ទាហានម្នាក់នៃកងអង្គរក្សរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនចំនួន៣នាក់ ដែលបានវាយតំណាងរាស្រ្តគណបក្សប្រឆាំងឱ្យរងរបួសធ្ងន់កាលពីចុងឆ្នាំ២០១៥ ត្រូវបានដំឡើងឋានៈជាឧត្ដមសេនីយ៍ត្រី រីឯទាហាន២នាក់ទៀតក៏ត្រូវបានដំឡើងឋានៈផងដែរ។ នេះបើយោងតាមព្រះរាជក្រិត្យចេញកាលពីចុងឆ្នាំ២០១៦ ដែលត្រូវបានគេចែកចាយនាពេលថ្មីៗនេះ។
កាលពីខែតុលា ឆ្នាំ២០១៥ តំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិគឺលោកញ៉យ ចំរើន និងលោកគង់ សភាត្រូវបានបាតុករមួយក្រុមដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មានគ្នាប្រមាណ១០នាក់ បានវាយដំធ្វើឲ្យរងរបួសធ្ងន់នៅក្បែររបងរដ្ឋសភា។
ក្រោយពីមានការប្រកាសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនឱ្យអ្នកដែលវាយតំណាងរាស្ត្រទាំងនោះចេញខ្លួនសារភាព នៅដើមខែវិច្ឆិកា ឆ្នាំ២០១៥ អង្គរក្ស៣នាក់របស់លោកហ៊ុន សែនគឺលោកសុត វណ្ណី លោកម៉ៅ ហឿន និងលោកឆាយ សារិទ្ធបានចេញមុខសារភាពថា ពួកគេបានព្រួតគ្នាវាយតំណាងរាស្ត្រទាំង២រូប។
អង្គរក្សទាំង៣នាក់ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់៤ឆ្នាំ តែត្រូវព្យួរទោស៣ឆ្នាំ។ ពួកគេត្រូវបានដោះលែងឱ្យមានសេរីភាពវិញកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្រោយពេលអនុវត្តទោសបានជិត១ឆ្នាំ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលទើបត្រូវបានផ្សព្វផ្សាយនាពេលថ្មីៗនេះ គឺ២សប្ដាហ៍ក្រោយពីអង្គរក្សទាំងនោះត្រូវបានដោះលែង អង្គរក្សម្នាក់ឈ្មោះឆាយ សារិទ្ធត្រូវបានដំឡើងឋានៈពីវរសេនីយ៍ឯក សក្តិ៥ ទៅជាឧត្តមសេនីយ៍ត្រី ផ្កាយមួយ។
ចំណែកអង្គរក្ស២នាក់ទៀតគឺលោកសុត វណ្ណី និងលោកម៉ៅ ហឿនត្រូវបានដំឡើងឋានៈពីថ្នាក់វរសេនីយ៍ទោ(សក្តិ៤កន្លះ) ទៅជាវរសេនីយ៍ឯក (សក្តិ៥) តាមរយៈអនុក្រិត្យចេញដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលត្រូវបានផ្សព្វផ្សាយកាលពីខែធ្នូ ឆ្នាំដដែល។
VOA មិនអាចសុំការអត្ថាធិប្បាយពីលោកឧត្ដមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានទេ នៅល្ងាចថ្ងៃព្រហស្បតិ៍។ ទោះជាយ៉ាងណា លោកបានឆ្លើយប្រាប់កាសែតភ្នំពេញប៉ុស្តិ៍ថា ការដំឡើងឋានៈដល់លោកឆាយ សារិទ្ធគឺយោងតាមគុណសម្បត្តិដោយមានការវាយតម្លៃត្រឹមត្រូវ។
