ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស្គាល់​​ជន​សង្ស័យ​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ


រូបឯកសារ៖ លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ (ឆ្វេង) និង​លោក​ គង់ សភា​ តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង (ស្តាំ)​ នៅ​ក្នុង​កៅអី​រុញ​នៅ​មន្ទីរពេទ្យ​ Phyathai ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​​អង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥​។​​ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)
រូបឯកសារ៖ លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ (ឆ្វេង) និង​លោក​ គង់ សភា​ តំណាង​រាស្ត្រ​ខេត្ត​ស្វាយរៀង (ស្តាំ)​ នៅ​ក្នុង​កៅអី​រុញ​នៅ​មន្ទីរពេទ្យ​ Phyathai ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​​អង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥​។​​ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)

រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​​​បាន​ស្គាល់​មុខ​សញ្ញា​ជន​ដៃ​ដល់​ដែល​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​របស់​គណបក្ស​ជំទាស់​ពីរ​រូប​ ​ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ណា​មួយ​នោះ​ទេ។

រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ ​បាន​ស្គាល់​មុខ​សញ្ញា​ជន​ដៃ​ដល់​ដែល​ប្រើ​អំពើ​ហិង្សា​លើ​តំណាង​រាស្ត្រ​របស់​គណបក្ស​ជំទាស់​ពីរ​រូប​ ​ក៏​ប៉ុន្តែ​មិន​ទាន់​បាន​ធ្វើការ​ចោទ​ប្រកាន់​ជន​សង្ស័យ​ណា​មួយ​នោះ​ទេ។​

មន្ត្រី​ក្រសួង​មហា​ផ្ទៃ​បាន​ឲ្យ​ដឹង​នា​ថ្ងៃ​អង្គារ​នេះ​ថា ​អាជ្ញាធរ​កម្ពុជា​បាន​ស្គាល់​មុខ​ជន​ដៃ​ដល់​ ដែល​បាន​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​ពីរ​រូប​របស់​គណបក្ស​ជំទាស់​នៅ​មុខ​ស្ថាប័ន​របស់​ខ្លួន​នៅ​ថ្ងៃ​ច័ន្ទ​សប្តាហ៍​មុន​នេះ។​

លោក​នាយ​ឧត្តម​សេនីយ ​ខៀវ សុភ័គ ​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​ប្រាប់​ VOA​ ថា​ ក្រុម​ជំនាញ​នៃ​គណៈ​កម្មការ​ស៊ើប​អង្កេត​ករណី​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​ ​បាន​ស្គាល់​មុខ​សញ្ញា​ជាក់​លាក់​ និង​បាន​ប្រមូល​ឯកសារ​ទិន្នន័យ​មួយ​ចំនួន​ពី​មន្ទីរ​រដ្ឋសភា ពី​ម្ចាស់​ទំព័រ​ហ្វេសប៊ុក ​រួមទាំង​សាក្សី​ផ្ទាល់​ភ្នែក ​អ្នកបើក​រថយន្ត​របស់​ជន​រង​គ្រោះ ​និង​តំណាង​មេធាវី​របស់​ជន​រង​គ្រោះ​ផង​ដែរ។​ ក៏​ប៉ុន្តែ​មិន​ទាន់​មាន​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ច្បាប់​នៅ​ឡើយ​ទេ។​

«យើង​មិន​ទាន់​បាន​ចោទ​ប្រកាន់​អី​ជា​ផ្លូវ​ការ​នោះ​ទេ​ ក៏​ប៉ុន្តែ​យើង​មាន​ឯកសារ​ ភ័ស្តុតាង​ ហើយ​និង​រូបភាព​តាម​រយៈ​អ្វី​ដែល​យើង​បាន​ពី​អគ្គ​លេខា​ធិការ​ដ្ឋាន​រដ្ឋសភា​ ​ក៏​ប៉ុន្តែ​យើង​នៅ​តែ​ស្នើ​សុំ​ឲ្យ​មាន​កិច្ច​សហ​ការ​ពី​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ ​ព្រោះ​ធម្មតា​យើង​មិន​មែន​ឃើញ​រូប​ភាព​នៅ​ក្នុង​ហ្នឹង​ហើយ​ ​យើង​ទៅ​ធ្វើ​ការ​ចាប់​តាម​រូប​ភាព​នោះ​ទេ​ ​ព្រោះ​ធម្មតា​ហ្វេសប៊ុក​ហ្នឹង ​យើង​មិន​អាច​យក​ជា​ផ្លូវ​ការ​បាន​ទេ​ ទាល់​តែ​សុំ​ឲ្យ​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​ហ្នឹង​បញ្ជាក់​ជាមួយ​យើង​ផ្ទាល់។​ ​ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ យើង​នឹង​មាន​លទ្ធផល​នា​ពេល​ឆាប់ៗ​នេះ»។​

