មន្ត្រីសិទ្ធិមនុស្សនៅកម្ពុជាជំរុញឱ្យរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាសប្តាហ៍នេះ លើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ជាពិសេសធានាការបោះឆ្នោតសកលនៅឆ្នាំក្រោយដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក លោក នី សុខា ប្រាប់វីអូអេនៅថ្ងៃចន្ទថាសហរដ្ឋអាមេរិកជាប្រទេសប្រកាន់យកនូវរបបលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សជាមូលដ្ឋាន។ ដូចនេះលោកចង់ឃើញភាគីសហរដ្ឋអាមេរិកលើកឡើងក៏ដូចជាជំរុញរដ្ឋាភិបាលកម្ពុជាឱ្យមានការគោរពសិទ្ធិមនុស្ស និងដើរតាមគន្លងប្រជាធិបតេយ្យឡើងវិញ។
លោកបន្តថាប៉ុន្មានឆ្នាំចុងក្រោយនេះ បន្ទាប់ពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ ប្រជាធិបតេយ្យនៅកម្ពុជាបានដើរថយក្រោយ ខណៈសិទ្ធិនយោបាយក៏ត្រូវបានរឹតត្បិត តាមរយៈការធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយគណបក្សប្រឆាំង ក៏ដូចជាសកម្មជនបរិស្ថាន និងមន្ត្រីសិទ្ធិមនុស្សផងដែរ។
លោកថ្លែងថា៖«ការបើកលម្ហសេរីភាព ជាពិសេសលម្ហសេរីភាពសម្រាប់អង្គការសង្គមស៊ីវិល សហគមន៍ និងអ្នកប្រមូលផ្តុំទាមទារដើម្បីយុត្តិធម៌សង្គមអីផ្សេងៗ គឺថាយើងចង់ឃើញហ្នឹង ដើម្បីឱ្យបរិយាកាសប្រទេសយើងមុនការបោះឆ្នោតឱ្យវាប្រព្រឹត្តទៅប្រកបដោយបរិយាកាសល្អ»។
ប្រធានសមាគមរូបនេះអះអាងថា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣ខាងមុខ ប្រសិនបើស្ថានភាពនៅតែបន្តបែបនេះ វានឹងមិនមានអ្វីខុសប្លែកទេ។ លោកបន្តថា ដើម្បីឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ រដ្ឋាភិបាលត្រូវតែបើកទូលាយឡើងវិញ សម្រាប់គណបក្សក្រៅរដ្ឋាភិបាលចូលរួមការបោះឆ្នោត ដោះលែងអ្នកទោសនយោបាយទាំងអស់ ជាពិសេសកំណែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប)។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ឱ្យដឹងថា លោករដ្ឋមន្ត្រី Antony Blinken នឹងធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា ដើម្បីចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាមេរិក-អាស៊ាន កិច្ចប្រជុំកំពូលអាស៊ីបូព៌ាថ្នាក់រដ្ឋមន្ត្រីការបរទេស និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោកក៏នឹងជួបជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសមភាគីរបស់លោក គឺលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជាផងដែរ។
លោក អំ សំអាត នាយករងទទួលបន្ទុកកម្មវិធីឃ្លាំមើលនៃអង្គការលីកាដូ ថ្លែងថា លោករំពឹងថា ភាគីសហរដ្ឋអាមេរិកនឹងលើកឡើងពាក់ព័ន្ធជាមួយបញ្ហាសិទ្ធិមនុស្ស ក៏ដូចជាលទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យកម្ពុជាត្រឡប់ដើរលើមាគ៌ាប្រជាធិបតេយ្យឡើងវិញ។ លោកបន្តថាកម្ពុជាអាចមានផលចំណេញច្រើនពីការអនុគ្រោះពាណិជ្ជកម្មដែលអាមេរិកបានផ្តល់ឱ្យ។
លោកប្រាប់វីអូអេថា៖ «ហើយកម្ពុជា យើងមានផលចំណេញច្រើន ពីព្រោះទី១សហរដ្ឋអាមេរិកបានផ្តល់នូវប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម ហៅកាត់ថា GSP។ អ៊ីចឹងនៅក្នុង GSP ក៏មានលក្ខខណ្ឌទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិការងារ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងនោះផងដែរ»។
អ្នកឃ្លាំមើលរូបនេះអះអាងថាការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ មានសារៈសំខាន់សម្រាប់កម្ពុជា ហេតុនេះរដ្ឋាភិបាលត្រូវបញ្ចប់ការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំង ដើរតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ និងធានាការបោះឆ្នោតមួយ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដើម្បីបង្កបរិយាកាសល្អនិងការជឿទុកចិត្តពីប្រជាពលរដ្ឋ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ប្រាប់វីអូអេថា ការណ៍ដែលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅក្នុងទឹកដីកម្ពុជា មានន័យថាកម្ពុជាមិនមានការរំលោភសិទ្ធិមនុស្ស និងគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើយ។
លោកថ្លែងថា៖ «បើកម្ពុជាមានការរំលោភសិទ្ធិមនុស្ស ខ្ញុំយល់ថាលោករដ្ឋមន្ត្រីការបរទេសអាមេរិក លោកមិនអញ្ជើញមកកម្ពុជាទេ។ បើគាត់មកអ៊ីចឹង បានន័យថាវាអត់មានការរំលោភសិទ្ធិមនុស្សនៅកម្ពុជាទេ»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយនៅថ្ងៃទី២៩ ខែកក្កដា រដ្ឋមន្រ្តីការបរទេស Antony Blinken នឹងថ្លែងសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងការអនុវត្តប្រកបដោយជោគជ័យលើទស្សនៈវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ លោករដ្ឋមន្ត្រីនឹងជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ដើម្បីពិភាក្សាពីការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន និងការខិតខំក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងសហរដ្ឋអាមេរិក និងអាស៊ានជារួម និងអាមេរិកជាមួយកម្ពុជា។
នៅក្នុងការថ្លែងមួយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៩ ខែកក្កដា មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេសបានលើកឡើងថានៅក្នុងជំនួបជាមួយថ្នាក់ដឹកនាំកម្ពុជា លោក Blinken នឹងលើកឡើងអំពីការចង់បានរបស់អាមេរិកសម្រាប់ទំនាក់ទំនង«ប្រកបដោយផ្លែផ្កា និងវិជ្ជមាន»ជាមួយកម្ពុជា។
បន្ថែមពីនេះ លោកក៏នឹងសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបើកចំហរបស់កម្ពុជា និងតម្លាភាពអំពីកិច្ចសហប្រតិបត្តិការសន្តិសុខរបស់ខ្លួនជាមួយប្រទេសចិន និងតម្រូវការសម្រាប់មេដឹកនាំកម្ពុជាក្នុងការធានាការវិវឌ្ឍប្រកបដោយអត្ថន័យនៃការគាំទ្រប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងបើកចំហឡើងវិញនៃសិទ្ធិនយោបាយ និងស៊ីវិល៕