លោកត្រូវបានដកស្រង់សម្ដីដូចនេះថា៖
«ក្រសួងការពារជាតិមានគណៈកម្មាធិការវាយតម្លៃ ហើយវាយតម្លៃបុគ្គលដើម្បីទទួលបានការដំឡើងតំណែង...គណៈកម្មាធិការវាយតម្លៃត្រឹមត្រូវ»។
លោកគង់ សភា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាជនរងគ្រោះក្នុងការវាយដំនោះ បានប្រាប់ VOA នៅថ្ងៃព្រហស្បតិ៍នេះថា ការវាយតំណាងរាស្ត្រដែលជាតំណាងប្រជាពលរដ្ឋគឺជាទោសធ្ងន់មួយ ដោយលោកពន្យល់ថា ជនល្មើសគួរត្រូវបានដេញចេញពីក្របខណ្ឌរដ្ឋ។
លោកគង់ សភាបន្តថា ការដែលមិនបណ្ដេញអ្នកទាំង៣ចេញ ហើយថែមទាំងដំឡើងតំណែងពួកគេទៀតនោះគឺជារឿងខុសច្បាប់និងជាការលើកទឹកចិត្តឱ្យមានការប្រើអំពើហិង្សា។
«អ្នកដែលប្រព្រឹត្តបទល្មើសធ្ងន់ធ្ងរ វាយដំតំណាងរាស្ត្រ ដែលជាតំណាងឱ្យប្រជាពលរដ្ឋរាប់លាននាក់ បែរជាត្រូវបានលើកទឹកចិត្ត ជនល្មើសឡើងបុណ្យសក្ដិ ដោយជនល្មើសហ្នុងស្ថិតនៅក្នុងការព្យួរទោស មានទោសនៅឡើយ។ គេព្យួរទោស៣ឆ្នាំហ្នឹងមិនទាន់ផុតផង ស្រាប់តែគាត់បានទទួលតួនាទី ដំឡើងឋានន្តរសក្ដិ។ ហ្នឹងជាការសបញ្ជាក់ថា ជាការលើកទឹកចិត្តដល់ជនល្មើសដទៃទៀត ហើយដូចជាបង្កើនវប្បធម៌ហិង្សា»។
លោកសុក សំអឿន ដែលជាមេធាវី ប្រាប់ VOA ថា មិនមានច្បាប់ហាមប្រាមមិនឲ្យដំឡើងឋានន្តរសក្តិដល់បុគ្គលដែលធ្លាប់មានទោសនោះទេ។ ទោះយ៉ាងណា លោកថា ការដំឡើងឋានៈដល់អ្នកទាំង៣ភ្លាមៗក្រោយពីការដោះលែងនោះ គឺជារឿងលឿនពេក ដែលអាចនាំឱ្យមានការសង្ស័យពីប្រជាពលរដ្ឋ។
«មិនអាចតែងតាំងបាន ទាល់តែមានច្បាប់ហាមអីចឹងទៅណា៎! តែបើយើងគ្រាន់តែមើលមួយភ្លែត បើយើងមើលពីសីលធម៌ វាធ្វើឱ្យសាធារណជនគេមានការសង្ស័យថា វាទៅជារឿងការធ្វើហ្នឹង [វាយតំណាងរាស្ត្រ] តាមបញ្ជាអីចឹងទៅ។ និយាយរួម ការធ្វើហ្នឹង [ដំឡើងឋានៈ] វាលឿនពេក»។
តំណាងរាស្ត្រគឺលោកគង់ សភា ដែលជាជនរងគ្រោះ មានប្រសាសន៍ថា ការកាត់ទោសឱ្យជនល្មើសទាំង៣នាក់ជាប់ពន្ធនាគាររយៈពេល៤ឆ្នាំហើយព្យួរទោស៣ឆ្នាំនោះ បង្ហាញពីរឿងអយុត្តិធម៌មួយទៀតនៅក្នុងសង្គម។
លោកថ្លែងថា រូបលោកក៏ដូចជាប្រជាពលរដ្ឋដទៃទៀត បានរងគ្រោះពីអំពើអយុត្តិធម៌ជាច្រើន ហើយលោកបន្តថា រដ្ឋាភិបាលនិងតុលាការបច្ចុប្បន្នមិនអាចផ្ដល់យុត្តិធម៌ឱ្យពួកគេបាននោះទេ៕