យ៉ាង​ណា​ក៏​ដោយ​ លោក​នាយ​ឧត្តម​សេនីយ​ ខៀវ សុភ័គ ​មិន​បាន​បញ្ជាក់​ពី​ចំនួន​ និង​អត្ត​សញ្ញាណ​របស់​ជន​សង្ស័យ​នោះ​ទេ​ ដោយ​លោក​លើក​ឡើយ​ថា​ ក្រុម​ជំនាញ​កំពុង​ធ្វើ​ការ​ប្រៀប​ធៀប​ និង​កំណត់​មុខ​សញ្ញា​បន្ត​នៅ​ឡើយ។

នា​ថ្ងៃ​ច័ន្ទ​សប្តាហ៍​កន្លងទៅ តំ​ណាង​រាស្ត្រ​ពីរ​នាក់​របស់​គណបក្ស​ជំទាស់​គឺ​លោក​ គង់ សភា​ និង​លោក​ ញ៉យ ចំរើន ​ត្រូវ​បាន​ក្រុម​ជន​ជន​បិទ​មុខ​វាយ​ប្រហារ​ ​ក្រោយ​ពេល​ដែល​ជន​ទាំង​នោះ​ស្ទាក់​រថ​យន្ត​ និង​ទាញ​អ្នក​តំណាង​រាស្ត្រ​ចេញ​ពី​រថយន្ត ខណៈ​ពេល​បើក​ចេញ​ពី​មន្ទីរ​រដ្ឋ​សភា។ ​ការ​វាយ​ដំ​នេះមិន​មាន​កិច្ច​អន្តរាគមន៍​ពី​កម្លាំង​សមត្ថកិច្ច​នោះ​ទេ។ គេ​ជឿ​ជាក់​ថា​ ក្រុម​ជន​សង្ស័យ​ទាំង​នោះ​គឺ​ជា​បាតុករ​ដែល​នៅ​សេស​សល់​ពី​ការ​តវ៉ា​ឲ្យ​ដក​លោក​ កឹម សុខា​ ចេញ​ពី​តំណែង​នា​អនុ​ប្រធាន​ទី​មួយ​រដ្ឋ​សភា។​

ការ​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​ ដែល​មាន​អភ័យ​ឯក​សិទ្ធិ​នេះ​ ត្រូវ​បាន​ថ្កោល​ទោស​ និង​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​នានា​ ​និង​ស្ថាន​ទូត​នានា​ប្រចាំ​នៅ​ប្រទេស​កម្ពុជា។ ​ក្នុង​នោះ​មាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ Human Rights Watch ​ដែល​មាន​ទីតំាង​នៅ​ក្នុង​ទីក្រុង​ New York​ ​សហ​រដ្ឋ​អាមេរិក​ផង​ដែរ។

លោក​ Brad Adams នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ប្រចាំ​អាស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ អសមត្ថភាព​និង​ នយោបាយ​ភាវូបនីយកម្ម​នៃ​តុលាការ​កម្ពុជា​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ករណី​នេះ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ។
លោក​ Brad Adams នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ ប្រចាំ​អាស៊ី​ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា​ អសមត្ថភាព​និង​ នយោបាយ​ភាវូបនីយកម្ម​នៃ​តុលាការ​កម្ពុជា​ គឺ​បង្ហាញ​យ៉ាង​ច្បាស់​នៅ​ក្នុង​ករណី​នេះ​ដែល​សកម្មជន​សិទ្ធិ​មនុស្ស​ត្រូវ។

អង្គការ​សិទ្ធិ​មនុស្ស​នេះ​បាន​និយាយ​ថា «ការ​វាយ​ប្រហារ​យ៉ាង​យង់​ឃ្នង»​លើ​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​គឺ​ស្រដៀង​ទៅ​នឹង​អ្វី​ដែល​ធ្លាប់​បាន​កើត​ឡើង​ចំពោះ​គណបក្ស​ជំទាស់​ផ្សេង​ទៀត ដែល​ធ្លាប់​បាន​ប្រកួត​ប្រជែង​ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នា​អំឡុង​ឆ្នាំ​១៩៩០។ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​ដដែល​ក៏​បាន​បង្ហាញ​ផង​ដែរ​ថា​ ​បាតុកម្ម​ប្រឆាំង​នឹង​លោក​ កឹម​សុខា​ ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​គឺ​មាន​ការ​គាំទ្រ​ពី​លោក​ឧត្តម​សេនីយ គន់ គឹម សមាជិក​អចិន្ត្រៃយ៍​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​គាំទ្រ​កា​រទម្លាក់​លោក​ កឹម សុខា​ ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋសភា​ក្នុង​ថ្ងៃ​បាតុកម្ម​នោះ​ផង​ដែរ។​

