិងនយោបាយ ប្រាប់វីអូអេនៅថ្ងៃសុក្រថា ការប្រកាសរបស់លោកនាយករដ្ឋមន្រ្តី អាចជាតេស្តមួយ ដើម្បីស្ទាបស្ទង់ពីចរន្តគាំទ្រជម្រើសរបស់លោកផងដែរទាំងនៅក្នុងជួរគណបក្ស និងពីសាធារណជន។
លោកថ្លែងថា៖ «អ៊ីចឹងការដែលធ្វើពិសោធនកម្មសាកល្បងនេះ ខ្ញុំគិតថា ក៏មិនជាចម្លែកអីដែរ សម្រាប់ការតែងតាំងតាមរយៈការបោះឆ្នោត។ វាត្រូវតែមានការស្ទង់ស្ទាបមើល ទោះបីជាថា ការប្រកាសរបស់គាត់ហ្នឹង វាជាសញ្ញាដែលកើតឡើង ដោយសារតែមានបញ្ហាណាមួយនៅពីក្រោយ គាត់ខឹងអ្នកណាអ៊ីចឹងទៅ ឬក៏ចង់បញ្ជាក់ឲ្យច្បាស់ ឬចង់ធ្វើឲ្យបានច្បាស់លាស់អ៊ីចឹងទៅណា៎»។
មុនពេលលោក ហ៊ុន សែន ដែលកាន់អំណាចជាង៣៦ឆ្នាំ ប្រកាសបែបនេះ សារព័ត៌មានបរទេសក៏ធ្លាប់បានចុះផ្សាយជាបន្តបន្ទាប់ពីបំណងរបស់លោកនាយករដ្ឋមន្រ្តីខ្មែរឱ្យកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត បន្តតំណែងរបស់លោក។ ចំណែកមន្រ្តីគណបក្សប្រឆាំង ក៏បានលើកឡើងដែរអំពីការឲ្យកូនប្រុសបន្តតំណែងនេះ។
លោក ហ៊ុន ម៉ាណែត អាយុ៤៤ឆ្នាំ ដែលបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក West Point មានតំណែងជាអគ្គមេបញ្ជាការរងកងទ័ព និងជាមេបញ្ជាការកងទ័ពជើងគោក។ លោកត្រូវបានតែងតាំងជាប្រធានចលនាយុវជនថ្នាក់កណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា កាលពីខែមិថុនា ឆ្នាំ២០២០។
ចំណែកកាលពីខែធ្នូ ឆ្នាំ២០២០ លោក ហ៊ុន សែន ក៏បានព្រលយផងដែរថា លោក អូន ព័ន្ធមុន្នីរ័ត្ន ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយជាអតីតលេខាធិការផ្ទាល់របស់លោក ក៏ជាបេក្ខជននាយករដ្ឋមន្រ្តីផងដែរ។
លោក អូន ព័ន្ធមុន្នីរ័ត្ន ត្រូវបានសារព័ត៌មាន Reuters ចុះផ្សាយកាលពីកន្លងទៅថា មានសញ្ជាតិពីរ គឺខ្មែរនិងស៊ីប (Cyprus) ដែលជាប្រទេសមួយនៅអឺរ៉ុប។ ដូច្នេះបើអនុវត្តតាមច្បាប់ដែលកំណត់ថា អ្នកកាន់តំណែងរដ្ឋកំពូល ដូចជានាយករដ្ឋមន្រ្តី ប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភាត្រូវមានសញ្ជាតិតែមួយនោះ នោះលោក អូន ព័ន្ធមុន្នីរ័ត្ន មិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្រ្តីបានឡើយ។ ច្បាប់នេះ ត្រូវបានប្រកាសឲ្យប្រើប្រាស់ កាលពីដើមខែវិច្ឆិកា។
លោក សេង សារី អ្នកវិភាគនយោបាយម្នាក់ដែលលោក ហ៊ុន សែន ធ្លាប់ព្រមានចាប់ខ្លួននោះ បានចាត់ទុកថា ការបង្ហាញការគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីបន្តនោះ គឺជារឿងធម្មតា។ ប៉ុន្តែលោកថា នេះដោយសារឥទ្ធិពលរបស់នាយករដ្ឋមន្រ្តីទៅលើមន្រ្តីរដ្ឋាភិបាល។
លោកថ្លែងថា៖ «មន្រ្តីធំៗ មន្រ្តីរាជការចេញសារគាំទ្រ ព្រោះសម្តេច ហ៊ុន សែន ជាប្រមុខរដ្ឋាភិបាល ដូច្នេះតិច ឬច្រើន គាត់ មានឥទ្ធិពលទៅលើមន្រ្តីរាជការ និងមន្រ្តីនយោបាយធំៗ។ អ៊ីចឹងការបញ្ចេញសារគាំទ្រនេះ អាហ្នឹងមិនមែនជារឿងចម្លែកទេ»។
លោកបន្ថែមថា ការប្រកាសរបស់លោក ហ៊ុន សែន អំពីបេក្ខភាពនាយករដ្ឋមន្រ្តីនេះ អាចជា «រឿងល្អមួយ» ដើម្បីឲ្យអ្នកប្រកួតប្រជែងនឹងគណបក្សប្រជាជនកម្ពុជា អាចត្រៀមលក្ខណៈផងដែរ។ យ៉ាងណាក្តី លោកបញ្ជាក់ថា រាល់ការផ្លាស់ប្តូរមេដឹកនាំនយោបាយនៅកម្ពុជា គឺត្រូវតែឆ្លងកាត់ការបោះឆ្នោតមួយ ដែលគ្រប់ភាគីពាក់ព័ន្ធអាចទទួលយកបាន។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង ក៏បានបង្ហាញការគាំទ្រចំពោះលោក ហ៊ុន ម៉ាណែតដែរ ដោយលោកនិយាយយោងទៅលើកម្រិតសិក្សារបស់លោក ហ៊ុន ម៉ាណែត ដែលបានបញ្ចប់ការសិក្សានៅក្រៅប្រទេស។
លោកថ្លែងថា៖ «រដ្ឋបាលខេត្ត គឺយើងគាំទ្រគាត់។ គាត់មិនមែនជាមនុស្ស...អាចនិយាយបានថា ទទួលបានការបណ្តុះបណ្តាល។ ហើយគាត់ទទួលបានការបណ្តុះបណ្តាលពីអាមេរិកមកទៀត។ អ៊ីចឹងយើងធនធានមនុស្ស គឺយើងត្រូវការ មិនអ៊ីចឹង? ហើយជាពិសេស ធនធានដែលចេញពីប្រទេសលោកសេរី»។
ក្រៅពីមន្រ្តីជាន់ខ្ពស់បម្រើការក្នុងជួររដ្ឋាភិបាល គេក៏សង្កេតឃើញ មន្រ្តីតុលាការ និងឧកញ៉ាមួយចំនួនបានបង្ហាញការគាំទ្រ ដែលត្រូវបានចុះផ្សាយតាមសារព័ត៌មានក្នុងស្រុកផងដែរ។
បើតាមហ្វេសប៊ុករបស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលជាសមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ក៏បានប្រកាស«គាំទ្រយ៉ាងពេញទំហឹង»ចំពោះបេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសុក្រថា ដំណើរការជ្រើសតាំងបេក្ខជននាយករដ្ឋមន្រ្តី គឺត្រូវធ្វើឡើងក្រោមការបោះឆ្នោតជ្រើសរើសពីគណៈកម្មាធិការអចិន្រ្តៃយ៍របស់គណបក្ស ដោយផ្អែកលើសំឡេងគាំទ្រ៥០% បូក១។
លោកថ្លែងថា៖ «យើងអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស គឺក្នុងការជ្រើសរើសមុខសញ្ញាបេក្ខភាពនាយករដ្ឋមន្រ្តី គឺគណៈកម្មការអចិន្រៃ្តយ៍ គណៈកម្មការកណ្តាលគណបក្សជាអ្នកជ្រើសមុខសញ្ញា ហើយបន្ទាប់មកដាក់ទៅចូលមហាសន្និបាតរបស់គណបក្សដើម្បីធ្វើការបោះឆ្នោត។តាលើស ៥០% បូក១ អាហ្នឹងគេចាត់ទុកជាបានការ»។
លោកបន្តថា សន្ទុះនៃការគាំទ្រ តាមស្ថាប័ន និងក្រសួងនានាដែលបានបង្ហាញឡើង សបញ្ជាក់ពីការមានជំនឿទុកចិត្តលើជម្រើសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការតែងតាំងកូនប្រុសច្បងរបស់លោកជាបេក្ខជននាយករដ្ឋមន្រ្តី។
