ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​ដែល​រង​គ្រោះ៖ ជន​ល្មើស​មិន​គួរ​ពិបាក​រក​យូរ​អញ្ចឹង​ទេ


លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ នៅ​ក្នុង​កៅអី​រុញ​នៅ​មន្ទីរពេទ្យ​ Phyathai ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​​អង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយ​​ពេល​​​​លោក​ត្រូវ​បាន​​បាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណ​​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។​​ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)
លោក​ ញ៉យ ចំរើន ​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ នៅ​ក្នុង​កៅអី​រុញ​នៅ​មន្ទីរពេទ្យ​ Phyathai ក្នុង​ទី​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​​ថ្ងៃ​​អង្គារ​ទី​២៧ ខែ​តុលា ឆ្នាំ​២០១៥ នៅ​ក្រោយ​​ពេល​​​​លោក​ត្រូវ​បាន​​បាតុករ​វាយ​ទាត់​ធាក់​នៅ​ខាង​ក្រៅ​បរិវេណ​​រដ្ឋសភា​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ច័ន្ទ​។​​ (ផ្តល់​ដោយ​លោក ញ៉យ ចំរើន)

សមា​ជិកសភា​ម្នាក់​ដែល​រង​គ្រោះ​ដោយសារ​ការវាយ​ប្រហារ​បាន​និយាយ​ថា​​ ការស៊ើប​អង្កេត​របស់​អាជ្ញាធរ​មាន​លក្ខណៈ​យឺតយ៉ាវ។​ ជន​រងគ្រោះ​ទាមទារ​ថា ​អាជ្ញាធរ​គួរតែ​ធ្វើ​កិច្ចការ​នេះ​ឲ្យបានឆាប់​ ​ដោយសារ​គេ​​ស្គាល់​អត្ត​សញ្ញាណ​អ្នក​ប្រព្រឹត្ត​ខ្លះ​ហើយ​នោះ។​

សមា​ជិកសភា​ម្នាក់​ដែល​រង​គ្រោះ​ដោយសារ​ការវាយ​ប្រហារ​បាន​និយាយ​ថា ការស៊ើប​អង្កេត​របស់​អាជ្ញាធរ​មាន​លក្ខណៈ​យឺតយ៉ាវ។​ ជន​រងគ្រោះ​ទាមទារ​ថា ​អាជ្ញាធរ​គួរតែ​ធ្វើ​កិច្ចការ​នេះ​ឲ្យបានឆាប់​ ​ដោយសារ​គេស្គាល់​អត្ត​សញ្ញាណ​អ្នក​ប្រព្រឹត្ត​ខ្លះ​ហើយ​នោះ។​

លោក​ញ៉យ ចំរើន ​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ​បាន​ថ្លែង​ថា អាជ្ញាធរ​គួរ​តែ​ចាប់​ខ្លួន​ជនដៃ​ដល់​ដែល​បាន​វាយដំ​រូបលោក ​និង​លោក​គង់ សភា​ អ្នកតំណាង​រាស្ត្រ​ម្នាក់ទៀត​នៅ​មុខ​បរិវេណ​សភា​កាលពី​ថ្ងៃច័ន្ទ​ ដើម្បី​យក​មក​ផ្តន្ទាទោស​ ដោយសារ​មាន​អត្តសញ្ញាណ​ជា​ច្រើនត្រូវ​គេ​បង្ហាញ​ជា​សាធារណៈ។​

«ខ្ញុំ​ថា​ វា​មើល​ទៅ​វាយឺត​ដែរ​ ព្រោះ​យើងមើល​ឃើញ​ភស្តុតាង​ដែល​គេ​ថត​បាន​នៅក្នុង Facebook ​អី ​វាមិនគួរ​ថា​ វា​ពិបាក​ទេ​ ​បើសិន​ជា​រដ្ឋាភិបាល​មាន​ចេតនា​ពិតប្រាកដ​មែន​ក្នុង​ការ​រក​ចាប់​អ្នក​ដៃ​ដល់។ ខ្ញុំជឿថា​ ​វាមិន​គួរ​យូរ​ដល់​ប៉ុណ្ណឹង​ទេ»។​

ថ្លែង​ប្រាប់​វីអូអេ​ពី​រាជ​ធានី​បាងកក​ ប្រទេស​ថៃ​ ជា​កន្លែង​ដែល​លោក​សម្រាក​ព្យាបាល​របួស​នោះ​ លោក​ចំរើនពុំបាន​ប្រាប់​ថា​ អ្នក​ដែល​គេ​ស្គាល់​អត្ត​សញ្ញាណនោះ​ជា​អ្នកណា​ទេ​ តែថា ​លោក​ចង់​ឃើញ​ជនដៃ​ដល់​និង​អ្នក​នៅ​ពីក្រោយ​ខ្នង ​ត្រូវ​គេ​នាំ​យក​មក​កាត់​ទោស​ដើម្បី​ជា​គម្រូយុត្តិធម៌។​