លោក​ Brad Adamsប្រធាន​ការិយាល័យ​ប្រចាំ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Human​ Rights​ Watch បាន​សរសេរ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​សប្តាហ៍​មុន​យ៉ាង​ដូច្នេះ​ថា៖​«ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​របស់​ពលរដ្ឋ​ដើម្បី​វាយ​ប្រហារ​លើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​នោះ​ បាន​បញ្ជូន​សញ្ញា​ភ័យ​ខ្លាច​មួយ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា​ ​ហើយ​វា​បង្ហាញ​ពី​រលក​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ថ្មី​មួយ​ដែល​អាច​កើត​ឡើង​គ្រប់​ពេល​ និង​គ្រប់​ទី​កន្លែង»។​

សេចក្តី​ថ្លែង​ការណ៍​រួម​ផ្សេង​មួយ​ទៀត​ ដែល​ចេញ​ដោយ​អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​ក្នុង​ស្រុក​ក្រោយ​ការ​ផ្ទុះ​អំពើ​ហិង្សា​នោះ​បាន​សរសេរ​ថា ​ក្នុង​ចំណោម​បាតុករ​ ​ដែល​បាន​ស្រែក​ប្រ​ឆាំង​នឹង​លោក​ កឹម សុខា​ នៅ​មុខ​រដ្ឋសភា​កាល​ថ្ងៃ​ច័ន្ទ​នោះ​ក៏​មាន​កង​សន្តិសុខ ​និង​មន្ត្រី​នគរបាល​ដែរ​ ហើយ​ពួក​គេ​ភាគ​ច្រើន​មាន​បង់ក​ក្រមា ​ឬ​មាន​ក្រណាត់​ក្រហម​បិទ​ភ្ជាប់​នឹង​អាវ​ជា​សញ្ញា​ផង​ដែរ។

នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ​ បាន​បញ្ជាក់​ប្រាប់ ​VOA ​នា​ថ្ងៃអង្គារ​នេះ​ថា​ ការ​លើក​ឡើង​របស់​ក្រុម​ផ្សេងៗ​គឺ​ជា​សេរីភាព​របស់​ពួក​គេ​ ក៏​ប៉ុន្តែ​បញ្ហា​ចម្បង​គឺ​ការ​តាម​ចាប់​ខ្លួន​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស។​

«អ្នក​ណា​គេ​ថា​អី​ថា​ទៅ​ បង​មិន​យក​ចិត្ត​ទុកដាក់​នោះ​ទេ​ ​សំខាន់​គឺ​រក​ជន​ល្មើស​ ​ជន​ដៃ​ដល់​ ដែល​វ៉ៃ​តំណាង​រាស្ត្រ​នោះ។ ព្រោះ​គេ​ថា​ ចេះ​តែ​ថា​ទៅ។ ​អ្នក​ខ្លះ​គេ​ថា​ អញ្ចេះ​ អ្នក​ខ្លះ​គេ​ថា​ អញ្ចុះ។​ អ្នក​ខ្លះ​គេថា​ ជា​ល្បិច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ តែ​យើង​មិន​ជា​ជឿ​នោះ​ទេ។ តែ​រឿង​សំខាន់​គឺ​ជន​រងគ្រោះ​នៅ​មន្ទីរ​ពេទ្យ​ ​ហើយ​រក​អ្នក​ជន​ដៃ​ដល់​នោះ​មក​ឲ្យ​ឃើញ»។​

​លោក ​យ៉ែម ប៉ុញ្ញាឫទ្ធិ​ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រាប់​ ​VOA​ ​ថា​ មក​ដល់​ពេល​នេះ​ សភាព​របួស​របស់​អ្នក​តំណាង​រាស្ត្រ​ទាំង​ពីរ​នៅ​មាន​ភាព​ឈឺ​ចាប់​នៅ​ឡើយ​ ​ទោះ​បី​ជា​មាន​ការ​វះកាត់​ និង​ការ​ពិនិត្យ​ពី​ក្រុម​គ្រូពេទ្យ​នៅ​ប្រទេស​ថៃ​ក៏​ដោយ។​

