ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​អះអាង​បន្ត​ការ​គាំទ្រ​កម្ពុជា ខណៈ​អបអរ​សាទរ​ខួប​៧០​ឆ្នាំ​នៃ​ការ​បង្កើត​គណ​បក្ស​ប្រជា​ជន​កម្ពុជា


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួល​ស្វាគមន៍​មួយ​សម្រាប់​វេទិកា​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​ចិន លោក Xi Jinping (កណ្ដាល) និង​អ្នកស្រី Peng Liyuan ជា​ភរិយា (ស្ដាំ) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (ឆ្វេង) អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួល​ស្វាគមន៍​មួយ​សម្រាប់​វេទិកា​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ប្រធានាធិបតី​ចិន លោក Xi Jinping (កណ្ដាល) និង​អ្នកស្រី Peng Liyuan ជា​ភរិយា (ស្ដាំ) នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩។

ប្រធានាធិបតី​ចិន លោក Xi Jinping នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ផ្ញើ​សារ​អប​អរ​សាទរ​ខួប​៧០​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​លោក​សន្យា​ថា​ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា​ដែល​ជា​មិត្ត​ដែក​ថែប​របស់​ចិន។ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​របស់​រដ្ឋ​ចិន។

​បណ្តាញ​សារ​ព័ត៌មាន​ CGTN ដែល​ជា​ទូរទស្សន៍​រដ្ឋ​របស់​ចិន បាន​ចុះ​ផ្សាយ​អត្ថបទ​ជា​ភាសា​អង់គ្លេស​ថា លោក Xi​ បាន​ជូន​ពរ​ដល់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន គណបក្ស​ប្រជាជនកម្ពុជានិង​ប្រជា​ជន​កម្ពុជា។ លោក​បាន​ធានា​អះអាង​ចំពោះ​លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​ថា ​ប្រទេស​ចិន«​នឹង​បន្តគាំទ្រ​កម្ពុជា​»​សម្រាប់​ដំណើរ​អភិវឌ្ឍន៍។

លោក Xi ក៏​បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ពេញ​ទំហឹង​ថា​ គណ​បក្ស​ប្រជាជន​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន នឹង​រួម​ចំណែក​កាន់​តែ​ខ្លាំង​ក្លា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស និង​ជួយ​ដល់​ប្រជា​ជន ក៏​ដូច​ជា​រួម​ចំណែកសម្រាប់​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ក្នុង​តំបន់​។

រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ​ត្រូវ​បាន​រិះគន់​ដោយ​ប្រទេស​លោក​ខាង​លិច​ថា បាន​បំផ្លាញ​លទ្ធិ​ប្រជាធិប​តេយ្យ​ ក្រោយ​រំលាយ​គណ​បក្ស​សង្រ្គោះ​ជាតិ និង​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​ភាព​របស់​ប្រជា​ពលរដ្ឋ។

នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាល​ពី​ដើម​ខែ​មិថុនា អនុ​រដ្ឋមន្រ្តី​ការ​បរទេស​អាមេរិក អ្នកស្រី Wendy Sherman ​បាន​ជំរុញ​ឲ្យ​ការ​ដឹកនាំ​របស់​កម្ពុជា​«​ត្រូវ​រក្សា​នូវ​គោល​នយោ​បាយ​ការ​បរទេស​ដែល​មាន​តុល្យភាព​និង​ឯករាជ្យ​មួយ ដើម្បី​ជា​ប្រយោជន៍​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជា​ជន​កម្ពុជា​»។

ក្នុង​ឱកាស​ខួប​៧០​ឆ្នាំ​នៃ​ការ​បង្កើត​គណ​បក្ស​ប្រជាជន​ចាប់​តាំង​ពី​ឆ្នាំ​១៩៥១​មក លោក ហ៊ុន សែន ដែល​ជា​ប្រធាន​គណបក្ស​កាន់​អំណាច បាន​ផ្ញើ​សារ​ដែល​បង្ហាញ​ពី​ការ​ស្តារ​ប្រទេស​ជាតិ ក្រោយ​ការ​ដួល​រំលំ​របប​ខ្មែរ​ក្រហម ការ​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី ការ​បង្កើត​សន្តិភាព​ពេញ​លេញ​ ការ​លើក​ស្ទួយ​លទ្ធិ​ប្រជាធិប​តេយ្យ​ និង​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ ក៏​ដូច​ជាការ​អភិវឌ្ឍ​សង្គម​សេដ្ឋកិច្ច៕

XS
SM
MD
LG