នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានថ្លែងជាសាធារណៈនៅសប្តាហ៍នេះថា កំពង់ផែទឹកជ្រៅក្នុងខេត្តព្រះសីហនុនឹងមិនអាចប្រែក្លាយទៅជាការធ្លាក់ក្នុងអន្ទាក់បំណុលរបស់ប្រទេសចិនទេ ព្រោះការអភិវឌ្ឍបន្ថែមលើកំពង់ផែនោះបានទទួលប្រាក់កម្ចី និងការជួយជ្រោមជ្រែងផ្សេងទៀតពីប្រទេសជប៉ុន។
ការអត្ថាធិប្បាយរបស់មេដឹកនាំកម្ពុជាយ៉ាងដូច្នេះធ្វើឡើងនៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកកាលពីថ្ងៃអង្គារមិ្សលមិញ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយមានវត្តមានក្រុមមន្ត្រីរដ្ឋាភិបាលកម្ពុជា និងវត្តមានឯកអគ្គរាជទូតជប៉ុនគឺលោក មីកាមិ ម៉ាសាហ៊ីរុ (Mikami Masahiro)ផងដែរ។
លោកហ៊ុន សែន បានរិះគន់ខ្លាំងៗចំពោះក្រុមអ្នកវិភាគដែលលោកមិនបញ្ចេញឈ្មោះថា បាននិយាយប្រតិដ្ឋបំប៉ោងសភាពការណ៍ថា ការអភិវឌ្ឍនានានៅកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុអាចធ្លាក់ចូលទៅក្នុងអន្ទាក់បំណុលចិន ដូចអ្វីដែលបានកើតឡើងនៅប្រទេសស្រីលង្កា។
លោកហ៊ុន សែនថ្លែងថា៖ «អញ្ចឹងទេ ខ្ញុំមិនគិតថា អ្នកដែលបាននិយាយថា អន្ទាក់បំណុលរបស់ចិនលើបញ្ហាកំពង់ផែព្រះសីហនុ ដូចដែលគេនិយាយប្រៀបធៀបទៅនឹងអន្ទាក់បំណុលរបស់ចិននៅស្រីលង្កា វាមិនមែនជាការណ៍ពិត ព្រោះកំពង់ផែទឹកជ្រៅដែលកំពុងធ្វើពាណិជ្ជកម្មសព្វថ្ងៃនេះគឺត្រូវរ៉ាប់រងទទួលឲ្យប្រាក់កម្ចី និងជំនួយពីប្រទេសជប៉ុនឯណេះវិញទេ។អ៊ីចឹងទេ សូមពួកអ្នកវិភាគមួយចំនួនដែលមិនយល់ដឹងអំពីការណ៍ពិត ឈប់និយាយបំភាន់សភាពការណ៍ទៅ ព្រោះកំពង់ផែសព្វថ្ងៃ ដែលកំពុងធ្វើប្រតិបត្តិការដឹកទំនិញចេញចូលនេះ គឺកំពុងតែមានការរួមចំណែក ការកសាងអ្វីៗគឺតាមរយៈជប៉ុន ហើយជប៉ុនក៏មានទិញភាគហ៊ុន ភាគហ៊ុនមួយចំនួននៅក្នុងហ្នឹងផងដែរ»។
មេដឹកនាំកម្ពុជា ដែលកាន់អំណាចជាងបីទសវត្សរ៍នេះ ក៏បាននិយាយដែរថា ក្រុមអ្នកវិភាគទាំងនោះហួសពីតិរច្ឆាន ដែលមិនស្គាល់ពីប្រទេសរបស់ផងខ្លួន។ក្នុងពិធីបើកការដ្ឋាននោះ លោកហ៊ុន សែន ក៏បានកោតសរសើររដ្ឋាភិបាលក្រុងតូក្យូដែលបានបន្តរួមចំណែកក្នុងការកសាងប្រទេសកម្ពុជាឡើងវិញ ដំណាលគ្នានឹងដៃគូអភវិឌ្ឍន៍ និងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិផ្សេងទៀត៕