អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅថ្ងៃសុក្រនេះ បានស្នើឱ្យរដ្ឋាភិបាលថ្មីដែលដឹកនាំដោយកូនប្រុសរបស់លោកពិចារណាធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដើម្បីបើកផ្លូវឱ្យកម្ចាត់គណបក្សឬបណ្តាញដែលមានទំនាក់ទំនងនឹងមន្រ្តីជំទាស់នៅក្រៅប្រទេស។
លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងបែបនេះនៅក្នុងសុន្ទរកថាមួយក្នុងពិធីប្រារព្ធខួបលើកទី៧៣នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា រាជធានីភ្នំពេញ។
លោក ហ៊ុន សែន ថ្លែងថាវាជារឿងចាំបាច់ដែលរដ្ឋាភិបាលត្រូវតែធ្វើវិសោធនកម្មច្បាប់ក្នុងការកម្ចាត់ ឬរំសាយចោលគណបក្ស ឬក្រុមដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលដែលបង្កើតនៅបរទេស ឬមានគម្រោងបង្កើតនៅបរទេស។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «យើងមិនអាចឱ្យពួកគេមានក្បាលម៉ាស៊ីនជារដ្ឋាភិបាលនៅក្រៅប្រទេស ហើយមានសមាជិកធ្វើសកម្មភាពនៅក្នុងប្រទេសបានទេ។ ដូច្នេះខ្ញុំសូមអំពាវនាវចំពោះរាជរដ្ឋាភិបាលពិនិត្យពិចារណាលើរឿងនេះ។ វិសោធនកម្មច្បាប់ទាក់ទងនឹងច្បាប់បង្កើតគណបក្សនយោបាយ និងច្បាប់ដទៃទៀត ប្រសិនបើពួកគេបង្កើតនូវរដ្ឋាភិបាលនិរទេស»។
លោក ហ៊ុន សែន សង្កត់ធ្ងន់ថាប្រសិនបើគណបក្សនិរទេសនៅក្រៅប្រទេសដែលបង្កើតឬគ្រោងបង្កើតរដ្ឋាភិបាលនៅក្រៅប្រទេសនោះ រដ្ឋាភិបាលកម្ពុជាក៏មិនអាចទុកគណបក្សនយោបាយស្របច្បាប់នៅកម្ពុជាបានតទៅទៀតដែរ។
កាលពីចុងខែមីនា ឆ្នាំ២០២៤ «ចលនាខ្មែរដើម្បីប្រជាធិបតេយ្យ»ត្រូវបានបង្កើតឡើងក្នុងគោលបំណងប្រមូលផ្តុំខ្មែរនៅក្រៅប្រទេស ដើម្បីរួមគ្នាស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ចលនានេះត្រូវបានចូលរួមគាំទ្រដោយលោក សម រង្ស៊ី អ្នកស្រី មូរ សុខហួរ និងអតីតមន្រ្តីជាន់ខ្ពស់គណបក្សជំទាស់ផ្សេងទៀត ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស។
ប៉ុន្តែលោក សម រង្ស៊ី ធ្លាប់ថ្លែងថាលោកមិនមានតំណែង ឬមុខនាទីអ្វីក្នុងចលនានេះឡើយ ប៉ុន្តែលោកចូលរួមជាអ្នកគាំទ្រចលនាមួយនេះ ដែលលោកថា«មានគំនិតនិងគោលដៅ»ដូចរូបលោកដែរ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅសហរដ្ឋអាមេរិក ប្រាប់វីអូអេថាគណបក្សសង្គ្រោះជាតិមិនមានគម្រោងបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសនោះទេ។ លោកយល់ថាចំពោះការលើកឡើងរបស់អតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន គ្រាន់ជាការព្រួយបារម្ភមួយរបស់រដ្ឋាភិបាលថ្មីតែប៉ុណ្ណោះ។
លោក អ៊ុំ សំអាន បន្តថាប្រសិនបើមានការបង្កើតរដ្ឋាភិបាលនិរទេសនៅក្រៅប្រទេសពិតមែន វាក៏មិនមែនជារឿងខុសច្បាប់ឡើយ ហើយគណបក្សណាឬក្រុមណាដែលមានទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រៅប្រទេសក៏មិនមែនជារឿងខុសច្បាប់ដែរ។
លោក អ៊ុំ សំអាន យល់ឃើញថាគណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន ភ័យខ្លាចស្រមោលរបស់គណបក្សសង្គ្រោះជាតិ និងតែងបង្ក្រាបអ្នកដែលមានទំនាក់ទំនងជាមួយគណបក្សនេះ។
លោកថ្លែងថា៖ «លោក ហ៊ុន សែន គាត់ភ័យខ្លាចស្រមោលរបស់គណបក្សសង្គ្រោះជាតិ។ គាត់តែងតែបង្ក្រាបទៅលើក្រុមណា ឬបក្សណាដែលមានទំនាក់ទំនងជាមួយមន្រ្តីជាន់ខ្ពស់ ឬក៏ថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិដែលបានរស់នៅក្រៅប្រទេស»។
លោកបញ្ជាក់បន្ថែមថា៖ «លោក ហ៊ុន សែន គឺមានបំណងមួយមិនចង់ឱ្យគណបក្សប្រឆាំងអាចយកឈ្នះទៅលើគណបក្សប្រជាជន ឬអាចប៉ះពាល់ទៅលើការកាន់អំណាចផ្តាច់ការតពូជរបស់ត្រកូល ហ៊ុន នោះទេ អញ្ចឹងហើយគាត់ព្យាយាមកម្ចាស់គណបក្សដៃគូណាដែលជាបន្លាក្នុងកែវភ្នែករបស់ត្រកូល ហ៊ុន និងគណបក្សប្រជាជន ដូចជាការរំលាយគណបក្សសង្គ្រោះជាតិកន្លងមក ការហាមមិនឱ្យគណបក្សភ្លើងទៀនមិនឱ្យចូលរួមការបោះឆ្នោតអញ្ចឹងឯង»។
គួរបញ្ជាក់ថាគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ កាលពីឆ្នាំ២០១៧ ក្រោមបទចោទថាមានការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕
វេទិកាបញ្ចេញមតិ