លោក​ញ៉យ ចំរើន​ អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម​ និង​លោក​គង់ សភា​ អ្នក​តំណាង​រាស្ត្រ​មកពី​មណ្ឌល​ស្វាយរៀង​ ត្រូវក្រុម​មនុស្សមួយ​ក្រុម​ ដែល​គេ​សង្ស័យ​ថា ​ជា​មនុស្ស​ស្និទ្ធ​នឹង​គណបក្ស​គ្រប់គ្រង​ប្រទេស ហើយដែល​បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​ដក​លោក​កឹម សុខាពីតំណែង​អនុប្រធាន​ទី១នៃ​រដ្ឋសភា​នោះ​ គឺជាអ្នក​ប្រព្រឹត្ត។​

ក្រុម​អាជ្ញាធរ​ពុំទាន់​មាន​សេចក្តី​រាយ​ការណ៍​និង​ការ​បញ្ជាក់​ទេ ថា​តើ​ជន​ដៃ ដល់​ដែល​គេ​កំណត់​អត្ត​សញ្ញាណ​នោះ​ជា​អ្នក​ណា​ឡើយ ​នៅពេល​ដែល​មាន​សម្ពាធ​ពីអង្គការ​សិទ្ធិ​មនុស្ស​ជាតិ ​និងអន្តរជាតិ​ព្រមទាំងពីលោក​កឹម សុខា​ផងដែរ ដែលទាមទារឲ្យមាន​ការចូលរួម​ស៊ើប​អង្កេត​ជា​អន្តរជាតិ​ដើម្បី​ចាប់​ខ្លួន​ជនដៃ​ដល់​មក​ផ្តន្ទាទោស​តាមច្បាប់ ​ហើយ​បញ្ចប់​វប្បធម៌​រួច​ទោស​ពៃរ៍​នោះ។​

លោក​ស្រី រ៉ាវីណា ​ស្សាំសាដានី ​(Ravina Shamsadani) ​អ្នក​នាំ​ពាក្យ​របស់​ឧត្តម​ស្នងការ​អ.ស.ប.ទទួល​បន្ទុកផ្នែក​សិទ្ធិមនុស្ស​ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​ទីក្រុង​ហ្សឺណែវ​មក​ថា៖​

«វាជាការ​ទទួលខុស​ត្រូវរបស់​រដ្ឋាភិបាល​ក្នុងការ​ធានា​ថា​ បុគ្គល​គ្រប់​រូប​មិន​ត្រូវ​ក្លាយ​ជា​គោលដៅ​វាយ​ប្រហារ​ដោយសារ​ការ​ចូលរួម​ពាក់ព័ន្ធ​នឹង​នយោបាយ ​ឬការ​បញ្ចេញ​ទស្សនៈ​ផ្ទុយ​គ្នា​នោះ​ទេ»។​

​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ដោយ​ដកស្រង់​របាយ​ការណ៍​នានា ​ដែល​លើក​ឡើង​ថា ​ប៉ូលិស​និង​អាជ្ញាធរ​សន្តិសុខ​គ្រាន់​តែ​មើល​ ខណៈ​ពេល​ដែលការវាយ​ប្រហារនោះកើត​មាន​ឡើង​ ហើយ​វា​ផ្ទុយទាំង​ស្រុង​ទៅនឹង​វិធាន​ការ​របស់​អាជ្ញាធរពីមុន​ដែលតប​ត​ចំពោះ​បាតុកម្ម​នានា​កាលពី​មុនៗ​របស់​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល។​

«យើង​សូម​បញ្ជាក់​ថា​ សិទ្ធិ​ចូលរួម​ធ្វើការ​ប្រមូល​ផ្តុំ​ និង​ចូលរួម​សម្តែង​មតិ​ ត្រូវ​ផ្តល់​ជូន​ដល់​បុគ្គល​គ្រប់រូប​ មិន​ថា​ គេ​មក​ពី​គណបក្ស​ណា​ និងមាន​យោបល់​យ៉ាង​ណា​ទេ»។​

លោកស្រី​អ្នក​នាំពាក្យ​របស់​ឧត្តម​ស្នងការ​អ.ស.ប.ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្សបាន​ទទូច​ឲ្យ​អាជ្ញាធរ​ស្រាវជ្រាវ​ចាប់ខ្លួន​ជន​ដៃ​ដល់​មក​ផ្តន្ទាទោស​តាម​ច្បាប់ ​ហើយ​ធានា​សុវត្ថិភាព​ជូន​ដល់​អ្នក​តំណាង​រាស្ត្រ ​ដែល​ត្រូវ​បាន​ជ្រើសរើស​តាម​បែប​ប្រជា​ធិបតេយ្យ​ ហើយ​មិន​ត្រូវ​គិត​ពី​និន្នាការ​នយោបាយ​របស់​ពួក​គេ​នោះ​ទេ។​

អង្គការ​សិទ្ធិមនុស្ស ​Human Rights Watch ​វិញ​បាន​អំពាវនាវ​សុំឲ្យ​មាន​ការ​ចូលរួម​ស៊ើប​អង្កេត​ដោយ​អង្គការ​ឯករាជ្យ​ ដូចជា​ការិយាល័យ​អ.ស.ប.ផ្នែក​សិទ្ធិ​មនុស្ស។​

នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់ខ្លួន​បន្ថែម​ទៀត​កាលពី​ម្សិលមិញ ​លោក​ Brad Adams ​នាយក​អង្គការ​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី ​Human Rights ​Watch Asia​ បាន​បញ្ជាក់​ថា៖​

«ការ​វាយ​ប្រហារ​ដ៏ឃោរឃៅ​ចេញ​ពី​ចរិត​ដ៏​ឥតខ្មាស់​អៀនទៅលើ​អ្នក​តំណាង​រាស្ត្រ​នោះ​ បាន​បញ្ជូនសារ​ថា ​លំហ​ប្រជា​ធិបតេយ្យ​ដែល​នៅមាន​តិចតួច​ក្នុង​ប្រទេស​កម្ពុជា​នោះ​ ត្រូវ​បាន​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ»។​

លោក ​Brad Adams ​បាន​ថ្លែង​ថា​ រដ្ឋាភិបាល​ម្ចាស់​ជំនួយ​ត្រូវ​បញ្ជាក់ឲ្យ​បាន​ច្បាស់​ថា ​ការ​ថ្កោល​ទោស​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនប្រឆាំងនឹង​លើ​ការ​វាយប្រហារ​អ្នក​តំណាង​រាស្ត្រ​នោះ​ អាច​ជឿបាន​ លុះត្រា​តែ​លោក​ហ៊ុន សែន​អំពាវ​នាវ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ពី​អ.ស.ប.។​

ឧត្តម​ស្នងការ​អ.ស.ប.ទទួល​ផ្នែក​សិទ្ធិ​មនុស្ស​បាន​ទទូច​ថា​ រដ្ឋាភិបាល​ត្រូវទទូល​ខុស​ត្រូវ​ចំពោះ​ការធានាផ្តល់​សិទ្ធិ​ប្រមូល​ផ្តុំ​គ្នា​ ​និង​ការ​បញ្ចេញ​មតិ​ ជូន​ដល់​គ្រប់ភាគី​ទាំងអស់។ ​ឧត្តម​ស្នងការ​អ.ស.ប.បន្ថែមថា ​ក្រុម​មន្ត្រី​គណបក្ស​ជំទាស់​ និង​ក្រុម​សកម្មជន​នានា​បាន​រង​«បរិយាកាស​ដ៏អាក្រក់» ​ដូចជា​ការ​ចាប់​ដាក់​គុក ​ដកហូត​តំណែង​ និង​ការ​វាយ​ប្រហារ​តំណាង​រាស្ត្រ​ជា​ដើម។​

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃសៅរ៍ ​ឧត្តម​ស្នងការ​អ.ស.ប.​ទទួលផ្នែក​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា ​មាន​សកម្មជន​គណបក្ស​ជំទាស់​១១​ រូប​កំពុងជាប់​ឃុំឃាំង​ ចាប់​ពី​៧​ឆ្នាំដល់​២០​ឆ្នាំ​ ដោយសារ​តែការ​ចោទ​ប្រកាន់​ថា​ ​ចូលរួម​ឬ​ដឹកនាំ​កុប្បកម្ម ​ហើយ​សមាជិក​ព្រឹទ្ធ​សភា​ម្នាក់​របស់​គណបក្ស​សម រង្ស៊ី​កំពុងរង់​ចាំការ​កាត់ទោស​ពី​បទ​ចោទ​ថា​ ក្លែង​បន្លំ​ ប្រើប្រាស់​ឯកសារ​ជាសាធារណៈ។​

មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ រួមទាំង​លោក​សម រង្ស៉ី​ក៏រង​ការ​គំរាម​ថា​ អាច​ជាប់​គុក​ពី​រឿង​បង្ហោះ​ឯកសារ​ព្រំដែន​ដែល​រដ្ឋាភិបាល​ចាត់​ទុក​ថា ​ជា​ឯកសារ​ក្លែងក្លាយ​ ហើយក៏មានការ​គម្រាម​សុវត្ថិភាព​របស់​លោក​កឹម សុខា ​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់។ លោក​ត្រូវ​រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​បោះឆ្នោត​ទម្លាក់​ពី​ តំណែង​អនុ​ប្រធាន​ទី១​រដ្ឋសភា​មក​នៅត្រឹម​សមាជិក​សភា​ធម្មតា។​

គណបក្ស​សង្គ្រោះជាតិ​គឺ​ជាគូ​ប្រជែង​នយោបាយ​ដ៏​សំខាន់​សម្រាប់​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ដែលកាន់​អំណាច​ជាង​៣០​ឆ្នាំ ជា​ពិសេសជាគូ​ប្រជែងសម្រាប់​ការបោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ​សង្គាត់​នៅឆ្នាំ​២០១៧ ​និង​ការ​បោះ​ឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​នៅឆ្នាំ​២០១៨៕

XS
SM
MD
LG