«គាត់​មាន​អាការៈ​ធូរស្រាល​ជាង​មុន​ក្រោយ​ពី​ទទួល​បានការ​វះកាត់។ ​ក៏ប៉ុន្តែ​នៅ​តែ​មាន​បញ្ហា​ឈឺ​ក្បាល​ វិល​មុខ​ ហើយ​និង​ឈឺ​ក្នុង​ខ្លួន​ ដោយ​សារ​ត្រូវ​របួស​ធ្ងន់​ ​មិន​ដឹង​ថា ​ត្រូវ​គ្រាំ​ដល់​កម្រិត​ណា។ ​ដូច្នេះ​វេជ្ជបណ្ឌិត​ថៃ​លោក​ពុំ​ទាន់​អនុញ្ញាត​ឲ្យ​ចេញ​ពី​ពេទ្យ​នៅ​ឡើយ​ ​ប្រហែល​ជា​ត្រូវ​ធ្វើការ​ស្គេន​ម្តង​ទៀត​លើ​ខ្លួន​ប្រាណ​និង​ក្បាល​ទាំង​មូល​តែ​ម្តង​បាទ»។​

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ឲ្យ​ដឹង​ថា​ លោក​បាន​ទៅ​សួរ​សុខតំណាង​រាស្ត្រ​របស់​លោក​ពីរ​រូប​ ដែល​កំពុង​ព្យាបាល​របួស មុន​ពេល​ធ្វើ​មាតុភូមិ​និវត្តន៍​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នា​ល្ងាច​ថ្ងៃ​អង្គារ​នេះ។ ​នៅ​ក្នុង​កម្រង​រូបភាព​ដែល​ផ្សាយ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នោះ​មាន​តំណាង​រាស្ត្រ​សំខាន់ៗ​មួយ​ចំនួន​គឺ​លោក​ កឹម សុខា​ អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ គង់ គាំ​ ​ដែល​ជា​ឪពុក​បង្កើត​របស់​តំណាង​រាស្ត្រ ​គង់ សភា​ ដែល​រង​របួស​នោះ។

ស្ថិត​ក្នុង​វ័យ​៧៤​ឆ្នាំ​ ​អ្នក​នយោបាយ​ជើងចាស់​គឺ​លោក គង់ គាំ​ ​តំណាង​ព្រឹទ្ធសភា ​និង​ជា​ប្រធាន​គណបក្ស​សម រង្ស៊ី​ ដែល​គេ​ស្គាល់​ថា ​ជា​ជំនិត​របស់​លោក​ សម រង្ស៊ី​ ​បាន​ប្រកាស​ចូល​និវត្តន៍​ពី​ព្រឹទ្ធ​សភា​ និង​ដក​ខ្លួន​ពី​គណបក្ស​ជំទាស់​កាល​ពីថ្ងៃ​ច័ន្ទ​ដោយ​បញ្ហា​សុខភាព។​

​ការ​វាយ​ប្រហារ​ទៅ​លើ​តំណាង​រាស្ត្រ​គណបក្ស​ជំទាស់​ទាំង​ពីររូប​ និង​ការ​ដក​លោក​ កឹម សុខា​ ចេញ​ពី​តំណែង​អនុ​ប្រធាន​ទី១​នៃ​រដ្ឋ​សភា​កើត​ឡើង ​បន្ទាប់​ពី​មាន​អរិភាព​នយោបាយ​រវាង​គណបក្ស​កាន់​អំណាច​របស់​លោក​ ហ៊ុន សែន និង​គណបក្ស​ជំទាស់​នា​ពេល​ថ្មីៗ​នេះ​ ក្រោយ​ពេល​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បញ្ជាក់​ការ​មន្ទិល​សង្ស័យ​អំពី​ការ​ប្រើ​ប្រាស់​ផែន​ទី និង​ការ​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ​និង​ប្រទេស​វៀតណាម។ ក្នុង​នោះ​យ៉ាង​ហោច​ណាស់​សកម្ម​ជន​គណបក្ស​ជំទាស់​ជាង​១០រូប​ និង​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប​ ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ និង​កាត់​ទោស​បន្ត​បន្ទាប់។ ការណ៍​នេះ​ធ្វើ​ឲ្យ​មាន​ក្តី​បារម្ភ​ពី​សំណាក់​អង្គ​ការ​សិទ្ធិ​មនុស្ស​ធំៗ និង​អង្គការ​សហ​ប្រជាជាតិ៕​

XS
SM
MD
LG