លោក អ៊ូ ចន្ទរ័ត្ន អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ និងជាស្ថាបនិកមួយរូបនៃគណបក្ស«កែទម្រង់កម្ពុជា» មានប្រសាសន៍ថា ការបង្ហាញការគាំទ្រដូចនេះ គឺដោយសារតែកម្ពុជាកាន់យកប្រព័ន្ធបរិបាលកិច្ច ឬប្រព័ន្ធ «បញ្ចុកបញ្ស៊ី» ដែលអាចឲ្យមានការបំពេញផលប្រយោជន៍រវាងគ្នាក្នុងរបបបក្ខពួកនិយម។
លោកថ្លែងថា៖ «នៅក្នុងប្រទេសយើង ដូចជាខ្ញុំបានជម្រាបជូនអ៊ីចឹង វាមានប្រព័ន្ធបែបហ្នឹង។ ដូច្នេះចង់ក៏ដោយ មិនចង់ក៏ដោយ បុគ្គលមួយចំនួននៅក្នុងស្ថាប័នហ្នឹង តែងតែចេញគាំទ្រហើយ។ យើងចង់និយាយថា ជាក្រុមដែលជាអ្នកលុតក្រាបអីអ៊ីចឹង។ ម៉្លោះហើយត្រូវតែយកចិត្តជាមុនសិន ថ្ងៃណាមួយក្រែងលោឯកឧត្តម ហ៊ុន ម៉ាណែតក្លាយជានាយករដ្ឋមន្រ្តីមែន អាចជាការសងគុណអីអ៊ីចឹងទៅ។ អរគុណអ្នកគាំទ្រអ៊ីចឹងទៅ»។
លោកបន្ថែមថា ឥទ្ធិពលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញការគាំទ្រជម្រើសបេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោក បើទោះបីជាត្រូវឲ្យអនុវត្តលទ្ធិប្រជាធិបតេយ្យ តាមរយៈការបោះឆ្នោតក៏ដោយ។
កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងពិធីសម្ពោធសមិទ្ធផលក្នុងខេត្តព្រះសីហនុ ខណៈលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា កំពុងអង្គុយពីក្រោយនោះ លោក ហ៊ុន សែន ក៏បានលើកឡើងដែរថា លោកស ខេង មិនអាចធ្វើជានាយករដ្ឋមន្រ្តីទេ ដោយសារនៅពេលលោក ហ៊ុន សែន ឈប់ធ្វើនាយករដ្ឋមន្រ្តីក្នុងរយៈពេលយ៉ាងតិច១០ឆ្នាំទៀត លោក ស ខេង មានវ័យចំណាស់រួចទៅហើយ។
លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលត្រូវតុលាការកំពូលរំលាយហើយកំពុងរស់នៅសហរដ្ឋអាមេរិក បានបង្ហោះសារនៅលើហ្វេសប៊ុកថា លោក ស ខេង «ស័ក្តិសម» ជាបេក្ខជននាយករដ្ឋមន្រ្តីនៃគណបក្សប្រជាជនកម្ពុជាជាជាងលោក ហ៊ុន ម៉ាណែត។
លោកបានលើកឡើងនៅក្នុងន័យដើមថា៖ «មន្រ្តីគណបក្សប្រជាជនភាគច្រើនគាំទ្រលោក ស ខេង ប៉ុន្តែពួកគេមិនហ៊ានចេញមុខតវ៉ា។ បើបោះឆ្នោតត្រឹមត្រូវក្នុងគណបក្សដោយគ្មានការគំរាមកំហែងលោក ស ខេង នឹងឈ្នះលោក ហ៊ុន ម៉ាណែត។ អ្នកគាំទ្រលោក ស ខេង គួរតែហ៊ានចេញមុខតវ៉ារឿងនេះ»។
គួរបញ្ជាក់ថា រហូតមកដល់រសៀលថ្ងៃសុក្រ ទី៣ ខែធ្នូ ឆ្នាំ២០២១ វីអូអេមិនទាន់ឃើញក្រសួងមហាផ្ទៃ ឬហ្វេសប៊ុករបស់លោក ស ខេង ចេញញត្តិ ឬសេចក្តីប្រកាសគាំទ្របេក្ខភាពរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៅឡើយទេ៕