ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌដើម្បី​ដាក់​ទោស​ទណ្ឌ​បន្ថែម​លើ​អំពើ​បាញ់​ប្រហារ​ដ៏​សាហាវ


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ថ្លែងនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​អង្គារ​នេះ បាន​បញ្ជា​ឱ្យ​រដ្ឋមន្រ្តី​ក្រសួង​យុត្តិធម៌​សិក្សា​ធ្វើ​វិសោធនកម្ម​ក្រម​ព្រហ្មទណ្ឌ ដើម្បី​បើក​ផ្លូវ​ឱ្យ​តុលាការ​អាច​ដាក់​ទោស​បន្ថែម​លើ​អំពើ​ឃាតកម្ម​បាញ់​ប្រហារ​ដ៏​សាហាវ។

ការ​បញ្ជា​របស់​នាយក​រដ្ឋមន្រ្តី ក្រោយ​មាន​ការ​បាញ់​ប្រហារ​របស់​អតីត​ឧកញ៉ា​ម្នាក់ ឈ្មោះ ស្រី ស៊ីណា សម្លាប់​មនុស្ស ​២ ​នាក់​ និង​របួស​ ២ ​នាក់​ នៅ​ក្នុង​ផ្ទះ​នៅ​បុរី​ប៉េង​ហួត​បឹង​ស្នោ ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ​មិថុនា ហើយ​អយ្យការ​នៃ​តុលាការ​រាជធានី​ភ្នំពេញ​បាន​ចោទ​ប្រកាន់​ត្រឹម​តែ​អំពើ​ឃាតកម្ម ការ​ប៉ុន​ប៉ង​ឃាតកម្ម និង​កាន់​កាប់​អាវុធ​ខុស​ច្បាប់ ដែល​អាច​ជាប់​ពន្ធនា​គារ​ខ្ពស់​បំផុត​ត្រឹម​ ១៥ ​ឆ្នាំ មិន​មែន​អស់​មួយ​ជីវិត។

លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​ថា​ មាន​ការ​ផ្តល់​យោបល់​ពី​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់​លើ​វិសោធន​កម្ម​ច្បាប់​ព្រហ្មទណ្ឌ ​ដែល​លោក​ថា​ ជា​យោបល់ «មាន​ហេតុផល​សម​ស្រប ទាំង​លើ​ទិដ្ឋភាព​សង្គម ទាំង​លើ​ទិដ្ឋភាព​ច្បាប់ ជា​ពិសេស​ការ​លើក​ឡើង​អំពី​ចន្លោះ​ប្រហោង​នៃ​ច្បាប់​បច្ចុប្បន្ន​ដែល​មិន​បាន​ចែង​អំពី​ស្ថាន​ទម្ងន់​ទោស​ទាក់ទង​នឹង​ករណី​នៃ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ...»។

លោក ហ៊ុន ម៉ាណែត បាន​បញ្ជា​ទៅ​ក្រសួង​យុត្តិធម៌​ដែល​កំពុង​សិក្សា​រៀបចំ​ធ្វើ​វិសោធន​កម្ម​ក្រម​ព្រហ្មទណ្ឌ​និង​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ដោយ​បញ្ចូល​ការ​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ចំពោះ​ស្ថានភាព​នៃ​បទ​ល្មើស ដូច​ករណី​នៃ​ការ​បាញ់​ប្រហារ​ដ៏​សាហាវ​មួយ​នេះ។

លោក ហ៊ុន ម៉ាណែត បញ្ជាក់​បន្ថែម​ថា​៖ «យើង​មិន​អាច​ផ្ដន្ទា​ទោស​ជន​ល្មើស​លើស​ពី​អ្វី​ដែល​ច្បាប់​ជា​ធរមាន​បាន​ចែង ឬ​បញ្ញត្តិ​នោះ​ទេ ប៉ុន្តែ​ទៅ​ថ្ងៃ​អនាគត។ យើង​អាច​ធ្វើ​វិសោធន​កម្ម​ច្បាប់ ដើម្បី​បង្កើន​ទម្ងន់​ទោស​ទណ្ឌ​សម្រាប់​អ្នក​ប្រព្រឹត្ត​ខុស​បែប​នេះ»។

នៅ​ថ្ងៃ​អង្គារ​នេះ លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក​ថា​ រដ្ឋាភិបាល​របស់​លោក​មិន​អាច​លូកដៃ​ចូល​ក្នុង​កិច្ចការ​របស់​តុលាការ​ឡើយ ប៉ុន្តែ​លោក​អំពាវនាវ​ឱ្យ​ស្ថាប័ន​តុលាការ និង​អយ្យការ​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ពិនិត្យ​និង​អនុវត្ត​ច្បាប់​លើ​ករណី​បាញ់​ប្រហារ​ព្រៃ​ផ្សៃ​នេះ​ឱ្យ​បាន​ហ្មត់ចត់។

ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី សុខា លោក​យល់​ថា ​ការ​ធ្វើ​វិសោធន​កម្ម​ច្បាប់​គួរ​តែ​ធ្វើ​ឡើង ​ដោយ​មាន​ការ​សិក្សា​ឱ្យ​បាន​ច្បាស់​លាស់។

លោក នី សុខា ប្រាប់​វីអូអេ​ថា៖ «ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នីមួយៗ​គួរ​តែ​មានការ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​ទៅ​លើ​បញ្ហា​នៃ​បទល្មើស​ ឬក៏​បញ្ហា​ឆ្លើយ​តប​ចំពោះ​មាត្រា​ផ្សេងៗ​ទៅ​លើ​ការអនុវត្ត ក៏​ដូច​ជា​ការប្រព្រឹត្ត​ជាក់ស្ដែង​នៅក្នុង​សង្គម គឺ​ត្រូវ​តែមាន​ការសិក្សា​ចៀស​វាង​កុំ​ឱ្យ​យើង​មានការ​កែ​ប្រែ​ច្បាប់ ដោយ​ផ្ដោត​លើ​ករណី​ ១ ឬករណី​ ២ ​ដែល​វា​កើត​មាន​ឡើង​ត្រូវ​តែ​មាន​ការ​សិក្សា​ស្វែង​យល់​បញ្ហា​សង្គម វិបត្តិ​សង្គម​ តើ​វា​កើត​មក​ពី​ស្អី​ឱ្យ​ច្បាស់​លាស់​អាហ្នឹង យើង​អាច​ធ្វើ​វិសោធនកម្ម»។

លោក នី សុខា បន្ថែម​ថា​កន្លង​មក​អង្គការ​សង្គម​ស៊ីវិល​ក៏​ធ្លាប់​ស្នើ​ឱ្យ​មាន​ការ​ធ្វើ​វិសោធន​កម្ម​មាត្រា​មួយ​ចំនួន​នៃ​ក្រម​ព្រហ្មទណ្ឌ ទាក់​ទង​នឹងការ​ប្រព្រឹត្ត​បទ​ល្មើស​ឧក្រិដ្ឋ បទ​ល្មើស​ញុះញង់ និង​បទ​ល្មើស​បរិហារ​កេរ្ដិ៍​ជា​ដើម ដើម្បី​ជៀស​វាង​ធ្វើ​ឱ្យ​មាន​ការ​ចោទ​ប្រកាន់​សកម្មជន ឬ​បុគ្គល​ដែល​ពួកគេ​គ្រាន់​តែ​បញ្ចេញ​មតិ​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ។

លោក អំ សំអាត នាយក​ទទួល​បន្ទុកកិច្ច​ការទូទៅ​នៃអង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ ប្រាប់​វីអូអេ​ថា ​គួរ​តែ​មាន​ការ​ផ្តន្ទាទោស​អស់​មួយ​ជីវិត​លើ​ជន​ល្មើស ដោយ​សារ​នេះ​ជា​ការ​បាញ់​ប្រហារ​សាហាវ​ព្រៃផ្សៃ និង​អមនុស្សធម៌។ ទោះជាយ៉ាង​ណា លោក​ថា ​កម្ពុជា​មិន​ដាក់​ទោស​ទណ្ឌ​ប្រហារ​ជីវិត​ឡើយ ដោយ​សារ​រដ្ឋធម្មនុញ្ញ​ចែង​ថា​ទោស​ប្រហារ​ជីវិត​មិន​មាន​ឡើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ការ​ចោទ​ប្រកាន់​អតីត​ឧកញ៉ា​នេះ​ក្នុង​អំពើ​បាញ់​ប្រហារ​ដ៏​សហាវ​នេះ តុលាការ​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់​ថា ​តំណាង​អយ្យការ​បាន​សន្និដ្ឋាន​ថា ​អំពើ​នេះ​ជា​អំពើ​ឃាតកម្ម​ «ដោយ​ពុំមាន​ធាតុ​ផ្សំ​ជា​អំពើ​ឃាតកម្មគិត​ទុក​ជា​មុន​តាម​ការ​កំណត់​នៃ​ច្បាប់»​នោះ​ទេ ព្រោះ​ថា នៅ​មុន​ពេល​បាញ់​ប្រហារ​ទៅ​លើ​ជន​រងគ្រោះ គឺ​មាន​ការ​ជជែក​ឈ្លោះ​ប្រកែកគ្នា​ភ្លាមៗ ដោយ​ពុំ​មាន​ភស្តុតាងនិង​ការរៀបចំ​ផែនការ​សម្លាប់​មនុស្ស​ឡើយ។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​បញ្ជាក់​ថា៖ «ការ​ចោទ​ប្រកាន់​របស់​តំណាង​អយ្យការ គឺ​ធ្វើឡើង​ដោយ​ផ្អែក​តាម​អង្គហេតុ និងភស្តុតាង​ដែល​ជា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ ស៊ើប​អង្កេត​របស់​នគរ​បាល​យុត្តិធម៌ និង​អយ្យការ»។

តុលាការ​បញ្ជាក់​បន្ថែម​ថា​ចៅក្រម​ស៊ើប​សួរ​នឹង​បន្ត​ស្រាវជ្រាវ​បន្ថែម​ទៀត ហើយ​ក្នុង​ករណី​រក​ឃើញ​ភស្តុតាង​ថ្មី​បន្ថែម ដើម្បី​ដាក់​បន្ទុក ចៅក្រម​ស៊ើបសួរ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​កែ​ប្រែ​បទ​ចោទ​ប្រកាន់​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG